វេជ្ជបណ្ឌិតភូមាម្នាក់ត្រូវបានចាប់ខ្លួនដោយសារការបង្ហោះសារប្រមាថដល់ព្រះសង្ឃតាមហ្វេសប៊ុក - លោកវិទូ

ព័ត៌មានថ្មីៗ

Saturday, May 23, 2020

វេជ្ជបណ្ឌិតភូមាម្នាក់ត្រូវបានចាប់ខ្លួនដោយសារការបង្ហោះសារប្រមាថដល់ព្រះសង្ឃតាមហ្វេសប៊ុក

លោកវេជ្ជបណ្ឌិត ក្យាវ វីន ថែន (បុរសពាក់ក្រឡា) មកសុំខមាទោសអំពីសំណាក់ព្រះសង្ឃ នៅវត្តកូណាវីន ក្រុងម៉េកតិឡា ។ រូបភាព៖ ឥរាវត្តី/ថតពីវីដេអូយូធូប

លោកវិទូ | ថ្ងៃ ៧᧢៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៣ ឧសភា ២០២០
មណ្ឌលេ៖ វេជ្ជបណ្ឌិតភូមាម្នាក់ដែលបានប្រមាថមើលងាយព្រះសង្ឃតាមហ្វេសប៊ុក ដោយសារព្រះសង្ឃប្រឆាំងនឹងផែនការដាក់បញ្ចូលការអប់រំផ្លូវភេទទៅក្នុងកម្មវិធីសិក្សានៅវិទ្យាល័យ ត្រូវបានចាប់ខ្លួននិងត្រូវបានប្រជាពលរដ្ឋដែលមានកំហឹងឡោមព័ទ្ធព្យាយាមវាយ នៅក្នុងវត្តពេលដែលគាត់ទៅសុំខមាទោសអំពីសំណាក់ព្រះសង្ឃ ប៉ូលីសហាមឃាត់ស្ទើរតែមិនឈ្នះ ។

យោងតាមទំព័រសារព័ត៌មានឥរាវត្តី (Irrawaddy) ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា វេជ្ជបណ្ឌិតភូមាម្នាក់ដែលបានរិះគន់ព្រះសង្ឃពុទ្ធសាសនានៅលើបណ្តាញសង្គម ពីការមិនយល់ស្របនឹងការបន្ថែមការអប់រំផ្លូវភេទទៅក្នុងកម្មវិធីសិក្សានៅវិទ្យាល័យភូមា ត្រូវបានចាប់ខ្លួន ហើយប្រឈមនឹងការជាប់ពន្ធនាគារពីបទជេរប្រមាថនិងបរិហារកេរ្តិ៍សាសនារបស់អ្នកដទៃ ។

គ្រូពេទ្យវ័យ ៣១ ឆ្នាំគឺលោកវេជ្ជបណ្ឌិត ក្យាវ វីន ថែន ដែលខ្លួនឯងផ្ទាល់ជាពុទ្ធបរិស័ទ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី ១៧ ខែឧសភានេះថា ព្រះសង្ឃពុទ្ធសាសនាដែលមិនមានចំណេះដឹងអំពីការអប់រំសុខភាពផ្លូវភេទផង តែមករិះគន់កម្មវិធីសិក្សាថ្មីនេះ ។

រដ្ឋាភិបាលភូមាមានផែនការដាក់បញ្ចូលការអប់រំអំពីសុខភាពផ្លូវភេទ ទៅក្នុងកម្មវិធីសិក្សាសម្រាប់ឆ្នាំសិក្សាដែលនឹងចាប់ផ្តើមនៅខែមិថុនា ។

ព្រះសង្ឃជាតិនិយមមួយចំនួនបានជំទាស់នឹងការបន្ថែមមុខវិជ្ជានេះទៅក្នុងកម្មវិធីសិក្សារបស់សាលា ដោយលើកឡើងថា ការបង្រៀនការអប់រំផ្លូវភេទនៅតាមសាលារៀន គឺជារឿងឥតកេរ្តិ៍ខ្មាស និងរំលោភប្រពៃណីរបស់ភូមា ។

ថ្មីៗនេះបញ្ហានេះបានរីករាលដាលនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលជាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមបំផុតនៅប្រទេសភូមា ដែលបានក្លាយជាបញ្ហាជជែកវែកញែកយ៉ាងក្តៅគគុកក្នុងចំណោមអ្នកប្រើប្រាស់ ។

លោកវេជ្ជបណ្ឌិត ក្យាវ វីន ថែន បាននិយាយនៅលើហ្វេសប៊ុកថា ព្រះសង្ឃពុទ្ធសាសនាដែលតវ៉ាអំពីកម្មវិធីសិក្សាមិនដឹងថា ការអប់រំផ្លូវភេទគឺជាអ្វីទេ ហើយបន្ថែមថាព្រះសង្ឃទាំងអស់នោះប្រព្រឹត្តដូចគ្រហស្ថធម្មតាដែរ ដូចជាភ្នាល់ការប្រកួតបាល់ទាត់ និងមើលរឿងអាសអាភាសជាដើម ។

«ព្រះសង្ឃទាំងនោះជាបុរសខ្លាំងនិងមានសុខភាពមាំមួន ដែលមិនរកស៊ីអ្វីរស់ដោយសារគេចិញ្ចឹម ។ ខ្ញុំមិនទុកចិត្តព្រះសង្ឃអង្គណាមួយទេតាំងពីថ្នាក់ខ្ពស់រហូតដល់លោកនេន ។»

យោងតាមមន្រ្តីម្នាក់មកពីការិយាល័យរដ្ឋបាលក្រុងម៉េកតិឡា ក្នុងតំបន់មណ្ឌលេ មន្ត្រីម្នាក់នៃការិយាល័យកិច្ចការសាសនាក្រុងម៉េកតិឡា បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងវេជ្ជបណ្ឌិតរូបនេះតាមមាត្រា ២៩៥ (អេ) នៃក្រមព្រហ្មទណ្ឌ ដែលហាមឃាត់ការប្រមាថដល់ជំនឿសាសនារបស់បុគ្គលណាម្នាក់ ។ ប្រសិនបើគេរកឃើញថាមានកំហុស វេជ្ជបណ្ឌិតរូបនេះនឹងត្រូវជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំដូចមាត្រា ២៩៥ ចែងថា ជនណាដែលប្រមាថដល់សាសនារបស់អ្នកដទៃ ដោយផ្ទាល់មាត់ឬជាលាយលក្ខណ៍អក្សរ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ២ ឆ្នាំឬពិន័យជាប្រាក់ឬទាំងពីរ ។

មន្រ្តីមកពីការិយាល័យរដ្ឋបាលក្រុងម៉េកតិឡា បានមានប្រសាសន៍ថា «មន្ត្រីកិច្ចការសាសនាក្រុងម៉េកតិឡា លោក អ៊ូ កូកូ អ៊ុង បានបញ្ជូនពាក្យបណ្តឹងដោយផ្ទាល់ទៅតុលាការក្រុងម៉េកតិឡានៅថ្ងៃនេះ (២០ ឧសភា) ។ ប៉ូលីសបានចាប់ខ្លួនគាត់នៅព្រឹកនេះពេលគាត់នៅវត្តដើម្បីសុំអភ័យទោសពីសំណាក់ព្រះសង្ឃ» ។

លោកវេជ្ជបណ្ឌិត ក្យាវ វីន ថែន បានទៅវត្តកូណាវីនក្នុងក្រុងម៉េកតិឡា កាលពីព្រឹកថ្ងៃអង្គារដើម្បីធ្វើពិធីវន្ទាសុំអភ័យទោស តាមប្រពៃណីព្រះពុទ្ធសាសនា ។


ហ្វូងមនុស្សរាប់រយនាក់ដែលមានកំហឹងបានប្រមូលផ្តុំគ្នានៅក្នុងបរិវេណវត្ត ហើយមនុស្សមួយចំនួនបានព្យាយាមវាយលោកវេជ្ជបណ្ឌិតរូបនេះ និងប៉ូលីសផងដែរដែលឈរជើងនៅទីនោះដើម្បីការពារសន្តិសុខ ។

យោងតាមសាក្សីជាច្រើនរូប ប៉ូលីសបាននាំលោកវេជ្ជបណ្ឌិតចេញពីវត្ត បន្ទាប់ពីវត្តត្រូវបានឡោមព័ទ្ធដោយហ្វូងមនុស្សដែលមានកំហឹង ។

មានប្រភពមួយពីប៉ុស្តិ៍ប៉ូលីសក្រុងម៉េកតិឡាបានឲ្យដឹងថា «ប៉ូលីសបានបញ្ជូនគាត់ [លោកវេជ្ជបណ្ឌិត ក្យាវ វីន ថែន] ទៅឃុំខ្លួននៅមណ្ឌលេ ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួនរបស់គាត់ ។ ប្រសិនបើគាត់ស្នាក់នៅក្នុងក្រុងម៉េកតិឡា ប្រជាពលរដ្ឋដែលខឹងសម្បារនឹងប្រមូលផ្តុំគ្នា ហើយយើងខ្លាចថាវានឹងបង្កជាភាពវឹកវរ» ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment