មើលមួយភ្លែតស្មានតែសង្ឃនិកាយសាសនាអីថ្មីតាមពិតជា...(មានវីឌីអូ) - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Friday, August 17, 2018

មើលមួយភ្លែតស្មានតែសង្ឃនិកាយសាសនាអីថ្មីតាមពិតជា...(មានវីឌីអូ)

លោកវិទូ | ថ្ងៃទី ១៦ សីហា ២០១៨

នៅម៉ោងប្រហែល ៦ ល្ងាច ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅមុខអន្តេវាសិកដ្ឋានសាបាម៉ាទិ នៃសាកលវិទ្យាល័យចាវ៉ាហាឡាលនេហ៍រូ (JNU) ទីក្រុងញូវដែល្លី មានទស្សនីយភាពមួយដែលគួរឲ្យភ្ញាក់ផ្អើល។ កំពុងតែរៀបចំធ្វើដំណើរចេញទៅទទួលទានអាហារពេលល្ងាច ស្រាប់តែឃើញមានមនុស្សពាក់សំលៀកបំពាក់ពណ៌លឿងខ្ចី ស្រដៀងនឹងព្រះសង្ឃពុទ្ធសាសនា តែមានមានផ្ទាំងរូបដំរីផង និងមិនកោរសក់ទេ។ ខ្ញុំក៏គិតថាអាចជាព្រះសង្ឃព្រះពុទ្ធសាសនាកំពុងឃោសនាអំពីនិកាយថ្មីរបស់ខ្លួន នៅប្រទេសឥណ្ឌា។ តែគិតម្ដងទៀតថាដូចមិនមែនអ៊ីចឹងទេ។ ស្រាប់ពេលដែលពួកគាត់ធ្វើដំណើរទៅមុខពួកគាត់សូត្រធម៌ប្រណាមគាថា «ពុទ្ធំសរណំ គច្ឆាមិ ធម្មំសរណំ គច្ឆាមិ សង្ឃំសរណំ គច្ឆាមិ» អមដោយបទភ្លេងយ៉ាងពីរោះរណ្ដំ។

ពួកយើងក៏ពន្យារពេលចេញទៅក្រៅដើម្បីអាហារពេលល្ងាចបន្តិច ដើម្បីតាមដានចង់ដឹងថាវាជាអ្វីឲ្យប្រាកដ។ ក្រោយពីបានឮសម្លេងសូត្រធម៌ «ពុទ្ធំសរណំ គច្ឆាមិ...» ក៏ប្រាកដក្នុងចិត្តនេះជាកម្មវិធីបែបពុទ្ធសាសនា តែមិនដឹងក្នុងរូបភាពអ្វី និងដើម្បីអ្វីឲ្យប្រាកដ។ ដោយសារតែគ្មានពេល ពួកយើងក៏ចេញដំណើរទៅក្រៅ ទាំងអារម្មណ៍នៅសង្ស័យ មិនអស់ចម្ងល់។

លុះត្រឡប់ពីក្រៅវិញ ក៏ស្រាវជ្រាវមើលតាមអ៊ីធើណេត ក៏ឃើញមានព័ត៌មានមួយចុះផ្សាយអំពីការសម្ដែងនេះ នៅក្នុងសាកលវិទ្យាអាមបេដកា ហើយគេប្រាប់ថា នឹងមានការសម្តែងដូចគ្នា នៅសាកលវិទ្យាល័យ JNU ជាកន្លែងដែលខ្ញុំស្នាក់នៅ។ ដូច្នេះទើបដឹងថា នេះការសម្ដែងរឿង «តថាគត» បែបឃោសនាប្រឆាំងនឹង «ការស្អប់គ្នា» ដោយក្រុមសិល្បៈសម្ដែងតាមថ្នល់ ជន នត្យ មន្ច (Jana Natya Manch) ហើយអ្នកដែលពាក់ពណ៌លឿងនោះគឺជាតួសម្តែង មិនមែនជាងសង្ឃនិកាយសាសនាណាមួយ ដូចការសង្ស័យឡើយ។ ពួកគាត់ប្ដូរទៅស្លៀកសំលៀកបំពាក់ធម្មតាវិញ ក្នុងពេលការសម្តែងចាប់ផ្ដើម។ «តថាគត» ជាផលិតកម្មថ្មីរបស់ក្រុមសិល្បៈនេះ។ ប្រធានបទនេះធ្វើឡើងដោយសារតែនិស្សិតម្នាក់ដែលជាសមាជិកនៃសហព័ព្ធនិស្សិត (JNUSU) ឈ្មោះ អូម៉ារ ខាលិដ (Omar Khalid) ត្រូវបានជនពីនាក់វាយប្រហារ នៅក្នុងផ្សារមួយនៅទីក្រុងញូវដែល្លី នៅចំទិវាបុណ្យឯករាជ្យជាតិឥណ្ឌា។ និស្សិតភាគច្រើននៃសាកលវិទ្យាល័យដ៏ល្បីឈ្មោះមួយនេះ គឺជាអ្នកនយោបាយឆ្វេងនិយម ដែលត្រូវបានលាបពណ៌ ចោទប្រកាន់ដោយពួកស្ដាំនិយម ដោយប្រការផ្សេងៗ ជាពិសេសការចោទថាជាក្រុម ប្រឆាំងនឹងជាតិ ឬ ក្បត់ជាតិជាដើម។

និស្សិតប្រមាណ ១០០ នាក់ជាង បានឈរនិងអង្គុយទស្សនាការសម្ដែងនេះ នៅក្បែរទាមចាយ។ គួរឲ្យកត់សម្គាល់សកម្មភាពបែបនេះ តែងតែកើតមានស្ទើររៀលថ្ងៃ នៅក្នុងបរិវេណនៃសាកលវិទ្យាល័យនេះ ដោយក្រុមនិស្សិតនិងអ្នកដែលពាក់ព័ន្ធពីខាងក្រៅ។ វាជាសកម្មភាពនយោបាយរបស់ក្រុមនៃសហព័ន្ធនិស្សិត។

សូមមិនធ្វើការពិពណ៌នាអំពីទិដ្ឋភាពនៃការសម្តែងនោះទេ។ សូមប្រិយមិត្តទស្សនាខ្សែវីឌីអូខ្លីខាងក្រោមនេះចុះ។ សូមបញ្ជាក់ថានេះជាសម្ដែងរឿងមួយក្នុងពុទ្ធសាសនា ដែលខ្ញុំមិនបានចាំចំណងជើង ដែលនិទានអំពីជាងធ្វើពុទ្ធបដិមាម្នាក់ ធ្វើពុទ្ធបដិមាអំពីថ្មីខ្មៅ មិនមែនអំពីថ្មកែវ ក៏ត្រូវព្រះរាជាកាត់ទោសប្រហារជីវិត...។ បើបងប្អូនណាបានដឹងរឿងនេះ សូមជួយប្រាប់ផង។ សូមអរគុណ។