![]() |
ប្រាសាទអង្គរវត្ត សៀមរាប, ១ មករា ២០១៩ ។ រូបភាព៖ លោកវិទូ |
១). «បើខ្មែរនៅតែទទួលយក វប្បធម៌បរទេសទាំងដុលៗ ដោយខ្វះការពិចារណា ខ្វះការឆ្នៃប្រឌិតថ្មី និងខ្វះការឲ្យតម្លៃវប្បធម៌ជាតិរបស់ខ្លួន ខ្មែរមិនសមធ្វើជាកូនចៅជំនាន់ក្រោយ របស់បុព្វបុរស អ្នកកសាងប្រាសាទអង្គរឡើយ ។»
១៤/០២/២០១៥
២). «កុំឃើញតែអំពីអំពើអាក្រក់របស់គេពេក ព្រោះវាអាចធ្វើឲ្យអ្នកស្អប់គេកាន់តែខ្លាំង ។ កុំគិតថាអ្នកជាមនុស្សត្រូវឥតខ្ចោះគ្រប់ពេល ព្រោះវាអាចធ្វើឲ្យអ្នកក្លាយជាមនុស្ស មានអំនួតនិងមានះខ្លាំង មិនស្តាប់គេឯង ។ កុំធ្វើជាមនុស្សដែលឆ្លាតខាងកេញប្រវ័ញ្ច សូម្បីតែមិត្តភ័ក្តិជិតស្និទ្ធរបស់ខ្លួន ព្រោះវាអាចធ្វើឲ្យអ្នកជួបតែមិត្តភ័ក្តិមិនល្អមិនស្មោះត្រង់ ។ ភាពស្មោះត្រង់ជាគោលការរបស់បណ្ឌិតទាំងឡាយ ។»
១៧/១០/២០១៦
៣). «ពិតណាស់បុថុជ្ជន តែងជាប់ដោយកិលេសជាគ្រឿងសៅហ្មងទាំងឡាយ ពេលធ្វើអំពើល្អអ្វីមួយតែងប្រាថ្នា ចង់បានសេចក្តីសុខ ទាំងក្នុងលោកនេះនិងលោកខាងមុខ ។ ប៉ុន្តែអ្នកទាំងឡាយគប្បីធ្វើទុកក្នុងចិត្តថា អំពើល្អដែលអ្នកបានធ្វើហើយ នឹងមិនសាបសូន្យឡើយ បើទោះជាអ្នកមិនបានប្រាថ្នាអ្វីក៏ដោយ ។ ចូរជ្រះថ្លានឹងបុណ្យនោះចុះ ។»
១៨/១០/២០១៦
៤). «បើអ្នកជាអ្នកហ៊ានសម្លាប់មនុស្ស អ្នកមិនអាចដើរតួជាអ្នកផ្សព្វផ្សាយមេត្តា កុំឲ្យសម្លាប់សត្វមានជីវិតទាំងពួងបានទេ ។ បើអ្នកសូម្បីតែរក្សាសីលប្រាំមិនបានផង អ្នកមិនអាចដើរតួជាអ្នកធ្វើកំណែទម្រង់សាសនាបានឡើយ។ បើអ្នកនៅតែធ្វើការងារ ដែលអ្នកមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់យ៉ាងនេះឈ្មោះថា អ្នកកំពុងតែប្រាថ្នាប្រយោជន៍ផ្ទាល់ខ្លួន ឬថា អ្នកជាមនុស្សមានចិត្តជាទេវទត្ត មានមាត់ជាទេវតា ។»
២៣/១០/២០១៦
៥). «យើងធ្វើបុណ្យច្រើនប៉ុន្មានមិនសំខាន់ទេ សំខាន់ត្រង់ថា តើរាល់លើកដែលយើងបានធ្វើបុណ្យនោះៗ យើងបានកាត់បន្ថយលោភៈ ទោសៈ និងមោហៈបានប៉ុណ្ណា ។ ព្រោះថា អកុសលមូលទាំង ៣ យ៉ាងនេះជាឫសគល់នៃអកុសលធម៌ (អំពើបាប) ទាំងឡាយ ដែលព្រះអរិយបុគ្គលទាំងឡាយ (សោតាបន្ន និង សកទាគាមិជាដើម) បានកម្ចាត់បង់ហើយដោយសេចក្តីព្យាយាម ។ ដូច្នេះ យើងអាចគណនាអានិសង្សបុណ្យបាន តាមរយៈកម្លាំងនៃចេតនាចង់លះបង់នូវអកុសលមូលនេះឯង តែមិនមែនតាមរយៈវត្ថុខាងក្រៅឡើយ ។»
០៦/០៧/២០១៧
៦). នីតិអន្ទិត៖
ចូរសឹកតែកាយកុំឲ្យឆ្ងាយធម៌ ប្រវត្តិបវរផ្លូវធម៌សម្មា
លះអបាយមុខបញ្ចវេរា រក្សាសាសនានៃព្រះជិនស្រី ។
ចូរកុំបំភ្លេចអត្តសញ្ញាណ កាលខ្លួនឯងបានសាងផ្នួសប្រពៃ
រក្សាសច្ចៈកតញ្ញូខន្តី សីលធម៌ថ្លាថ្លៃក្រមនៃបណ្ឌិត ។
០៨/០៧/១៧
៧). បើអ្នកប្រាជ្ញស្រឡាញ់បក្ស នឹងនាំគ្រោះថ្នាក់ដល់ជាតិ
បើអ្នកប្រាជ្ញស្រឡាញ់ជាតិ 'បក្សចោលម្សៀត'នឹងបរាជ័យ ។
២៧/០៩/២០១៧
៨). «សូមកុំទាន់ពោលថា អ្នកស្រឡាញ់ជាតិ និងចង់ជួយជាតិ ប្រសិនបើអ្នកមិនទាន់ស្រឡាញ់គ្រួសារអ្នក មិត្តភ័ក្តិអ្នក និងអ្នកនៅជុំវិញអ្នក និងព្រងើយកន្តើយពុំជួយយកអាសាពួកគេ ពេលដែលពួកគេត្រូវការជំនួយជាចាំបាច់ តាមសមត្ថភាពនិងលទ្ធភាព ដែលអ្នកអាចធ្វើបាន ។ ពីព្រោះអ្នកទាំងអស់នោះហើយ គឺជាកោសិកាបឋមរបស់សង្គមជាតិនីមួយៗ ដែលអ្នកត្រូវផ្ដើមយកចិត្តទុកដាក់ ។»
១៦/១០/២០១៧
៩). «ចិត្តនេះត្រូវការការអប់រំលុតដំជាប្រចាំ មិនខុសពីរាងកាយ ដែលត្រូវការការតាក់តែង ដោយគ្រឿងក្រអូបគ្រឿងលាបផ្សេងៗឡើយ ។ បើនឹងតែងខ្លួនត្រូវអប់រំចិត្តផង ដោយកាត់បន្ថយលោភៈទោសៈមោហៈ ដែលជាឫសគល់នៃអកុសលធម៌ទាំងពួង ។»
១៧/១០/២០១៧
១០). «កសាងព្រះវិហារ/កុដិកុំភ្លេចកសាងធនធានមនុស្ស; ផ្ដល់នូវបច្ច័យជាគ្រឿងប្រើប្រាស់ កុំភ្លេចផ្ដល់នូវចំណេះដឹងជាគ្រឿងអប់រំចិត្ត។»
២២/០៣/២០១៨
១១). «អត្តចរិតរបស់បុគ្គលម្នាក់ៗ គឺជាអ្វីដែលសម្រេចនូវអនាគតរបស់ខ្លួន ។ អត្តចរិកគឺពិបាកនឹងបត់បែនបាន តែទោះជាយ៉ាងណា វាអាចប្រែប្រួលបត់បែនបាន តាមរយៈការសិក្សាអប់រំ និងការសេពគប់ជាមួយបុគ្គលដែលមានឥទ្ធិពល ។»
១៨/០២/២០១៩
១២). «បើចង់ចាប់ខ្មោច ត្រូវធ្វើជាទេវតា បើចង់ទេសនា ត្រូវប្រតិបត្តិធម៌ ។ បុគ្គលប្រៀនប្រដៅអ្នកដទៃយ៉ាងណា ត្រូវធ្វើខ្លួនឯងឲ្យបានយ៉ាងនោះដែរ ។»
២៨/០២/២០១៩
១៣). «ក្នុងការសិក្សាក្តី ការបំពេញការងារក្តី ចូរកុំគិតឬមានមោទនភាពខ្លាំងពេកថា ខ្លួនឆ្លាតជាងអ្នកដទៃ ពីព្រោះថាជោគជ័យតែងបានមក ដោយការព្យាយាមប៉ុណ្ណោះ ដូចមានរឿងទន្សាយនិងខ្យងជាគតិ ។»
២៨/០២/២០១៩
១៤). «មេដឹកនាំល្អត្រូវជាអ្នកមានសមត្ថភាព បង្កើតមេដឹកនាំបន្តវេនឲ្យបានច្រើន ជាអ្នកចែករំលែកជោគជ័យនិងកិត្តិយសរបស់ស្ថាប័នជារួម ដល់មន្ត្រីនិងបុគ្គលិកក្រោមឱវាទរបស់ខ្លួន និងជាអ្នកចូលចិត្តប្រើពាក្យថា ‘យើង’ និង ‘របស់យើង’ ជាជាង ‘ខ្ញុំ’ និង ‘របស់ខ្ញុំ’ ពេលដែលខ្លួនធ្វើជាតំណាងរបស់ស្ថានប័នណាមួយដែលខ្លួនគ្រប់គ្រង ។»
២០/០៤/២០១៩
១៥). «មានតែការសិក្សាអប់រំបន្តវិជ្ជាសិក្សាជាន់ខ្ពស់ និងការស្ថាបនាធនធានមនុស្សទេ ទើបអាចស្រោចស្រង់កិត្យានុភាពដ៏រុងរឿងនៃអាណាចក្រអង្គររបស់កម្ពុជា ឲ្យរួចចាកការមើលងាយរំលោភបំពានពីបរទេសបាន និងអាចអភិវឌ្ឍជាតិឲ្យសម្បូររុងរឿងឡើងវិញបាន ។ បើការគិតរបស់យើងមានគុណភាពលើសគេ នោះយើងនឹងអាចស្វែងរកជោគជ័យសម្រាប់ជាតិ លើសមរភូមិអនាធិបតេយ្យនៃប្រព័ន្ធពិភពលោក ដែលគ្រប់ជាតិសាសន៍ គិតតែពីផលប្រយោជន៍ជាតិរៀងៗខ្លួនបាន ។»
២០/០៤/២០១៩
១៦). «ព្រះសង្ឃក៏ដូចជាសិស្សនិស្សិតដែរ បួសរៀនហើយក៏សឹកទៅបម្រើការងាររដ្ឋនិងសង្គមវិញដែរ ។ ព្រះសង្ឃនៅសល់និងកំពុងទ្រទ្រង់ធម៌វិន័យមានតួនាទីបង្រៀនព្រះសង្ឃក្មេងៗ និងផ្ដល់សេវាសាសនាដល់ពុទ្ធបរិស័ទ ។ ស្ថាប័នវត្តអារាមគឺជាសាលារៀនឥតបង់ប្រាក់ដ៏មហិមា ដែលជួយបណ្ដុះបណ្ដាលកុលបុត្រខ្មែររាប់ម៉ឺនអង្គនាក់ក្នុងមួយឆ្នាំៗ ។ នេះជាប្រពៃណីព្រះពុទ្ធសាសនាខ្មែរ ក្នុងការរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងអភិរក្សប្រពៃណីវប្បធម៌ជាតិ ។»
១៨/០៥/២០២០
១៧). សញ្ញាបត្រថ្នាក់បញ្ជាក់ពីកម្រិតសិក្សា ការងារសារពើបញ្ជាក់ពីភាពជោគជ័យ
អត្តចរិតបញ្ជាក់ពីព្រេងនិស្ស័យ សេពមិត្តប្រពៃបញ្ជាក់ពីសព្វមង្គល ។
២/០៥/២០២២
១៨. ឥទ្ធិបាទ ៤ - the path to power/success
ការងារសព្វសារពើ ជោគជ័យលើធម៌ ៤ យ៉ាង ខ្ញុំសូមលាតប្រដាង ជាតំណាងជនប្រុសស្រី ។
ឆន្ទៈជំពាក់ចិត្ត ស្រលាញ់ពិតការលោកីយ៍ - passion
វីរិយៈឃ្មាតខ្មី ប្រឹងកុំបីបង់ឧស្សាហ៍ ។ - effort
ចិត្តៈយកចិត្តទុក -ដាក់ប្រមុខគ្រប់កិច្ចការ - consciousness
ព្រមទាំងវិមំសា គិតវិចារណ៍ការណ៍នានា ៕ - investigation
២១/០៥/២០២៣