លោកវិទូ | ថ្ងៃ ៣᧽១ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២៤ ធ្នូ ២០១៩
ខាងក្រោមនេះគឺសុភាសិតនិងពាក្យស្លោកដាស់តឿនខ្លួនខ្លះ ដែលទាក់ទឹងនឹងការរក្សាកេរ្តិ៍ឈ្មោះ ដែលយើងខ្ញុំបានចងក្រងជាបណ្ដុំ ។ ចំនួននេះនឹងកើនបន្ថែម បើសិនយើងខ្ញុំបានប្រទះភាសិតថ្មីទៀតក្នុងន័យដូចគ្នានេះ ។ បើលោកអ្នកមិត្តអ្នកអាន មានគំនិតបន្ថែម សូមផ្ដល់ជាមតិនៅខ្ទង់មតិខាងក្រោម យើងខ្ញុំនឹងដាក់បញ្ចូលនៅក្នុងបញ្ជីនេះ ។ អរគុណ ។
១.កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប ។
២.ចេញទៅឲ្យគេរឭក រស់នៅល្ងាចព្រឹកឲ្យគេស្រឡាញ់ ។
៣.ស្លាប់តែរូប តែកេរ្តិ៍ឈ្មោះនៅ (រូបំ ជិរតិ មច្ចានំ នាមរូបំ ន ជិរតិ) ។
៤.ទូកទៅ កំពង់នៅ ។
៥.ស្លាប់ខ្លួនសមសួនជាងស្លាប់កេរ្តិ៍ឈ្មោះ ។
៦.ស្លាប់ទាំងរស់ ស្អុយទាំងស្រស់ (ប៊ុត សាវង្ស) ។
៧.កេរ្តិ៍ឈ្មោះល្អ ប្រសើរជាងទឹកអប់ដ៏ក្រអូប ។
៨.កេរ្តិ៍ឈ្មោះល្អ គឺមានតម្លៃជាងលុយទៅទៀត (បរទេស) ។
៩.គួរព្យាយាមក្លាយជាមនុស្សមានតម្លៃ ជាជាងមនុស្សជោគជ័យ (បរទេស) ។
១០.ជីវិតមនុស្សឣាក្រក់ស្អុយមុនស្លាប់ ។
១១.ឣ្នករស់ក្នុងជីវិតឃោរឃៅ កម្រស្លាប់ទៅក្នុងកិត្តិយសណាស់ ។
១២.ឈ្មោះខ្លួនបែបណា ខំធ្វើការឲ្យដូចឈ្មោះនោះ ។
១៣.ឈ្មោះល្អក្រក្នុងលោក សិរីរត់រកឣ្នកមានកេរ្តិ៍ឈ្មោះ ។
១៤.មានកេរ្តិ៍ឈ្មោះល្អ ប្រសើរជាងមានទ្រព្យសម្បត្តិ (សុភាសិតបារាំង) ។
១៥.ថយយស ព្រោះព្រហើន (ប្រមូលសុភាសិតខ្មែរ) ។
១៦.ញៀននឹងល្បែងតែងបង់យស (ប្រមូលសុភាសិតខ្មែរ) ។
១៧.ងប់នឹងស័ក្ដិយស ស្អុយទាំងអស់ក្នុងលោកិយ (ប្រមូលសុភាសិតខ្មែរ)។
១៨.ក្លិនផ្កាឈើ ផ្សាយទៅច្រាស់ខ្យល់មិនបាន ក្លិនខ្លឹមច័ន្ទន៍ក្ដី ក្លិមខ្លឹមក្រស្នាក្ដី ក្លិនផ្កាម្លិះរួតក្ដី ក៏ផ្សាយទៅច្រាសខ្យល់មិនបាន ចំណែកក្លិនរបស់សប្បុរសទាំងឡាយ រមែងផ្សាយទៅច្រាសខ្យល់បាន ព្រោះសប្បុរសរមែងផ្សាយទៅគ្រប់ទិស (គាថាធម្មបទ) ។
១៩.កន្លង់ប៉ងផ្កា ជនល្អប្រាថ្នា ការគុណប្រយោជន៍ រុយប៉ងសម្អុយ បង្ហុយអសោច ជនជួជាតិហោច ប្រាថ្នាទោសា (លោកនីតិបករណ៍) ។
២០.ជាតិអំពៅទោះនៅក្នុងយន្តគាប មិនលះបង់សភាពរសផ្អែមសាយ ជាតិបណ្ឌិតទោះមានទុក្ខក្នុងកាយ មិនជិនណាយលះបង់ព្រះធម៌ថ្លៃ (លោកនីតិបករណ៍) ។
២១.ស្លាប់ទៅជាមួយនឹងកេរ្ដិ៍ឈ្មោះល្អ ប្រសើរជាងរស់នៅជាមួយនឹងកេរ្តិ៍ឈ្មោះដ៏អាក្រក់ (សម្ដេចព្រះសង្ឃរាជ ជួន ណាត) ។
២២.ស័ក្តិពុំស្មើយស នាអ្នកខ្ពង់ខ្ពស់ ពុំស្មើចិត្តជា (ពាក្យបុរាណខ្មែរ) ។
២៣.បើស្លាប់ក៏គង់មានកេរ្តិ៍ឈ្មោះ៖ នរណាមួយលះបង់ជីវិតខ្លួន ដើម្បីគោព្រាហ្មណ៍ គ្រូ ភរិយា និងរាជធានីរបស់ខ្លួន នរជននោះនឹងមានខ្លួនជាទីពឹង (បញ្ចតន្ត្រៈ) ។
No comments:
Post a Comment