ធម្ម​បណ្ឌិត ហេង មណីចិន្តា៖ សង្គមនិយមពុទ្ធសាសនា និងសង្គមរាស្ត្រនិយម - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Tuesday, October 15, 2019

ធម្ម​បណ្ឌិត ហេង មណីចិន្តា៖ សង្គមនិយមពុទ្ធសាសនា និងសង្គមរាស្ត្រនិយម

សម្តេចនរោត្តម សីហនុ ទ្រង់ដាក់រាជ្យដើម្បីធ្វើនយោបាយ ក្នុងឆ្នាំ ១៩៥៥ និងបង្កើតបក្សសង្គមរាស្ត្រនិយម ។

លោកវិទូ | ថ្ងៃ ២᧱១០ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ តុលា ២០១៩ ។

ទសវត្សរ៍ឆ្នាំ1960s ជាទសវត្សរ៍នៃការប្រកួតប្រជែងគ្នារវាងមូលធននិយម តំណាងដោយក្រុមប្រទេសលោកខាងលិច និង អធននិយមតំណាងដោយក្រុមប្រទេសលោកខាងកើត ។ ប្រទេសតូចៗសឹងតែទាំងអស់ ជាពិសេសក្នុងអាស៊ីអគ្នេយ៍ បានទទួលរងឥទ្ធិពលពីមនោគមន៍វិជ្ជាទាំងពីរ និង ត្រូវសម្រេចចិត្តថាតើគួរនឹងងាកទៅខាងណាមួយ។ កម្ពុជាក៏ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះដូចគ្នា ។

ក្នុងប្រទេសដែលមានប្រជាជនកាន់ពុទ្ធសាសនាភាគច្រើន (ទាំងហីនយាននិងមហាយាន) អ្នកដឹកនាំនៃប្រទេសទាំងនោះបានព្យាយាមរកដំណោះស្រាយដើម្បីសម្របខ្លួនជាមួយមនោគមន៍វិជ្ជាទាំងពីរ ជាពិសេស មនោគមន៍វិជ្ជាកាលម៉ាក្សនិយម (Karl Marxism) ដែលមិនមានការអត់អោនចំពោះជំនឿសាសនាទាំងឡាយ រហូតដល់បានហៅសាសនាថាជាអាភៀនបំពុលប្រជាជន ។

ពាក្យ សង្គមនិយមពុទ្ធសាសនា (Buddhism socialism) បានចាប់កំណើតឡើង ទំនងជាដើម្បីបង្ហាញឬយកចិត្តថា បើសិនជាលទ្ធិម៉ាក្សនិយមមានប្រៀបនោះ ពុទ្ធសាសនាក៏អាចនៅជាមួយបានដែរ ឬ អាចថា ជាពាក្យយកចិត្តអោយពុទ្ធសាសនិកងាយទទួលយករបបសង្គមនិយម ដែលកន្លែងខ្លះត្រូវគេបំភ័ន្តថាមានលក្ខណៈដូចគ្នានឹងពុទ្ធសាសនា ។ ឧទាហរណ៍ ពាក្យ Dialectical materialism ត្រូវបានបកប្រែជាភាសាខ្មែរថា បដិច្ចសមុប្បាទសម្ភារៈនិយម ដោយយកពាក្យ #បដិច្ចសមុប្បាទ ដែលជាពាក្យធម៌កំពូលរបស់ពុទ្ធសាសនាមកប្រើ ដើម្បីប្រយោជន៍មនោគមន៍វិជ្ជា ។

សម្តេចព្រះបរមរតនកោដ្ឋ គឺអតីតសម្តេចព្រះប្រមុខរដ្ឋនរោត្តមសីហនុវរ្ម័ន ក៏បានប្រើប្រាស់ពាក្យ សង្គមនិយមពុទ្ធសាសនា ជាមូលដ្ឋានក្នុងចលនា សង្គមរាស្ត្រនិយម របស់ព្រះអង្គដែរ ដើម្បីកសាងប្រទេសអោយមានលក្ខណៈជាអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធណា (អព្យាកតាធម្មា) ។

ក្នុងវីឌីអូខាងក្រោមនេះ ស្ត្រីដែលជាមន្ត្រីនៃរាជរដ្ឋាភិបាលព្រះអង្គមួយរូប បានពន្យល់ពាក្យ «សង្គមនិយមពុទ្ធសាសនា» ថា ជារបបមួយដែលចាប់យកនូវអ្វីដែលជាបែបផែនល្អរបស់លទ្ធិទាំងពីរគឺមូលធននិយមនិងកុំមុយនិស្ត យកមករៀបចំអោយសមនឹងស្ថានភាពប្រទេសកម្ពុជា ។ (ចាប់ពីនាទី 16:40 ទៅ)

សម្តីរបស់មន្ត្រីរូបនេះ បង្ហាញនូវការយល់ដឹងអំពី មជ្ឈិមាបដិបទា ឬដែលយើងតែងប្រែថា ផ្លូវកណ្តាល របស់ព្រះពុទ្ធអង្គ សម្រាប់ការអនុវត្តក្នុងជីវិតប្រចាំថ្ងៃក៏ដូចជានៅក្នុងការអនុវត្តកម្រិតគោលនយោបាយថ្នាក់ជាតិ ។

អ្នកប្រវត្តិសាស្ត្រនានាបាននិយាយថា សង្គមនិយមពុទ្ធសាសនាបានដួលរលំនៅកម្លុងពាក់កណ្តាលខាងចុងនៃឆ្នាំ១៩៦០ ដោយបន្ទោសទៅលើការផ្តាច់មិនទទួលជំនួយពីអាមេរិក និង ងាកខ្លាំងទៅរកចិននិងសហភាពសូវៀតវិញ ។ តែក្នុងសម័យបន្ទាប់មក របបថ្មីក៏ងាកទៅរកអាមេរិក ទាត់ចិនចោលវិញម្តង ។ ដំណើរនៃការងាកទៅរកតែម្ខាងៗនេះ នៅតែមានជាបន្តបន្ទាប់ គឺទាត់ចុះទាត់ឡើងរហូតទាល់តែរបួសជើងនិងដួលខ្លួនឯង ។

ការផ្លាស់ប្តូរទាំងអស់ប្រាកដជាមានហេតុផលច្រើនណាស់ដែលយើងមិនអាចដឹងបានអស់ នៅពីក្រោយការសម្រេចចិត្តបែបនេះ ។ អ្វីដែលខ្ញុំអាចដឹងបានគឺថា បន្ទាប់ពីមានទំនាស់ជាមួយអាមេរិក និងងាកទៅរកប្រទេសកុំមុយនិស្ត ជាពិសេសចិនមក កម្ពុជាបានក្លាយទៅជាខ្សែក្រវ៉ាត់នៃសង្គ្រាមតស៊ូរបស់លទ្ធិទាំងពីរ ឬ ឧបមាដូចជានាគដែលត្រូវក្រុមយក្សនិងទេវៈ យកមករុំព័ទ្ធភ្នំទាញចុះទាញឡើងដើម្បីកកូរយករតនវត្ថុ ជាពិសេសទឹកអម្រឹត ឬ អមតភាពនៃលទ្ធិនីមួយៗ ។ 

ទេវតានិងយក្សទាញចុះទាញឡើង (ហាក់ដូចជាកំពុងប្រាប់ថា ឯងមកខាងអញតែរៀងៗខ្លួន) គឺទាញទាល់តែនាគចេញកំអួតពិស សឹងតែស្លាប់ខ្លួន ។ នៅទីបំផុតនៃមហាកាព្យកូរសមុទ្រទឹកដោះ ម្ចាស់បនល្បែងកូរសមុទ្រទឹកដោះ បានអោយពរដល់គ្រុឌ មានសិទ្ធិឆីនាគនិងពស់ទាំងឡាយជាអាហារ ។

អព្យាក្រឹត ឬ អព្យាកតធម៌ ឬ មជ្ឈិមាបដិបទា ជាជំរើសដែលលំបាកតែល្អ ។ វាគ្រាន់តែជាផ្លូវមួយប៉ុណ្ណោះ តែការដែលត្រូវដើរលើផ្លូវ ព្រះពុទ្ធអង្គទ្រង់ប្រាប់យើងអោយដើរ ដោយប្រើប្រាស់នូវឧបករណ៍៨យ៉ាងអោយបានត្រឹមត្រូវ (មគ្គទាំង៨) ប្រើប្រាស់ជាលក្ខណៈវិធីសាស្ត្រ ដែលវេជ្ជបណ្ឌិតទាំងឡាយតែងព្យាបាលអ្នកជំងឺ (អរិយសច្ច៤) មានការយល់ដឹងច្បាស់ពីអតីតកាល បច្ចប្បន្ន និង អនាគត (ញាណ៣) ជាដើម ។ ផ្លូវកណ្តាល គឺការទាញប្រយោជន៍ពីអ្នកទាំងសងខាងមកដាក់ខ្លួន ដូចជាស្ត្រីមន្ត្រីបាននិយាយក្នុងវីឌីអូ មិនមែនជាការបដិសេធជនដែលនៅសងខាងទេ ។ (មជ្ឈិមា=មធ្យម)

កំហុសតែងតែមាន តែកំហុសនោះមិនគួរកើតឡើង ក្នុងរូបភាពដដែលៗពេកទេ ។ ក្នុងពុទ្ធសាសនា ភិក្ខុដែលប្រព្រឹត្តខុសហើយខុសទៀតលើរឿងដដែលៗ ព្រះពុទ្ធអង្គលោកហៅថា ភិក្ខុអលជ្ជី ឬ ភិក្ខុមិនចេះខ្មាស គ្មានការអៀនខ្មាស ឬ មុខក្រាស់ អាចប្រឈមនឹងការបណ្តេញចេញ ឬឱ្យលាសិក្ខាបទ ។ 

តើយើងជារដ្ឋអលជ្ជីដែរឬយ៉ាងណា?

ពាក្យទំនៀមខ្មែរគឺ
កុកភ្លេចជង់ តែជង់តែងរង់ចាំកុក!

ដោយធម្ម​បណ្ឌិត ហេង មណីចិន្តា
ប្រភព៖ https://www.facebook.com/heng.monychenda/posts/2436610053088931

© រក្សាសិទ្ធិដោយ លោកវិទូ

No comments:

Post a comment