ព្រះបណ្ឌិត យ៉ន សេងយៀត៖ អ្នកនយោបាយអាចក្បត់នរណាៗបាន តែមិនអាចក្បត់ប្រទេសជាតិរបស់ខ្លួនបានឡើយ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Monday, July 22, 2019

ព្រះបណ្ឌិត យ៉ន សេងយៀត៖ អ្នកនយោបាយអាចក្បត់នរណាៗបាន តែមិនអាចក្បត់ប្រទេសជាតិរបស់ខ្លួនបានឡើយ



លោកវិទូ | ថ្ងៃ ២᧶៨ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២២ កក្កដា ២០១៩

ភ្នំពេញ៖ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភីលើកទី ៩ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា នៅថ្ងៃសៅរ៍ ៤ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៩ ព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀត មានថេរដីកាថា

«អ្នកនយោបាយអាចក្បត់នរណាៗបាន តែមិនអាចក្បត់ប្រទេសជាតិរបស់ខ្លួនបានឡើយ; លោកវេជ្ជបណ្ឌិតអាចក្បត់នរណាបាន តែមិនអាចក្បត់អ្នកជំងឺរបស់ខ្លួនបានឡើយ; អ្នកបួសអាចក្បត់នរណាបាន តែមិនអាចក្បត់សីលធម៌បានទេ; ប្រវត្តិវិទូអាចក្បត់នរណាបាន តែមិនអាចក្បត់ប្រវត្តិសាស្ត្របានទេ ។ យើងទាំងអស់គ្នាជានិស្សិតនៃបញ្ញាសាស្ត្រកម្ពុជា ជាជនជាតិខ្មែរ ដាច់ខាតត្រូវតែការពារទឹកដី និងថែរក្សាប្រទេសរបស់យើង ឲ្យបានគង់វង្ស ។»

គួររំឭកផងដែរថា ព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀត គឺជាសមណនិស្សិតខ្មែរ ដែលបានសិក្សា ផ្នែកទស្សនវិជ្ជា​ព្រះពុទ្ធសាសនា​ នៅសាលា (មហាវិទ្យាល័យ) ទេវវិទ្យា សាកលវិទ្យាល័យហាវើដ (Harvard) ដ៏ល្បីល្បាញ នៅសហរដ្ឋអាមេរិក និងទើបបានបញ្ចប់ក្នុងឆ្នាំ ២០១៩ ថ្មីៗនេះ ដោយទទួលបានវិញ្ញាប័ណ្ណបត្របញ្ជាក់ការសិក្សា (Certificate) ។ ព្រះអង្គបានទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិត ពីសាកលវិទ្យាល័យកល្យាណី ទីក្រុងកូឡុំបូ (ប្រទេសស្រីលង្កា) និងថ្នាក់បណ្ឌិត ពីសាលារាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ ។

សព្វថ្ងៃព្រះអង្គមានសមណស័ក្តិ ជាព្រះរាជាគណៈថ្នាក់ទោ (ព្រះមុនីកោសល) ជាព្រះសាកលវិទ្យាធិការរង ពុទ្ធិកសាកលវិទ្យាល័យព្រះរាជ រាជធានីភ្នំពេញ ជាទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសង្ឃរាជ និងជាព្រះប្រធានពុទ្ធិកសមាគមកម្ពុជា ។ ក្នុងសភាសង្ឃខ្មែរ ព្រះអង្គទទួលបន្ទុកមើលការខុសត្រូវ ខេត្តភាគខាងលិច មានបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ។ល។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment