Live Update៖ មន្ត្រីជាន់ខ្ពស់និងបុគ្គលសំខាន់ៗដែលបានឆ្លងវីរុសកូរ៉ូណា (កូវីដ១៩) ទូទាំងសកលលោក - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, March 16, 2020

Live Update៖ មន្ត្រីជាន់ខ្ពស់និងបុគ្គលសំខាន់ៗដែលបានឆ្លងវីរុសកូរ៉ូណា (កូវីដ១៩) ទូទាំងសកលលោក

អ្នកដែលផ្ទុកវីរុសកូវីដ១៩ទូទាំងសកលលោកមានដូចជា៖ មន្ត្រីរដ្ឋាភិបាល នាយកក្រុមហ៊ុន តារាភាពយន្ត កីឡាករ ។ល។, ១៦ មីនា ២០២០ ។

លោកវិទូ | ថ្ងៃ ២᧸៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៦ មីនា ២០២០

វីរុសកូរ៉ូណាថ្មី (កូវីដ១៩) នៅតែបន្តរាតត្បាតពាសពេញសកលលោក ក្រៅពីប្រទេសចិនដែលជាប្រភពផ្ទុះឡើងនៃជំងឺឧត្បាតនេះ ។ គិតត្រឹមថ្ងៃចន្ទ ទី១៦ ខែមីនា នេះ មានអ្នកឆ្លងវីរុសនេះកើនឡើងដល់ចំនួន ១៦៩.៩២៨ នាក់ ស្លាប់ចំនួន ៦.៥២១ នាក់ និងជាសះស្បើយឡើងវិញចំនួន ៧៧.៧៧៦ នាក់ ។

បន្ទាប់ពីប្រទេសចិន (ជាង៨០.០០០នាក់) មក ប្រទេសអ៊ីតាលីជាប្រទេសទី២ ដែលឆ្លងជំងឺឧត្បាតនេះច្រើនជាងគេ គឺចំនួនជាង ២៤.០០០ នាក់ហើយ ។ ប្រទេសអ៊ីរ៉ង់មានអ្នកឆ្លងជាង ១៣.០០០ នាក់, កូរ៉េខាងត្បូងជាង ៨.០០០ នាក់, អេស្ប៉ាញជិត ៨.០០០ នាក់, អាឡឺម៉ង់និងបារាំងជាង ៥.០០០ នាក់ ។ សហរដ្ឋអាម៉េរិកជាង ៣.០០០ នាក់ ។ ដោយឡែកប្រទេសឥណ្ឌាមានអ្នកឆ្លងកើនដល់ចំនួន ១១៥ នាក់, ស្រីលង្កា ១៨ នាក់, នេប៉ាល់ ១ នាក់, អាស៊ីអាគ្នេយ៍៖ ម៉ាឡេស៊ី ៤២៨ នាក់,  សិង្ហបុរី ២២៦ នាក់, ហ្វីលីពីន ១៤០ នាក់, ឥណ្ឌូនេស៊ី  ១១៧ នាក់, ថៃ ១១៤ នាក់, វៀតណាម ៥៧ នាក់, ព្រូណេ ៥០ នាក់, និងកម្ពុជា ១២ នាក់ ។

មន្ត្រីជាន់ខ្ពស់និងបុគ្គលសំខាន់ៗ ដែលឆ្លងនិងស្លាប់ដោយជំងឺឧត្បាតកូវីដ១៩មានដូចខាងក្រោម៖

លោក Iraj Harirchi អនុរដ្ឋមន្ត្រីសុខាភិបាលអ៊ីរ៉ង់ បានឆ្លងមេរោគកូវីដ១៩ ហើយគាត់បានប្រកាសជាសាធារណៈ មួយថ្ងៃបន្ទាប់ពីគាត់បានចូលរួមនៅក្នុងសន្និសិទកាសែត ដែលគេសង្កេតឃើញថា គាត់មានអាការៈក្អកម្តងម្កាល និងហាក់ដូចជាបែកញើសយ៉ាងខ្លាំង ។ (២៥ កុម្ភៈ)

ជាមួយគ្នានេះដែរ សមាជិកសភាម្នាក់មកពីរដ្ឋធានីតេអេរ៉ង់របស់ប្រទេសអ៊ីរ៉ង់គឺលោក Mahmoud Sadeghi បាននិយាយថា គាត់ក៏បានធ្វើតេស្តវិជ្ជមានផ្ទុកវីរុសកូវីដ១៩នេះផងដែរ ។ (២៥ កុម្ភៈ)

ទីប្រឹក្សារដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Hossein Sheikholeslam ជាអ្នកដែលបានចូលរួមក្នុងវិបត្តិចំណាប់ខ្មាំងស្ថានទូតសហរដ្ឋអាមេរិកនៅឆ្នាំ ១៩៧៩ បានទទួលមរណភាពដោយសារ Covid-19 រួមទាំងអ្នកនយោបាយអ៊ីរ៉ង់ចំនួន ៧ នាក់ផង ។ (៧ មីនា)

អនុប្រធានាធិបតីអ៊ីរ៉ង់ លោក Eshaq Jahangiri និងរដ្ឋមន្រ្តីពីររូបទៀត មានផ្ទុកមេរោគកូវីដ១៩ ។ (១២ មីនា)

តារាសម្តែងដែលឈ្នះពានរង្វាន់អូស្ការ លោក Tom Hanks និងភរិយារបស់គាត់ គឺតារាសម្តែង អ្នកស្រី Rita Wilson ទាំងពីរនាក់បានឆ្លងវីរុសកូវីដ១៩ នៅប្រទេសអូស្ត្រាលី ។ (១២ មីនា)

ក្លឹបបាល់ទាត់អ៊ីតាលី Juventus បានប្រកាសនៅថ្ងៃពុធថា កីឡាករម្នាក់របស់ខ្លួនគឺខ្សែការពារ Daniele Rugani បានធ្វើតេស្តរកវីរុសកូវីដ១៩ លទ្ធផលវិជ្ជមាន ។ (១២ មីនា)

ក្លឹបបាល់ទាត់ English Premier League បានពន្យារពេលការប្រកួតទាំងអស់រហូតដល់ថ្ងៃទី ៤ ខែមេសា នៅថ្ងៃសុក្រ បន្ទាប់ពីអ្នកចាត់ការក្លឹប Arsenal លោក Mikel Arteta និងខ្សែបម្រើស្លាប លោក Callum Hudson-Odoi របស់ក្លឹម Chelsea បានធ្វើតេស្តឃើញថាមានផ្ទុកវីរុសកូវីដ១៩ ។ (១៣ មីនា)

លោកស្រី Sophie Grégoire Trudeau ភរិយារបស់នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បានធ្វើតេស្តឃើញវីរុសកូវីដ១៩ បន្ទាប់ពីបានវិលត្រលប់ពីដំណើរកម្សាន្តទៅកាន់ទីក្រុងឡុងវិញ ។ (១៣ មីនា)

តារាសម្តែងនិងជាតារាចម្រៀងថៃផង លោក Matthew Deane Chanthavanij បាននិយាយថា គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកវីរុសកូវីដ១៩ ហើយប្រពន្ធរបស់គាត់គឺអ្នកស្រី Lydia Sarunrat Deane បានឆ្លងវីរុសកាចសាហាវនេះពីគាត់ផងដែរ និងកូនតូចៗពីរនាក់ក៏សង្ស័យថាអាចឆ្លងវីរុសកូវីដ១៩នេះដែរ ។ (១៣ មីនា)

រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ី លោក Budi Karya Sumadi ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងហ្សាការតា បន្ទាប់ពីគាត់បានឆ្លងវីរុសកូវីដ១៩ ហើយគាត់ជាមន្ត្រីជាន់ខ្ពស់ទី១ ដែលបានឆ្លងមេរោគឧត្បាតនេះ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ (១៤ មីនា)

ប្រធានសហព័ន្ធកីឡាបាល់ទាត់ស្វ៊ីស លោក Dominique Blanc មានប្រសាសន៍ថាគាត់ «មានផាសុកភាពសមរម្យ» បន្ទាប់ពីបានឆ្លងវីរុស១៩ ។ (១៥ មីនា)

លោក Lucian Grainge ដែលជាប្រធាននិងជានាយកប្រតិបត្តិនៃក្រុមតន្រ្តី Universal Music Group បានឆ្លងវីរុសកូវីដ១៩ ក្រោយរៀបចំពិធីខួបកំណើតដ៏ធំ ដែល CEO ក្រុមហ៊ុន Apple ក៏បានចូលរួមដែរ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ UCLA នៅទីក្រុងឡូសអេនជឺលេស សហរដ្ឋអាម៉េរិក ។ (១៥ មីនា)

តាមរបាយការណ៍បានឲ្យដឹងថា ស្ថាបត្យករអ៊ីតាលីដ៏ល្បីឈ្មោះមួយរូបគឺលោក Vittorio Gregotti ដែលបានរចនាពហុកីឡាដ្ឋានអូឡាំពិករដូវក្ដៅបាសេឡូណា (Barcelona Summer Olympics stadium) ឆ្នាំ ១៩៩២ បានទទួលមរណភាពដោយសារវីរុសកូវីដ១៩ កាលពីថ្ងៃអាទិត្យនៅអាយុ ៩២ ឆ្នាំ ។ (១៥ មីនា)

ការិយាល័យរបស់នាយករដ្ឋមន្រ្តីបាននិយាយថា លោកស្រី Begona Gomez ភរិយារបស់នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez ត្រូវបានគេធ្វើតេស្ត៍រកឃើញថា មានផ្ទុកវីរុសឆ្លងវីរុសកូវីដ១៩ ។ ប៉ុន្តែ លោក Pedro Sanchez ធ្វើតេស្ដមានលទ្ធផលអវិជ្ជមាន ។ ឥឡូវពួកគេទាំងពីរនាក់រស់នៅក្នុងលំនៅដ្ឋានរបស់ពួកគេ ដោយធ្វើតាមដំបូន្មានរបស់អាជ្ញាធរសុខាភិបាល ។ ប៉ុន្មានសប្ដាហ៍មុន មន្ត្រីជាន់ខ្ពស់អេស្ប៉ាញពីររូប បានផ្ទុកជំងឺឧត្បាតនេះផងដែរ ។ (១៥ មីនា)

មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពថៃម្នាក់គឺ លោក Rachit Arunrangsi អគ្គនាយកនៃអគ្គនាយកដ្ឋានសុខុមាលភាពកងទ័ព បានឆ្លងវីរុសកូវីដ១៩ ហើយមនុស្ស ៦០ នាក់ ដែលប៉ះពាល់ដោយផ្ទាល់ ជាមួយលោកត្រូវបានដាក់ឲ្យ នៅដាច់ដោយឡែក នៅផ្ទះពួកគេរៀងៗខ្លួន ។ ក្នុងចំណោមនោះ គឺមានមន្ត្រីយោធាជាន់ខ្ពស់មួយចំនួនផងដែរ ។ (១៦ មីនា)

តារាភាពយន្តស្រីម្នាក់ដែលធ្លាប់សម្ដែងរឿង James Bond ដ៏ល្បីល្បាញ ជនជាតិបារាំងដើមកំណើតអ៊ុយក្រែន អ្នកនាង Olga Kurylenko ត្រូវបាន​ធ្វើតេស្ត​វិជ្ជមាន​ ចំពោះវីរុសកូវីដ១៩ ។ (១៦ មីនា)

សមាជិកព្រឹទ្ធសភាហ្វីលីពីន លោក Juan Miguel Zubiri ទទួលលទ្ធផលវិជ្ជមាន ចំពោះការធ្វើតេស្តវីរុសកូវីដ១៩ តែគាត់បាននិយាយថាគាត់មិនមានរោគសញ្ញាអ្វីទាល់តែសោះ ។ (១៦ មីនា)

គ្រូបង្វឹកអេស្ប៉ាញនៅក្លឹបបាល់ទាត់ Atletico Portada Alta លោក Francisco Garcia បានទទួលមរណភាព ដោយជំងឺឧត្បាតកូវីដ១៩ នៅក្នុងអាយុត្រឹមតែ ២១ ឆ្នាំប៉ុណ្ណោះ ។ (១៧ មីនា)

*នឹងធ្វើបច្ចុប្បន្នភាពបន្ថែម ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment