លោកគ្រូធម្មបណ្ឌិត ហេង មណីចិន្តា បារម្ភពីលោក ផែង វណ្ណៈ ក្រោយបានប្រមាថ«ព្រះមហា» - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Friday, March 19, 2021

លោកគ្រូធម្មបណ្ឌិត ហេង មណីចិន្តា បារម្ភពីលោក ផែង វណ្ណៈ ក្រោយបានប្រមាថ«ព្រះមហា»

ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ។

លោកវិទូ | ថ្ងៃ ៦᧦៥ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១៩ មីនា ២០២១ 

#បារម្ភ

ព្រលឹមព្រឹកឡើងនៃថ្ងៃអង្គារ ខ្ញុំបានចេញពីបាត់ដំបងជាមួយប្រពន្ធដោយទុកកូនស្រីនៅផ្ទះ ព្រោះត្រូវទៅរៀន។ ទៅថ្វាយបង្គំព្រះមហា ដើម្បីសាកសួរសុខទុក្ខព្រះអង្គ អំពីការប្រមាថមាក់ងាយចំពោះព្រះអង្គ ។

ពេលទៅដល់ក៏ប្រគេនផ្លែព្នៅ ពេលកំពុងឆាន់ភត្តពេលថ្ងៃត្រង់ ។ ព្រះមហាលោកមានព្រះទ័យធម្មតាហួសពីការស្មាន ចំពោះរឿងដែលកើតឡើង ។ ព្រះអង្គមានដិកាសើចលេងធម្មតា ដូចមិនមានរឿងអ្វីកើតឡើង ហើយលោកថា ដូចជាដោះស្រាយអស់ហើយ លោកផ្តិតមេដៃសន្យាហើយ ។ អ្នកដែលទៅថ្វាយបង្គំលោកទេដែលកើតទុក្ខ ព្រោះមិនបានអប់រំចិត្តដូចព្រះមហា ព្រោះព្រះមហាលោកមិនបានអនុញ្ញាតឲ្យលោកធម៌ទាំង៨ គឺបានលាភ-បាត់លាភ បានយស-បាត់យស សរសើរ-និន្ទា សុខ-ទុក្ខ មកក្រឡុកព្រះទ័យលោកឡើយ។ លោកគ្រាន់តែថា អើ ពេលវេលាដូរហើយ បើគេថាយើងប្រើវិធីខុស យើងក៏ទទួលទៅ ។ 

នៅតាមផ្លូវលើឡាន គិតរឿង២រឿង ។

#រឿងទី១ ពួកយើងដែលជាកូនសិស្សលោក មិនដែលមាននរណាខ្លាចរំពាត់ផ្តៅឬបន្ទះឫស្សីទេកាលនៅបួស ។ ដែលខ្លាចព្រះមហាបំផុតនោះ គឺពេលដែលព្រះមហាឈប់និយាយរក ឈប់មើលមុខ ឈប់ស្តីប្រដៅ ។ ធ្លាប់អង្គុយផ្ទាល់លើដីផូរមុខកុដិព្រះមហាតាំងពីព្រលប់ដល់ជិតអធ្រាត សុំទោសព្រះមហា ទម្រាំលោកនិយាយថាឲ្យងើបចុះ ជិតអធ្រាត ។ វិធីបែបនេះ ព្រះពុទ្ធអង្គលោកដាក់ឈ្មោះថា #ព្រហ្មទណ្ឌ ។ ហេហេ សុខចិត្តឲ្យវាយច្រើនជាងអង្គសាមណេរនៅវត្តរាជបូរណ៍ទៀតក៏ព្រមដែរ តែអារឿងអត់និយាយរកនេះ ទើបបានធ្ងន់ខ្លួន ។

#រឿងទី២ គឺនៅតាមផ្លូវ រហូតដល់ពេលកំពុងសរសេរនេះក្តី នឹកអាណិតលោកផែង វណ្ណៈ ដែលទៅជេរប្រមាថលោកបន្ថែម ពីមុខវិជ្ជាជីវៈអ្នកកាសែត ដែលភារកិច្ចគឺរាយការណ៍ការពិត ។ ដែលនឹកអាណិត(មិនក្លែងក្នុងចិត្តទេ គឺអាណិតមែន) ព្រោះនឹកឃើញដល់សោកនាដកម្មមួយ កាលនៅជំរុំសាយធូ ។ គឺមានយុវជនម្នាក់ បានទៅជេរប្រមាថព្រះសង្ឃអំពីរឿងទឹកនៅវត្តប្រាសាទសិរី ដោយពាក្យអាក្រក់គ្រប់យ៉ាង (តែក៏មិនដល់ពាក្យដែលលោកផែង វណ្ណៈគាត់ប្រមាថទេ) ។ បន្ទាប់មក យុវជននោះក៏យកជើងទៅកូរទឹកក្នុងសាទែនទឹកដែលព្រះសង្ឃប្រើ ហើយក៏ដើរចេញទៅ ។

ប្រហែល១ខែក្រោយមក បានទទួលដំណឹងថា យុវជននោះបានទទួលគ្រោះថ្នាក់ ដាច់ជើងចំហៀងដែលយកជើងកូរទឹកនោះ ។

ចេះតែនឹកបារម្ភពីលោកផែង វណ្ណៈ និងសូមបន់ស្រន់សុំកុំឲ្យគាត់ជួបនឹងរឿងអាក្រក់អ្វីឲ្យសោះ ។ រឿងនេះ ដិតក្នុងចិត្តតាំងពីថ្ងៃចន្ទ រហូតដល់ថ្ងៃព្រហស្បតិ៍នេះហើយ នៅតែមិនបាត់ ចេះតែបារម្ភពីគាត់ ព្រោះឃើញគាត់នៅតែប្រើពាក្យអសុរសមកលើព្រះមហានិងពុទ្ធបរិស័ទដែលស្លូតត្រង់ ។

ខ្ញុំព្យាយាមទប់ចិត្តថានឹងមិនសរសេរឬផ្តល់បទសម្ភាសន៍ចំពោះនរណាទេ តែក៏អត់មិនបាន ក៏សរសេរ ព្រោះបារម្ភពីសេចក្តីទុក្ខក្រែងកើតមានដល់លោកផែង វណ្ណៈ ។ ក្នុងព្រះគម្ពីរត្រៃបិដកក៏មានសម្តែងជាច្រើនកន្លែង អំពីពាក្យបាចអង្កាមច្រាសខ្យល់ ដែលបុគ្គលណាម្នាក់បានធ្វើហើយចំពោះលោកអ្នកដែលទ្រទ្រង់សីល និងមានកិលេសដែលស្តើងក្នុងចិត្តហើយ ។

សូមជូនបុណ្យកុសលលោកផែង វណ្ណៈ ផុតពីទុក្ខភ័យទាំងពួង

អត្ថបទ​ដោយ៖ ​លោកគ្រូ​បណ្ឌិត​ ហេង​ មណីចិន្ដា

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment