សម្តេចព្រះធម្មលិខិត លាស់ ឡាយ ទទួលព្រះអនិច្ចធម្ម ក្នុងព្រះជន្ម១០៦ព្រះវស្សា - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Tuesday, October 29, 2019

សម្តេចព្រះធម្មលិខិត លាស់ ឡាយ ទទួលព្រះអនិច្ចធម្ម ក្នុងព្រះជន្ម១០៦ព្រះវស្សា


លោកវិទូ | ថ្ងៃ ៣᧢១២ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២៩ តុលា ២០១៩

ភ្នំពេញ៖ សម្តេចព្រះធម្មលិខិត លាស់ ឡាយ ព្រះចៅអធិការវត្តសន្សំកុសល បានទទួលព្រះអនិច្ចធម្ម (សុគត) នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ ដោយព្រះជរាពាធក្នុងព្រះជន្ម ១០៦ព្រះវស្សា ។

សូមបញ្ជាក់ថា សម្តេចព្រះធម្មលិខិតលាស់ ឡាយ ប្រសូតនៅថ្ងៃពុធ ៧កើត ខែភទ្របទ ឆ្នាំថោះ ក្នុងពុទ្ធសករាជ ២៤៥៧ ត្រូវនឹងគ្រឹស្គសករាជ១៩១៤ នៅភូមិធ្យូង ឃុំធ្យូង ស្រុកពញាឮ ខេត្ត កណ្តាល ។ បិតាមាន ល័ក្ខ លាស់ ហៅអាចារ្យលាក់ និងមាតានាម ស៊ូ អ៊ុច មានបងប្អូនចំនួន១០នាក់ ប្រុស៧នាក់ ស្រី៣នាក់ សម្តេចជាបុត្រទី៥ នៅក្នុងគ្រួសារ ។

លុះដល់អាយុ១២ឆ្នាំ មាតាបិតាបានឱ្យកុមារលាស់ ឡាយ ទៅបួសជាសាមណេរក្នុងសំណាក់ព្រះគ្រូឯល គាំ និងមាតាបិតាក៏បានចាត់ឱ្យទៅរៀនព្រះបរិយត្តិធម៌ក្នុងសំណាក់លោកគ្រូមហាអ៉ឹម នៅវត្តព្រះពុទ្ធមានបុណ្យ ក្រុងភ្នំពេញ ។ ក្រោយមកសាមណេរអង្គនេះបានទៅគង់នៅវត្តឧណ្ណាលោម ដើម្បីរៀនបរិយត្តិធម៌បន្តទៀតរហូតដល់អាយុ១៩ឆ្នាំ ទើបលាចាកសិក្ខាបទទៅបម្រើមាតាបិតាវិញ ។

យោងតាមសៀវភៅ «មហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរ» ឱ្យដឹងថា លុះដល់អាយុ ២១ឆ្នាំ មាតាបិតាបាននាំទៅបំពេញឧបសម្បទាជាភិក្ខុភាពក្នុងសំណាក់ព្រះឧបជ្ឈាយ៍ ព្រះនាមអ៊ុក នៅវត្តសំរោង ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ (ខាងលិចផ្សារឧដុង្គ) ដែលជាស្រុកកំណើតរបស់ញោមស្រី ។ នៅក្នុងឆ្នាំនោះ ភិក្ខុលាស់ ឡាយ បាននិមន្តទៅគង់នៅវត្តមហាមន្ត្រី ដើម្បីរៀនបរិយត្តិធម៌បន្តទៀត ។

ក្នុងឆ្នាំ១៩៤៨ ភិក្ខុ លាស់ ឡាយ បានទៅជួយបង្រៀនបរិយត្តិធម៌នៅវត្តកំពង់ឃ្លាំង ស្រុកជីក្រែង ខេត្តសៀមរាប បានមួយឆ្នាំ ក្រោយមកសម្តេចហួត តាត ជាអគ្គាធិការបានចេញប្រកាសនិយបត្រតាំងជាអាចារ្យបង្រៀនផ្លូវការនៅពុទ្ធិកបឋមសិក្សា នៅវត្តមហាមន្ត្រី ។ ឆ្នាំ១៩៦៥ បានទៅសិក្សាផ្នែកគរុកោសល្យនៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ក្រុងភ្នំពេញ ១ខែ ហើយសម្តេចព្រះសង្ឃរាជ្យជួន ណាត បានតែងតាំងជាព្រះគ្រូឃោសាភិរ័ត្ន ជាឋានានុក្រមសង្ឃថែមទៀត ។ ឆ្នាំ១៩៧០ គណៈសង្ឃវត្តមហាមន្ត្រី បានជ្រើសតាំងជាប្រធានគណៈសង្ឃសម្រាប់វត្ត ។

ឆ្នាំ១៩៧៥ ពួកទមិឡឥតសាសនាបាននិរទេសភិក្ខុលាស់ ឡាយ យកទៅផ្សឹកនៅវត្តមណ្ឌប ស្រុកស្រីសន្ទរ ខេត្តកំពង់ចាម ។ ឆ្នាំ១៩៧៨ ពួកទមិឡឥតសាសនាបានយកបណ្ឌិតលាស់ ឡាយ ទៅសម្លាប់រហូតដល់ពីរដង ប៉ុន្តែមិនបានសម្រេចដូចបំណងឡើយ ។ នៅឆ្នាំ១៩៧៩ បណ្ឌិតលាស់ ឡាយ បានមកចូលក្រុងភ្នំពេញវិញ និងគង់នៅវត្តសន្សំកុសល រួចបានទៅបំពេញភិក្ខុភារៈឡើងវិញនៅវត្តឧណ្ណាលោម ដោយមានព្រះវិន័យធរទេព វង្ស (កាលនោះមិនទាន់ឡើងព្រះឋានៈជាសម្តេចព្រះសង្ឃរាជ) ជាព្រះឧបជ្ឈាយ៍ ។

សមណសក្តិ និងការតែងនិពន្ធ


ស្នាព្រះហស្ត គឺសម្តេចលាស់ ឡាយ បានរៀបរៀងសៀវភៅធម៌ចំនួន១៣មុខ ព្រមទាំងបានកសាងសមិទ្ធនានា ក្នុងវត្តសន្សំកុសលជាច្រើនទៀត ។ នៅក្នុងទសវត្ស១៩៦០ សម្តេចព្រះធម្មលិខិត បានទទួលប្រកាសនីយបត្រ តែងតាំងជាអាចារ្យបង្រៀនពីសម្តេចហួត តាត ដែលជាអគ្គាធិការពុទ្ធិកសិក្សាសញ្ញាបត្រវិក្រឹតការគរុកោសល្យ និងបសំសនីយបត្រ ចេញដោយក្រសួងធម្មការ និងងារជាព្រះឃោសាភិរ័ត្ន តែងតាំងដោយសម្តេចព្រះសង្ឃរាជជួន ណាត ។

ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៨៥ បានទទួលលិខិតសរសើរពីគណៈកម្មាធិការប្រជាជនបដិវត្តន៍រដ្ឋធានីភ្នំពេញ និងបានទទួលលិខិតសរសើរពីមន្ទីរពេទ្យក្រុងភ្នំពេញ ។

បានតែងតាំងជាព្រះធម្មលិខិត ជាអធិបតីក្រុមជុំនំព្រះត្រៃបិដក ពីក្រុមប្រឹក្សារណសិរ្សកសាងការពារមាតុភូមិកម្ពុជា ។

ឆ្នាំ១៩៩២ សហប្រធាន Worl Buddhist Supreme Tathagata Followers Headquaters បានប្រគេនឋានន្តរស័ក្តិ ងារជាមហាលោកិយលំដាប់លេខ១ នៅក្រុងកូឡុំបូ ប្រទេសស្រីលង្កា ។

ឆ្នាំ១៩៩៥ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំងជាសម្តេចព្រះធម្មលិខិត ។

ឆ្នាំ២០០១ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់ប្រទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ។

ថ្ងៃទី២៤ សីហា ឆ្នាំ២០០២ លោកជំទាវប៊ុន រ៉ានី ហ៊ុន សែន ថ្វាយលិខិតថ្លែងអំណរគុណដល់សម្តេច ដែលសម្តេចបានឧបត្ថម្ភប្រាក់ដល់កាកបាទក្រហមកម្ពុជា ។

ថ្ងៃទី៥ ធ្នូ ២០០២ សម្តេចព្រះមហាសុមេធាធិបតីទេព វង្ស ទ្រង់បានតែងតាំងសម្តេចព្រះធម្មលិខិតលាស់ ឡាយ ជាអនុគណខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ថ្ងៃទី៤ ឧសភា ឆ្នាំ២០១៦ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រទានងារជាព្រះសង្ឃនាយករងទី១ នៃ ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានតែងតាំងសម្តេចជាអគ្គាធិការរង ពុទ្ធិកសិក្សាជាតិ ហើយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០៦ ត្រូវបានតែងតាំងសម្តេចជាប្រធានថេរសភាសង្ឃនៃពុទ្ធសាសនា ។ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានព្រះឋានៈជាសម្តេចព្រះសង្ឃនាយករងទី១ និងមានសិទ្ធិប្រើរាជស័ព្ទ ព្រមទាំងមានសិទ្ធិប្រើផ្លិតពិសេស ។

ចំណេះដឹង និងភាសាដែលអាចប្រាស្រ័យទាក់ទងបាន៖


ចំណេះដឹងដែលសម្តេចព្រះធម្មលិខិតលាស់ ឡាយ មាន គឺភាសាបារាំង អាចអានបានភាសាថៃ អាចសន្ទនាបែបភាសាបាលី និងសម្រាយបាន ។ សម្តេចចេះវិន័យបាតិមោក្ខរត់មាត់ និងចេះគម្ពីរវុត្តោទ័យ ព្រមទាំងដីកាយ៉ាងស្ទាត់ជំនាញពីសំណាក់ព្រះធម្មលិខិតម៉ឹង សែស ប្រធានថេរសភាសង្ឃ (ពីសង្គមចាស់) ជាគ្រូ ៕

ស្នាព្រះហស្ថ៖


សម្ដេចព្រះធម្មលិខិត លាស់ ឡាយ បានរៀបរៀងសៀវភៅធម៌ ចំនួន១៣មុខ មាន៖

១- អន្តរធានកថា
២- អច្ឆរិយកថា
៣- សច្ចប្បរិយាល
៤- ទុល្លភកថា ឬច្បាប់ល្អក្ររកបាន
៥- សង្គ្រាមអមនុស្សថ្មីចាស់
៦- សង្ខារប្បរិយាល
៧- ប្រវត្តិព្រះពុទ្ធសាសនា ក្រោយបរិនិពាន្វ
៨- កាយកថាសតិកម្មដ្ឋាន
៩- សីមាវណ្ណនា
១០- រំឭកគុណព្រះ
១២- ប្រវត្តិព្រះកច្ចាយនត្ថេរ
១៣- ប្រែមាឃ និងវិសាខបូជា
១៤- រឿងទហរភិក្ខុ, រឿងដដិលខុសមាត់, រឿងជោតិកត្តេរភិក្ខុ, រឿងសម្ពហុលភិក្ខុ ។

មិនត្រឹមតែប៉ុណ្ណោះ ព្រះអង្គបានកសាងសមិទ្ធផលជាច្រើន ដូចជាកុដិមួយខ្នងនៅវត្តមហាមន្ត្រី ។

- ឆ្នាំ១៩៨៥ បានកសាងការិយាល័យលាសាបឋមសិក្សាវត្តសន្សំកុសលមួយខ្នង និងរួមកសាងអគារសិក្សាមួយខ្នងមានពីរជាន់ ។
- ឆ្នាំ១៩៨៧ បានកសាងព្រះវិហារវត្តស្បែង
- ឆ្នាំ១៩៩០ បានកសាងសាលាបាលីជាន់ក្រោម ។
- ឆ្នាំ១៩៩៣ បានកសាងបណ្ណកុដិ ។
- ឆ្នាំ១៩៩៩ បានកសាងមហាកុដិពីរជាន់មួយខ្នង ដែលសម្ដេចគង់ប្រថាប់សព្វថ្ងៃ ។
- ឆ្នាំ២០០០-២០០១ បានកសាងកុដិ ទីប៉ាឆាមូយខ្នង មានពីរជាន់ ។
- ឆ្នាំ២០០៤ បង្កើតពុទ្ធិកវិទ្យាល័យសម្ដេចព្រះធម្មលិខិត លាស់ ឡាយ សន្សំកុសល និងទីចាត់ការនៃពុទ្ធិកវិទ្យាល័យមួយខ្នង ។
- នៅចុងឆ្នាំ២០០៤ កសាងកុដិមួយខ្នងបន្ថែមទៀតក្រោមឧបដ្ឋានសាលា ។
- ឆ្នាំ២០០៦ ចាក់ដីបំពេញអូរខាងក្រោយចំនួន៤០០ឡាន ។
- ឆ្នាំ២០០៧ កសាងកុដិមួយខ្នងមានពីរជាន់ជាប់របងខាងលិច និងធ្វើរបងប៉ែកខាងមុខព្រះវិហារ ប្រវែង៣៥ម៉ែត្រផងដែរ ៕

ប្រភព៖ Fresh News (ហ្វ្រេសញូវ)

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment