ថៃរៀបចំឯកសារដាក់វត្តមួយក្នុងបញ្ជីបេតិកភណ្ឌពិភពលោក - លោកវិទូ

ព័ត៌មានថ្មីៗ

Wednesday, August 12, 2020

ថៃរៀបចំឯកសារដាក់វត្តមួយក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព្រះបរមធាតុចេតិយ (ពណ៌ស) នៅក្នុងវត្តព្រះមហាធាតុ វរមហាវិហារ ខេត្តនគរស្រីធម្មរាជ, ២៥ វិច្ឆិកា ២០១៣ ។ រូបភាព៖ CC BY-SA 3.0

លោកវិទូ | ថ្ងៃ ៤᧷៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១២ សីហា ២០២០

ប្រទេសថៃកំពុងរៀបចំឯកសារដាក់វត្តមួយដែលមានឈ្មោះថា វត្តព្រះមហាធាតុ វរមហាវិហារ នៅខេត្តនគរស្រីធម្មរាជ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ។

យោងតាមកាសែតបាងកកប៉ុស្តិ៍បានឲ្យដឹងថា ឯកសារគាំទ្រការចុះបញ្ជីត្រូវបានប្រគល់ទៅឲ្យអភិបាលខេត្ត លោក សិរីផាត ផាតកុល កាលពីថ្ងៃច័ន្ទ (១០ សីហា) ដោយក្រុមការងារ ដើម្បីស្វែងរកការទទួលស្គាល់ជាបេតិភណ្ឌពិភពលោក នូវវត្តដែលមានអាយុកាលនៅដើមសតវត្សរ៍ទី១៣ ។

ឯកសារដែលបានប្រគល់ជូនអភិបាល ដោយលោក ឆាតឆៃ ស៊ូរ៉ាកាន ដែលជាអ្នកសិក្សារបស់ក្រុមការងារ ត្រូវបានគេរំពឹងថានឹងត្រូវបញ្ជូនទៅគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់ប្រទេសថៃមុនពេលបញ្ជូនទៅគណៈរដ្ឋមន្រ្តី ហើយចុងក្រោយទៅមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនៅប្រទេសបារាំង ។

ព្រះចេតិយធំពណ៌សនៅក្នុងវត្តព្រះមហាធាតុ គឺព្រះបរមធាតុចេតិយ ត្រូវបានកសាងឡើងដោយស្តេចស្រីធម្មាសោករាជ នៅដើមសតវត្សរ៍ទី ១៣ នៃគ.ស. ដើម្បីធ្វើជានិមិត្តរូបសម្រាប់ព្រះពុទ្ធសាសនាថេរវាទក្នុងខេត្តនគរស្រីធម្មរាជ ជាខេត្តធំជាងគេបំផុតនៅភាគខាងត្បូងប្រទេសថៃ ។

ព្រះបរមធាតុចេតិយដែលមានរាងដូចជាជួងយក្សនិងមានកម្ពស់៧៨ម៉ែត្រនេះ គឺយកគំរូតាមរចនាបទព្រះចេតិយនៅប្រទេសស្រីលង្កា (ចេតិយថូបារាម និងចេតិយជេតវន នៅទីក្រុងបុរាណអនុរាធបុរៈជាដើម) ដែលស្រីលង្កាយកគំរូតាមព្រះចេតិយសញ្ជីនៅប្រទេសឥណ្ឌា កសាងសម័យព្រះបាទធម្មាសោក ស.វ. ទី ៣ មុនគ.ស. ។

គេជឿថាព្រះបរមធាតុចេតិយតម្កល់នូវព្រះទន្តធាតុរបស់ព្រះសម្មាសម្ពុទ្ធ ។ បច្ចុប្បន្ន វត្តព្រះមហាធាតុជាបូជនីយដ្ឋានសម្រាប់អ្នកធម្មយាត្រា និងជាទីតាំងទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសថៃ ។

វត្តព្រះមហាធាតុនេះត្រូវបានដាក់ក្នុងបញ្ជីត្រូវពិចារណារបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២ ។ យោងតាមសេចក្តីពិពណ៌នាដែលចុះផ្សាយនៅលើគេហទំព័រមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក វត្តនេះស្ថិតនៅក្នុងក្រុងនគរស្រីធម្មរាជ ដែលថៃអះអាងថា បានវិវឌ្ឍន៍ពីរដ្ឋបុរាណថៃដែលមានឈ្មោះ តាមព្រលិង្គ (Tambralinga) ដែលចម្រើនរុងរឿងជារដ្ឋឯករាជ្យមួយ ចាប់ពី ស.ត. ទី ៥ នៃគ.ស. ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment