ព្រះសង្ឃខ្មែរមួយអង្គត្រូវបានប៉ូលិសអន្តោប្រវេសន៍ឥណ្ឌាឃាត់ខ្លួនដោយសារខ្នាយតាន់ - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, December 27, 2019

ព្រះសង្ឃខ្មែរមួយអង្គត្រូវបានប៉ូលិសអន្តោប្រវេសន៍ឥណ្ឌាឃាត់ខ្លួនដោយសារខ្នាយតាន់

ខ្នាយតាន់ដែលឆែកឃើញនៅក្នុងថង់យាមរបស់លោក នៅប្រលានយន្តហោះទីក្រុងប័ង្គលោ រដ្ឋការណាតកៈ ភាគខាងត្បូងនៃប្រទេសឥណ្ឌា, ២៥ ធ្នូ ២០១៩ ។

លោកវិទូ | ថ្ងៃ ៦᧢២ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២៧ ធ្នូ ២០១៩

ប័ង្គលោ៖ ព្រះសង្ឃខ្មែរពីរអង្គបាននិមន្តតាមជើងយន្តហោះ ពីភ្នំពេញទៅកាន់ទីក្រុងពារាណសី ដើម្បីនមស្ការពុទ្ធស្ថាននានានៅប្រទេសឥណ្ឌា ។ កាលពីថ្ងៃពុធ ទី២៥ ធ្នូ វេលាម៉ោងប្រហែល ១: ៤០ នាទីរសៀល លុះជើងយន្តហោះបានបន្តដំណើរពីទីក្រុងក័ល្កតា ដល់ប្រលានយន្តហោះទីក្រុងប័ង្គលោ ក្នុងដំណើរឆ្ពោះទៅកាន់ទីក្រុងពារាណសី ព្រះសង្ឃមួយអង្គនាម ច័ន្ទ សុភាព ត្រូវបានប៉ូលិសអន្តោប្រវេសន៍និងមន្ត្រីគយឃាត់ខ្លួន ដោយសង្ស័យថាបាននាំចូលនូវរបស់ដែលហាមឃាត់ ។

លុះឆែកទៅក៏ឃើញមានខ្នាយតាន់ចំនួនបី នៅក្នុងថង់យាមរបស់លោក ដោយលោកមិនបានដឹងជាមុនថា អាចជារឿងខុសច្បាប់ឡើយ ។ ប៉ូលិសអន្តោប្រវេសន៍ឥណ្ឌា ក៏បានសម្រេចឃាត់ខ្លួនលោកតែម្ដង ដើម្បីបញ្ជូនទៅតុលាការ ដើម្បីកសាងសំណុំរឿងពីបទនាំចូលរបស់ខុសច្បាប់ ក្នុងទឹកដីឥណ្ឌា ។

គេក៏បានផ្ដល់ព័ត៌មាននេះ ដល់ស្ថានទូតខ្មែរប្រចាំទីក្រុងញូវដែល្លីផងដែរ ។ កាលពីថ្ងៃទី ២៦ ធ្នូ ម្សិលមិញ តាមមន្ត្រីស្ថានទូតបានឲ្យដឹងថា ស្ថានទូតសុំឲ្យលោកនៅក្រៅឃុំ តែត្រូវបានបដិសេធន៍ ដោយប្រាប់ថា នេះជាករណីធ្ងន់ធ្ងរ មិនអាចដាក់ឲ្យនៅក្រៅឃុំបានទេ (ដោយផ្អែកលើជំពូកទី ៦ នៃច្បាប់ការពារជីវិតសត្វព្រៃ ឆ្នាំ ១៩៧២ របស់ឥណ្ឌា) ។

តាមប្រភពព័ត៌មានដែលលោកវិទូទទួលបាន បានឲ្យដឹងថា ពេលលោកត្រូវការជួលមេវី ដើម្បីការពារក្តី ដែលនឹងត្រូវចំណាយប្រាក់ប្រមាណ ២០០០ (ពីរពាន់) ដុល្លារ ។

ឥណ្ឌាជាប្រទេសអភិរក្សសត្វព្រៃ និងមានច្បាប់ការពារសត្វព្រៃយ៉ាងតឹងរឹង តាមរយៈច្បាប់ការពារជីវិតសត្វព្រៃ ឆ្នាំ ១៩៧២ ។ ការប្រើប្រាស់ផ្នែកណាមួយនៃសត្វព្រៃ មានភ្លុកឬខ្នាយជាដើម ដែលបានមកដោយសារការសម្លាប់ជីវិតសត្វព្រៃ នឹងត្រូវផ្ដន្ទារទោសតាមច្បាប់ជាធរមាន ។ ករណីនេះបានកើតមានចំពោះតារាភាពយន្តឥណ្ឌាល្បីល្បាញមួយរូបរួចមកហើយគឺ លោក សាល្មាន ខាន់ ដែលត្រូវតុលាការឥណ្ឌាកាត់ឲ្យមានទោស ជាប់ព័ន្ធនាគារចំនួន ៥ ឆ្នាំ ។

ដោយឡែក ព្រះសង្ឃមួយអង្គទៀតដែលមិនពាក់ព័ន្ធ ក៏ត្រូវបានប៉ូលិសឥណ្ឌា រៀបចំឲ្យបានមិនន្តទៅកាន់ទីក្រុងពារាណសី ដោយសុវត្ថិភាព ។ ចំណែកព្រះសង្ឃដែលពាក់ព័ន្ធនឹងត្រូវដោះស្រាយតាមច្បាប់ឥណ្ឌា ។
មន្ត្រីគយនិងមន្ត្រីអភិរក្សសត្វព្រៃឥណ្ឌា និងព្រះតេជព្រះគុណ ច័ន្ទ សុភាព, ទីក្រុងប័ង្គលោក, រដ្ឋការណាតកៈ ។ Photo News Track Live

ព័ត៌មានថ្មី

ព័ត៌មានចុងក្រោយបានឲ្យដឹងថា ព្រះតេជព្រះគុណ ច័ន្ទ សុភាព បានបង់ប្រាក់ធានានៅក្រៅឃុំ និងប្រាក់សម្រាប់ជំនួយលើដំណើរការនីតិវិធីច្បាប់ចំនួន ១៥០០ (មួយពាន់ប្រាំរយ) ដុល្លារ ។ មន្ត្រីគយនិងមន្ត្រីអភិរក្សសត្វព្រៃ បានសាកសួរលោកនិងស៊ើបអង្កេតថាតើខ្នាយតាន់ហ្នឹង លោកបានមកពីណា និងនរណាជាអ្នកជាប់ពាក់ព័ន្ធនឹងការជួញដូររបស់នេះ ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment