យន្តហោះហ្គោអ៊ែ របស់ក្រុមហ៊ុនឯកជនឥណ្ឌា ។ |
លោកវិទូ | ថ្ងៃ ៤᧸៨ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២៤ កក្កដា ២០១៩
ការរង់ចាំដ៏យូរសម្រាប់អ្នកទេសចរឥណ្ឌា និងអ្នកធម្មយាត្រាខ្មែរ បានមកដល់ហើយ ។ ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ហ្គោអ៊ែ នឹងបើកជើងហោះហើរផ្ទាល់ញូវដែល្លី-ភ្នំពេញ នៅមុនបំណាច់ឆ្នាំនេះ ។
យោងតាមកាសែតខ្មែរថែម ចុះផ្សាយកាលពីថ្ងៃទី ២៣ កក្កដា ២០១៩ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ហ្គោអ៊ែ នឹងបើជើងហោះហើររបស់ខ្លួន ពីទីក្រុងញូវដែល្លី ទៅមកភ្នំពេញ ដោយប្រើយន្តហោះ Airbus A320 ជាប្រភេទយន្តហោះដឹកអ្នកដំណើរធុនតូច ។
ហ្គោះអែបាននិយាយឲ្យដឹងថា ភ្នំពេញនិងហាណូយរបស់វៀតណាម គឺជាទីក្រុងបន្ទាប់ដែលនឹងត្រូវដាក់ចូលក្នុងបញ្ជីហោះហើរ គោលដៅអន្តរជាតិរបស់ខ្លួន បន្ថែមលើជើងហោះហើរដែលមានស្រាប់គឺ ភូកេតរបស់ថៃ មាឡេរបស់ម៉ាឌីវ មូស្កាត់របស់អូមែន អាប៊ូដាបៃរបស់សហព័ន្ធអារ៉ាប់ ។
លោក ជា អូន រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថាឲ្យកាសែតខ្មែរថែមដឹងថា ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ហ្គោអ៊ែ បានដាក់ពាក្យសុំច្បាប់ហោះហើររួចរាល់ហើយ ។
ឥណ្ឌាកម្ពុជាមានទំនាក់ទំនងគ្នាជាយូរលង់ណាស់មកហើយ ។ ព្រះពុទ្ធសាសនានិងហិណ្ឌូសាសនា ដែលខ្មែរគោរពបូជា មានប្រភពពីប្រទេសឥណ្ឌា ។ ជំនឿសាសនានេះ អាចឆ្លុះបញ្ចាំងបាន តាមរយៈប្រាសាទប្រវត្តិសាស្ត្រល្បីល្បាញរបស់កម្ពុជា ដូចជាប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម និងទីតាំងប្រវត្តិសាស្ត្រនិងសាសនា ដទៃជាច្រើនទៀត ។
ប្រាសាទប្រវត្តិសាស្ត្រដ៏អស្ចារ្យទាំងនេះ ជាទីទាក់ទាញភ្ញៀវទេសចរឥណ្ឌា ឲ្យមកទស្សនាកម្ពុជាផងដែរ ។ ម៉្យាងទៀត ពុទ្ធបរិស័ទខ្មែរបានធ្វើធម្មយាត្រា ទៅកាន់ពុទ្ធស្ថាននានា នៅប្រទេសឥណ្ឌាជារៀងរាល់ឆ្នាំ ។
តែដោយសារមិនមានជើងហោះហើរផ្ទាល់រវាងទីក្រុងញូវដែល្លី និងទីក្រុងភ្នំពេញ ចំនួននៃការផ្លាស់ប្តូរភ្ញៀវទេសចររវាងប្រទេសទាំងនៅមានកំរិតតិចតួចនៅឡើយ ។ តាមរយៈការតភ្ជាប់ជើងយន្តហោះផ្ទាល់នេះ នឹងអាចបង្កើនទំនាក់ទំនងរវាងប្រជាជន និងពួកពាណិជ នៃប្រទេសទាំងពីរ ឲ្យកាន់តែច្រើនឡើង ។
តាមស្ថិតិរបស់ក្រសួងទេសចរណ៍កម្ពុជា កម្ពុជាទទួលបានភ្ញៀវទេសចរឥណ្ឌាចំនួន ៦៥.៨៨២ នាក់ កាលពីឆ្នាំមុន កើនឡើង ១០% បើប្រៀបធៀបនឹងឆ្នាំ ២០១៧ ។ យើងពុំទទួលបានស្ថិតិជាក់លាក់អំពីចំនួនភ្ញៀវទេសចរខ្មែរ មកកាន់ប្រទេសឥណ្ឌាទេ ប៉ុន្តែបើតាមការប៉ាន់ប្រមាណក្រៅផ្លូវការ ពី ៥.០០០ ទៅ ១០.០០០ នាក់ក្នុងមួយឆ្នាំ ៗ ។ ភ្ញៀវទេសចរភាគច្រើនជាអ្នកធម្មយាត្រា ទៅកាន់ពុទ្ធសាសនាស្ថានសក្ការបូជានានា នៅប្រទេសឥណ្ឌា ។
តាមធម្មតាធម្មយាត្រាខ្មែរជួបការលំបាកច្រើន តាមរយៈការធ្វើដំណើរតាមជើងយន្តហោះមិនផ្ទាល់ ពីភ្នំពេញទៅញូវដែល្លី ដោយត្រូវប្តូរជើងយន្តហោះ នៅប្រលានយន្តហោះសុវណ្ណភូមិ ទីក្រុងបាំងកក ឬនៅប្រលានយន្តហោះទីក្រុងគូឡាឡាំពួ ដោយត្រូវរង់ចាំជាច្រើនម៉ោង ឬត្រូវរត់ប្រញាប់ប្រញាល់ ពេលប្តូរជើងយន្តហោះម្តង ៗ ។
ដូច្នេះតាមរយៈការភ្ជាប់ជើងហោះហើរផ្ទាល់នេះ ការធ្វើដំណើរនឹងកាន់តែស្រួលជាងមុន ដោយចំណាយពេលតិច និងកម្លាំងថាមពលតិច ។ ការរង់ចាំពីមួយឆ្នាំទៅមួយឆ្នាំអំពីដំណឹងដ៏ជាក់លាក់នេះ បានមកដល់ហើយ ។
No comments:
Post a Comment