វគ្គបណ្តុះបណ្តាល “Operacy: ជោគជ័យតាមរយៈការពង្រឹងអំណាចផ្ទាល់ខ្លួន និងភាពជាអ្នកដឹកនាំ” រៀបចំដោយពសស - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, August 01, 2019

វគ្គបណ្តុះបណ្តាល “Operacy: ជោគជ័យតាមរយៈការពង្រឹងអំណាចផ្ទាល់ខ្លួន និងភាពជាអ្នកដឹកនាំ” រៀបចំដោយពសស

រូបភាពជុំគ្នានៅមុខសាកលវិទ្យាល័យព្រះសីហនុរាជ ៣០ កក្កដា ២០១៩ ។

លោកវិទូ | ថ្ងៃ ៥᧡៩ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ០១ សីហា ២០១៩

វគ្គបណ្តុះបណ្តាល “Operacy: ជោគជ័យតាមរយៈការពង្រឹងអំណាចផ្ទាល់ខ្លួន និងភាពជាអ្នកដឹកនាំ” បង្ហាត់បង្រៀនដោយ​លោកគ្រូសាស្ត្រាចារ្យ​បណ្ឌិត គ្រីស្តូហ្វឺ លី (​Christopher ​Lee​) រៀបចំដោយពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រាជធានីភ្នំពេញ ចាប់ផ្ដើមពីថ្ងៃទី ២៩ កក្កដា ដល់ថ្ងៃទី ០២ សីហា ឆ្នាំ ២០១៩ ។

វគ្គបណ្ដុះបណ្ដាល OPERACY នេះ ត្រូវបានធ្វើពិធីបើក ក្រោមអធិបតីភាពព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណ​រតនា ព្រះសាកលវិទ្យាធិការរងនៃពសស និងឯកឧត្តមបណ្ឌិត សេង សុមុនី រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និងសាសនា នៅព្រឹកថ្ងៃចន្ទ ទី ២៩ ខែ កក្កដា ឆ្នាំ ២០១៩ ។​

នៅក្នុងសុន្ទរកថាបើកវគ្គ ឯកឧត្តមបណ្ឌិត សេង សុមុនី បានលើកឡើងអំពីព្រះវីរភាពនិងការលះបង់ របស់គណគ្រប់គ្រងពសស ជាពិពេស ព្រះសាកលវិទ្យាល័យធិការរង ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា ។ ឯកឧត្តមបណ្ឌិតបានលើកឡើងថា គាត់មានសេចក្តីជ្រះថ្លាណាស់ ចំពោះការខិតខំប្រឹងប្រែងរបស់ព្រះធម្មឃោសាចារ្យ  ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍន៍ពសស ទោះបីព្រះអង្គទៅដល់ទីណា ក៏ព្រះអង្គដាក់ព្រះទ័យគិតគូរដល់ពសសជានិច្ច ។

វគ្គសិក្សានេះមានរយៈពេល ៥ ថ្ងៃ ដោយត្រូវរៀនទាំងព្រឹកទាំងថ្ងៃ ។ ព្រះសង្ឃដែលជាប់ម៉ោងរៀន នៅសាកលវិទ្យាល័យ ត្រូវបានអនុញ្ញាតឲ្យចូលតែពេលព្រឹក ឬពេលថ្ងៃតាមពេលវេលាដែលមាន ។

ព្រះសង្ឃនិងនិស្សិត មានចំនួនច្រើនបានចូលរួមវគ្គបណ្ដុះបណ្ដាលពិសេសនេះ ។  ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណ​រតនា មានព្រះទ័យសោមនស្សជាខ្លាំង ដោយបានឃើញដូច្នេះ ។ ព្រះអង្គបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ព្រះអង្គ កាលពីថ្ងៃទី អង្គារ ទី ៣០ កក្កដា ថា៖
ខ្ញុំព្រះករុណា អាត្មាភាព ពិតជារីករាយណាស់ ពេលឃើញសមណនិស្សិតនិងនិស្សិត សប្បាយចិត្តនឹងការសិក្សារៀនសូត្រ ហើយពេញចិត្តនឹងការរីកចម្រើន របស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៃយើងទាំងអស់គ្នា! នេះជាស្ថានការណ៍ដែលខ្ញុំព្រះករុណា អាត្មាភាពស្រមៃចង់ឃើញយូរមកហើយ ។
វគ្គសិក្សានេះពិតជាមានលក្ខណៈពិសេស ដែលញ៉ាំងអ្នកស្ដាប់ឲ្យយល់ចូលចិត្តបានដោយងាយ តាមរយៈទេពកោសល្យ និងបទពិសោធន៍ជាង ២០ ឆ្នាំរបស់លោកសាស្ត្រាចារ្យបណ្ឌិត គ្រីស្តូហ្វឺ លី ពាក់ព័ន្ធនឹងគន្លឹះដើម្បីជោគជ័យផ្ទាល់ខ្លួន និងភាពជាអ្នកដឹងនាំ ។ ព្រះតេជព្រះគុណ ភិក្ខុ ដាវ សាមពេជ្រ អតីតសមណនិស្សិតនៃសាកលវិទ្យាល័យហិណ្ឌូក្រុងពារាណសី ប្រទេសឥណ្ឌា ដែលបាននិមន្តចូលរួមសិក្សាវគ្គបណ្ដុះបណ្ដាលនេះដែរ បានមានថេរដីកាប្រាប់លោកវិទូថា៖
អាត្មាស្តាប់គាត់មួយម៉ោង ដូចបានមាសមួយគីឡូ[ក្រាម]ចឹង អ្វីដែលនៅឆ្ងាយតែគាត់ពន្យល់ឱ្យជិតងាយស្រួលតស៊ូដើម្បីរស់មានប្រយោជន៍សម្រាប់មនុស្សគ្រប់គ្នា ។
ព្រះអង្គបានមានមតិថា «នៅសាលាព្រះសីហនុរាជ បើមួយឆ្នាំមានបើកវគ្គខ្លី៥ថ្ងៃអ៊ីចឹងបានតែម្តង ល្អមែនទែន អញ្ជើញគាត់មកបើកវគ្គខ្លីចឹងល្អមែន» ។ វគ្គសិក្សានេះគឺអនុញ្ញាតឲ្យសិស្សនិស្សិត សមណនិស្សិត ចូលរួមដោយឥតគិតថ្ងៃ ។ «តាមធម្មតាមានកម្មវិធីខ្លះ លោកសាស្ត្រាចារ្យ លី បើកវគ្គបណ្តុះបណ្តាលក្នុងម្នាក់តម្លៃ ៣៥០ ដុល្លារ តែសម្រាប់សាលាព្រះសីហនុរាជ និងព្រះសង្ឃខ្មែរគាត់មិនយកលុយផង ចឹងហើយយើងគួរតែនាំគ្នាចូលរួមឲ្យយបានច្រើនអង្គ/នាក់» ព្រះអង្គមានថេរដីកាបន្ថែម ។

តែដើម្បីជាការតបស្នងចំពោះលោកសាស្ត្រាចារ្យ អ្នកចូលរួមខ្លះបានជួយទិញសៀវភៅរបស់គាត់ម្នាក់មួយក្បាលៗផង ។ ការបង្រៀនរបស់គឺដកស្រង់ចេញពីសៀវភៅនោះឯង គឹមានចំណងជើងថា «OPERACY: កូនសោទៅកាន់ភាពជោគជ័យផ្ទាល់ខ្លួន និងភាពជាអ្នកដឹកនាំ» បោះពុម្ពផ្សាយដោយ HEDC International ក្នុងឆ្នាំ ២០១២ (អង់គ្លេស/ខ្មែរ) ។

វគ្គបណ្ដុះបណ្ដាលនេះនឹងត្រូវបញ្ចប់នៅថ្ងៃស្អែក ០២ សីហា ២០១៩ និងមានការប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ដល់សិក្ខាកាមផងដែរ ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment