ឥណ្ឌាជាទីពេញនិយមនៃអ្នកទេសចរវេជ្ជសាស្ត្រលើពិភពលោក - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Saturday, August 25, 2018

ឥណ្ឌាជាទីពេញនិយមនៃអ្នកទេសចរវេជ្ជសាស្ត្រលើពិភពលោក


លោកវិទូ | ថ្ងៃទី ៤᧯៣ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ | ២៥ ខែ សីហា ឆ្នាំ ២០១៨

ពីមួយឆ្នាំទៅមួយឆ្នាំ ឥណ្ឌានៅតែជាជម្រើសសម្រាប់បរទេស មកសម្រាក់ព្យាបាលជំងឺ ។ ឧបករណ៍ទំនើប វេជ្ជបណ្ឌិតមានជំនាញច្បាស់លាល់ ដែលមានគុណភាពប្រហាក់ប្រហែលគ្នា នឹងប្រទេសអភិវឌ្ឍន៍ដែរ តែមានតម្លៃព្យាបាលថោកជាងឆ្ងាយ បានធ្វើឲ្យឥណ្ឌា ក្លាយជាមជ្ឈមណ្ឌលដ៏ពេញនិយម សម្រាប់វិស័យទេសចរណ៍វេជ្ជសាស្ត្រ ដែលទាក់ទាញអ្នកជំងឺបរទេស ជាច្រើននាក់ក្នុងមួយឆ្នាំៗ ។

យោងតាមរបាយការណ៍ របស់ទីផ្សារទេសចរណ៍វេជ្ជសាស្ត្រឆ្នាំ២០១៥ បានបង្ហាញថា ឥណ្ឌាជាគោលដៅទេសចរវេជ្ជសាស្ត្រមួយ ដែលមានតម្លៃថោកបំផុត និងមានគុណភាពខ្ពស់បំផុត ក្នុងចំណោមគោលដៅទេសចរណ៍វេជ្ជសាស្ត្រទាំងអស់, ឥណ្ឌាផ្ដល់នូវដំណើរការព្យាបាលច្រើនយ៉ាង ក្នុងតម្លៃ ១/១០ (មួយភាគដប់) នៃតម្លៃនៃដំណើរការស្រដៀងគ្នា នៅសហរដ្ឋអាមេរិក ។

យោងតាមប្រសាសន៍ជាលាយលក្ខអក្សរ របស់រដ្ឋមន្ត្រីទេសចរណ៍ ឯកឧត្តម ខេ.ជេ. អាលហ្វុនស៍ (K.J. Alphons) ទៅកាន់លោកសភា (រដ្ឋសភា) ក្នុងឆ្នាំ២០១៧ អ្នកទេសចរវេជ្ជសាស្ត្រមានចំនួន ៤៩៥.០០០ (បួនសែនប្រាំបួនម៉ឺនប្រាំពាន់) នាក់។ ចំនួននេះមានការកើនឡើង បើប្រៀបធៀននឹងឆ្នាំ២០១៥ មានចំនួន ២៣៤.០០០ (ពីរសែនបីម៉ឺនបួនពាន់) នាក់ និងឆ្នាំ២០១៦ មានចំនួន ៤២៧.០០០ (បួនសែនពីរម៉ឺនប្រាំពីរពាន់) នាក់ ។

កាលពីដើម សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ជាប្រទេសនាំមុខគេ ដែលមានអ្នកទេសចរវេជ្ជសាស្ត្រ មកព្យាបាលជំងឺនៅឥណ្ឌា ។ តែឥឡូវប្រទេសបង់ក្លាដែស និងប្រទេសអាហ្គានីស្ថាន បានក្លាយជាប្រទេសដែលមានអ្នកទេសចរវេជ្ជសាស្ត្រ មកកាន់ឥណ្ឌាច្រើនជាងគេ ។ ក្នុងឆ្នាំ២០១៧ អ្នកទេសចរបង់ក្លាសដែស ដែលទៅឥណ្ឌាក្នុងបំណងព្យាបាលជំងឺ មានចំនួនប្រហែល ២២១.០០០ (ពីរសែនពីរម៉ឺនមួយពាន់) នាក់ និងអ្នកទេសចរអាហ្គានីស្ថាន មានចំនួន ៥៥.៦៨១ (ប្រាំម៉ឺនប្រាំពាន់ប្រាំមួយរយប៉ែតសិបមួយ) នាក់ ។ មូលហេតុសំខាន់នោះគឺ ប្រទេសទាំងពីរនេះ នៅកៀកនឹងឥណ្ឌា និងប្រព័ន្ធសុខាភិលបាលនៃប្រទេសនេះ នៅទន់ខ្សោយនៅឡើយ។ អ្នកទេសចរវេជ្ជសាស្ត្រ ដែលមកពីប្រទេសផ្សេងទៀតមានដូចជា អាហ្វ្រិក និងមជ្ឈឹមបូព៌ា ជាពិសេសប្រទេសឈូងសមុទ្រពែក្ស។ ដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ក្នុងឆ្នាំ២០១៥ឥណ្ឌាបានក្លាយប្រទេសគោលដៅ សម្រាប់អ្នកទេសចរវេជ្ជសាស្ត្រប្រទេស​រុស្ស៊ី ។

ឥណ្ឌាទទួលបានប្រាក់ចំណូល ពីវិស័យទេសចរណ៍វេជ្ជសាស្ត្រនេះជាច្រើន។ របាយការណ៍ របស់សហព័ន្ធឧស្សាហកម្មឥណ្ឌា (CII) បានធ្វើការវាយតម្លៃថា ក្នុងឆ្នាំ២០១៥ ចំណូលពីវិស័យនេះមាន ៣០០កោដិដុល្លារអាមេរិក (US$3 billion)។ ហើយគេប្រមើលឃើញថា វានឹងឡើងដល់ ៧០០-៨០០កោដិដុល្លារអាមេរិក (US$7-8 billion) ត្រឹមឆ្នាំ២០២០, ប្រមាណជា ២០% នៃចំណែកទីផ្សារពិភពលោក ។

របាយការណ៍របស់ FICCI និង IMS Health ដែលជាក្រុមហ៊ុនផ្តល់ព័ត៌មានផ្នែកឧស្សាហកម្មសុខភាព បានរកឃើញថា ឥណ្ឌាជាគោលដៅដែលជ្រើសរើស ដើម្បីព្យាបាលជំងឺដូចជា ជំងឺបេះដូង (cardiology) ការវះកាត់ឆ្អឹង (orthopaedics) ការវះកាត់ប្តូរសរីរាង្គ (transplants) និងការវះកាត់ភ្នែក (ophthalmology)។ មិនតែប៉ុណ្ណោះ ឥណ្ឌាក៏ល្បីខាងឱសថសម្រាប់សុខភាព ការការពារជំងឺ និងការព្យាបាលជំនួស (មានអាយុរវេទ និងយោគៈជាដើម) ។

អ្នកទេសចរខ្មែរមកព្យាបាលជំងឺនៅប្រទេសឥណ្ឌា


ក្នុងនោះអ្នកទេសចរវេជ្ជសាស្ត្រកម្ពុជា ដែលមកសម្រាក់ព្យាបាលជំងឺនៅឥណ្ឌា ក៏មិនតិចជាងរយនាក់ដែរជារៀងរាល់ឆ្នាំ។ នៅមន្ទីរពេទ្យសំខាន់ពីរ នៅទីក្រុងញូវដែល្លី ដែលគេឃើញមាន ខ្មែរមកសម្រាក់ព្យាបាលជំងឺ ជាប់មិនដែលដាច់ គឺមន្ទីរពេទ្យអាប៉ូឡូ (Apollo Hospital) និងមន្ទីរពេទ្យហ្វទិស (Fortis Hospital) ។ មន្ទីរពេទ្យស្ដង់ដារខ្ពស់ទាំងពីនេះ មានសាខារបស់ខ្លួន នៅតាមរដ្ឋសំខាន់ៗជាច្រើនទៀតផងដែរ នៅក្នុងប្រទេសឥណ្ឌា។ នៅញូវដែល្លី នៅមន្ទីរពេទ្យនេះ ក៏មានបុគ្គលិកខ្មែរ ធ្វើការផ្នែកបកប្រែ និងសម្របសម្រួល ទំនាក់ទំនងរវាងអ្នកជំងឺនិងវេជ្ជបណ្ឌិតផងដែរ។ ក្រៅពីនេះនៅមានមន្ទីរពេទ្យម៉ាក (Max Hospital) និងមន្ទីរពេទ្យឯកជនល្បីៗ ផ្សេងទៀតផងដែរ ដែលមានគុណភាពខ្ពស់ និងតម្លៃសេវាសមរម្យ ។

អ្នកជំងឺខ្មែរភាគច្រើនមកព្យាបាល ជំងឺធំៗដូច ទឹកនោមផ្អែម ថ្លើម លាងឈាម និងវះកាត់ប្តូរសរីរាង្គ។ ថ្មីៗនេះគេឃើញ តារា​សម្តែងនិង​ចម្រៀង លោក យូ​ឌី​ស្កូ ក៏បានមកសម្រាក់ព្យាបាលជំងឺ​ខូច​ក្រលៀន​របស់​លោក​ នៅ​ប្រទេស​ឥណ្ឌាដែរ និងបាន​ផល​ធូរ​ស្បើយ​ច្រើន​ហើយ។

ឥណ្ឌា​គ្រោង​វិនិយោគ​លើ​ជំនាញ​វេជ្ជសាស្ត្រ​នៅ​កម្ពុជាផងដែរ ដើម្បីបំពេញនូវតម្រូវការទីផ្សារនៅកម្ពុជា ព្រោះកំណើនអ្នកទេសចរវេជ្ជសាស្ត្រ ចេញពីកម្ពុជាមានចំនួនច្រើន គួរឲ្យកត់សម្គាល់។ ថ្លែង​ប្រាប់​សារព័ត៌មាន​ឥណ្ឌា (PTI) កន្លងទៅ លោក សុរ៉េស ប្រភូ (Suresh Prabhu) ឲ្យ​ដឹង​ថា​ប្រទេស​ឥណ្ឌា​បាន​សម្រេច​ចិត្ត​ធ្វើ​គម្រោង​ ២ ​នៅ​ក្នុង​ក្រុម​ប្រទេស ស៊ី.អ៊ែល.អឹម.វី. (CLMV: កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម) ក្នុង​នោះ​គម្រោង​បង្កើត​មហាវិទ្យាល័យ​វេជ្ជសាស្ដ្រ និង​មន្ទីរពេទ្យ​នឹង​ត្រូវ​បាន​បង្កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ ។ លោក​បាន​ប្រាប់ PTI ថា​៖ «​ខាង​ភាគី​របស់​យើង យើង​បាន​សម្រេច​ចិត្ត​ធ្វើ​គម្រោង​ ២ ​នៅ​ក្នុង​ក្រុម​ប្រទេស CLMV​ ។ នៅ​កម្ពុជា​យើង​នឹង​បង្កើត​មន្ទីរពេទ្យ និង មហាវិទ្យាល័យ​វេជ្ជសាស្ដ្រ​»​ ។ លោក​បន្ថែម​ថា ឥណ្ឌាកំពុង​រៀបចំ​ផែនការ​បង្កើត​មន្ទីរពេទ្យ​ពហុឯកទេស និង​វិទ្យាស្ថាន​អប់រំ​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​ផ្នែក​ឱសថ​នៅក្នុង​ប្រទេស​វៀតណាម​ ។

សរុបសេចក្តីទៅ ឥណ្ឌាបានក្លាយជាទីដៅ ដែលទាក់ទាញភ្លៀវទេសចរវេជ្ជសាស្ត្រ មកពីបណ្ដាប្រទេសនានាក្នុងពិភពលោក ព្រោះមន្ទីរពេទ្យឥណ្ឌា មានចំណុចរួមដែលកម្រមួយ គឺវិធីព្យាបាលនិងឧបករណ៍វេជ្ជសាស្ត្រទំនើប វេជ្ជបណ្ឌិតមានជំនាញនិងបទពិសោធន៍ច្បាស់លាស់ និងសេវាព្យាបាលមានតម្លៃថោកជាងបច្ចិមប្រទេស ។ ម្យ៉ាងទៀតការប្រើភាសាអង់គ្លេស ក្នុងការទំនាក់ទំនងនៅមន្ទីរពេទ្យឥណ្ឌា ក៏បានបង្កភាពងាយស្រួល សម្រាប់ភ្លៀវបរទេសផងដែរ ៕

© រក្សាសិទ្ធិដោយលោកវិទូ