ទៅទៀតហើយ! ព្រះសង្ឃនិងដូនជីវៀតណាមសិក្សានៅឥណ្ឌាចាកចេញទៅស្រុកវិញថ្ងៃនេះដោយសារជំងឺកូវីដ១៩ - លោកវិទូ

ព័ត៌មានថ្មីៗ

Tuesday, May 19, 2020

ទៅទៀតហើយ! ព្រះសង្ឃនិងដូនជីវៀតណាមសិក្សានៅឥណ្ឌាចាកចេញទៅស្រុកវិញថ្ងៃនេះដោយសារជំងឺកូវីដ១៩

សមណនិស្សិតវៀតណាមនៅសាកលវិទ្យាល័យព្រះគោតមពុទ្ធ កំពុងរៀបចំចេញដំណើរទៅកាន់ព្រលានយន្តហោះទីក្រុងញូវដែល្លី ។ រូបភាព៖ GBU

លោកវិទូ | ថ្ងៃ ៣᧽៦ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១៩ ឧសភា ២០២០

ញូវដែល្លី៖ ព្រះសង្ឃដូនជីដែលជាសមណនិស្សិត-និស្សិត នៅសាកលវិទ្យាល័យនានានៅប្រទេសឥណ្ឌា ព្រមទាំងប្រជាជនវៀតណាមជាច្រើននាក់ផង បានធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃនេះ ខណៈការរីករាលដាលជំងឺកូវីដ១៩មិនទាន់ថមថយនៅឡើយនៅទីនេះ ។

ស្ថានឯកអគ្គរដ្ឋទូតវៀតណាមដោយសហការជាមួយរដ្ឋាភិបាលឥណ្ឌា បានរៀបចំដំណើរចាកចេញទៅមាតុភូមិវិញ សម្រាប់ព្រះសង្ឃដូនជី ដែលជាសមណនិស្សិត-និស្សិត នៅសាកលវិទ្យាល័យនានានៅប្រទេសឥណ្ឌា ព្រមទាំងប្រជាជនវៀតណាមសរុបទាំងអស់ប្រមាណ ៣៧០ រូប  ខណៈការរីករាលដាលជំងឺកូវីដ១៩មិនទាន់ថមថយនៅឡើយនៅប្រទេសឥណ្ឌានេះ ។

នៅក្នុងនោះ យើងឃើញមានសមណនិស្សិត-និស្សិតវៀតណាមមកពីសាកលវិទ្យាល័យធំពីរគឺ សាកលវិទ្យាល័យព្រះគោតមពុទ្ធ (ណយអ៊ីដា) និងសាកលវិទ្យាល័យនាលន្ទា (ទីក្រុងរាជគ្រឹះ) ក្នុងចំណោមសាកលវិទ្យាល័យឯទៀតនៅប្រទេសឥណ្ឌា បានធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃអង្គារនេះ តាមជើងហោះហើរពិសេសវៀតណាមអ៊ែឡាញ (Vietnam Airlines) ដោយត្រូវចេញដំណើរពីទីក្រុងញូវដែល្លី នៅវេលាម៉ោង ៨ យប់ (១៩ ឧសភា) នឹងទៅដល់ទីក្រុងហូជីមីញនៅម៉ោង ២:១៥ នាទីព្រឹក (២០ ឧសភា) ។

បើតាមការសាកសួរទៅកាន់ដូនជីមួយរូបឈ្មោះ ត្រាន់ ធីធូ ត្រាង ជានិស្សិតជនជាតិវៀតណាម ដែលសិក្សានៅសាកលវិទ្យាល័យនាលន្ទាប្រាប់មកថា ជនជាតិវៀតណាមសរុបទាំងអស់ចំនួន ៣៧០ រូប ដែលត្រូវចេញដំណើរទៅប្រទេសខ្លួនវិញ ។ តាមការបញ្ជាក់ពីនិស្សិតវៀតណាមបានឲ្យដឹងថា តម្លៃសំបុត្រយន្តហោះក្នុងការធ្វើដំណើរនេះសរុបទាំងអស់ទាំងពីស្រុកគយាទៅទីក្រុងញូវដែល្លី និងពីទីក្រុងញូវដែល្លីទៅវៀតណាម សរុបទាំងអស់ ៤៤.០០០ រូពីឥណ្ឌា (គយា-ញូវដែល្លី៖ ១៣០០០រូពី ញូវដែល្លី-វៀតណាម ២៥.០០០ រូពី និងការចំណាយផ្សេងទៀត) ។ សម្រាប់និស្សិតអាហាររូបករណ៍ស៊ី.អិល.អឹម.វី. (CLMV) គឺសាកលវិទ្យាល័យនាលន្ទាជាអ្នករ៉ាប់រងទាំងស្រុង រីឯនិស្សិតអាហារូបករណ៍អាយ.ស៊ី.ស៊ី.អា. (ICCR) និងនិស្សិតឯកជនត្រូវចេញថ្លៃធ្វើដំណើរដោយខ្លួនឯង ។

វៀតណាមមានជើងយន្តហោះផ្ទាល់របស់ខ្លួន ញូវដែល្លី-ហូជីមីញ តាមរយៈក្រុមហ៊ុនវៀតណាមអ៊ែឡាញ ។ ដូច្នេះបានជាថ្លៃក្នុងការធ្វើដំណើរខុសគ្នាបន្តិបន្តួចតែប៉ុណ្ណោះពីថ្ងៃធម្មតា បើពុំនោះទេតម្លៃអាចដល់ ៦ ម៉ឺនរូពី ក្នុងកំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩នេះ ។
ព្រលានយន្តហោះគយា រដ្ឋពិហារ ។

នៅមុនថ្ងៃចេញដំណើរ និស្សិតវៀតណាមបានសម្ដែងក្ដីរំភើបរីករាយឥតឧបមាពេលដឹងថា មានយន្តហោះពិសេសមកដឹកជញ្ជូនពួកគេត្រលប់ទៅប្រទេសកំណើតវិញ ។

ដូនជី ត្រាន់ ធីធូ ត្រាង បានផ្ដល់បទសម្ភាសន៍ខ្លីថា «ខ្ញុំពិតជារំភើបរីករាយខ្លាំងណាស់ រហូតគេងមិនលក់ បន់ឲ្យតែដល់ថ្ងៃហោះចេញទៅឆាប់ៗ» ។

ដោយឡែកព្រះតេជព្រះគុណ ផាម ភឿក គុយ បានសម្ដែងនូវទឹកមុខញញឹមរីករាយផងដែរ ហើយបាននិយាយយ៉ាងខ្លីថា «ខ្ញុំសប្បាយចិត្តណាស់ព្រោះជិតបានជាន់ទឹកដីកំណើតវិញ និស្សិតរូបនេះក៏ឆ្លៀតជូនពរដល់និស្សិតកម្ពុជាផងដែរថា សូមអ្នកនៅទីនេះប្រកបដោយសុវត្ថិភាព និងថែសុខភាពឲ្យបានល្អ សង្ឃឹមថានឹងបានជួបគ្នាម្ដងទៀត» ។

សមណនិស្សិតមួយអង្គទៀតឈ្មោះ ព្រះតេជព្រះគុណ ហូ ឌុក ហៀវ បានផ្ដល់បទសម្ភាសន៍ខ្លីផងដែរពីចំណាប់អារម្មណ៍របស់លោកថា «ខ្ញុំព្រះករុណាពិតជារំភើបព្រោះមានការយកចិត្តទុកដាក់ខ្ពស់ពី ស្ថានទូតវៀតណាម និងរដ្ឋាភិបាលរបស់ខ្ញុំព្រះករុណា» ។ លើសពីនេះសមណនិស្សិតអង្គនេះឆ្លៀតបន្ថែមទៀតថា នៅទីនេះគ្រោះថ្នាក់ណាស់ (សំដៅលើការរស់នៅប្រទេសឥណ្ឌា) ។  លោកក៏មិនភ្លេចជូនពរដល់និស្សិតកម្ពុជា ដែលជាអ្នកធ្វើបទសម្ភាសន៍ដែរដោយជូនពរថា «សូមឲ្យព្រះតេជព្រះគុណឆាប់បានចាកចេញពីប្រទេសឥណ្ឌាឆាប់ៗ ព្រះពុទ្ធនឹងតាមថែរក្សាព្រះតេជព្រះគុណ» ។

ចុងក្រោយនិស្សិតជាដូនជីមួយរូបឈ្មោះ ង្វៀន ធុយ ជី បែរជាមានចិត្តផ្សេងពីនិស្សិតដទៃទៅវិញ ដោយលើកឡើងថាគាត់ពិតជាមិនចង់ចាកចេញពីប្រទេសឥណ្ឌាឡើយ ដោយចិត្តស្រឡាញ់ការសិក្សានៅទីនេះ ហើយខ្លួនក៏បានដាក់ពាក្យដើម្បីបន្តការសិក្សាថ្នាក់បណ្ឌិតរួចហើយដែរ ប៉ុន្តែដោយកាលៈទេសៈមិនអំណោយផល គាត់ត្រូវតែសម្រេចចាកចេញពីប្រទេសឥណ្ឌាតាមការណែនាំពីស្ថានទូតវៀតណាម ក៏ដូចជារដ្ឋាភិបាលវៀតណាម ។

នៅឯសាកលវិទ្យាល័យព្រះគោតមពុទ្ធដែលស្ថិតនៅជាប់នឹងទីក្រុងញូវដែល្លីឯណោះវិញ មានសមណនិស្សិត-និស្សិតវៀតណាមចំនួន ៥៣ រូប ក៏បានចាកចេញត្រលប់ទៅមាតុប្រទេសរបស់ខ្លួនវិញដែរ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីគណៈគ្រប់គ្រងសាកលវិទ្យាល័យជួយចាត់ចែង មានលោកសាស្ត្រាចារ្យ អរវីន សិង្ហ ជាប្រមុខ ។
ព្រលានយន្តហោះគយា រដ្ឋពិហារ ។

ប្រទេសមួយចំនួនក៏បានបញ្ជូនប្រជាជនខ្លួនទៅប្រទេសកំណើតវិញដែរ ក្នុងនោះយើងឃើញមានប្រទេសភូមាក្រោមជំនួយឧបត្ថម្ភពីព្រះតេជព្រះគុណ សិតគុ សយាដវ ព្រះសង្ឃជាន់ខ្ពស់របស់ភូមា តាំងពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ មកម៉្លេះ ។ ពីរថ្ងៃក្រោយមក ប្រទេសថៃក៏បានបញ្ជូនប្រជាជនខ្លួនតាមជើងយន្តហោះពិសេសទៅមាតុភូមិវិញដែរ នៅទី២៤ ខែមេសា ឆ្នាំ២០២០ កន្លងទៅ និងមានជើងហោះហើរជាបន្តបន្ទាប់ទៀត ។

ប្រទេសឥណ្ឌាកំពុងស្ថិតនៅក្នុងស្ថានភាពបិទប្រទេសទាំងមូលដំណាក់កាលទី៤ រហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២០ ។ ករណីឆ្លងជំងឺកូវីដ១៩ នៅតែកើនឡើងមិនឈប់ពីមួយទៅមួយថ្ងៃ ។ ខណៈនេះប្រទេសឥណ្ឌាមានអ្នកឆ្លងជំងឺចំនួនជាង ១០ ម៉ឺននាក់ ស្លាប់ចំនួនជាង ៣០០០ នាក់ នៅសល់អ្នកជំងឺចំនួនជិត ៦ ម៉ឺននាក់ ។

ទោះយ៉ាងណាក៏ដោយ រដ្ឋមួយចំនួនបានបន្ធូរបន្ថយការរឹតបន្តឹងខ្លះៗ ក្នុងកំឡុងពេលបិទប្រទេសដំណាក់កាលទី៤នេះ ។ នៅដែនដីរដ្ឋធានីញូវដែល្លី គេអនុញ្ញាតឲ្យយានយន្ដឯកជនបើកបរបានមិនលើសពីពីរនាក់ ។ ការលក់ដូរទំនិញអនឡាញ ឬពាណិជ្ជកម្មអេឡិចត្រូនិច ត្រូវបានអនុញ្ញាតវិញហើយ ។ ការិយាល័យរដ្ឋនិងក្រុមហ៊ុនឯកជនក៏ត្រូវបានអនុញ្ញាតដែរ តែត្រូវរក្សាគម្លាតគ្នារវាងបុគ្គលិក ។ ប៉ុន្ដែសាលាសាកលវិទ្យាល័យនិងគ្រឹះស្ថានសាធារណៈនៅបន្ដបិទនៅឡើយ ។

ម្យ៉ាងទៀតវិបត្តិពលករចំណាកស្រុក កំពុងតែអូសបន្លាយជាងពីរខែហើយ ខ្លះត្រូវបង្ខំចិត្តដើរឆ្លងរដ្ឋរាប់រយគីឡូម៉ែត្រ ដើម្បីត្រលប់ទៅផ្ទះពួកគេវិញ តែរដ្ឋខ្លះរាំងខ្ទប់មិនឲ្យប្រជាជនខ្លួនចូលស្រុកក៏មាន ។ ទោះយ៉ាងណា យើងក៏ឃើញមានការរៀបចំរទេះភ្លើងនិងរថយន្តក្រុងពិសេស ដើម្បីជួយសម្រួលដល់ពួកគេដែរ ។ តើការរាតត្បាតជំងឺឆ្លងសកលនេះនៅប្រទេសឥណ្ឌា នឹងត្រូវបានទប់ស្កាត់ដោយជោគជ័យទាំងស្រុងនៅពេលណា កំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយ ៕

រាយការណ៍និងធ្វើបទសម្ភាសន៍ដោយ ព្រះតេជព្រះគុណ ពេជ្រ ផានិត (សាកលវិទ្យាល័យនាលន្ទា, រាជគ្រឹះ) សម្រួលអត្ថបទនិងរាយការណ៍បន្ថែមដោយលោកវិទូ ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment