មន្ត្រីស្ថានទូតខ្មែរ និងសមាគមពុទ្ធបរិស័ទឥណ្ឌាវិសាខាសង្ឃ ប្រគេនកឋិនចីវរ និងសង្ឃទានដល់ព្រះសង្ឃវត្តកុរុរដ្ឋខេមរារាម - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, October 13, 2019

មន្ត្រីស្ថានទូតខ្មែរ និងសមាគមពុទ្ធបរិស័ទឥណ្ឌាវិសាខាសង្ឃ ប្រគេនកឋិនចីវរ និងសង្ឃទានដល់ព្រះសង្ឃវត្តកុរុរដ្ឋខេមរារាម

ពុទ្ធបរិស័ទខ្មែរឥណ្ឌា មុខព្រះវិហារវត្តកុរុរដ្ឋខេមរារាម ទីក្រុងញូវដែល្លី ១៣ តុលា ២០១៩ ។

លោកវិទូ | ថ្ងៃ ១᧯១០ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ តុលា ២០១៩ ។

នៅព្រឹកថ្ងៃអាទិត្យ ១៥ កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែតុលា គ.ស. ២០១៩ ត្រូវនឹងថ្ងៃចេញព្រះវស្សាផង មន្ត្រីស្ថានទូតខ្មែរ ដែលដឹកនាំដោយឯកអគ្គរាជទូតខ្មែរ ប្រចាំសាធារណរដ្ឋឥណ្ឌា ឯកឧត្តម អ៊ុង ស៊ាន និងសមាគមពុទ្ធបរិស័ទឥណ្ឌា «វិសាខាសង្ឃ» បានប្រគេនកឋិនចីវរ និងសង្ឃទានដល់ព្រះភិក្ខុសង្ឃវត្តកុរុរដ្ឋខេមរារាម ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះសមណរង្សី ទេព វុឌ្ឍី ព្រះរាជគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តខ្មែរកុរុខេមរារាម នៃទីក្រុងញូវដែល្លី ។

ជារឿយៗ ឯកឧត្តម អ៊ុង ស៊ាន និងលោកជំទាវ ព្រមទាំងមន្ត្រីទូតខ្មែរទាំងអស់ តែងមានសទ្ធាជ្រះថ្លា ធ្វើបុណ្យទានផ្សេងៗតាមប្រពៃណីពុទ្ធសាសនាខ្មែរ នៅវត្តកុរុរដ្ឋខេមរារាម ក៏ដូចជានៅស្ថានទូតផ្ទាល់ ។ ឯកឧត្តមជាពុទ្ធសាសនូបត្ថម្ភក៍ សម្រាប់វត្តកុរុរដ្ឋខេមរារាម ដ៏សំខាន់មួយរូបផងដែរ ។

ជាពិសេសផងដែរ ពុទ្ធបរិស័ទឥណ្ឌា ពុទ្ធបរិស័ទខ្មែរ-ឥណ្ឌា នៅទីក្រុងញូវដែល្លី ក៏តែងតែមានសទ្ធាជ្រះថ្លា ទៅធ្វើសក្ការបូជា និងប្រគេនទេយ្យទានដល់ព្រះសង្ឃ នៅវត្តកុរុរដ្ឋខេមរារាម ជាបន្តបន្ទាប់ ។ ជាក់ស្ដែង នៅថ្ងៃចេញព្រះវស្សានេះ មានពុទ្ធបរិស័ទឥណ្ឌានៃសមាគម «វិសាខាសង្ឃ» ដែលជាសមាគមស្ត្រីពុទ្ធសាសនាឥណ្ឌា បានប្រគេនសង្ឃទាន និងដង្ហែកឋិនចីវរ បវារណាដល់ព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តកុរុរដ្ឋខេមរារាម ប្រកបដោយសទ្ធាជ្រះថ្លាដ៏មុះមុត ក្នុងព្រះពុទ្ធសាសនា ។ កឋិនចីវរនេះគឺត្រូវទុកសម្រាប់ប្រគេនព្រះភិក្ខុសង្ឃ នឹងវេរប្រគេននៅថ្ងៃ ៩ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ ដែលជាថ្ងៃបុណ្យកឋិនទានផ្លូវការរបស់វត្ត ។

នេះជាសញ្ញាណនៃការលូតលាស់រីកចម្រើនជាបន្តបន្ទាប់ នៃវត្តកុរុរដ្ឋខេមរារាម ដែលជាទីជ្រះថ្លានៃពុទ្ធបរិស័ទខ្មែរ ខ្មែរ-ឥណ្ឌា ឥណ្ឌា និងអន្តរជាតិគ្រប់ទិសទី ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ព្រះសមណរង្សី ទេព វុឌ្ឍី ព្រះគ្រូចៅអធិការជំនាន់ទី ៣ នៃវត្តកុរុរដ្ឋខេមរារាម ។

គួររំឭកផងដែរថា នៅក្នុងសម័យសង្គមរាស្ត្រនិយមខ្មែរ និងសម័យមហាត្មៈគន្ធី-អប្បេដការ-នេហ៍រូ នៃប្រទេសឥណ្ឌា មានព្រះសង្ឃធម្មទូតខ្មែរមួយព្រះអង្គដ៏ល្បីល្បាញ និងជាទីគោរពជ្រះថ្លានៃពុទ្ធបរិស័ទគ្រប់ស្រទាប់វណ្ណៈ ព្រះនាម ព្រះធម្មវរៈ បែល ឡុង (មហាថេរៈ) ដែលបានកសាងវត្តខ្មែរអសោក នៅទីក្រុងញូវដែល្លី នៅលើដីដែលប្រគេនដោយនាយករដ្ឋមន្ត្រីឥណ្ឌាទី១ លោកបណ្ឌិត ចាវ៉ាហាឡាល់ នេហ៍រូ ។ ព្រះអង្គបានចូលរួមយ៉ាងសកម្ម ក្នុងការកសាងព្រះពុទ្ធសាសនាឡើងវិញ នៅប្រទេសឥណ្ឌា ដែលបានបាត់បង់អស់ជាច្រើនសតវត្សរ៍ ពីទឹកដីដើមកំណើតពុទ្ធភូមិនេះ ។

© រក្សាសិទ្ធិដោយ លោកវិទូ

No comments:

Post a Comment