ព្រះសង្ឃស្រីលង្កាមួយអង្គជាប់ជាតំណាងរាស្ត្រនៅក្នុងការបោះឆ្នោតសភាឆ្នាំ២០២០ - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, August 10, 2020

ព្រះសង្ឃស្រីលង្កាមួយអង្គជាប់ជាតំណាងរាស្ត្រនៅក្នុងការបោះឆ្នោតសភាឆ្នាំ២០២០

ព្រះតេជព្រះគុណ គលគោដា អត្ថ ញាណសរៈ ថេរោ (ពាក់វែនតា) នឹកនាំព្យុហយាត្រា នៅទីក្រុងខណ្ឌី ។ រូបភាព៖ Economy Next

លោកវិទូ | ថ្ងៃ ២᧵៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១០ សីហា ២០២០

កោះស្រីលង្កាជាប្រទេសតែមួយគត់ក្នុងពិភពលោក ដែលមានព្រះសង្ឃពុទ្ធសាសនាថេរវាទធ្វើជាមេដឹកនាំបក្សនយោបាយ និងជាតំណាងរាស្ត្រក្នុងសភាជាតិ ។ ក្រោយការបោះឆ្នោតសភា ដែលបានប្រព្រឹត្តទៅថ្ងៃទី៥ សីហា ២០២០ កន្លងទៅនេះ ព្រះសង្ឃស្រីលង្កាមួយអង្គត្រូវបានជ្រើសតាំងដោយគណបក្សរបស់លោក ធ្វើជាតំណាងរាស្ត្រក្នុងសភានីតិកាលទី១៦ ។

យោងតាមសារព័ត៌មានអ៊ីកូណូមីនិចត៍ (Economy Next) របស់ស្រីលង្កាបានឲ្យដឹងថា ព្រះសង្ឃពុទ្ធសាសនានិយមស្តាំ ព្រះតេជព្រះគុណ គលគោដា អត្ថ ញាណសរៈ ថេរោ នឹងត្រូវជ្រើសរើសជាតំណាងរាស្ត្រ ដោយគណបក្សតូចមួយឈ្មោះ បក្សអំណាចប្រជាជនយើង (Our Power of People Party-OPPP) ។

បក្សនេះបានដាក់បេក្ខជនឈរឈ្មោះជាព្រះសង្ឃពុទ្ធសាសនាជាច្រើន ប៉ុន្តែមិនបានឈ្នះអាសនៈទេ នៅមណ្ឌលបោះឆ្នោតដែលលោកប្រកួតប្រជែង ។ តែយោងតាមប្រព័ន្ធបោះឆ្នោតសមាមាត្ររបស់ស្រីលង្កា បក្សនេះបានទទួលសំឡេងឆ្នោតគ្រប់គ្រាន់ ដើម្បីជ្រើសរើសសមាជិករបស់ខ្លួនម្នាក់ទៅកាន់សភា តាមរយៈតារាងឈ្មោះជាតិនៃតំណាងរាស្ត្រ ។

យោងតាមប្រព័ន្ធបោះឆ្នោតស្រីលង្កា សមាជិកសភាទាំងអស់មាន ២២៥ ។ ក្នុងនោះ សមាជិកសភា ១៩៦ រូបត្រូវបានបោះឆ្នោតជ្រើសរើសពី ២២ មណ្ឌលបោះឆ្នោតនៅតាមស្រុក តាមប្រព័ន្ធតំណាងរាស្ត្រសមាមាត្រ ។ អាសនៈចំនួន ២៩ ដែលនៅសល់ ត្រូវបានបម្រុងទុកសម្រាប់គណបក្ស និងក្រុមនយោបាយឯករាជ្យ ដែលចូលរួមប្រកួតប្រជែង ដោយបែងចែកអាសនៈទៅតាមចំនួនសំឡេងឆ្នោត ដែលពួកគេទទួលបានក្នុងការបោះឆ្នោតជាតិ ហើយក្លាយជាតំណាងរាស្ត្រតាមរយៈតារាងឈ្មោះជាតិ ។

ព្រះតេជព្រះគុណ ញាណសរៈ ដែលបានឈរឈ្មោះបោះឆ្នោតជាលើកដំបូង ធ្លាប់មានរឿងចម្រូងចម្រាស់ជាច្រើន ទាក់ទង់នឹងការប្រឆាំងប្រជាជនភាគតិចមូស្លីមនៅក្នុងប្រទេសស្រីលង្កា ហើយមានទំនាក់ទំនងជិតដិតជាមួយនឹងព្រះតេជព្រះគុណ វីរ៉ាថុ ដែលជាព្រះសង្ឃភូមា ជាអ្នកដែលមានទស្សនៈប្រឆាំងមូស្លីមដូចគ្នា ។

នៅខែសីហា ឆ្នាំ២០១៨ ព្រះតេជព្រះគុណ ញាណសរៈ ធ្លាប់ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ៦ ឆ្នាំ ពីបទមិនស្ដាប់បង្គាប់ចៅក្រម និងគំរាមស្ត្រីម្នាក់ដែលជាភរិយារបស់អ្នកកាសែតដែលបាត់ខ្លួនឈ្មោះ ប្រគីត ឯកណាលីគោដា ។ លោកបានជាប់ពន្ធនាគារ ប៉ុន្តែត្រូវបានដោះលែងទោសដោយប្រធានាធិបតីស្រីលង្កា លោក ម៉ៃត្រីបាល សិរីសេនា កាលពីឧសភា ឆ្នាំ២០១៩ ។

បន្ទាប់ពីការដោះលែង ព្រះតេជព្រះគុណ ញាណសរៈ បានជំរុញឲ្យព្រះសង្ឃពុទ្ធសាសនា បង្កើតជាបក្សនយោបាយផ្ទាល់ខ្លួនឯង ។

ទោះយ៉ាងណា ថ្នាក់ដឹកនាំគណៈសង្ឃពុទ្ធសាសនានៅប្រទេសស្រីលង្កា បានជំរុញឲ្យរដ្ឋាភិបាលអនុម័តច្បាប់ហាមឃាត់ព្រះសង្ឃ មិនឲ្យធ្វើនយោបាយសកម្ម និងប្រកួតប្រជែងរកមុខតំណែងក្នុងអង្គនីតិបញ្ញត្តិទាំងអស់ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment