អភិក្រមវាចា៖ ៦៨ សុភាសិតខ្មែរនិងសកលទាក់ទងនឹងការនិយាយស្តី - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, December 22, 2019

អភិក្រមវាចា៖ ៦៨ សុភាសិតខ្មែរនិងសកលទាក់ទងនឹងការនិយាយស្តី

គំនូរសិល្បៈអំពីការនិយាយដើមគ្ន ។ រូបភាព៖ Andrew Gable

លោកវិទូ | ថ្ងៃ ១᧻១ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២២ ធ្នូ ២០១៩

ខាងក្រោមនេះគឺសុភាសិតខ្មែរនិងសាកល ដែលទាក់ទងនឹងការនិយាយស្តី នៅក្នុងសង្គម ដែលយើងខ្ញុំបានចងក្រងជាបណ្ដុំ ៦៧ ។ ចំនួននេះនឹងកើនបន្ថែម បើសិនយើងខ្ញុំបានទះ ភាសិតថ្មីទៀតក្នុងន័យដូចគ្នានេះ ។ បើលោកអ្នកមិត្តអ្នកអាន មានគំនិតបន្ថែម ផ្ដល់ជាមតិនៅខ្ទង់មតិខាងក្រោម យើងខ្ញុំនឹងដាក់បញ្ចូលនៅក្នុងបញ្ជីនេះ ។ អរគុណ ។

១.សម្តីសជាតិ មារយាទសពូជ ។
២.ឣណ្តាតជាឣាថ៏កន្លង បានសុខទុក្ខផងពីព្រោះឣណ្តាត ។
៣.កុំបណ្តោយឲ្យឣណ្តាតរលាស់មិនឈប់ពេក ។
៤.សម្តីជាឯក លេខជាទោ ។
៥.ឣ្នកពូកែនិយាយ ពូកែប្រយុទ្ធ ។
៦.ដើរឲ្យមានបី ស្រដីឲ្យមានបួន (មិននិយាយកុហក១ មិននិយាយអសុរស១ មិននិយាយញុះញង់គេ១ មិននិយាយពាក្យឥតប្រយោជន៍១) ។
៧.ត្រីកំភ្លាញងាប់ដោយសារមាត់ ។
៨.និយាយឲ្យតិចស្តាប់ឲ្យច្រើន ឲ្យដូចជាត្រចៀកពីរមាត់មួយដូច្នោះដែរ (ប៊ុតសាវង្ស) ។
៩.ប្រយ័ត្នជញ្ជាំងមានត្រចៀក ។
១០.និយាយយប់ផ្ចប់ព្រៃ និយាយថ្ងៃព្រៃមានត្រចៀក ។
១១.និយាយល្អមួយពាន់ដង មិនស្មើធ្វើល្អម្តង ។
១២.ផ្កាឈើមានទ្រង់ទ្រាយល្អ មានពណ៌ (ល្អ) តែគ្មានក្លិន (ក្រអូប) (រមែងមិនក្រអូបដល់អ្នក ដែលទ្រទ្រង់) ដូចម្តេចមិញ វាចាជាសុភាសិត រមែងគ្មានផល ដល់អ្នកដែលមិនធ្វើតាមដូច្នោះ ផ្កាឈើ ដែលមានទ្រង់ទ្រាយល្អ មានពណ៌ មានក្លិន (រមែងក្រអូបដល់អ្នកដែលទ្រទ្រង់) ដូចម្តេចមិញ វាចាជាសុភាសិត រមែងមាន ផលដល់អ្នកដែលធ្វើតាមដោយគោរព ដូច្នោះឯង (គាថាធម្មបទ) ។
១៣.សម្ដីមនុស្សនិងសត្វយំ (កែវវិមុត្តិ) ។
១៤.ពាក្យពិតរែងស្លែង ។
១៥.ពាក្យទូន្មានច្រើនតែល្វីងជូរចត់ ។
១៦.ថ្នាំដែលពូកែ ច្រើនតែមានរសជាតិល្វីង ។
១៧.ពាក្យសង្ឃពាក្យសត្យ ។
១៨.ពាក្យចាក់ដោតទាំងឡាយរបស់ជនដទៃ បុគ្គលមិនគួរធ្វើទុកក្នុងចិត្តទេ (គាថាធម្មបទ) ។
១៩.ភ្លើងក្នុងកុំនាំចេញក្រៅ (ច្បាប់ស្រី) ។
២០.និយាយឲ្យមើលលើមើលក្រោម ។
២១.ឣឹមឣៀមស្ងៀមជាងស្រដី ស៊ីចេកខ្ចីជាជាងនៅមាត់ទំនេរ ។
២២.ស្ងាត់ស្ងៀមគឺជាមាស ។
២៣.បើមិននិយាយ ក៏គ្មាននរណាថាគដែរ ។
២៤.មាត់ស៊ីស្បែកជើង ។
២៥.កុំអាងតែមានអណ្ដាត ចេះតែគ្រលាស់ ។
២៦.អណ្ដាតអត់ឆ្អឹងរបស់ស្រី រឿងអ្វីៗ ហារស្តីឲ្យតែបាន ស្រឡាញ់រួចភ្លេចក្រឡះប្រាណ អណ្ដាតសាមាន្យដិតដាមជាំខ្មៅ (ស៊ីនស៊ីសាមុត) ។
២៧.កោកៗសឹកមាត់ត្រដោក ឆ្អែតពោះក្របី ។
២៨.ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ ។
២៩.រនាបបាក់ យករនាបជួស សម្ដីជ្រុលហួស ជួសមិនបាន ។
៣០.មនុស្សគេយកសម្តី ដំរីគេយកភ្លុក ។
៣១.ចាប់គោគេចាប់ស្នែង ចាប់មនុស្សគេចាប់សំដី ។
៣២.ពាក្យច្រើនភូត ចាញ់អាត្មា ។
៣៣.ធនធានមិនស្មើវិជ្ជា ធូធាមិនស្មើវាចា ។
៣៤.និយាយច្រើន ច្រើនខុស ។
៣៥.ពាក្យភូត ស្តាប់គួរឆ្ងល់ ។
៣៦.ពាក្យកុហកបោកប្រាស មិនដែលបញ្ចប់តាមសម្រួលទេ ។
៣៧.ភូតនៅហោរ ចោរនៅជាង ។
៣៨.ឣ្នកកុហកនិងឣ្នកលួចសុទ្ធតែឣ្នកចេះបំភាន់ ។
៣៩.ឣ្នកនិយាយកុហក ដឹងការពិតពាក់កណ្តាល ។
៤០.មាន់ណាខ្តត មាន់នោះពង ។
៤១.មាន់គកនឹងរងាវនៅពេលវាជុះឣាចម៏ពេលព្រឹក ។
៤២.មាត់ឥតគ្រប ដបឥតឆ្នុក ។
៤៣.មេជ្រូកដើរថ្ងូររឣ៊ូរទាំ បានត្រឹមតែគេធុញទ្រាន់ប៉ុណ្ណោះ ។
៤៤.មឹះៗ កឹះឆ្នាំងបាយធ្លុះ ។
៤៥.ឣណ្តាតដែលនៅស្ងៀម ធ្វើឲ្យក្បាលទៅជាឆ្លាត ។
៤៦.មុននិយាយ ឲ្យគ្រលាស់ឣណ្តាតជាមុន ។
៤៧.គិតមុន ចាំនិយាយជាក្រោយ ។
៤៨.ស្ដោះទឹកមាត់ទៅលើមេឃ វាធ្លាក់លើទ្រូងឯង ។
៤៩.ឣ្នកស្តោះទឹកមាត់បញ្ច្រាសខ្យល់ វាបក់មកលើមុខខ្លួនឯង ។
៥០.រស់តែមាត់ ត្រគាកស្លាប់ស្តូក ។
៥១.ឆ្កែដែលព្រុះពីចម្ងាយ មិនខាំឣ្វីនៅក្បែខាងទេ ។
៥២.ឆ្កែព្រុះមិនដែលខាំ ។
៥៣.លេបវាស្លាក់ ខ្ជាក់វាស្លែង ។
៥៤.ឡូឡាមិនត្រៀម ស្ងាត់ស្ងៀមមិនត្រាយ ។
៥៥.សំដីប្រាប់ភាសា កិរិយាប្រាប់ជាតិ មារយាទប្រាប់ពូជ ។
៥៦.សម្ដីពីរោះមានក្នុងអសប្បុរស ថ្នាំពិសចំរុះក្នុងទឹឃ្មុំ រសឆ្ងាញ់មានជាតិពុលលាយឡំបីនេះសូមផ្ដាំត្រូវប្រយ័ត្ន (ឆឹងកាន) ។
៥៧.ពាក្យល្អអសប្បុរសមិនត្រូវការ ក្រៀលបក្សាមិនត្រូវផឹកទឹកដោះ ស្ដ្រីជាសត្រូវនឹងតាបស ដំរីខ្លាពស់ជាសត្រូវអ្នកដើរព្រៃ (ឆឹងកាន) ។
៥៨.អារឿងគេជេរវាមានទៅបាបអីខ្ញុំតែរឿងដែលធំកុំតែខ្ញុំជេរគេ ។
៥៩. អារឿងគេថាវាមានទៅខាតអីខ្ញុំ តែរឿងដែលធំកុំតែខ្ញុំថាគេ ។
៦០. រឿងខានស្ដាប់ធម៌ជារឿងធំ សព្វបើគ្រាន់តែអារឿងខានស៊ីនំ ចាំបាច់នៅផ្ទះអន្ទះសា (ឆឹងកាន) ។
៦១.ស្រដីអោយស្រួលស្រេច គិតសេចគ្រេចកុំគិតងាយ រំពឹងគិតអោយឆ្ងាយ យល់ដោយផ្លូវសព្វនានា (ច្បាប់ពាក្យចាស់) ។
៦២.បាន​តែ​ពាក្យ​ត្រគាកស្លាប់​ស្ដូក ( ព. ទ. បុ. ) បាន​តែ​ខាង​និយាយ​ស្ដី​ថា​ឲ្យ​គេ តែ​ខ្លួន​ឯង​ឥត​ធ្វើ​អ្វី​សោះ ។
៦៣.និយាយយប់ខ្ទប់ព្រៃ និយាយថ្ងៃថ្ងៃមានត្រចៀក កំភ្លាញងាប់ពីព្រោះមាត់ ដេកយប់កុំនិយាយនឹងស្រី (ព្រះសាសនមុនី អ៊ុម ស៊ុម, ១៩៧៤) ។
៦៤.ជនឯណាមាត់ក្រអូបដូចបទុម ពាក្យភិរម្យដូចជាតិចន្ទន៍ត្រជាក់ តែក្នុងពោះដូចពិសមុតដូចចក្រ ជននោះគួរកុំស័គ្រស្មាគមឡើយ (លោកនីតិបករណ៍) ។
៦៥.ជាតិខ្លឹមចន្ទន៍ត្រជាក់ក្នុងលោកា ដួងចន្ទ្រាត្រជាក់លើសខ្លឹមចន្ទន៍ សុភាសិតសប្បុរសពោលធម្មក្ខន្ធ ត្រជាក់លើសខ្លឹមចន្ទន៍និងចន្ទ្រា (លោកនីតិបករណ៍) ។
៦៦.អ្នកដែលនិយាយដោយមិនមានភាពមិនលើកកម្ពស់ខ្លួនឯង នឹងពិបាកក្នុងការធ្វើឲ្យពាក្យសម្ដីរបស់ខ្លួនមានន័យល្អ (ខុង ជឺ) ។
៦៧.បុគ្គលឧត្តមខ្ពង់ខ្ពស់តែងតែដាក់ខ្លួន ក្នុងការនិយាយស្តី ប៉ុន្តែធ្វើឲ្យលើសលុបក្នុងសកម្មភាពរបស់ខ្លួន (ខុង ជឺ) ។
៦៨. សម្ដីជាខ្នោស (ពាក្យបុរាណខ្មែរ) ។

***

© រក្សាសិទ្ធិដោយលោកវិទូ