@ Punch |
បរមាធិប្បាយអំពីសុរា និពន្ធដោយ កុសលានុរក្ខិតោ ភិក្ខុ ឡាយ គ្រី ហៅ កូ
ពិនិត្យដោយលោក ញូង សឿង
ពិនិត្យដោយលោក ញូង សឿង
ស្រង់ចាក៖ ទស្សនាវដ្ដីកម្ពុជសុរិយា អត្ថបទក្បាលទី១ ឆ្នាំទី៣៧ ខ្សែទី៣ ព.ស ២៥០៧ គ.ស ១៩៦៥ ទំព័រ ២៦៤
មុននឹងប្រព្រឹត្តនូវអំពើអ្វីមួយ មនុស្សអ្នកប្រព្រឹត្តសុទ្ធតែយល់ខ្លួនឯង ថាជាហេតុនៃសេចក្ដីសុខចំរើនរបស់ខ្លួន ទើបហ៊ានប្រព្រឹត្តធ្វើ ឬព្យាយាមតស៊ូចំពោះការងារនោះៗ ដូចជនខ្លះព្យាយាមចាយទ្រព្យធ្វើទាន ព្រោះសង្ឃឹមមកវិញនូវប្រយោជន៍ពិសេសណាមួយ ជនខ្លះលះបង់កាមសុខ កោរសក់ ស្លៀកសពាក់ស សុំសីលដប់រៀនធម៌កម្មដ្ឋាន ព្រោះយល់ថាជាហេតុនៃសេចក្ដីសុខស្ថាពររបស់ខ្លួន ។ ជនខ្លះព្យាយាមលបលាក់លួចទ្រព្យអ្នកដទៃ ព្រោះសង្ឃឹមថាជាហេតុនៃសេចក្ដីសុខរបស់ខ្លួន... ជនខ្លះទៀតព្យាយាមផឹកសុរា សុរាជាឱសថសម្រាប់ជួយខ្លួនឲ្យបានសុខកាយសប្បាយចិត្ត ឬយល់ថា សុរាជាគ្រឿងលើកតម្លៃមនុស្សបើមនុស្សណាមិនចេះផឹក ឈ្មោះថាជាជនថោកថយ ឬជាមនុស្សដើរមិនទាន់សម័យ ។ ប៉ុន្តែព្រះពុទ្ធបរមគ្រូទ្រង់ត្រាស់សំដែងថា បគ្គលអ្នកលេង សុរា ឈ្មោះថាបំផ្លាញខ្លួនឲ្យវិនាសធំដោយខ្លួនឯង ។
បុគ្គលអ្នកលេងសុរា បានដល់មនុស្សអ្នកផឹកទឹកស្រវឹងផ្សេងៗ មានជាអាទិគឺ ស្រាស ស្រាថ្នាំ ហេណ្ណេស្សី វិស្គី ប៊ិស្គី សាមប៉ាញ កូញាក់ ម៉ាកតែល រូបឆ្មា រ៉ូម ប៊ីយ៉ែរ ទឹកត្នោតជូរ អាភៀន កញ្ឆា ។ មនុស្សខ្លះយល់ថា ទឹកស្រវឹងឬគ្រឿងញៀនទាំងអស់នេះ ជារបស់ប្រសើរថ្លៃថ្នូររុងរឿងបំផុតនាលោកិយនេះ ។
សេចក្ដីយល់នេះ ឈ្មោះថាត្រូវរបស់អ្នកចូលចិត្តហើយ ប៉ុន្តែវាទាស់ខុសនឹងទស្សនៈរបស់អ្នកប្រាជ្ញគ្រប់សម័យ មានព្រះពុទ្ធជាដើម សូម្បីអ្នកប្រាជ្ញសម័យបច្ចុប្បន្ន ពោលគឺអ្នកប្រាជ្ញខាងវិជ្ជាពេទ្យ វិជ្ជាអនាម័យ ក៏មានទស្សនៈដូចព្រះពុទ្ធដែរ ។ ដូច្នេះ វិជ្ជាពុទ្ធសាសនាក្ដី វិជ្ជាពេទ្យក្ដី សុទ្ធតែហាមមនុស្សមិនឲ្យផឹកទឹកស្រវឹងដូចគ្នា ស្របគ្នា មិនមានទស្សនៈខុសគ្នាឡើយ ប៉ុន្តែផលិតផលសុរាបានលូតលាស់សម្បើម ។
ហេតុនេះ ជាដំបូង សូមលាតត្រដាងនូវគុណនិងទោសនៃសុរាតាមបែបពាណិជ្ជកម្មសិន ។ ពាណិជ្ជកម្មជាសាខាមួយនៃសេដ្ឋកិច្ច ។ រដ្ឋទាំងឡាយនៅនាដុំពិភពលោកនេះ ដែលមានជីវិតរស់នៅដោយឯករាជបរិបូរបាន ព្រោះអាស្រ័យមានសេដ្ឋកិច្ចមាំមួនជាមូលដ្ឋាន ។ ហេតុនេះបានជាសុរាមានឈ្មោះច្រើនបែប សម្បូរពោរពាស មានក្លិនក្រអូបឈ្ងុយប្លែកៗ គួរឲ្យចង់ផឹក ចង់សេព ។ ការផ្សំសុរាឲ្យមានរសជាតិនិងក្លិនកាន់តែល្អឡើងៗ ដោយអាស្រ័យពួកពាណិជខាងសុរា ខំប្រឹងរាវរកជីវជាតិនៃវត្ថុធាតុផ្សែផ្សំតាមវិជ្ជាវិទ្យាសាស្រ្តគីមី ហើយគេធ្វើការឃោសនា អួតអំពីគុណភាពនៃសុរាថាអាចជួយលើកធាតុជួយបន្តអាយុឲ្យបានវែង ។ល។
ការឃោសនានោះ ទុកជាការធម្មតាទេ ព្រោះពាណិជ្ជត្រូវការលក់សុរាឲ្យដាច់ច្រើន ដើម្បីឲ្យឧស្សាហកម្មសុរារបស់ខ្លួនបានលូតលាស់ ចំរើនកើនចំនួនជាលំដាប់ ។ ចិត្តមនុស្សតែងទោរទន់ទៅតាមសំដីលួងលោមអង្វរករ ឬស្របតាមអំនួតឃោសនា ហើយភ្លេចគិត វិនិច្ឆ័យរាវរកគុណទោសឬខុសត្រូវ ។ ហេតុនេះបានជាសម័យបច្ចុប្បន្ន សុរាជាវត្ថុទិព្យនៃមនុស្សមួយភាគធំ ជាពិសេស នៅពេលអាពាហ៍ពិពាហ៍ សូម្បីត្រកូលជាពុទ្ធសាសនិកដែលបានប្រគល់កាយថ្វាយខ្លួន ចំពោះព្រះរតនត្រ័យយ៉ាងមុតមាំហើយក៏ដោយ ត្រូវតែលៃលករកសុរាដែលអ្នកស្រុកនិយមថាល្អ ដូចហេណេ្ណស្សី វិស្គី ប៊ិស្កី រ៉ូម ម៉ាកតែលជាដើម ។ បើខ្វះសុរាជាទីគាប់ចិត្តភ្ញៀវ ភ្្ឿវខ្លះដែលមកជាកិត្តិយសក្នុងពេលមង្គលនោះ ត្រូវបន្ថយប្រាក់ចំណងដៃ ព្រោះគេយល់ថា អ្នកដើមការកំណាញ់មិនហ៊ានចាយប្រាក់ ។ ត្រង់ចំណុចនេះ យើងគួរពិចារណាអំពីបុព្វហេតុនៃប្រាក់ចំណងដៃ ថាតើបុព្វបុរសយើងបានបង្កើតឡើង ដើម្បីសងថ្លៃស្រានិងថ្លៃតុ ឬបង្កើតឡើងជួយគូអាពាហ៍ពិពាហ៍ ឲ្យមានដើមទុនសម្រាប់រកស៊ី ? សូមពិចារណាមើល !
ទោះម្ដេចម្ដា ពាណិជសុរាចំណេញក្នុងមួយឆ្នាំៗ ស្ទើររាប់ប្រាក់មិនអស់ ព្រោះសុរាមានប្រយោជន៍ច្រើនប្រការ ដូចជាក្នុងមន្ទីរពេទ្យ គេប្រើសុរា (៩០ អង្សា ) សម្រាប់សម្លាប់អតិសុខុមប្រាណ និងសម្រាប់ផ្សំថ្នាំផ្នែកខ្លះ មានថ្នាំក្អក ថ្នាំលើកកម្លាំង ។ល។ ក្នុងឧស្សាហកម្ម គេប្រើសុរាធ្វើទឹកអប់ ចំអិនសាច់ ដុតម៉ាស៊ីនឲ្យដើរ រំលាយវត្ថុច្រើនយ៉ាងមានជ័រឈើផ្សេងៗជាដើម។
ដូច្នេះ ឧស្សាហកម្មសុរាប្រាកដជាឲ្យផលប្រយោជន៍ ដល់សង្គមមនុស្សមិនតិចទេ ។ យើងដឹងទៀតថា ឧស្សាហកម្មសុរាអាចជួយផ្នែកកសិកម្មឲ្យមានជីវិតធូរស្រាលផងដែរ ព្រោះសុរាកើតឡើងដោយអាស្រ័យផលិតផលកសិកម្ម ដូចជាផ្លែឈើដែលមានទឹកផ្អែម (ម្នាស់ ទំពាង បាយជូរ ឆាយថៅ អំពៅ ទឹកត្នោត ស្ករ....) ឬធញ្ញជាតិផ្សេងៗមានអង្ករពោតដំឡូងជាដើម ។ ពាណិជ្ចកម្មសុរាឲ្យផលចំណេញជាច្រើនលានរៀលក្នុងមួយឆ្នាំៗ ។
ប៉ុន្តែយើងកុំភ្លេចថា មនុស្សមួយភាគធំដែលនិយមប្រើសុរាក្នុងករណីបំផ្លាញខ្លួនឯង បំផ្លាញថវិកាជាតិឲ្យអស់ហិនហោចទៅវិញ ។ ជាពិសេសឧស្សាហកម្មសុរាសម្រាប់ផឹក គឺយើងមិននិយាយអំពីសុរា ៩០ អង្សា សម្រាប់ដុត សម្រាប់ពេទ្យ សម្រាប់ទឹកអប់ជាដើមទេ ។ ឧទាហរណ៍ប្រាក់ចំណេញពីការលក់សុរាសម្រាប់ផឹក ក្នុងមួយឆ្នាំបានមួយលានរៀល ។ តើអ្នកផឹកទាំងនោះ ត្រូវក្រសួងសុខាភិបាល ជួយព្យាបាលជម្ងឺដែលបណ្ដាលមកពីសុរាវិញដែរឬទេ ? បើដូច្នោះមែន តើថវិកាជាតិដែលចំណេញពីសុរា អាចទប់ទល់នឹងចំណាយខាងការព្យាបាលអាការរោគ នៃប្រជាករបានដែរឬទេ ? ទោះណាជាទប់ទល់បាន ហើយនៅសល់ចំណេញខ្លះ តើការថមថយកម្លាំងកាយ កម្លាំងស្មារតី និងការខូចខាតពេលវេលា កសាងប្រយោជន៍ជាតិនៃជនអ្នកជម្ងឺនោះ មានដែរឬទេ ?
ដូច្នេះ លទ្ធផលដែលកើតពីសុរាសម្រាប់ផឹក មិនមែនជាហេតុនាំឲ្យចំរើនឡើយ ព្រោះចំណេញតែខាងការលក់សុរា ហើយត្រូវខាតខាងការព្យាបាលជម្ងឺប្រជាជន ។ ព្រោះហេតុនោះបានជាព្រះសមណគោតម ទ្រង់ហាមមនុស្សមិនឲ្យរកជំនួញសុរា ។
ទេ, មិនរកស៊ីលក់សុរាម្ដេចកើត ! បើមនុស្សមួយភាគធំ និយមផឹកស្ទើរតែខានមិនបានទៅហើយ ។ ម្យ៉ាងទៀត អ្នកនិយមផឹកទាំងនោះសុទ្ធតែត្រូវចាយប្រាក់ ទើបបានស្រាមកផឹក (មានផឹកស្រាឥតថ្លៃខ្លះដែរ ដូចជាមិត្រភក្តិបបួលឲ្យផឹក ឬជប់លៀងមួយដងមួយកាល) បើសុរាមិនមានប្រយោជន៍ចំពោះខ្លួនទេ ម្ដេចក៏គេហ៊ានទិញមកផឹករៀងរាល់ថ្ងៃ ?
រឿងនេះ សូមធ្វើការដោះស្រាយ រាវរកនូវគុណនិងទោសនៃសុរាតាមបែបវិជ្ជាពេទ្យដូចតទៅនេះ :
សុរាជាថ្នាំពិសពុល វាអាចធ្វើមនុស្សដែលជានាត្រឹមត្រូវឲ្យក្លាយទៅជាមនុស្សប្លែកខុសពីធម្មតា ។ អ្នកប្រាជ្ញបានចែកឥទ្ធិពលសុរានេះជាបី សម័យគឺ : សម័យក្លាហាន សម័យទន់ខ្សោយ និង សម័យគ្រាំគ្រារាំរ៉ៃ ។
ទី ១ – សម័យក្លាហាន : សុរាហូរកាត់បំពង់កជ្រាបចូលដល់ក្រពះនៃមនុស្សក្នុងរយៈ ១៥ នាទីកន្លងមក វាធ្វើរូបកាយ ស្មារតី ចិត្តគំនិតនៃអ្នកប្រមឹកនេះ ឲ្យក្លាយទៅជាមនុស្សមានអាការប្លែកពីធម្មតា ព្រោះឥទ្ធិពលនៃសុរាបានសំដែងសព្វសព៌ាង្គកាយ គឺធ្វើអ្នកប្រមឹកនេះឲ្យមានកម្លាំង ឲ្យកើតសេចក្ដីក្លាហាន មានស្វាហាប់ មានប្រាជ្ញាវាងវៃ មានសេចក្ដីឧស្សាហ៍ខ្នះខ្នែង មានសំដីថ្វីមាត់ ឡូឡា អួតអាងហេតុការណ៍ជាអាថ៌កំបាំងផ្សេងៗ មានអំពើឃាតកម្មនិងលួចប្លន់ ឬ និយាយហែកកេរ្តិ៍ខ្មាសនៃគ្រួសារជាដើម ឬក៏និយាយឡូឡាបន្ទាបបន្ថោកខ្លួនឯង ជាសំដីបៀតបៀនខ្លួនឯង ពុំនោះសោតដៀមដាមរករឿងហេតុអ្នកដទៃ ។ សុរាខ្លះធ្វើឲ្យអ្នកផឹកឆ្ងាញ់បាយ ព្រោះវាបានចូលទៅជួយសរសៃប្រសាទឲ្យក្លៀវក្លាដែលអាចទទួលអារម្មណ៍ផ្សេងៗ មានរសជាតិនៃអាហារជាដើមបានដោយងាយ ។ ជួនកាលវាធ្វើមនុស្សសុចរិតឲ្យក្លាយទៅជាក្លាហានក្នុងអំពើអាក្រក់ មានហ៊ានជេរ វាយ ទាត់ ធាក់ កាប់ចាក់ បាញ់ សម្លាប់ អ្នកដទៃ ឬ បៀតបៀនខ្លួនឯង ដោយឥតញញើត ។ ជួនកាល វាធ្វើមនុស្សអាក្រក់ឲ្យក្លាយទៅជាក្លាហានក្នុងអំពើល្អ មានការជ្រះថ្លាក្នុងគុណព្រះរតនត្រ័យ បញ្ចេញសទ្ធាប្រកាសប្រាប់មហាជនថា ខ្លួននឹងចំណាយទ្រព្យសម្បត្តិកសាងកុដិ សាលា វិហារ ឈាបនដ្ឋាន ជាដើម ឬ សំដែងសេចក្ដីនឹករលឹកដល់គុណូបការៈនៃបុព្វការីបុគ្គលទាំងឡាយ មានមាតាបិតាជីដូនជីតាជាដើម ។ ប៉ុន្តែ បន្ទាប់ពីសេចក្ដីក្លាហាន ១៥ នាទីមក សុរាធ្វើអ្នកផឹកឲ្យឈានចូលដល់សម័យទន់ខ្សោយ ។
ទី ២- សម័យទន់ខ្សោយ : គឺជាសម័យដែលសុរាធ្វើរាងកាយមនុស្សនេះ ឲ្យថមថយកម្លាំង ថយសេចក្ដីក្លហាន ថយសេចក្ដីអង់អាច ថយប្រាជ្ញាប៉ាធី ខ្ជិល មិនចង់និយាយស្ដី នឹកព្រួយបារម្ភស្ដាយចំពោះសំដីដែលខ្លួននិយាយអួតអាងហួស ឬ បន្ទាបបន្ថោកហួសទៅហើយ ។ ដើម្បីដឹងឥទ្ធិរិទ្ធិនៃសុរា គេអាចធ្វើបញ្ជាក់អ្នកផឹកដោយវិធីគោះក្បាលជង្គង់ គឺគេឲ្យអង្គុយលើកៅអីសំយុងជើងដែលបង្កើតជាមុម ៩០ អង្សា ដូចឧទាហរណ៍តទៅនេះ :
មនុស្សធម្មតាមិនទាន់ផឹក កាលគេគោះ ជើងវាត់ឡើង ៤៥ អង្សា
មនុស្សធម្មតាផឹកហើយ ១៥ នាទី កាលគេគោះជើងវាត់ឡើង ៩០ អង្សា គឺវាត់ឡើងត្រង់តាមភ្លៅ ។
មនុស្សធម្មតាផឹកហើយ ៣០ នាទី កាលគេគោះ ជើងវាត់ឡើង ១៥ អង្សា គឺខ្សោយជាងមុនពេលផឹក ២ ភាគ ៣ ។
កាលបើពិសោធឃើញថា សរសៃវិញ្ញាណខាងរាងកាយខ្លាំងក្លា ឬទន់ខ្សោយហើយ សរសៃវិញ្ញាណដទៃទៀតគ្រប់ផ្នែកក៏ខ្លាំងក្លាឬទន់ខ្សោយដែរ នេះជាសេចក្ដីពិតដែលពិនិត្យឃើញនឹងភ្នែកយើងរាល់គ្នា ។
ដូច្នេះហើយ បានជាអ្នកផឹកខ្លះនិយាយថា បើមិនផឹក ស៊ីបាយមិនឆ្ងាញ់ ធ្វើការមិនកើត ឥតកម្លាំងកាយ ចិត្តទេ ។ ដើម្បីធ្វើឲ្យបានសម្រេច អ្នកផឹកជោគផឹកជាំ ត្រូវតែផឹកតទៅទៀត ឧទាហរណ៍ អ្នកប្រមឹកមុនផឹកលីអង្ករមួយបាវមិនរួច ផឹកមួយកែវ គេលីអង្ករនោះរួច លីរួចដោយកំឡាំងសុរាជួយច្រានស្ថាមពលនៃសរីរាង្គគ្រប់ផ្នែក ។ កន្លងមក ២៥ នាទី អ្នកដដែលនោះលីអង្ករមួយបាវនោះលែងរួចទៀត ។ ដូច្នេះ ត្រូវតែផឹកទៀត លុះផឹកហើយ សមត្ថភាពគឺកម្លាំងកាយ ស្មារតី កើតដូចមុន ។ ហេតុនេះបានជាអ្នកផឹក ចេះតែព្យាយាមផឹកជាលំដាប់លំដោយមិនព្រមឈប់ផឹក ព្រោះការងារអាជីវកម្ម ឬ បាបមិត្រ តម្រូវឲ្យផឹក ទើបអាចបំពេញកិច្ចការទាំងនោះឲ្យសម្រេចបាន ។
ប៉ុន្តែរាងកាយទាំងមូលនៃអ្នកប្រមឹក ត្រូវគ្រាំគ្រាទ្រុឌទ្រោមចុះជាលំដាប់រាល់ៗថ្ងៃ ព្រោះស្ថាមពលនៃសុរាដុតកំដៅជានិរន្តរ៍ ឥតឈប់ឈរ ។
ម្យ៉ាងទៀត រូបរាងកាយមនុស្ស មិនអាចផ្លាស់ប្ដូរសរីរាវយវៈផ្សេងៗ មានការផ្លាស់ថ្លើម សួត បេះដូង ខួរក្បាល ក្រពះ ពោះវៀន សរសៃ វិញ្ញាណជាដើមបាន ដូចជាសម្ភារៈឡានមានពិស្តុង ដងយ៉េន (Bielle ) ស៊ីឡាំងជាដើមនៃម៉ាស៊ីនបានទេ ។ ម៉ាស៊ីនទាំងនោះ កាលជាងបង្កើតមក គេបានវាស់កម្លាំងវាស្រេច ដូចជាម៉ាស៊ីនកម្លាំងមួយសេះ ពីរសេះ បីសេះ ដប់សេះ ម្ភៃសេះ ជាដើម គេចេះប្រើ គេត្រូវលៃលកប្រើតាមបំណងនៃអ្នកបង្កើតម៉ាស៊ីននោះ ទើបអាយុនៃម៉ាស៊ីននោះអាចឋិតថេរត្រឹមត្រូវតាមពាក្យសន្យា ឬ ច្បាប់កម្រិតនៃអ្នកកសាង ។
ឧទាហរណ៍ ឡានមួយ អ្នកកសាងបានធ្វើកន្លែងឲ្យអង្គុយចំនួនមនុស្ស ៥ នាក់ (ទម្ងន់មធ្យម ២៥០ គក) គេធានាថាអាចប្រើបាន ៣៦០.០០០ គីឡូម៉ែត្រ (ឬគេសន្យាថា រយៈកាល ១០ ឆ្នាំទើបខូច បើប្រើក្នុងមួយថ្ងៃ ១០០ គីឡូម៉ែត្រ ដោយដឹកទម្ងន់តែ ២៥០ គីឡូក្រាម ) ។ ប៉ុន្តែបើអ្នកប្រើមិនគោរពតាមច្បាប់នៃសង្ខារ ឬ ច្បាប់នៃធម្មជាតិទេ ចេះតែប្រើតាមអំពើចិត្តមានការដាក់លើសទម្ងន់ជាដើម កម្លាំងនិងអាយុនៃឡាននេះ ក៏ត្រូវថយចុះ ពោលគឺឆាប់ខូច ពេលខូចគេអាចផ្លាស់ប្ដូរជួសជុលបានដោយងាយ ព្រោះឡានជាគ្រឿងម៉ាស៊ីន ធ្វើដោយដែក ប៉ុន្តែការជួសជុលផ្លាស់ប្ដូរ ធ្វើឲ្យប្រើតទៅទៀតកើតនេះ មិនពូកែមាំមួនដូចថ្មី កាលមិនទាន់ខូចទេ ។
ចំណែករូបរាងកាយនៃមនុស្ស ដែលធម្មជាតិតាក់តែងមក មិនមែនជាដែកទេ តើយើងអាចផ្លាស់ប្ដូរដូចម៉ាស៊ីនបានដែរឬទេ ? ឮគេថាបានខ្វះដែរ ដូចជា ការប្ដូរ ឬ ជួសជុលភ្នែក តដៃ ជើង កែរោគថ្លើម បេះដូង សួត ខួរក្បាលជាដើម តាមបែបវិជ្ជាពេទ្យសម័យទំនើប ។ ការផ្លាស់ប្ដូរជួសជុលនេះ តើត្រូវមានភារៈធ្ងន់ធ្លាក់មកលើរូបកាយយ៉ាងណាខ្លះ ? ត្រូវទទួលគ្រោះថ្នាក់ច្រើនប្រការគឺ :
ឈឺចាប់ពើតពេញរាងកាយ
ដេកស្ដូកស្ដឹងលើគ្រែពេទ្យអស់រយៈកាលយ៉ាងយូរ
ដាច់ទ្រព្យសម្បត្តិច្រើនពាន់ម៉ឺនរៀល
បង្កើតទុក្ខព្រួយដល់ក្រុមញាតិ ក្រុមគ្រួសារ ។ល។
ប៉ុន្តែ ពាក្យថាប្ដូរផ្លាស់ព្យាបាលកែកុនបាននេះ មិនទាន់ប្រាកដមួយរយភាគរយទេ ព្រោះរបស់ដែលខូចខាតហើយ គេយកទៅកែកុនជួសជុលវាមិនដែលមាំ ល្អ ពូកែ ដូចដើមទេ វាតែងតែថយចុះគុណភាពជាដរាប ជួនកាលកែមិនកើត ត្រូវស្លាបក៏មានច្រើនដែរ ។ ដូច្នេះ រូបរាងកាយនៃអ្នកប្រមឹក ត្រូវតែគ្រាំគ្រា សមតាមការផឹកតិចឬច្រើន ដែលទាក់ទងទៅនឹងរយៈពេលវេលា យូរថ្ងៃ ខែ ឆ្នាំ ឬក៏ឆាប់ ។ រូបរាងកាយនៃអ្នកប្រមឹកជើងចាស់ ក្លាយសភាពទៅជាគ្រាំគ្រារ៉ាំរ៉ៃ គួរឲ្យអាណោចអាធម៌ក្នុងចិត្តណាស់ ។
ទី ៣ – សម័យគ្រាំគ្រារ៉ាំរ៉ៃ : អ្នកព្យាយាមផឹក ផឹកយូរខែយូរឆ្នាំកន្លងមក គេឃើញ :
សាច់ហើមព្រួកៗ ពណ៌លឿងដូចចំបើង
ភ្នែកលឿងស្ងួតមើលទៅវត្ថុអ្វីៗ ពុំសូវច្បាស់ល្អ
ស្បែកលឿងស្ងួតស្ដើង
ពោះប៉ោងឡើងសរសៃរវាមតាំងពីពោះរហូតដល់ទ្រូង ថ្លើមហើមធំធ្លាក់ចុះមកក្រោមឆ្អឹងជំនីរ ហើយរឹង ។
ខួរក្បាលខ្សោយ ស្មារតីផុតៗ
សួតស្ងួត ពិបាកដកដង្ហើម
ពោះវៀនក្ដៅស្ងួត ឬ រលាក
វក្កំ ស្ងួត ឬ ស្ទះ
អាយុខ្លី
ឈឺចាប់បន្តិចបន្តួច ពេទ្យពិបាកព្យាបាល
ឧទាហរណ៍ : រោគគ្រុនផ្ដាសាយ ឬរោគកញ្រ្ជិល ឬក៏រោគស្រាលៗដទៃទៀតកើតឡើង អាចធ្វើអ្នកផឹកជោគផឹកជាំនេះឲ្យស្លាប់បានដោយងាយ ព្រោះសរីរាង្គគ្រប់ផ្នែក ត្រូវគ្រាំគ្រាអស់ហើយ។កាលណាអ្នកផឹកជោគជាំនេះដានជម្ងឺមកដល់ គេមិនត្រូវបញ្ឈប់លែងឲ្យផឹកតែម្ដងទេ គឺគេត្រូវលៃលកបន្ថយបន្តិចម្ដងៗជាលំដាប់ ។ បើបញ្ឈប់ព្រឹបតែម្ដងអ្នកជម្ងឺនេះ ជួនកាលត្រូវទទួលគ្រោះថ្នាក់ដល់ស្លាប់ ជួនកាលក្លាយទៅជាមនុស្សឆ្កួតភ្លាមក៏មាន ។
ទោះជាមិនមានជម្ងឺធ្ងន់ជាក់ស្ដែងក៏ដោយ អ្នកផឹកជោគជាំនេះ អាចក្លាយទៅជាមនុស្សឆ្កួត ឬស្រវឹង ដោយមិនបាច់ផឹកស្រាថ្មីទៀតទេ ព្រោះផលវិបាកនៃស្រាក្នុងអតីតកាលនោះ បានដុតកំដៅប្រព័ន្ធសរសៃប្រសាទគ្រប់ផ្នែក មានខួរក្បាលធំ កណ្ដាល តូច ជាដើម ឲ្យស៊ាំក្នុងដំណើរឆ្កួតស្រេចហើយ ។ ហេតុនេះ បានជាយើងឃើញអ្នកប្រមឹកជើងចាស់ ច្រើនតែនិយាយឡូឡា រអ៊ូរទាំជេរប្រទេច វាយចានឆ្នាំង អួតអាង ពីសេចក្ដីក្លាហានរបស់ខ្លួន ។ល។ ឬក៏ធ្មឹងធ្មើយ មិននិយាយស្ដី ប្រៀបដូចមនុស្សឆ្កួតមិននិយាយ បើហាមាត់និយាយៗ ខុសតែម្ដង ។ល។
អ្នកប្រមឹកជោគតែងទទួលផលជាទុក្ខជាក់ស្ដែងគឺ :
ក្រទ្រព្យសម្បត្តិព្រោះផឹកស្រា
បើមានគ្រួសារ គ្រួសារនៅជាមួយមិនបាន ព្រោះស្រវឹងឡូឡានិយាយហែកកេរ្តិ៍គ្រួសារឯង
ឥតអៀនខ្មាស មានការលែងខ្លួនទទេដូចតិរច្ឆាន ឬដេកនៅលើចិញ្ចើមថ្នល់ ឬក៏ដើរដួលម្នាក់ឯងជាដើម ។
ខូចកេរ្តិ៍ឈ្មោះ កិត្តិយសនៃគ្រួសាររហូតដល់សួពូជ
មានមិត្តភ័ក្តិសុទ្ធតែបាបមិត្រ គឺមិត្តនាំទៅកាន់សេចក្ដីវិនាស ហើយកត់សំគាល់បាបមិត្រនោះថា ជាកល្យាណមិត្រ ឬថាជាកល្យាណជន ។
ស្អប់កល្យាណមិត្រ ព្រោះសំគាល់ថាជាជនទុច្ចរិត ។
ព្រះពុទ្ធជ្រាបច្បាស់ថា មនុស្សលោកចូលចិត្តអ្នកមានចិរិយាថ្លៃថ្នូរមិនរវើរវាយ មិនឡូឡា មិនរឡេមរឡាម គឺថាចូលចិត្តមនុស្សសុភាពស្លូតត្រង់ ចរិយាទន់ភ្លន់ មានស្មារតីមាំមួន មានសតិរស់រវើក មានសម្បជញ្ញៈរឹងប៉ឹង ។ រូបកាយមនុស្សលោកទាំងអស់ ដែលអាចជួបប្រទះសុភមង្គលបានដោយអាស្រ័យ សតិសម្បជញ្ញៈជាមគ្គុទេសក៍ ព្រោះសតិជាគ្រឿងដាស់តឿនរំលឹកសព្វកិច្ចការ សម្បជញ្ញៈជាគ្រឿងវិនិច្ឆ័យពិភាក្សារាវរកហេតុផល ឲ្យយល់ច្បាស់នូវហេតុចំរើនវិនាស ខុសត្រូវបាបបុណ្យ គុណទោស ។ល។
មនុស្សខ្វះសតិសម្បជញ្ញៈ បានដល់មនុស្សប្រមឹកជោគ បើបច្ចុប្បន្នកាលនេះមិនបានផឹក ក៏អតីតកាលធ្លាប់បានផឹកដែរ ហេតុនេះបានជាបុរសឬស្រ្តីខ្លះ ត្រូវទទួលមត៌កគឺខ្វះសតិសម្បជញ្ញៈ ឬក្លាយទៅជាមនុស្សឆ្កួត ឬក៏មិនសូវមានប្រាជ្ញា វិចារណញ្ញាណ ព្រោះផលវិបាកនៃថ្នាំពិសពុល គឺសុរាដែលខ្លួនធ្លាប់បានសេពទុកមកយូរហើយ ។ កាលបើខ្វះសតិសម្បជញ្ញៈហើយ មនុស្សត្រូវធ្លាក់ចូលទៅក្នុងសេចក្ដីធ្វេសប្រហែស (បមាទធម៌) គ្រប់កិច្ចការទាំងអស់ ពោលគឺធ្វេសប្រហែសក្នុងកងការកុសលគ្រប់ជំពូកមានទាន សីល ភាវនា កតញ្ញុតា កតវេទិតា សុចរិត យុត្តិធម៌ ខន្តី សន្ដោស សច្ច ជាដើម ហើយចូលចិត្តប្រព្រឹត្តអកុសលកម្មផ្សេងៗ មានការសម្លាប់សត្វ លួចទ្រព្យគេ លួចប្រពន្ធគេលេងល្បែងភ្នាល់ជាដើម ។ មនុស្សឋិតនៅក្នុងបមាទធម៌នេះ ព្រះសក្យមុនីគោតមបរមគ្រូហៅថា មនុស្សស្លាប់ស្រេចទៅហើយ ឬអន់ជាងមនុស្សស្លាប់ទៅទៀត ព្រោះពេលវេលានៃមនុស្សប្រមាទនេះ ជាពេលវេលាគ្រាំគ្រារាងកាយឥតអំពើ ឬពេលរិចរិលសេចក្ដីចំរើនផ្ទាល់ខ្លួន ញាតិនិងពិភពលោក ឬថាជាពេលវេលាកសាងតែអកុសលកម្ម ដែលទុកដូចជាកសាងគុកច្រវាក់ ខ្នោះឃ្នាង គឺឋាននរក ឲ្យកាន់តែមាំឡើងៗ ដាក់ខ្លួនឯងតែប៉ុណ្ណោះ ។ ដូច្នេះ ការលេងសុរា ប្រាកដជាបំផ្លាញខ្លួនឯងគ្រួសារឯង ជាតិឯង ឲ្យខូចប្រយោជន៍បច្ចុប្បន្ននិងបរលោក ។
ក្នុងសិង្គាលោវាទសូត្រ គម្ពីរទ័ឃនិកាយ បាដិកវគ្គ ព្រះពុទ្ធទ្រង់សំដែងថា ការផឹកសុរានាំឲ្យមានទោសជាលោកិយ ៦ យ៉ាងគឺ :
ទី ១ – នាំឲ្យវិនាសទ្រព្យសម្បត្តិឃើញជាក់ស្ដែង ក្នុងលោកនេះ (សន្ទិដ្ឋិកា ធនជានិ ) គឺវិនាសទ្រព្យធនដែលមានស្រាប់ព្រោះចាយក្នុងការទិញសុរា ។ ពេលស្រវឹង ចាយខ្ជះខ្ជាយឥតគិតពីទ្រព្យមានស្រាប់ ឬមិនមានឡើយ បានដល់ការចាយទិញគ្រឿងស៊ីផឹកផ្សេងៗ ឥតសណ្ដាប់ធ្នាប់ ឬលេងល្បែងស្រីប្រុស ល្បែងភ្នាល់ ។ល។ ទ្រព្យដែលត្រូវចំរើនឡើង ក៏ខូចខាតខានចំរើនឡើង ព្រោះរវល់តែយកពេលវេលាចំណេញប្រាក់ ទៅបំផ្លាញឲ្យក្លាយទៅជាពេលវេលាប្រមឹកទៅវិញ។ ដូច្នេះទ្រព្យចាស់ក៏អស់ទៅ ទ្រព្យកើតថ្មីក៏ខានកើតឡើង ពោលគឺវិនាសធនធានអស់រលីង ។
ទី ២ – នាំឲ្យកើតការឈ្លោះប្រកែកគ្នា (កលហប្បវឌ្ឍនី ) គឺឈ្លោះតែខ្លួនឯងម្នាក់ឯង គ្រួសារឯងញាតិមិត្រជិតខាងឯង ប្រៀបដូចមនុស្សឆ្កួតឥតដឹងខុសត្រូវ ។
ទី ៣ – នាំ ឲ្យកើតរោគផ្សេងៗ មានរោគភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ខួរក្បាល បេះដូងជាដើម (រោគានំ អាយតនំ ) ។
ទី ៤ – នាំឲ្យខូចកេរ្តិ៍ឈ្មោះ (អកិត្តិសញ្ជននី ) គឺត្រូវគេតិះដៀលព្រោះសំដែងអាការ ឫកពាខុសពីច្បាប់ផ្លូវលោកនិងផ្លូវធម៌ ។
ទី ៥ – នាំឲ្យហ៊ានបញ្ចេញកេរ្តិ៍ខ្មាសរបស់ខ្លួន ឬ គ្រួសារខ្លួនបង្ហាញអ្នកដទៃ (ហិរិកោបិននិទ្ធំសនី ) ពោលគឺឥតមានការអៀនខ្មាស ឬ លាក់លាម ហេតុភេទអាក្រក់អ្វីបន្តិចបន្តួចសោះឡើយ ។
ទី ៦ – នាំឲ្យអាប់អន់ថយចុះ នៃប្រាជ្ញាប៉ាធី (បញ្ញាយទុព្វលីករណី ) គឺខូចប្រព័ន្ធសរសៃប្រសាទគ្រប់ផ្នែក សរសៃប្រសាទជាវត្ថុសម្រាប់ទ្រទ្រង់ ការចេះដឹង យល់ ស្ដាប់ ពិចារណា សតិ សម្បជញ្ញៈ ពោលគឺជាគ្រឿងកត់ចំណាំហេតុការណ៍គ្រប់យ៉ាង ។
ទ្រឹស្ដីពុទ្ធសាសនាបញ្ជាក់ថា សុរាជាវត្ថុមានពិសពុល វាបំផ្លាញអ្នកផឹកឲ្យមានទោស ៦ ប្រការ ឃើញជាក់ស្ដែងនឹងភ្នែក ដូចអធិប្បាយមកនេះ ដែលស្របគ្នាទាំងស្រុងនឹងវិជ្ជាពេទ្យក្នុងពិភពលោកគ្រប់សម័យ មិនមានខុសគ្នាបន្តិចបន្តួចសោះឡើយ ។
ហួសពីនេះទៅទៀត ព្រះសមណគោតមជាអង្គអ្នកប្រាជ្ញ បានរកឃើញថា អ្នកប្រមឹកកាលស្លាប់ពីជាតិនេះទៅ ត្រូវទៅសោយទុក្ខទោសក្នុងឋាននរកទៀត លុះរួចទុក្ខទោសឋាននរកមកហើយ ត្រូវមកកើតជាសត្វតិរច្ឆាន ឬ មនុស្សដែលមានសតិសម្បជញ្ញៈទន់ខ្សោយ ឬក៏ជាមនុស្សលេលា ពុំនោះសោតជាមនុស្សឆ្កួត ពេទ្យមើលមិនជា ពោលគឺឆ្កួតដរាបដល់ស្លាប់ ។ ហេតុនេះ ការផឹកសុរា ឈ្មោះថាជាប្រធាននៃសេចក្ដីវិនាស ។
ដូច្នេះ បុគ្គលអ្នកលេងសុរា កញ្ឆា អាភៀន ដែលជាគ្រឿងស្រវឹងឬគ្រឿងញៀន ឈ្មោះថាជាអ្នកបំផ្លាញប្រយោជន៍ខ្លួន គ្រួសារញាតិ ជាតិ និងប្រយោជន៍ពិភពលោក ព្រោះអ្នកប្រមឹក ឬអ្នកកឹកអាភៀនជាដើមនេះ មិនសូវដែលបានជួយបង្កើតបង្កើនផលិតផលសម្រាប់ទ្រទ្រង់ពិភពលោកទេ ច្រើនតែជាអ្នកបរិភោគផលិតផលដែលគេបង្កើតស្រាប់ៗ ។
ហេតុនេះ យើងគួរតែចៀសវាងគ្រឿងស្រវឹងគ្រឿងញៀនទាំងអស់ ដើម្បីទុកពេលវេលា ទុកកម្លាំងកាយកម្លាំងស្មារតី កសាងប្រយោន៍ជាតិ សាសនា និងរាជបល្លង្ក ឬកសាងកំណើតថ្មីរបស់យើង ឲ្យបានរុងរឿងក្នុងលោកនេះនិងបរលោក ៕
© រក្សាសិទ្ធិដោយ លោកវិទូ
No comments:
Post a Comment