អំពីលោកវិទូ - លោកវិទូ

ព័ត៌មានថ្មីៗ

អំពីលោកវិទូ

នមោពុទ្ធាយ!

លោកវិទូជាប្រភពនៃទស្សនទាន និងព័ត៌មានពុទ្ធសាសនា ។ លោកវិទូចុះផ្សាយព័ត៌មានអនឡាញ អំពីព្រះពុទ្ធសាសនាខ្មែរ និងព្រះពុទ្ធសាសនាអន្តរជាតិថ្មីៗ ដើម្បីជាប្រយោជន៍ដល់ប្រិយមិត្តអ្នកអាន និងជាពន្លឺក្នុងការត្រិះរិះពិចារណា ក្នុងការប្រព្រឹត្តទៅ នៃព្រះពុទ្ធសាសនាក្នុងសង្គម ។ ដូច្នេះព្រឹត្តិការណ៍និងព័ត៌មានសំខាន់ៗ ទាក់ទងនឹងព្រះពុទ្ធសាសនា និងអ្នកកាន់ព្រះពុទ្ធសាសនា ដែលកើតឡើងក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងលើពិភពលោក ដែលគួរជាទីចាប់អារម្មណ៍ នឹងត្រូវចុះផ្សាយជាប្រចាំ ។

អត្ថបទវិភាគ ទស្សនយោបល់ និងបទវិចារណកថា របស់បញ្ញវន្តសង្ឃ ពហុស្សូត សាស្ត្រាចារ្យ  ឬបណ្ឌិត ទាក់ទងនឹងសាសនានិងសង្គម នឹងត្រូវចុះផ្សាយជាពិសេស ។  មិនតែប៉ុណ្ណោះ លោកវិទូក៏អាចជាវេទិកាមួយ ដែលប្រិយមិត្តអាចប្រើដើម្បីពិភាក្សាគ្នា អំពីបញ្ហាផ្សេងៗដែលកើតមានក្នុងសង្គម ។

ពិសេសជាងនេះទៀត លោកវិទូសូមទទួលស្វាគមន៍ និងលើកទឹកចិត្តខ្ពស់ ចំពោះព្រះតេជព្រះគុណ បណ្ឌិតបញ្ញវន្តណា ដែលមានអត្ថបទអប់រំល្អៗ មានប្រយោជន៍សម្រាប់ជាតិ និងសាសនា និងចង់ចុះផ្សាយជាមួយយើងខ្ញុំព្រះករុណាខ្ញុំ ។ ព្រោះនេះគោលបំណងចំបងរបស់លោកវិទូ ។ លោកវិទូយល់ឃើញថា ការនិយាយឆ្លងឆ្លើយគ្នា តាមបណ្តាញសង្គម ពុំសូវមានឥទ្ធិពលប៉ុន្មានទេ ។ មិនតែប៉ុណ្ណោះ វាអាចនាំទៅរកការប្រើប្រាស់ ភាសាមិនសមរម្យរវាងគ្នានឹងគ្នា និងអាចបង្កើតជាទោសៈ ខឹងគុំកួនគ្នាទៀតផង ។ ការបញ្ចេញមតិជាសំណេរ ឬអត្ថបទសិក្សាស្រាវជ្រាវ ដែលមានហេតុផលសមគួរ គឺជាមធ្យោបាយមួយដ៏មានឥទ្ធិពល ដែលអ្នកមានវិជ្ជាជីវតែងប្រើ ។ ការសរសេរជាអត្ថបទ ដែលមានចំណងជើង សេចក្តីផ្តើម តួសេចក្តី និងសរុបសេចក្តីត្រឹមត្រូវ ដែលប្រើពេលវេលាគ្រប់គ្រាន់ ក្នុងការវិភាគពិចារណា ពិតជាប្រសើរ និងបានជាប្រយោជន៍ផ្នែកប្រាជ្ញាស្មារតី បានយូរអង្វែង ។

ប្រសិនបើព្រះតេជគុណ និងបញ្ញាជនទាំងឡាយណា មានចំណាប់អារម្មណ៍ សូមផ្ញើអត្ថបទរបស់ខ្លួន មកកាន់លោកវិទូ តាមរយៈប្រអប់សារនៅលើគេហទំព័រលោកវិទូ ឬផ្ញើសារតាមបណ្ដាញសង្គមហ្វេសប៊ុក៖ លោកវិទូ ។

សូមអរព្រះគុណ និងអរគុណ ។

Logo made with DesignEvo