ដល់វេនកម្ពុជាម្ដងហើយ! ថ្ងៃនេះព្រះសង្ឃនិងពលរដ្ឋ ៦០ រូបធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងញូវដែល្លី - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, June 12, 2020

ដល់វេនកម្ពុជាម្ដងហើយ! ថ្ងៃនេះព្រះសង្ឃនិងពលរដ្ឋ ៦០ រូបធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងញូវដែល្លី

ព្រះសង្ឃ សមណនិស្សិត-និស្សិតខ្មែរ កំពុងធ្វើមាតុភូមិនិវត្តន៍ ព្រលានយន្តហោះឥន្ទិរាគាន្ធីអន្តរជាតិទីក្រុងញូវដែល្លី, ១២ មិថុនា ២០២០ ។ រូបភាព៖ ពេជ្រ ផានិត

លោកវិទូ | ថ្ងៃ ៦᧷៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១២ មិថុនា ២០២០

ញូវដែល្លី៖ អស់រយៈពេលជិត ៣ ខែមកហើយដែលព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរមួយចំនួនបានជាប់គាំងនៅប្រទេសឥណ្ឌា ដោយសារស្ថានភាពបិទប្រទេសទាំងមូល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ។ ព្រឹកនេះពួកគាត់ត្រូវធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកម្ពុជាវិញ តាមជើងហោះហើរពិសេសដោយការបង់ប្រាក់ផ្ទាល់ខ្លួន ដោយការសហការរវាងស្ថានខ្មែរប្រចាំទីក្រុងញូវដែល្លី និងអាជ្ញាធរឥណ្ឌាដែលពាក់ព័ន្ធ ។ ប្រមុខដឹកនាំនៃប្រទេសទាំងពីរបានចួបពិភាក្សាគ្នាតាមទូរស័ព្ទអំពីបញ្ហានេះនិងបញ្ហដទៃទៀតផងដែរ ។

ព្រះសង្ឃដែលជាសមណនិស្សិត-និស្សិត អ្នកធម្មយាត្រា និងអ្នកទេសចរខ្មែរចំនួន ៦០ រូប នឹងត្រូវចេញដំណើរពីទីក្រុងញូវដែល្លីទៅទីក្រុងភ្នំពេញ តាមក្រុមហ៊ុនអាកាសចរណ៍ខ្មែរអង្គរអ៊ែ ដែលស្ថានទូតខ្មែរតំណាងរាជរដ្ឋាភិបាលបានប្រឹងប្រែងរៀបចំដោយសហការជាមួយអាជ្ញាធរក៏ដូចជារដ្ឋាភិបាលឥណ្ឌា ប្រមាណជាងមួយខែមុនមកម្ល៉េះ ។

មានប្រជាពលរដ្ឋខ្មែរជាច្រើននាក់ទៀតក៏មានប្រាថ្នាដើម្បីត្រលប់ទៅមាតុប្រទេសវិញដែរ តែដោយថ្លៃសំបុត្រយន្តហោះថ្លៃពេកមិនអាចទ្រាំទ្របាន ខ្លះក៏ត្រូវរង់ចាំជើង​មួយទៀតតាមក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ។ ទោះយ៉ាងណាជើងក្រោយនេះនៅមិនទាន់ដាក់ឲ្យកក់សំបុត្រនៅឡើយទេ ហើយអ្នកធ្វើដំណើរត្រូវកក់សំបុត្រដោយខ្លួនឯងផ្ទាល់ ។

តាមការប្រាប់ពីព្រះសង្ឃដែលធ្វើដំណើរមាតុភូមិនិវត្តន៍ក្នុងថ្ងៃនេះបានឲ្យដឹងថា សម្រាប់គ្រហស្ថម្នាក់ៗត្រូវចំណាយប្រហែល ១.៣៦០ ដុល្លារសហរដ្ឋអាម៉េរិក រីឯព្រះសង្ឃតម្លៃពិសេសក្នុងមួយអង្គ ៨០០ ដុល្លារ សម្រាប់ថ្លៃសំបុត្រមួយជើង ។ អ្នកទាំងអស់គ្នាចេញដំណើរទៅកាន់មាតុប្រទេសវិញដោយសេចក្តីរីករាយឥតឧបមា ។
ព្រះសង្ឃនិងពលរដ្ឋខ្មែរកំពុងតម្រង់ជួរចូលទៅក្នុងព្រលានយន្តហោះឥន្ទិរាគាន្ធីអន្តរជាតិទីក្រុងញូវដែល្លី, ១២ មិថុនា ២០២០ ។ រូបភាព៖ ពេជ្រ ផានិត

គាប់ចួននេះដែរ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥណ្ឌា ឯកឧត្តម នរេន្ទ្រ មោទី បានចួបពិភាក្សាគ្នាតាមទូរស័ព្ទ អំពីការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងទំនាក់ទងទ្វេភាគីនិងតំបន់ ។

តាមការចុះផ្សាយរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីបានឲ្យដឹងថា «ប្រមុខដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីជំងឺកូវីដ១៩ ។ ប្រមុខដឹកនាំទាំងពីរបានព្រមព្រាងគ្នាបន្តកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរ ដើម្បីជួយជ្រោមជ្រែងពលរដ្ឋនៃប្រទេសរៀងៗខ្លួនដែលត្រូវធ្វើមាតុនិវត្តន៍ និងជួយសម្របសម្រួលដំណើរចាកចេញរបស់ពួកគេ» ។

ក្នុងឱកាសនោះផងដែរ នាយករដ្ឋមន្ត្រី មោទី បានបង្ហាញឲ្យដឹងនូវកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌា ដើម្បីពង្រឹងនូវទំនាក់ទំនងរបស់ខ្លួនជាមួយនឹងកម្ពុជា ដែលជាសមាជិកដ៏សំខាន់មួយរបស់អាស៊ាន ដែលមានចំណងអារ្យធម៌និងវប្បធម៌ជាមួយឥណ្ឌា ។

សម្ដេចនាយករដ្ឋមន្ត្រី តេជោ ហ៊ុន សែន បានសង្កត់ធ្ងន់លើសារសំខាន់ដែលប្រទេសកម្ពុជាភ្ជាប់ទៅនឹងទំនាក់ទំនងជាមួយប្រទេសឥណ្ឌា ។ សម្ដេចនាយករដ្ឋមន្ត្រី បានសម្ដែងនូវអារម្មណ៍ដូចគ្នា ហើយបានបញ្ជាក់ពីតួនាទីដ៏មានតម្លៃសំខាន់របស់កម្ពុជាក្នុងគោលនយោបាយ សកម្មភាពឆ្ពោះទៅទិសខាងកើត (Act East policy) របស់ឥណ្ឌា ។

ប្រទេសឥណ្ឌាកំពុងធ្វើប្រតិបត្តិការដឹកនាំប្រជាជនខ្លួន ដែលជាប់គាំងនៅប្រទេសក្រៅ តាមរយៈកម្មវិធីដែលគេហៅថា «បេសកកម្មវន្ទេភារ័ត» ឬ Vende Bharat Mission ។ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ ឥណ្ឌានឹងទៅដឹកយកប្រជាជនខ្លួនពីប្រទេសកម្ពុជាវិញ ដោយសាមីខ្លួនត្រូវបង់ប្រាក់ចំណាយដោយខ្លួនឯង ។ តម្លៃសំបុត្រសម្រាប់ជើងហោះហើរខ្លះគឺ ៤០០ ដុល្លារសម្រាប់ថ្នាក់សេដ្ឋកិច្ច (ធម្មតា) និង ១២០០ ដុល្លារ សម្រាប់ថ្នាក់ជំនួញ (ពិសេស) ។ តាមជើងយន្តហោះឯងហើយ ដែលព្រះសង្ឃនិងពលរដ្ឋខ្មែរដែលជាប់គាំងនៅប្រទេសឥណ្ឌា ឬអ្នកចង់ត្រលប់ទៅស្រុកកំណើតវិញ នឹងសង្ឃឹមថាអាចរកទិញសំបុត្រតម្លៃសមរម្យដើម្បីធ្វើមាតុភូមិនិវត្តន៍វិញបាន ។

ក្រោយពីបិទប្រទេសទាំងស្រុងតាំងពីចុងខែមីនាមក (៨០ថ្ងៃ) ឥណ្ឌាបានប្រកាសបើកប្រទេសឡើងវិញដោយដំណាក់កាលៗ នៅតាមស្រុកឬតំបន់ដែលមិនស្ថិតនៅក្នុងបញ្ជីពណ៌ក្រហម ឬបញ្ជីហាមឃាត់ ។ នៅក្នុងការបើកដំណាក់កាលទី១នេះ ការធ្វើដំណើរក្នុងរដ្ឋនិងឆ្លងរដ្ឋត្រូវបានអនុញ្ញាតឡើងវិញ តាមយន្តហោះ រទេះភ្លើង ឡានក្រុង និងតាក់ស៊ីជាដើម ។ ប៉ុន្តែជើងយន្តអន្តរជាតិនៅមិនទាន់បើកឲ្យដំណើរការធម្មតាវិញនៅឡើយទេ រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ។

ប៉ុន្តែការកើនឡើងនៃចំនួនអ្នកឆ្លងមិនទាន់ថមថយនៅឡើយទេ ។ ត្រឹមព្រឹកថ្ងៃនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅប្រទេសឥណ្ឌាកើនឡើងដល់ជិត ៣០ ម៉ឺននាក់ហើយ ទោះយ៉ាងណាចំនួនអ្នកស្លាប់នៅមានចំនួនតិចត្រឹមតែជាង ៨.៥០០ នាក់ប៉ុណ្ណោះ បើប្រៀបធៀបនឹងប្រទេសដែលឆ្លងខ្លាំងដទៃទៀតនៅអឺរ៉ុប ។ អាជ្ញាធរនៃទីក្រុងញូវដែល្លីបានលើកឡើងថា គ្រាន់តែនៅរដ្ឋធានីឥណ្ឌានេះនឹងអាចមានអ្នកឆ្លងជំងឺកូវីដ១៩រហូតដល់ ៥៥ ម៉ឺននាក់ ក្នុងរយៈពេលដ៏ខ្លីខាងមុខ ដែលបច្ចុប្បន្នមានចំនួនជាង ៣៤.០០០ នាក់ ។

ចំនួននៃការរាតត្បាតជំងឺកូវីដ១៩កើនឡើងយ៉ាងគំហុកនេះ និងសេចក្តីទុក្ខលំបាកក្នុងការរស់នៅផង បានធ្វើឲ្យពលរដ្ឋខ្មែរនៅប្រទេសឥណ្ឌា មើលទៅមាតុភូមិកំណើតថាជាទីមានសុវត្ថិភាពជាង ។ ដោយឡែក ប្រទេសក្បែរខាងខ្មែរយើងដូចជាថៃភូមានិងវៀតណាមបានដឹកនាំប្រជាជនខ្លួនត្រលប់ទៅស្រុកកំណើតវិញជាបណ្ដើរៗ តាំងពីចុងខែមីនាមកអស់ច្រើនជើងហើយ ៕

*តាមការបញ្ជាក់ពីអ្នកធ្វើដំណើរផ្ទាល់មួយរូបបានឲ្យដឹងថា ដោយសារចំនួនអ្នកធ្វើដំណើរមានការកើនឡើង ដូច្នេះតម្លៃក្នុងការធ្វើដំណើរក៏ថយចុះត្រឹមជាង ១១៧០ ដុល្លារវិញ ។ សូមបញ្ជាក់ផងដែរថា តម្លៃសំបុត្រធ្វើដំណើរថ្លៃជាងធម្មតានេះគឺ អាស្រ័យលើចំនួនអ្នកចុះឈ្មោះធ្វើដំណើរ បើចំនួនកាន់តែច្រើន ថ្លៃសំបុត្រក៏កាន់តែចុះទាបដែរ ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment