វត្តអារាមថៃក្លាយជារោងបាយសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាបរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Sunday, May 17, 2020

វត្តអារាមថៃក្លាយជារោងបាយសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាបរងផលប៉ះពាល់ដោយជំងឺកូវីដ១៩

រូបភាព៖ បាងកកប៉ុស្តិ៍

លោកវិទូ | ថ្ងៃ ១᧻៦ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១៧ ឧសភា ២០២០

តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍បានឲ្យដឹងថា ខណៈប្រទេសថៃនៅតែបន្តការខំប្រឹងប្រែង ដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណាដ៏ប្រល័យ វត្តអារាមនៅទូទាំងប្រទេសបានចេញមុខជួយដល់អ្នកដែលខ្វះខាត ។ រោងបាយជិត ១០០០ ដែលត្រូវបានគេហៅជាភាសាថៃថា 'រោងថាន' ត្រូវបានគេបង្កើត នៅក្នុងនិងក្បែររបងវត្ត នៅទីក្រុងបាងកកនិងខេត្តចំនួន ៧៦ នៃព្រះរាជាណាចក្រថៃ ដើម្បីចម្អិនម្ហូបអាហារសម្រាប់អ្នកមានប្រាក់ចំណូលទាប និងអ្នកផ្សេងទៀតដែលកំពុងមានវិបត្តិសេដ្ឋកិច្ច ។

ប្រទេសថៃគឺជាប្រទេសដំបូងគេក្រៅប្រទេសចិន ដែលមានពីករណីឆ្លងនៃជំងឺកូវីដ១៩ (COVID-19) នៅក្នុងខែមករា ។ ចាប់តាំងពីពេលនោះមក វិធានការរបស់រដ្ឋាភិបាលនិងសង្គមមួយចំនួន ដែលពឹងផ្អែកជាចម្បងលើការឃ្លាំមើល និងការស្វែងរកអ្នកដែលបានប្រាស្រ័យទាក់ទងជាមួយអ្នកមានជំងឺកូវីដ១៩ បានជួយឲ្យការគ្រប់គ្រងបាននូវជំងឺរាតត្បាតនេះ នៅក្នុងប្រទេសដែលមានប្រជាជនចំនួន ៦៩ លាននាក់ ។

កាលពីចុងខែមីនា នៅពេលដែលករណីថ្មីបានចាប់ផ្តើមកើនឡើងយ៉ាងឆាប់រហ័ស រដ្ឋាភិបាលបានដាក់ចេញការបិទប្រទេសជាបន្ទាន់ ដោយបិទអាជីវកម្មជាច្រើន និងទប់ស្កាត់ការធ្វើដំណើរដែលមិនចាំបាច់ ។ វិធានការណ៍នេះទទួលបានជោគជ័យនៅក្នុងលក្ខខណ្ឌសុខភាពសាធារណៈ ពោលគឺអាចទប់ស្កាត់ការកើនឡើងទៀតបាន ប៉ុន្តែផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៅតែបន្តរីករាលដាលពាសពេញប្រទេស ។ នៅសប្តាហ៍នេះគណៈកម្មាធិការអចិន្រ្តៃយ៍រួមគ្នាស្តីពីពាណិជ្ជកម្មឧស្សាហកម្មនិងធនាគារ (JSCCIB) បានព្យាករណ៍ថា ការធ្លាក់ចុះជារួមពី ៣ ទៅ ៥ ភាគរយនៅក្នុងសេដ្ឋកិច្ចថៃ ដែលជាការព្យាករដែលមានសុទិដ្ឋិនិយមជាងការប៉ាន់ប្រមាណរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលការធ្លាក់ចុះនៃសេដ្ឋកិច្ចអាចមានពី ៦ ទៅ ៧ ភាគរយ ។

យោងតាមលោក ណារ៉ុង សុងការ៉ុម ប្រធានការិយាល័យព្រះពុទ្ធសាសនាជាតិ «ប្រជាជនចំនួន ២៧០.០០០ នាក់ត្រូវបានជួយសង្គ្រោះ» គិតត្រឹមថ្ងៃទី ១៣ ឧសភា ។ ដោយការប្រើប្រាស់វត្តអារាមធំៗនៅទូទាំងប្រទេស បានចំណាយថវិកាអស់ចំនួន ១០,៩ លានបាត (៣៤០.០០០ ដុល្លារ) ដើម្បីរៀបចំអាហារ ។ លោក ណារ៉ុង សុងការ៉ុម បានថ្លែងថា «នោះមានន័យថា ចំណាយអស់បច្ច័យប្រហែល ៤០ បាតក្នុងម្នាក់ ។

នេះសកម្មភាពមនុស្សធម៌ដែលផ្ដើមគំនិតឡើងដោយសម្ដេចសង្ឃរាជនៃប្រទេសថៃ ហើយវត្តដែលមានលទ្ធភាពគ្រប់គ្រាន់ទើបសុំឲ្យចូលរួមក្នុងសកម្មភាពនេះ ។

ចង្ហាន់មួយចំនួនក៏ត្រូវបានចែកចាយទៅវត្តតូចៗនៅទូទាំងប្រទេសផងដែរ ព្រោះព្រះសង្ឃជាច្រើនអង្គកំពុងចៀសវាងការចេញទៅបិណ្ឌបាត្រ ដើម្បីកាត់បន្ថយទំនាក់ទំនងសង្គមដែលអាចចម្លងវីរុសនេះបាន ។ លោកណារ៉ុងបាននិយាយថា វត្តអារាមនានាត្រូវបានណែនាំឲ្យដឹងអំពីតម្រូវការនៃស្តង់ដារអនាម័យតឹងរឹងបំផុត ដើម្បីការពារការឆ្លងមេរោគកូរ៉ូណានេះដោយចៃដន្យ តាមរយៈការចែកចាយអាហារ ឬនៅពេលដែលមនុស្សកំពុងរង់ចាំទទួលអាហារ ។

នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចានអូចា បាននិយាយថា វត្តរគាំងឃោសិតារាម ដែលជាវត្តនៅមាត់ទន្លេក្បែរព្រះបរមរាជវាំង ក្នុងទីក្រុងបាងកកអាចដើរតួជាគំរូមួយ ។ លោកបាននិយាយកាលពីថ្ងៃពុធ (១៣ ឧសភា) ថា «វត្តនេះមើលការខុសត្រូវប្រជាជនជាង ១.០០០ នាក់ជារៀងរាល់ថ្ងៃ» ។ «រោងបាយមិនត្រឹមតែជាកន្លែងសម្រាប់ជួយប្រជាជនក្រីក្រប៉ុណ្ណោះទេ វាក៏ជាស្ពានទំនាក់ទំនងសម្រាប់អ្នកមានធនធាន ដើម្បីបរិច្ចាគទានផងដែរ» ។

យោងតាមជំរឿនឆ្នាំ ២០១៥ ប្រជាជនថៃ ៩៤.៥ ភាគរយកាន់ព្រះពុទ្ធសាសនា ។ ឥស្លាមត្រូវបានគោរពប្រតិបត្តិដោយប្រជាជនថៃ ៤,២៩ ភាគរយ ដែលភាគច្រើននៅភាគខាងត្បូងនៃប្រទេស ។ គ្រិស្តបរិស័ទមានចំនួនប្រជាជនតែជាង ១ ភាគរយប៉ុណ្ណោះ ។ ព្រះរាជាណាចក្រនេះមានវត្តព្រះពុទ្ធសាសនាប្រមាណ ៤ ម៉ឺនវត្ត ដែលមានព្រះសង្ឃពុទ្ធសាសនាជិត ៣០ ម៉ឺនអង្គ ៕ (ពុទ្ធិស្តឌ័រ)

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment