លោកវិទូ | ថ្ងៃ ៤᧭២ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ៤ មករា ២០២៣
បណ្ឌិត អ៊ូ ចុង ជាអតីតកវីកំណាព្យដ៏ល្បីឈ្មោះមួយរូបរបស់ប្រទេសកម្ពុជា ។ គាត់ជាកូនទីប្រាំរបស់ព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ ។ យោងតាមឯកសារចាស់បានចារថា លោកតាក្រម ង៉ុយមានកូនចំនួន ៦នាក់ សុទ្ធតែប្រុសមានឈ្មោះថា ដួង ចេង ចា ចិន ចុង និងចេវ ។ តាមការតំណាលប្រាប់ថារបស់លោកតាជិម លិន កើតនៅឆ្នាំ១៩៣៨ ត្រូវជាក្មួយប្រសារបស់លោកតា អ៊ូ ចុង បានឲ្យដឹងថា លោកតា អ៊ូ ចុង បានស្លាប់នៅចន្លោះទស្សវត្សរ៍ឆ្នាំ១៩៤០ ហើយបានបន្សាល់ទុកកូនចំនួន ៤ នាក់ គឺប្រុសចំនួន ៣នាក់គឺឈ្មោះ អ៊ូ ម៉ឺន អ៊ូ ម៉ុន អ៊ូ មឿន និងស្រីម្នាក់ឈ្មោះ អ៊ូ កាទុយ ។ រហូតមកដល់ពេលនេះ គ្មានកូនណាម្នាក់នៅរស់ឡើយ ។
លោក អ៊ូ ចុងមានមាឌធំ សម្បុរស ហើយខ្ពស់ ។ គាត់មានរូបរាង និងអត្តសញ្ញាណដូចឪពុកលោកដែរគឺកាត់សក់បះច្រូងទៅលើ ចូលចិត្តពាក់អាវស កកុដឡេវធំ និងស្លៀកផាមួងពេលមានពិធីបុណ្យទានម្តងៗ ចំណែកនៅផ្ទះវិញគាត់ចូលចិត្តពាក់ហើយស្លៀកខោខ្លី ។
អត្ថបទកំណាព្យរបស់គាត់ ត្រូវបានបោះពុម្ពជាសៀវភៅ ដែលមានមាតិកាដូចជា ច្បាប់គោរពមាតាបិតា ពុទ្ធប្បវត្តិ និងដំបូន្មានផ្សេងៗ ។ ប្រហែលក្នុងឆ្នាំ២០០០ លោកព្រឹទ្ធាចារ្យភិរម្យ ប្រាជ្ញ ឈួន បានច្រៀងជាចម្រៀងចាប៉ីដងវែង នូវច្បាប់បណ្ឌិត អ៊ូ ចុងនេះយ៉ាងពីរោះក្បោះក្បាយ ។
នៅក្នុងចម្រៀងកំណាព្យចាប៉ីដងវែង ច្បាប់បណ្ឌិត អ៊ូ ចុង នេះ មានតែបីចំណងជើងទេគឺ ច្បាប់គោរពមាតាបិតា (បទកាកគតិ) ១ កិរិយាចិញ្ចិមជីវិតដោយកម្រ (បទព្រហ្មគិត) ១ និង ដំបូន្មានគ្រហស្ថ (បទព្រហ្មគិត) ១ ។ ច្បាប់ក្រមទាំងបីនេះមានដាក់ជូន នៅក្នុងអត្ថបទខាងក្រោម ។ ដូច្នេះ លោកអ្នកអាចស្ដាប់បណ្ដើរផ្ទៀងផ្ទាត់អត្ថបទបណ្ដើរ ហើយនៅផ្នែកខាងក្រោមបំផុតនៃអត្ថបទនេះមានភ្ជាប់តំណ សម្រាប់ទាញយកសៀវភៅ បណ្ឌិត អ៊ូ ចុង ទាំងស្រុងផងដែរ ។
ច្បាប់គោរពមាតាបិតា (បទកាកគតិ)
| ភូមិធម៌ភូមិសុខ | ភូមិបុណ្យទៅមុខ | កូនរកមិនត្រូវ | 
| មិនស្តាប់វាចា | ទេសនាម៉ែឪ | តែងចង្អុលផ្លូវ | 
| ប្រាប់កូនប្រុសស្រី ។ | ||
| តែកូនមិនដឹង | ច្រើនណាស់តែខឹង | នឹងម៉ែឪស្តី | 
| តាមពិតគួរស្តាប់ | សូរស័ព្ទសំដី | លោកហើយគប្បី | 
| គោរពបូជា ។ | ||
| ដូចស្តាប់ព្រះសង្ឃ | លំអុតឱនអង្គ | បង្គំវន្ទា | 
| ព្រះពុទ្ធដាក់ក្បួន | ប្រធួននាមា | ឈ្មោះថាបុព្វា | 
| ចារ្យ (គ្រូខាងដើម) ។ | ||
| សម្រាប់ទូន្មាន | កូនចៅគ្រប់ប្រាណ | ឲ្យបានយ៉ាងឆ្នើម | 
| កុំឲ្យដើរលេង | ជាល្បែងគេខ្ពើម | កុំឲ្យរងើម | 
| សប្បាយជ្រុលពេក ។ | ||
| ពេលយប់ព្រលប់ | មើលការឲ្យគ្រប់ | ទុកដាក់ហើយដេក | 
| ហើយភ្ញាក់ពីយប់ | ប្រារព្ធពុនរែក | កុំឲ្យទាល់ភ្នែក | 
| អ្នកផងទាំងឡាយ ។ | ||
| មើលគេអ្នកមាន | គេមិនអត់ឃ្លាន | មានកាសប្រាក់ចាយ | 
| ព្រោះគេបានស្តាប់ | នូវច្បាប់ឪពុកម្តាយ | ទើបបានសប្បាយ | 
| នាលោកនេះហោង ។ | ||
| នេះធម៌ទេសនា | របស់មាតា | និងបិតាផង | 
| បើកូនណាស្តាប់ | បើនូវច្បាប់គន្លង | កូននោះលែងឆ្គង | 
| ចាស់នោះស្ងួនភ្ងា ។ | ||
| ព្រះពុទ្ធដាក់ឈ្មោះ | បាលីពិរោះ | បុព្វទេវា | 
| (ទេវតាខាងដើម) | អ្នកផ្តើមរក្សា | បុត្រីបុត្រា | 
| ហៅទេវតាផ្ទះ ។ | ||
| គឺម្តាយឪពុក | ជាអ្នកម្ចាស់សុខ | កូនមិនសំពះ | 
| ម៉ែឪទូន្មាន | ឈ្លានពានចង់ឈ្នះ | សត្រូវនឹងព្រះ | 
| កន្លោងអាត្មា ។ | ||
| ប្រទូស្តរាយ | នឹងឪពុកម្តាយ | ស្រែកហៅទេវតា | 
| អំពីខាងក្រៅ | ដឹងនៅឯណា | ឈ្លោះនឹងទេវតា | 
| គឺម៉ែឪឯង ។ | ||
| តែងតែលំបាក | ក្រីក្រតោកយ៉ាក | ជាតិនេះឃើងស្តែង | 
| ហើយទៅរកទុក្ខ | ខាងមុខពុំលែង | លុះភ័យទើបស្វែង | 
| រកហោរគ្រូទាយ ។ | ||
| ហោរបូកលេខជា | តាមក្បួនឃើញថា | ខុសត្រូវខាងម្តាយ | 
| ឬខាងឪពុក | កុំទុកយូរឆ្ងាយ | ត្រូវលៀងលោមថ្វាយ | 
| គ្រូពីរទើបជា ។ | ||
| ហោរទាយត្រូវណាស់ | កូនស្តាប់មិនច្បាស់ | បែរទៅវន្ទា | 
| អ្នកតាអារក្ស | ទេពារក្សល្បាក់ | សាម៉ែឪអាត្មា | 
| មិនថ្វាយបង្គំ ។ | ||
| មិនលន់តួទោស | អំពើកំហុស | ជូនចំណីនំ | 
| ធ្វើសម្លបាយ | មកថ្វាយបង្គំ | ខមាលាសុំ | 
| ឲ្យអត់ទោសពៃរ៍ ។ | ||
| ដូច្នេះមិនធ្វើ | យកចេកទៅផ្ញើ | គល់ឈើក្នុងព្រៃ | 
| ដុំថ្មអ្នកតា | វន្ទាសព្វថ្ងៃ | ធូបបីសរសៃ | 
| និយាយសុំសុខ ។ | ||
| ម៉ែឪមិនឲ្យ | ព្រោះចិត្តជឿធ្លោយ | ចោលគុណមុខ | 
| ច្រើនជឿបែបនេះ | ដូច្នេះគ្រប់ស្រុក | ត្រង់ម្តាយឪពុក | 
| បោះចោលទទេ ។ | ||
| ម្យ៉ាងទៀតធ្វើបុណ្យ | ច្រើនតែចោលគុណ | គ្មានគិតរិះរេ | 
| បោលទៅតែវត្ត | ម្តាយអត់ទទេ | ព្រោះជឿតាមគេ | 
| រកបុណ្យខាងក្រៅ ។ | ||
| ដើមបុណ្យលើផ្ទះ | ខ្លួនកើតទាន់ព្រះ | កន្លោងគង់នៅ | 
| បានត្រីត្រកាល | ក្បាលឲ្យម៉ែឪ | កណ្តាលនាំទៅ | 
| យកបុណ្យឯវត្ត ។ | ||
| កណ្ដាលសុទ្ធឆ្ងាញ់ | សាច់ពោះពងខ្លាញ់ | ធ្មេញលោកចុកមាត់ | 
| ម៉ែឪជរា | ទន្តាបាក់ម៉ត់ | ទុកក្បាលឲ្យគាត់ | 
| ក្បាលសុទ្ធតែឆ្អឹង ។ | ||
| នេះហៅបុណ្យខុស | ទាំងស្រីទាំងប្រុស | ខ្ញុំប្រាប់កុំខឹង | 
| ម៉ែឪនៅរស់ | ចូរអស់លោកប្រឹង | ធ្មេញគាត់នៅរឹង | 
| បានឆ្ងាញ់ពិសា ។ | ||
| ខ្លះជឿបុណ្យខ្លាំង | យួរម្ហូបទាំងឆ្នាំង | យកទៅវត្តវ៉ា | 
| ម៉ែឪអត់ឃ្លាន | ចង់បានណាស់ណ៎ា | ភ្លយសួរកូនថា | 
| មានសល់ឬទេ ។ | ||
| ព្រឹកឡើងឃ្លានបាយ | ញ័រពោះញើសខ្ចាយ | ឃើញសម្លគេ | 
| កូនឆ្លើយវឹងថ្កាន | មិនបានសល់ទេ | ខ្ញុំស្លគ្រាន់តែ | 
| ទៅវត្តទេឪ ។ | ||
| ឪពុកសួរថា | បើដួសកាលណា | ចែកឪខ្លះទៅ | 
| កូនខ្លះឆ្លើយប្រាប់ | ថាបាបណាឪ | គេថាមិនត្រូវ | 
| ឪស៊ីមុនលោក ។ | ||
| ម៉ែឪចាស់ៗ | ព្រឹកឡើងឃ្លានណាស់ | គួរឲ្យវិយោគ | 
| ឪទារពិសា | កូនថាមុនលោក | ពុំបានបរិភោគ | 
| គេឲ្យបាបផង ។ | ||
| នេះបុណ្យផ្តាប់មុខ | ឬបុណ្យចោលស្រុក | ព្រោះដើរផ្លូវឆ្គង | 
| បុណ្យមិនត្រកាល | វិសាលឡើយហោង | ព្រោះដើកន្លង | 
| ឲ្យម៉ែឪអត់ ។ | ||
| ពួកជនឈ្លានពាន | មិនចេះធ្វើទាន | ច្រើនធ្វើទានក្បត់ | 
| សទ្ធាមិនជ្រៅ | ជ្រុលទៅតែវត្ត | ឲ្យព្រះដើមអត់ | 
| ស្រេកឃ្លានពេកក្រៃ ។ | ||
| នេះឯងខុសណាស់ | មកពីមិនច្បាស់ | ច្បាប់ធម៌វិន័យ | 
| បានជាប្រព្រឹត្ត | គំនិតព្រៃផ្សៃ | បន្ថោកតម្លៃ | 
| នៃអ្នកមានគុណ ។ | ||
| យល់ខុសស្រឡះ | ព្រោះមិនស្គាល់ព្រះ | មិនច្បាស់ដើមគុណ | 
| អ្នកប្រាជ្ញបុរាណ | ថាបានធ្វើបុណ្យ | ត្រូវថ្វាយព្រះមុន | 
| សឹមថ្វាយព្រះសង្ឃ ។ | ||
| រៀបចង្ហាន់ព្រះ | បូជាសំពះ | មើលព្រះឲ្យត្រង់ | 
| ប្រាជ្ញប្រាប់ជាបែប | សង្ខេបតម្រង់ | វេរភត្តថ្វាយសង្ឃ | 
| ត្រូវថ្វាយព្រះមុន ។ | ||
| គឺជូនភោជនា | មាតាបិតា | បូជាតបគុណ | 
| សឹមថ្វាយព្រះសង្ឃ | ទ្រទ្រង់សីលបុណ្យ | ព្រោះម្តាយមានគុណ | 
| រកអ្វីស្មើគ្មាន ។ | ||
| ត្រូវធ្វើបុណ្យខ្នើត | ម៉ែឪស៊ីកើត | កំពុងស្រេកឃ្លាន | 
| ម៉ែឪនៅរស់ | កូនត្រូវធ្វើទាន | បំបាត់ក្តីឃ្លាន | 
| ហៅធ្វើបុណ្យខ្នើត ។ | ||
| ហៅបុណ្យខែភ្លឺ | កុំចាំគាត់ឈឺ | បរិភោគលែងកើត | 
| ជូនគាត់កាលជា | ហៅបុណ្យខ្នើត | គាត់បរិភោគកើត | 
| បានជាងរនោច ។ | ||
| លុះបាត់ជីវិត | បុណ្យខែងងឹត | ដូចថ្ងៃ១០រោច | 
| កូនចៅទាំងឡាយ | យកបាយឲ្យខ្មោច | ម៉ែឥតប្រយោជន៍ | 
| ខ្មោចណាចេះស៊ី ។ | ||
| កត្តិកមាសា | ចេញខ្យល់រងា | ត្រជាក់ពេញទី | 
| មិនគិតរកភួយ | បាន ១ ឬ ២ | ទាំងមិនសាមគ្គី | 
| រកពូកជូនគាត់ ។ | ||
| ត្រូវរករបស់ | ជាស្នបទាន់រស់ | ដណ្តប់ជូនគាត់ | 
| កុំចាំដាច់ខ្យល់ | ទើបខ្វល់គ្រប់មាត់ | រកស្នបរុំគាត់ | 
| ដណ្តប់ឲ្យអុស ។ | ||
| ឲ្យភ្លើងត្រេកអរ | ទទួលអំណរ | មិនដឹងត្រូវខុស | 
| ម្តេចមិនខ្វល់ខ្វាយ | ជូនម្តាយកាលរស់ | ម្តេចចាំខ្យល់អស់ | 
| ទើបធ្វើឧឡារ ។ | ||
| កាលគាត់រស់នៅ | ព្រឹកល្ងាចក្តួលក្តៅ | ស្រេកឃ្លានអស្ចារ្យ | 
| មិនគិតជួយគាត់ | ឲ្យអត់អាហារ | ឲ្យតែធ្វើការ | 
| ចាំផ្ទះឲ្យគេ ។ | ||
| ចំណីត្រីសាច់ | ចង់ស្ទើរប្រកាច់ | អត់ជូនគាត់ទេ | 
| ដល់ឈឺផ្តេតៗ | ម្ហេតៗទើបរេ | ដេកជុះទើបគេ | 
| ជូននំចំណី ។ | ||
| ទាំងជិតទាំងឆ្ងាយ | មូលមកសួរម្តាយ | ទាំងប្រុសទាំងស្រី | 
| ទុរេននំបុ័ង | សម្រាំងថ្មីៗ | ម្តាយឈឺលែងស្តី | 
| រឹងធ្គាមស្ងួតក ។ | ||
| កូនហៅអឹម៉ែ! | ម៉ែស្គាល់ខ្ញុំទេ? | បានចំណីល្អ | 
| ម្តាយពោលខ្សាវៗ | គ្រាវៗឆ្លើយត | ថាអីឯងមក៍ | 
| ម៉ែអរណាស់ណា ។ | ||
| កាលម៉ែមិនឈឺ | មិនមានជំងឺ | នោះកូនរាល់គ្នា | 
| មិនអាណិតម៉ែ | លុះម៉ែជរា | ទើបកូនរាល់គ្នា | 
| មករុញបញ្ចូល ។ | ||
| ឪម៉ែស្លាប់បាត់ | ទើបកូនប្រវាត់ | ប្រាប់ញាតិត្រកូល | 
| ឃោសនាធនធាន | ព្រៀងលានឲ្យចូល | មកជុំប្រមូល | 
| ធ្វើបុណ្យឲ្យខ្មោច ។ | ||
| ខែផល្គុនចេត្រ | ថ្ងៃក្តៅក្រឡែត | ធ្លាយទឹកហិនហោច | 
| ម៉ែឪចាស់ៗ | ក្តៅណាស់អាណោច | មិនរែកទឹកស្រោច | 
| ឪពុកម្តាយសោះ ។ | ||
| មិនមានថ្នមថ្នាក់ | មិនដងទឹកដាក់ | ពាងដោយសង្គ្រោះ | 
| ដល់ពេលគាត់ស្លាប់ | នោះស្រាប់តែស្មោះ | អប់ទឹកក្អមនោះ | 
| ហៅលើកចង្អាស់ ។ | ||
| ម៉ែឪនៅរស់ | មិននាំគ្នាទៅ | ធ្វើការប្រវាស់ | 
| ដាក់វេនក្រាយមុន | តបគុណគាត់ចាស់ | ស្លាប់ហើយធ្វើណាស់ | 
| ដណ្តើមគ្នាដុស ។ | ||
| ដូចស្រោចគល់ឈើ | ងាកងឹកងេងើ | មិនដឹងត្រូវខុស | 
| ទើបកូនវន្ទា | ស្មាលាទោសខុស | ម៉ែឪនៅរស់ | 
| មិនដែលវន្ទា ។ | ||
| កាលមានជីវិត | នោះកូនគ្មានគិត | ម្តេចរួចវេរា | 
| ម៉ែឪទូន្មាន | កូនគ្មានបូជា | បំពេញសទ្ធា | 
| ឲ្យម្តាយស្មាទាន ។ | ||
| ស្តាប់ធម៌ទេសនា | ឲ្យម្តាយជ្រះថ្លា | រកសួគ៌និព្វាន | 
| ប្រើម្តាយធ្វើខ្ញុំ | នៅចាំចង្រាន | ឲ្យទៅស្មាទាន | 
| ឲ្យឆាប់មកវិញ។ | ||
| មើលកូនយកចៅ | ខែនេះកូននៅ | ដកស្ទូងស្រែមិញ | 
| ម្តាយទៅរូតរះ | មកផ្ទះចំណេញ | ម្តាយប្រាប់ទៅវិញ | 
| អញស្តាប់លោកទេសន៍ ។ | ||
| កូនថាស្ទូងហើយ | ស្តាប់ចុះម៉ែអើយ! | ខែនេះកុំធ្វេស | 
| កណ្តាប់ក្រៀមហែង | ម៉ែឯងប្រហែល | ដើរស្តាប់លោកទេសន៍ | 
| សំណាបចុកថ្នាល ។ | ||
| ១ ខែ ៤ សីល | គេថាម្តាយខ្ជិល | ពួកកូនត្រកាល | 
| ទុកម្តាយគ្រាន់ប្រើ | បម្រើធ្ងន់ស្រាល | ម្តាយខូចខួរក្បាល | 
| លែងស្គាល់ពុទ្ធដិកា ។ | ||
| ស្លាប់ទៅជាឧស | គេដុតឆេះសុស | ហើយគេនាំគ្នា | 
| រើសធាតុដាក់ថោ | ភ្នែកស្លោអនិច្ចា | ហៅញាតិកាហែ | 
| ធាតុទៅវត្ត ។ | ||
| ឲ្យទៅស្តាប់ធម៌ | ឲ្យធាតុត្រេកអរ | ព្រោះលែងប្រើគាត់ | 
| កាលម្តាយនៅរស់ | មិនឲ្យទៅវត្ត | ដុតឆេះខ្មោចម៉ត់ | 
| ទើបឲ្យទៅថ្កាន ។ | ||
| ហេតុនេះអ្នកអើយ! | កុំធ្វើព្រងើយ | ប្រុសស្រីគ្រប់ប្រាណ | 
| បម្រើមាតា | បិតាកុំខាន់ | ទើបសុខក្សេមក្សាន្ត | 
| បានអាយុវែង ។ | ||
| កុំគប្បីធ្វេស | កុំឈ្លោះចចេស | នឹងម៉ែឪឯង | 
| ជាតិនេះជាតិក្រោយ | ទុក្ខសោយមិនលែង | ព្រះពុទ្ធសម្តែង | 
| ច្បាស់ឥតសង្ស័យ ។ | ||
| អវិចីនរក | ទំរាំរួចទុក្ខ | យូរយារពេកក្រៃ | 
| អាយុមួយកប្ប | គ្មានរាប់ខែថ្ងៃ | បើមាននិស្ស័យ | 
| ទើបរួចមកបាន ។ | ||
| មកកើតជាប្រេត | រួចទើបអណ្តើត | កើតជាតិរច្ឆាន | 
| លុះអស់វេរា | ទើបជាមនុស្សបាន | ខ្វិនខ្វាក់ក៏មាន | 
| គថ្លង់ឃ្លង់ស្រែង ។ | ||
| ជាឆ្គួតច្រើនជាតិ | ព្រោះទោសប្រមាថ | ឪពុកម្តាយឯង | 
| មាក់ងាយដល់ព្រះ | ក្នុងផ្ទះឥតក្រែង | ទើបបានចំបែង | 
| រងទុក្ខច្នេះណា ។ | ||
| ថ្លែងចប់ប៉ុណ្ណេះ | សូមបញ្ឈប់ស្លះ | សង្ខេបវាចា | 
| ថ្លែងមកប៉ុន្មាន | សូមបានផលា | ដូចក្តីប្រាថ្នា | 
| ដល់និញ្វនហោង ។ | 
កិរិយាចិញ្ចិមជីវិតដោយកម្រ (បទព្រហ្មគិត)
| សូមក្រើនដល់បុរស | ស្រ្តីទាំងអស់គ្រប់ៗប្រាណ | 
| តូចធំទាំងប៉ុន្មាន | ត្រូវប្រដៅខ្លួនឲ្យហើយ ។ | 
| កាលនៅលីវកម្លោះ | ក្រមុំនោះអ្នកនាងអើយ | 
| ប្រឹងក្រែងកុំកន្តើយ | កុំព្រងើយត្រូវឧស្សាហ៍ ។ | 
| កុំអាងថានៅក្មេង | ដើរតែលេងកាត់រកគ្នា | 
| បៀរប៉ោធួកញ្ឆា | សេពសុរាទឹកត្នោតជូរ ។ | 
| ប្រព្រឹត្តអនាថា | ដើរចោលការគ្មានគិតគូរ | 
| ជល់មាន់លេងឡូតូ | ដើរមើលរាំឬស្តាប់ច្រៀង ។ | 
| មានប្តីប្រពន្ធហើយ | កុំធ្វេសឡើយត្រូវផ្ទាត់ផ្ទៀង | 
| គេហៅទៅរាំច្រៀង | ត្រូវប្រកែកកុំដើរលេង ។ | 
| យើងដេកពីព្រលប់ | កណ្តាលយប់ក្រោកគិតក្រែង | 
| ថែទាំទីកន្លែង | ផ្ទះសម្បែងប្រុងប្រយ័ត្ន ។ | 
| ធ្វើឲ្យប្រពន្ធកោត | មនុស្សស្រីឆោតចេះប្រណិប័តន៍ | 
| ជិតព្រឹកភ្ញាក់ឡើងចាត់ | ធ្វើរបររបស់ខ្លួន ។ | 
| រក្សាទ្រព្យទុកដាក់ | ស្រូវមាសប្រាក់ត្រូវថែធួន | 
| យើងតែងមានកូនស្ងួន | កុំប្រហែសណាអ្នកអើយ! ។ | 
| មានដីជុំវិញផ្ទះ | ដាំអ្វីខ្លះកមុំខានឡើយ | 
| បន្លែបន្លុកហើយ | ចេកអំពៅត្រាវដំឡូង ។ | 
| ស្វាយខ្នុរល្មុតសេដា | ទៀបម្លូស្លាត្របែកដូង | 
| បានគ្នាជាដំបូង | តោងបណ្តុះមេគំនិត ។ | 
| ដល់យើងមានកូនមក | សត្វចូលជ្រកផ្ញើជីវិត | 
| យើងស្រួលក្នុងគំនិត | ស្រណុកគិតព្រោះប្រុងទុក ។ | 
| បើកើតកូនប៉ុន្មាន | វាចង់បានគ្រឿងគ្រប់មុខ | 
| វាទារម្តាយឪពុក | វារំអុកទារពេជ្រមាស ។ | 
| ទារហូសព្រែឡោឡាញ់ | ទារស៊ីឆ្ងាញ់ចំណីពាស | 
| កូនស្រីទារពេជ្រមាស | យើងមិនខានទិញឲ្យវា ។ | 
| កូនប្រុសមួកស្បែកជើង | ខោរអាវឡើងភេទខុសគ្នា | 
| យើងរាស្រ្តជាតិអ្នកជា | មានទ្រព្យធនចែកឲ្យកូន ។ | 
| ម៉ែឪមានមុខនោះ | កូនសង្គ្រោះមិនសាបសូន្យ | 
| បើយើងប្រដៅកូន | កូនកោតខ្លាចអំណាចយើង ។ | 
| កូនកើតតាំងពីតូច | ឃើញឪខូចភ្លាត់ដៃជើង | 
| កាត់ពូជមកមិនថ្កើង | ព្រោះតែយើងធ្វើទុកមក ។ | 
| បើយើងមិនចេះលេង | តាំងពីក្មេងចេះលៃលក | 
| ខំធ្វើខំប្រឹងរក | ឥតទំនេរប្រឹងឧស្សាហ៍ ។ | 
| ដូចពូជឫស្សីស្រុក | ដុះស្រណុកត្រង់ល្អជា | 
| ខ្ពស់ស្អាតតាមៗគ្នា | គេត្រូវការចង់ដាំណាស់ ។ | 
| បើពូជឫស្សីព្រៃ | ដុះពេញព្រៃចង្អៀតក្រាស់ | 
| បន្លាណែនណាន់ណាស់ | ថ្ពក់ទាញគ្នាវៀចតាមពូជ ។ | 
| បានត្រង់ចុងបំផុត | គល់មិនពត់កាត់កាចខូច | 
| កើតកូនមកកាត់ដូច | ខឹងនឹងកូនស្តីមិនស្តាប់ ។ | 
| មិនកាត់ពីណាទេ | កាត់ពីមេបាវាស្រាប់ | 
| ព្រះអង្គទេសនាប្រាប់ | ប្រដៅខ្លួនឲ្យបានសិន ។ | 
| កុំធ្វើឫកកិរិយា | ខុសមាត្រាគិតឲ្យឆ្អិន | 
| រៀបចំខ្លួនឲ្យប៉ិន | ទើបបង្កាត់ទៅជាកូន ។ | 
| ទើបពេញជាបិតា | ប្រសើរជាពុំសាបសូន្យ | 
| កាត់បានមកជាកូន | សឹងខ្ពង់ខ្ពស់ដូចគេស្ទួយ ។ | 
| ពួកពាលមានច្រើនណាស់ | ទាំងក្មេងចាស់នាំគេព្រួយ | 
| ព្រឹកឡើងនៅរងួយ | ផឹករងោកដោយទៀមស្រា ។ | 
| ជនខ្លះនៅកម្លោះ | ដើរម៉េះម៉ោះសេពសុរា | 
| ជនខ្លះចាស់សិរសា | នៅឡូឡាទ្រេតតាមផ្លូវ ។ | 
| មានកូនចៅសន្ធឹក | មិនប្រែឬកឲ្យត្រឹមត្រូវ | 
| ធ្វើស្រែរាល់រដូវ | គ្មានសល់ស្រូវស៊ីដល់ខួប ។ | 
| ព្រោះធ្វើសោះតែខាន | គ្មានចង់បានមករួមរួប | 
| រវល់កាត់ទៅជួប | រកពួកម៉ាកពាលអសោច ។ | 
| ផ្ទះលេចគ្មានជញ្ជាំង | កន្ទេលបាំងក្រហិនហោច | 
| ច្រើនដើរឥតប្រយោជន៍ | មិនខ្មាសគេអ្នកក្នុងស្រុក ។ | 
| មាន់រងាវគេភ្ញាក់វឹង | ឯងនៅប្រឹងដេកស្រមុក | 
| គេភ្ជួរស្រែអែអុក | អស់ទាំងស្រុកមាត់អឺងកង ។ | 
| ឯងដេកទម្រន់ណាស់ | ប្រពន្ធដាស់ចង់ធាក់ផង | 
| ធ្វើការចាំហែហង | ច្រើនលែនលនដេកផ្លុំខ្លុយ ។ | 
| ទំនេរខ្លួនពេកណាស់ | អាចម៍គោក្រាស់នៅបែកស្អុយ | 
| ខែប្រាំងដីគោកហុយ | មិនលើកភ្លឺឲ្យជាប់ទឹក ។ | 
| មកពីលេងផ្ទះគេ | ហួសទៅរេរកស្រាផឹក | 
| នេះពួកជនប្រមឹក | មកពីផឹកជេធោឡោ ។ | 
| កូនស្រីក្រមុំគ្រាន់ | គ្មានស្លៀកវ័ណ្ឌខ្លួនធំប៉ោ | 
| កូនប្រុសគ្មានអាវខោ | ឪពុកគិតតែកើបស្រូវ ។ | 
| ទៅសងបំណុលស្រា | នៃអាត្មារាល់រដូវ | 
| ឡូឡាមាត់ញាំញូវ | គ្រាន់តែឪគាត់បំផ្លាញ ។ | 
| ម៉ែឪគេជិតខាង | មានសំណាងសាងបង្ហាញ | 
| ដៃជើងគេមិនក្រាញ | មិនស្មុគស្មាញទាំងតូចធំ ។ | 
| ម៉ែឪឯងយ៉ាងហ្នឹង | កុំរំពឹងបានរៀបចំ | 
| បើកូនវាប្រឹងខំ | វាហ៊ានដៀលមារយាទឪ ។ | 
| ថាដើរតែផឹកស្រា | មកឡូឡានេះមិនត្រូវ | 
| ស្រវឹងហើយស្ងៀមនៅ | ក្រមកពីឪមកដល់ខ្ញុំ ។ | 
| ម៉ែឪបែបយ៉ាងហ្នឹង | កុំរំពឹងថាគុណធំ | 
| គុណតូចប៉ុនដីដុំ | ព្រោះគ្មានធម៌សង្រ្គោះកូន ។ | 
| ហេតុនេះស្តាប់ឲ្យជាក់ | ត្រូវតែភ្ញាក់ប្រឹងល្អូកល្អូន | 
| ប្រដៅខ្លួនមុនកូន | ឲ្យបានបថជាមូលដ្ឋាន ។ | 
| ប្រឹងកែមារយាទៀត | ដែលចោលម្សៀតទាំងប៉ុន្មាន | 
| ទើបពូជយើងថ្កើងថ្កាន | កូនក៏ខានស្តីថាឲ្យ ។ | 
| ម្យ៉ាងទៀតពួកស្រីៗ | ដែលមានប្តីកុំបណ្តោយ | 
| ស្រីខ្លះមារយាទធ្លោយ | ផ្អែកជីវិតតែលើប្តី ។ | 
| ប្តីទៅស្រែបាត់សូន្យ | ដេកឳបកូនក្រចុះដី | 
| ច្រមុះយកដៃឈ្លី | ហាមាត់ស្ងាបមួយចំអាម ។ | 
| ថ្ងៃរះទើបក្រោកឡើង | ធ្វើសើងមើងភ្នែករហាម | 
| ពត់ខ្លួនងាកង៉េមង៉ាម | មិនទាំងលុបមុខក្រញុះ ។ | 
| អង្គុយមាត់ជណ្តើរ | ស្ងាបបណ្តើរអូសគូថចុះ | 
| គំនិតមិនមានដុះ | តែមាត់ប៉ិនជេរឈ្លោះណាស់ ។ | 
| បើស៊ីមើលមិនទាន់ | មាត់រន្ថាន់ញាប់រហ័ស | 
| វោហារក៏ប៉ិនណាស់ | តែបិុនខាងបន្ទោសប្តី ។ | 
| បើមានគេប្រជុំ | ឬជំនុំពីរឿងអ្វី | 
| អង្ករចោលនៅដី | ឈរស្តាប់គេមាន់ស៊ីអស់ ។ | 
| បើបុកអង្ករស្រូវ | ខ្ចាយចេញទៅខូចរបស់ | 
| ឥតស្តាយឥតខ្លាចអស់ | ឈូសដីលុបខ្លាចគេទាន់ ។ | 
| របស់ប្តីរកបាន | ទាំងប៉ុន្មានអររួសរាន់ | 
| ដល់ដៃស្ទើរមិនទាន់ | ព្រោះជំពាក់ជឿគេស៊ី ។ | 
| បែបនេះមិនមែនស្រី | ចាស់លោកស្ដីហៅថាញី | 
| រកបានមិនគ្រាន់ស៊ី | គ្មានសន្សំបង្ការចាស់ ។ | 
| ពីក្មេងកម្លាំងកមាន | ឃើញរកបានចាយធំណាស់ | 
| ចាំមើលដល់ខ្លួនចាស់ | ថយកម្លាំងអាងអ្នកណា? | 
| ដែលខ្ញុំក្រើនរំលឹក | ព្រោះខ្ញុំនឹកជាតិខេមរា | 
| ចង់ឲ្យបានថ្លៃថ្លា | និដ្ឋិតាប៉ុណ្ណោះហោង ។ | 
[...]
ដំបូន្មានគ្រហស្ថ (បទព្រហ្មគិត)
ទាញយកសៀវភៅច្បាប់បណ្ឌិត អ៊ូ ចុង
© រក្សាសិទ្ធិដោយលោកវិទូ
 
 
 
 
 
 លោកវិទូចុះផ្សាយព័ត៌មានអនឡាញ អំពីព្រះពុទ្ធសាសនាខ្មែរ និងព្រះពុទ្ធសាសនាអន្តរជាតិថ្មីៗ ដើម្បីជាប្រយោជន៍ដល់ប្រិយមិត្តអ្នកអាន និងជាពន្លឺក្នុងការត្រិះរិះពិចារណា ក្នុងការប្រព្រឹត្តទៅ នៃព្រះពុទ្ធសាសនាក្នុងសង្គម ។
លោកវិទូចុះផ្សាយព័ត៌មានអនឡាញ អំពីព្រះពុទ្ធសាសនាខ្មែរ និងព្រះពុទ្ធសាសនាអន្តរជាតិថ្មីៗ ដើម្បីជាប្រយោជន៍ដល់ប្រិយមិត្តអ្នកអាន និងជាពន្លឺក្នុងការត្រិះរិះពិចារណា ក្នុងការប្រព្រឹត្តទៅ នៃព្រះពុទ្ធសាសនាក្នុងសង្គម ។ 
No comments:
Post a Comment