វត្តខ្មែរញូវដែល្លីទទួលពុទ្ធបរិស័ទឥណ្ឌាជាង ៥០ នាក់ ក្នុងថ្ងៃអាសាឡ្ហបូជា - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Wednesday, July 17, 2019

វត្តខ្មែរញូវដែល្លីទទួលពុទ្ធបរិស័ទឥណ្ឌាជាង ៥០ នាក់ ក្នុងថ្ងៃអាសាឡ្ហបូជា

ព្រះសង្ឃជយន្តោឲ្យពរជ័យដល់ពុទ្ធបរិស័ទ ក្នុងព្រះវិហារវត្តខ្មែរញូវដែល្លី, ១៦ កក្កដា ២០១៩ ។

លោកវិទូ | ថ្ងៃ ៤᧱៨ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ កក្កដា ២០១៩ ។
[វីដេអូនៅខាងក្រោមអត្ថបទ]

អាសាឡ្ហបូជា ជាថ្ងៃដ៏វិសេសវិសាល សម្រាប់ពុទ្ធបរិស័ទអ្នកកាន់ពុទ្ធសាសនា និងជា «ធម្មទិវា» ព្រោះជាថ្ងៃដែលមានព្រឹត្តិការណ៍សំខាន់ ៥ យ៉ាង ដែលទាក់ទងនឹងពុទ្ធប្បវត្តិគឺ ព្រះពោធិសត្វ ទ្រង់ចុះចាប់បដិសន្ធិ ឬចាប់កំណើត ១ ព្រះសិទ្ធត្ថ ទ្រង់ចេញសាងព្រះផ្នួស ១ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់សម្ដែងធម្មចក្កប្បវត្តនសូត្រ ប្រោសតាបសទាំង ៥ នាក់ ១ ព្រះពុទ្ធជាម្ចាស់ ទ្រង់ស្ថាបនាព្រះសង្ឃ ១ និង ព្រះដ៏មានព្រះភាគ ទ្រង់សម្ដែងយមកប្បាដិហារិយ៍ ១ ។ ក្នុងឱកាសដ៏មាននក្ខត្តិឫក្សនេះ ពុទ្ធបរិស័ទឥណ្ឌាដ៏កម្រ ប្រមាណជាង ៥០ នាក់ មានប្រុសមានស្រី មានចាស់មានក្មេង បានទៅប្រារព្ធពិធីបូជាព្រះរតនត្រៃ នៅវត្តខ្មែរញូវដែល្លី (កុរុរដ្ឋខេមរារាម) ព្រមទាំងបានបោសសម្អាតវត្ត ប្រកបដោយសទ្ធាជ្រះថ្លា និងបីតិសោមនស្សរីករាយ ។

ក្នុងឱកាសនោះ ព្រះសមណរង្សី ទេព វុទ្ធី ព្រះគ្រូចៅអធិការវត្តខ្មែរញូវដែល្លី បានដឹកនាំពុទ្ធបរិស័ទនមសក្ការបូជាព្រះរតនត្រៃ និងបានប្រទានឱវាទនិងធម្មទេសនា ដល់ពុទ្ធបរិស័ទទាំងនោះផងដែរ ។ ក្រោយពីទទួលការប្រោសព្រំពរជ័យសព្វសាធុការរួចហើយ ពុទ្ធបរិស័ទឥណ្ឌា បានរៀបចំទទួលទានអាហារពេលល្ងាច ដែលពួកគាត់បានដាក់មកតាមខ្លួនស្រាប់ យ៉ាងរីកយាយ រហូតដល់ម៉ោង ៩ យប់ ទើបត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ។

ជាដំណឹងល្អផងដែរ ក្នុងថ្ងៃអាសាឡ្ហបូជានោះ ពុទ្ធបរិស័ទឥណ្ឌាបានជ្រះថ្លា អារាធនាព្រះគ្រូចៅអធិការ ឲ្យបង្រៀនធម៌ និងសមាធិជារៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ជាថ្ងៃសម្រាក់ពីការងារ ។ ព្រះគ្រូចៅអធិការក៏បានទទួលព្រមតាមសុំណើ ដោយព្រះទ័យរីករាយត្រេកអរ ចំពោះពុទ្ធបរិស័ទទាំងឡាយដែលចង់សិក្សាព្រះធម៌ពុទ្ធសាសនា ។ សូមជម្រាបផងដែរថា ពុទ្ធបរិស័ទឥណ្ឌានៅក្នុងភូមិអ័នធេរៀម័រ ម្ដុំក្បែរជើងវត្តខ្មែរញូវដែល្លី មានចំនួនប្រមាណ ១០០ នាក់ ។

នេះជាលើកទី១ ហើយដែលពុទ្ធបរិស័ទឥណ្ឌា មានសទ្ធាជ្រះថ្លា ចូលទៅលេងវត្តខ្មែរញូវដែល្លី មានចំនួនច្រើនបែបនេះ ហើយថែមទាំងបាននិមន្តព្រះសង្ឃឲ្យជួយបង្រៀនព្រះធម៌ពុទ្ធសាសនា និងសមាធិដល់ពួកគាត់ទៀតផង ។ ដូច្នេះនៅក្នុងរដូវចូលព្រះវស្សានេះ វត្តខ្មែរញូវដែល្លី នឹងមានការបង្រៀនធម៌ពុទ្ធសាសនា និងសមាធិ ជារៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ។

© រក្សាសិទ្ធិដោយ លោកវិទូ

សូមទស្សនាវីដេអូខាងក្រោម៖


No comments:

Post a Comment