ច្បាប់ក្រមង៉ុយ | ពាក្យកាព្យប្រដៅជនប្រុសស្រី | ចាប៉ីដងវែង - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Sunday, November 11, 2018

ច្បាប់ក្រមង៉ុយ | ពាក្យកាព្យប្រដៅជនប្រុសស្រី | ចាប៉ីដងវែង


Krom Ngoy's Codes of Conduct | ច្បាប់ក្រមង៉ុយ | ពាក្យកាព្យប្រដៅជនប្រុសស្រី

ច្បាប់ក្រមង៉ុយ ដំបូងឡើយជាសំនៀងរបស់លោកតាអ៊ុក អ៊ូ ហៅ ង៉ុយ (មាននាមដែលជាព្រះរាជទានថា អ្នកព្រះភិរម្យភាសាអ៊ូ ប្រែថាអ្នកចេះប្រើភាសាល្អឥតខ្ចោះ) ជាមួយនឹងខ្សែឌៀវរបស់គាត់។ ក្រម​ង៉ុយ​គឺជា​កវី​ម្នាក់​ ដែល​មិន​សរសេរ​នូវ​កំណាព្យកាព្យឃ្លោង​ ដែល​លោក​ច្រៀង​នោះ​ឡើយ។ ក្នុងសម័យបារាំង ដោយខ្លាចបាត់បង់នូវពាក្យពេចន៍រប្រៀនប្រដៅ ប្រកបដោយខ្លឹមសារតថភាពនេះ ទើបលោកស្រី​ស៊ុយ​ហ្សាន​កាប៉ឺ​ឡែស (Suzanne Karpeles) ជាជនជាតិបារាំង និងជាស្ថាបនិកនិងជានាយិការពុទ្ធសាសនបណ្ឌិត្យ បានអញ្ជើញគាត់ឲ្យមកច្រៀង ប៉ុន្តែច្រៀងយឺតៗ ដូច្នេះគេអាចកត់ត្រាពាក្យពេជ្ររបស់គាត់ទុក្ខសំណេរបាន។ ច្បាប់ក្រមង៉ុយក៏ត្រូវបានបោះពុម្ពផ្សាយ ដោយពុទ្ធសាសនបណ្ឌិត្យ ក្នុងព.ស.២៥១៦ / គ.ស.១៩៧២ ដែលបានប្រមូលចង់ក្រងស្នាដៃរបស់គាត់មានដូចជា៖

១- ច្បាប់ល្បើកថ្មី (​ជា​បទ​កាកគតិ​-​ឆ្នាំ​១៩២២)
២- ច្បាប់កេរកាលថ្មី (​ជា​បទ​ព្រហ្មគីតិ​-​ឆ្នាំ​១៩២២)
៣- សេចក្ដីរំលឹកដាស់តឿន (​ជា​បទ​ពាក្យ​៧-​ឆ្នាំ​១៩៣១)
៤- ពាក្យកាព្យ​ប្រដៅ​ជន​ប្រុស​ស្រី (​ជា​បទ​ពាក្យ​៧- មិនដឹង​កាលបរិច្ឆេទ​, អាច​ក្នុង​ឆ្នាំ​១៩៣៥ ព្រោះថា​ស្នាដៃ​ទី​៥)
៥- បណ្ដាំក្រមង៉ុយ (​ជា​បទ​ព្រហ្មគីតិ​- ក្នុង​រវាង​ឆ្នាំ​១៩៣៥)

ក្រោយមក ប្រហែលក្នុងឆ្នាំ ២០០០ ទើបបណ្ណាល័យសយ័ណ្ហណារា អញ្ជើញព្រះភិរម្យ ប្រាជ្ញ ឈួន ឲ្យច្រៀងឡើងវិញជាចាប៉ីដងវែងយ៉ាងពីរោះ ជួនរណ្ដំគួរជាទីសណ្ដាប់ សម្រាប់មនុស្សគ្រប់វ័យ។

ពាក្យកាព្យ​ប្រដៅ​ជន​ប្រុស​ស្រី

ខ្ញុំសូមបង្គំព្រះសម្មាសម្ពុទ្ធណាៗក្នុងត្រៃភពចំរើនកម្មដ្ឋានក្រោមពោធិ៍ម្លប់ខ្ញុំសូមគោរពនមស្សការ។
ព្រះចមច្រកពិននរិន្ទរិទ្ធិជាម្ចាស់ជីវិតលើសិរសាសូមថ្វាយបង្គំព្រះករុណាសូមទ្រង់មេត្ដាប្រោសប្រណី។
ឱនកាយថ្វាយបង្គំប្រណម្យនឹកសូមក្រើនរំលឹករាស្រ្ដប្រុសស្រីធ្លាប់ជ្រកទីពឹងព្រះបារមីឲ្យរៀនបាលីទៅបរលោក។
សរណគមន៍បីឲ្យប្រតិបត្ដិកំចាយកំចាត់ក្ដីទុក្ខសោករូបយើងសព្វថ្ងៃថ្លៃមិនថោកបានមកភពភាន់ទាន់សាសនា។
ផ្លូវប្រេតនរកទៅញឹកញយគួរកុំបណ្ដោយតាមតណ្ហាគួរគិតសង្ខេបឃាត់សង្ខារសង្ឃឹមព្រះសិអារ្យនឹងមកត្រាស់។
ជម្ពូទ្វីបនេះធំបំផុតមួយម៉ឺនយោជន៍គត់ដំណែលព្រះសត្វស្លាប់តាមកម្មមិនចាំចាស់អាយុខ្លីណាស់ក្រាស់កុសល។
រូបំ អនិច្ចំ អនត្ដាកើតរូបកាលណាកម្មតាមដល់តាមដានដរាបបាបឲ្យផលបាបខ្លះសេសសល់ពីនរក។
ខ្លះមកអំពីប្រេតតិរិច្ឆានខ្លះមកពីស្ថានសួគ៌សោយសុខវេរតាមរកបានឃើញមុខចុះមករងទុក្ខទទួលកម្ម។
អ្នកធ្លាក់ទៅរងនរកប្រេតដើមហេតុពីព្រោះដាច់សីល៥ទឹកក្ដៅខ្លះដេកទៅដេកត្រាំរាប់លានកោដិឆ្នាំទំរាំរួច។
មកកើតជាមនុស្សស្ថានកណ្ដាលមិនរាងមិនចាលដល់តិចតួចប្រពន្ធកូនគេនៅតែលួចសត្វធំសត្វតូចរិតសំលាប់។
ស្រារឹតតែផឹកឲ្យស្រវឹងគុណទោសមិនដឹងប្រឹងចាក់កាប់ស្រេកឃ្លានបំពានធ្វើលើច្បាប់មិនស្ដាប់ពុទ្ធដិកាព្រះអង្គផ្ដាំ។
ពិតមែនជាមិនលឺព្រះឱស្ឋព្រះសង្ឃទ្រង់ប្រោសឲ្យសីស៥ទទួលរំពេចភ្លេចមិនចាំប្រព្រឹត្ដសាងកម្មមិនព្រមលែង។
កើតមកពូជពង្សពេញជាមនុស្សសេចក្ដីត្រូវខុសចាំជាក់ស្ដែងសំលាប់រូបសត្វឥតគិតក្រែងបំពេញរូបឯងឲ្យធំធាត់។
សំលាប់មិនថាសត្វឈ្មោលញីយកសាច់មកស៊ីឲ្យឆ្ងាញ់មាត់ទទួលសីលភ្លើធ្វើឲ្យភ្លាត់លក់សត្វឲ្យព្រាត់មេព្រាត់កូន។
ព្រាត់គូកំសត់វដ្ដសង្សារដូចលក់ជីតាលក់ជីដូនពុំនោះលក់បងបំបែកប្អូនងងឹតឈឹងសូន្យមើលមិនយល់។
ខ្លះទៅនរកមិនទាន់មកខ្លះឃ្លាតទៅជ្រកពួកអសុរជវ័នសង្ខារលប់វិលវល់អំពល់តែកើតស្លាប់កើតស្លាប់។
កម្មកិតតាមខ្លួនមិនដែលឃ្លាតគ្រប់ប្រាំរយជាតិមិនដែលឆាប់សត្វជ្រូកមាន់ទាគេចាក់កាប់សំរាប់គេស៊ីជាអាហារ។
សត្វគោក្របីដំរីសេះគេជិះគេទឹមជាធម្មតាគេកាប់លក់សាច់ផ្ដាច់សង្សាររកចិត្ដមេត្ដាករុណាគ្មាន។
រូបខន្ធរលត់រលាយទៅសល់នៅសង្ខារនិងវិញ្ញាណវេទនាសញ្ញានឹកស្រេកឃ្លានសន្និដ្ឋានថាដូចអ្នកមានគុណ។
សត្វញីសត្វឈ្មោលអន្ទោលទុក្ខអាពុករឺម្ដាយពីជាតិមុនជាតិមកពីរងទោសទុក្ខធ្ងន់ក្រែងស៊ុនទៅលើសាច់ញាតិឯង។
ជ្រូកគោក្របីនៅតូចស្ទាវគេក្រៀកវះក្រៀវឃើញស្ដែងៗបើគិតឲ្យសព្វគ្រប់កន្លែងជូនក្រែងជាតិមនុស្សមកជាសត្វ។
អ្នកពឹងនិងអ្នកធ្វើដៃដល់ចៅក្រមអកុសលជំនុំកាត់បញ្ជីទាំងពីរឈ្មោះមិនបាត់គេចាត់ធ្វើទោសទាំងអស់គ្នា។
មិនមានអ្នកាណាធ្ងន់ណាស្រាលយម្ភបាលវះក្រៀវគ្រប់វេលាមានលោកយមរាជរាជសភាជំនុំគិតគ្នាមើលបញ្ជី។
បញ្ជូនអ្នកធ្វើចុះនរកជំនុំឃុំទុកអ្នកទិញស៊ីទិញសត្វស្លាប់រស់ទោះឈ្មោលញីទាំងពីរចំណែកចំណាំមុខ។
អ្នកមួយទិញស៊ីមិនរួចខ្លួនត្រឹមឯត្រីអូនយួនដូរលក់អណ្ដែងក្រាញ់ឆ្ដោដៀបរ៉ស់ផ្ទក់ចង់ទិញស្ងោរជ្រក់ទៅតថ្លៃ។
ឃើញច្បាស់ជារស់មិនទាន់ងាប់អង្គុយបង្គប់ឲ្យយួនវ៉ៃរកខ្យល់ច្រលោតដោតញ័រដៃឃើញក្ស័យស្រាប់ៗមិនទិញយក។
អានេះបន្ធូរលែងមិនបានត្រូវច្រំធាក់ច្រានឲ្យជ្រុលជ្រកទំលាក់ឲ្យជ្រៅរងទុក្ខសោកលៃលកអ្នកទោសរឿងអ្នកទិញ។
អ្នកទៅឃើញត្រីនៅបំរះវេទនាចិត្ដណាស់ប្រាសដើរចេញអ្នកនេះត្រូវលែងឲ្យទៅវិញមានសែហ្វលិញគិញក្នុងនរក។
ឲ្យជូនខ្លាចក្រែងវង្វេងផ្លូវត្រូវមើលខុសត្រូវគ្រប់ភូមិស្រុកបើកក្រាំងសៀវភៅកត់ឈ្មោះទុកបញ្ជីពីរមុខបាបនិងបុណ្យ។
ប្រគល់យមរាជយម្ភុបាលដាក់ស្រាលដោយស្រាលធ្ងន់ដោយធ្ងន់អ្នកសាងមគ្គផលស្គាល់ទោសគុណទៅសោយសុខមុនតាមទុនទាន។
អ្នកសាងធុនទាបភាពអកុសលមិនចង់បានផលសួគ៌និព្វានប្រព្រឹត្ដអាក្រក់រកល្អគ្មានមិនហ៊ានកាន់សីលថាខ្លាចដាច់។
មិច្ឆាទិដ្ឋិចូលពេញទីបញ្ជីសំរាំងតាំងសំរេចចុះវង្សអាជីវកភ្លក់ស៊ីអាច់ព្រោះពោលបង្កាច់ព្រះពុទ្ធិកា។
វចីទុច្ចរិតមានគ្រប់យ៉ាងទានសីលមិនសាងអាងផឹកស្រាលឺលោកសំដែងធម៌ទេសនាពិរោះពិស្ដារមិនដឹងស្ដាប់។
អស់យើងគួរស្ដាយជាតិកំណើតសំណាងមកកើតក្នុងភទ្ទកប្បអគាវិន័យព្រះប្រញប្ដជារិសគល់ច្បាប់គួររក្សា។
សីល៥ ចងចាំឲ្យប្រាកដកុសលកម្មបថ១០ប្រការកុំឈ្លោះប្រកែកពីធម៌អាថិប្រកាន់សាសនាឲ្យប្រាកដ។
កើតមកជាមនុស្សមានសខ្មៅមានប្រាជ្ញមានខ្លៅមានក្រខ្សត់មានខ្លាំងមានខ្សោយដោយបែបបទសន្មតថាល្អក៏មិនបាន។
ជម្ពូទ្វីបនេះមនុស្សកម្មក្រាស់ព្រះពុទ្ធតែងត្រាស់មិនដែលខានហេតុនេះមហាជនទាំងប៉ុន្មានសំរាកសំរាន្ដសំរួលចិត្ដ។
បំណាច់សម្ដេចព្រះទ្រង់ញាណកាលហៀបនិព្វានមានកំរិតផ្ដាំមហាអានន្ទឲ្យអាណិតអានុជអ្នកប្រឹតប្រោសសត្វផង។
សត្វផុងទសក្នុងជ្រោះជ្រាំជ្រៅតថាគតទៅនាំចំលងដាក់ដល់និព្វានអស់ហ្មត់ហ្មងរួចពីចំណងវដ្ដសង្សារ។
នៅសល់សង្ស័យសត្វខាងក្រោយនន្ទអើយទុកឲ្យព្រះសិអារ្យអាណិតសត្វណាស់ណាអ្នកណាតថាគតជិតនិព្វានហើយ។
ព្រះអោស្ឋព្រះអង្គល្មមស្រណោះសប្បុរសទាំងអស់កុំកន្ដើយប្រះខ្នងដេកលើកកន្ទេលខ្នើយកុំស្ងៀមមាត់ឡើយរំលឹកគុណ។
ខ្លួនខ្ញុំកំណើតរាស្រ្ដអ្នកស្រែខូចខិលខ្ជិលដែរពីកាលមុនកាលមោហ៍បាំងបិទងងឹតស៊ុនធ្វើបាបនិងបុណ្យទំងន់ស្មើ។
មិនស្មោះតែរួចចតុរាបាយអស់លោកទាំងឡាយកុំសរសើរខ្ញុំជូនដំណឹងតាមដំណើរព្រោះខ្ញុំគ្រាន់បើជាងអ្នកល្ងង់។
ជាតិក្រោយកុំឲ្យខ្ញុំល្ងីល្ងើជាតិនេះចាស់ស្ទើរខ្ញុំប្រឹងស្ទង់ប្រឹងស្ទុះឲ្យរួចពីអន្លង់ភ័យភិតខ្លាចផុងទៅក្នុងភក់។
ក្នុងភពសង្សារខ្ញុំសង្ស័យសព្វថ្ងៃខ្ញុំភ័យខ្លាចនរកម្យ៉ាងទៀតខ្ពើមជាតិអាជីវកជាតិល្មោភហូបល្មក់ព្រោះល្មិលគុណ។
ច្រើនល្មើសបន្ទូលបន្ទោសព្រះខ្ញុំភ័យខ្ញុំណាស់ក្រែងខ្ញុំស៊ុនខ្ញុំសូមស្មាលាទោសពីមុនសូមបុណ្យជួយបាំងបាបឲ្យបាត់
ឲ្យបានទាន់តួព្រះសិអារ្យឲ្យបែកប្រាជ្ញាឆ្លាតបរមត្ថព្រះអង្គទេសនាទ្រង់ប្រោសសត្វសូមលុះអរហត្ដដូចបំណង។
បំណាច់ខ្ញុំផ្សាយច្បាប់រំលឹកអស់លោកជួយនឹកសច្ចាផ្សង។ធ្វើបុណ្យចែកផលដក់ខ្ញុំផងនឹកឈ្មោះម្ដងៗដូចធម្មតា។
សប្បុរសប្រុសស្រីគប្បីស្ដាប់ឈ្មោះច្បាប់កន្លងព្រះឱង្ការឱកាសឲ្យគិតប្រិតប្រាថ្នាទាន់ព្រះសិអារ្យទាំងប្រុសស្រី។
កុំរៀនព្រហើនប្រហែសធ្វេសកើតក្នុងប្រទេសរាជបុរីឲ្យមានបារម្ភភ្ញាក់ស្មារតីសីលប្រាំ ប្រាំបីខំសិក្សា។
ជាតិមនុស្សជាន់ខ្ពស់ពីបុរាណគេបានជួបដាក់ឃើញភក្រ្តាបានគ្រងរងត្រាប់ព្រះពុទ្ធដិកាបានលុះសោតាអរហត្ដហោះ។
យើងទាន់តែត្រឹមពាក្យបណ្ដាំបណ្ដូលសីល៥ជាកេរ្ដិ៍កោះកិច្ចការកងកម្មចាំមិនអស់របស់រិសគល់គួររក្សា។
នេះចប់ចំណែកខាងបាសកកុំធ្វើអាក្រក់រាល់រូបបារំពឹងក្រែងចូលព្រះសិអារ្យនមស្សការគោរពរំលឹកគុណ។
ព្រះចមច្រកពង្សមុនីនាថកំពូលផុតជាតិជាងមហាជនទ្រង់សោយសម្បត្ដិសំបើមបុណ្យសំបូណ៌លើសលន់លុបលោកា។
លោកកីយដឹងហើយគួរកោតខ្លាចទ្រង់មានអំណាចព្រះចេស្ដាគួរស្ដាប់ព្រះរាជអោង្ការបន្ទូលត្រួតត្រាគួរត្រងត្រាប់។
ព្រះទ័យទ្រង់ត្រេកស្រលាញ់សង្ឃប្រមាណសែនអង្គក្នុងភទ្ទកប្បព្រះពុទ្ធទ្រង់ប្រិតប្រាមប្រញប្ដឈ្មោះច្បាប់បាដិមោក្ខសំវរសីល។
ចែកចេញជាកងសិក្ខាបទកំណត់ពីរយម្ភៃប្រាំពីរមិនឲ្យមានមោះហ្មងមន្ទិលអ្នកបួសកុំខ្ជិលកាន់ឲ្យខ្ជាប់។
បាណាអទិន្នាជាបឋមជាតិរូបទៀតផ្សំត្រូវជាដប់លោកសង្ឃឥឡូវកាន់មិនសព្វកាន់ក្នុងបន្ទប់លាយបន្លំ។
បន្លិចលុយកាក់សំងាត់ទោសត្រូវអាបត្ដិលាក់សំងំបាសកផ្ញើទានគ្មានអារម្មណ៍សន្សំតែទ្រពក្ដៅក្រហាយ។
ប្រសិនបើកាន់ច្បាប់ព្រះពុទ្ធមិនមានធម្មយុត្ដិមហានិកាយបើចេះខ្លាចក្រែងមិនក្លែងក្លាយសមសុខសប្បាយមិនទាស់គ្នា។
លោកសង្ឃគ្រប់វត្ដមានធំតូចសង្ឃខ្លះខិលខូចសង្ឃខ្លះជាបរិស័ទថ្កោលទោសគ្រូឧបជ្ឈាយ៍មានពាក្យនិន្ទាតែរាល់វត្ដ។
បាដិមោក្ខពីររយម្ភៃប្រាំពីរអ្នកល្ងង់ហើយខ្ជិលចាំមិនស្ទាត់កងបាចិត្ដិយនិងទុក្កដចូលមាត់ចូលកមិនដឹងខ្លួន។
កងបាចិត្ដិយកៅសិបពីរនិស្សគ្គិយ៍សាមសិបបារាជិកបួនបើចេះហើយចាំឲ្យមាំមួនល្អបរិសុទ្ធសួនមិនសាយសុស។
ប៉ុន្ដែសិក្ខាមិនសូវចាំចំណាំត្រង់ណេះចោលត្រង់ណោះត្រង់ណាដែលដឹងជាខ្លួនខុសហ៊ានឈ្លោះពីព្រោះគេមិនដឹង។
សង្ឃាទិសេសប្រហែសបានដប់បីសន្ដានប្រមាណថ្លឹងបើធ្លប់សង្រួមឲ្យយ៉ាងតឹងមិនអរមិនខឹងមិនខាតខុស។
ឥន្រ្ទយ៍ប្រាំមួយនាំឲ្យភ្លាត់បាចិត្ដយ៍ទុក្កដលាយចំរុះឥន្ទ្រីយ៍ត្រចៀកភ្នែកច្រមុះភ្នែកមើលណេះណោះឃើញសុសសាយ។
សោតិន្ទ្រីយោសូរតិចខ្លាំងចក្ខុន្រ្ទីយំឃើញជិតឆ្ងាយជីវ្ហិន្រ្ទីយាពោលនាយអាយសើចលេងសប្បាយចំអន់គ្នា។
បរិស័ទអាបត្ដិទុក្កដញឹកបារាជិកច្រើនណាស់តែឧបជ្ឈាយ៍ទ្រព្យក្នុងសំបាច់សំបូណ៌ហៀរត្រូវទោសអទិន្នាគរុភណ្ឌ។
ទ្រព្យសង្ឃជាដើមគឺចំណាំអវហារម្ភៃប្រាំចាំគ្នេរគ្នាន់អោបទុកខ្លះខ្នែងក្រែងមិនគ្រាន់អវហាប្រាំជាន់បារាជិក។
ម្យ៉ាងទៀតទ្រព្យសង្ឃក្នុងចំណែកកិបទុកមិនចែកឲ្យលោកភិក្ខុគ្រឿងយាវជីវិតកាលិកទុកខួបល្ងាចព្រឹកម៉ៅតែឯង។
ម្យ៉ាងទ្រព្យគេហែចូលវិហារបាសកបូជាដល់គម្ដែងគេវេរបាលីមានខ្លីវែងគេតែងនឹងថាសង្ឃស្ស។
ប្រកាសប្រគេនជំនុំសង្ឃចំពោះគ្រប់អង្គថាទេមៈលោកសង្ឃសាធុគ្មានសល់ម្នាក់សង្ឃរាជទុកដាក់មិនចែកចាយ។
ខ្ញុំបាទតែងតាមខ្ញុំចេះចាំអវហារម្ភៃប្រាំបែបបរិយាយនេះសុទ្ធតែសីលផ្លូវអន្ដរាយលោកសង្ឃទាំងឡាយកុំប្រព្រឹត្ដ។
ពីព្រោះឥន្រ្ទីយ៍ទាំង៦លោកណាមិនព្រួយមិនប្រុងគិតលោភោមោហោបាំងងឹតសិស្សមានគំនិតមិនហ៊ានថា។
សូមទានសន្ដោសសំដែងច្បាប់ព្រះសង្ឃកុំចាប់ចងទោសាខ្លួនខ្ញុំសូមសុំបវារណាប្រោសប្រាណមេត្ដាគ្រប់បណ្ដាសង្ឃ។
ខ្ញុំមិនមានពោលពាក្យបង្កាច់ខ្លាចសីលលោកដាច់ខ្ញុំតំរង់តំរូវតែតាមច្បាប់ព្រះអង្គព្រះឱស្ឋត្រឹមត្រង់ត្រូវមាត្រា។
កាលអង្គសំដេចព្រះចមភពបន្ទូលប្រារព្ធគ្រប់ប្រការប្រកាសប្រាកដបទសិក្ខាប្រញប្ដប្ដេជ្ញាមហាបរិស័ទ។
ភិក្ខុភិក្ខុនីអស់អរហន្ដអានន្ទមិនទាន់បានអរហត្ដព្រះធម៌វិន័យកុំឲ្យបាត់ប្រយ័ត្នឲ្យគង់ប្រយោជន៍យូរ។
ក្រោយនោះព្រះអង្គចូលនិព្វានអរហន្ដហោះធ្យានមានជាគ្រួមិនមានអ្នកណាដាក់ទូទេសនាបង្ហូរពីព្រះឱស្ឋ។
ព្រះអគ្គសាវ័កគ្រប់ព្រះអង្គព្រះទ័យស្រោចស្រង់ទ្រង់សន្ដោសសំដែងធម៌អាថិមេត្ដាប្រោសបាបបុណ្យគុណទោសនិងសីលទាន។
ឈ្វេងយល់ថាធម៌នឹងសូន្យស្ងាត់អហន្ដអរហត្ដចូលនិព្វានសង្ឃសេក្ខបុគ្គលមិនទ្រង់ញាណមិនមានអ្នកណាតែងទុក។
ព្រះធម៌ប្រាំបីម៉ីនបួនពាន់ស្រេចលើអានន្ទចាំទំនុកដំណែលព្រះអង្គដឹងគ្រប់មុខជង្រុកធម៌អាថិមហាអានន្ទ។
ជាព្រះអនុជអាណិតសត្វក្រែងបាត់បិដកមិនគ្រប់គ្រាន់ព្រះធម៌ប្រាំបីម៉ឺនបួនពាន់គ្នេរគ្នាន់ខ្នះខ្នែងចាត់ចែងចារ។
ចេះចប់អភិធម្មចាំរហូតវិន័យព្រះសូត្រ ៥ប្រការប្រកាសអស់អង្គអរហន្ដាបិដកឯណាជារិសគល់។
បមត្ថព្រះសូត្រអានន្ទចាំវិន័យទាំង៥ ឧបាលីយល់អរហន្ដទាំងអស់កើតរវល់អំពល់អីពីរឿងធម៌អាថិ។
ព្រះបាទអជាតៈសត្រូវជួយគិតតំរូវព្រះសាសនាសម្មតិឲ្យឈ្មោះហៅក្សត្រាព្រោះព្រះមហាក្សត្រីយចូលគំនិត។
និយាយឲ្យដឹងដើមកំណើតកកើតអក្ខរាចារស្លឹករិតបកប្រែបាលីសេចក្ដីពិតពិនិត្យត្រឹមត្រូវតាមពុទ្ធដិកា។
ទសជាតក៍ទាំង១០មានគ្រប់វត្ដប្រែត្រូវប្រាកដព្រះគាថាព្រះធម៌សូត្រមន្ដឬសូត្រដារអ្នករៀនអក្ខរាពីរចំណែក។
ចំណេះចំណាំចាំដោយខ្លួនខ្លះរៀនមានក្បួនចាស់ចារចែកហ៊ានភ្នាល់ព្រោះអាងឃើញនិងភ្នែកកើតឈ្លោះប្រកែកប្រកួតខឹង។
ប្រកាន់តែខាងខុសរហូតមិនរៀនមេសូត្រឲ្យចេះដឹងអាងចេះតែ ក កា ប៉ុណ្ណឹងខំប្រឹងចំអើតអួតខ្លួនត្រូវ។
ក្ដៅណាស់ពីរឿងយោជាយ៉ោតំលើងភ្នែកស្លោមុខក្រញូវថាធ្លាប់យោនាពីខ្មោចឳឥឡូវយ៉ោណាមិនសុខចិត្ដ។
អ្នកម្ខាងអាងស្រះតួប្រាំបីឲ្យដឹងបាលីជាកំរិតផ្សំតួមេសូត្រប្រឹងប្រែប្រឹតព្រោះត្បិតឲ្យត្រឹមត្រូវមាត្រា។
អ្នកបួសគ្រប់វត្ដគ្រប់នគរស ដាក់ជើង ល រាប់ស្លស្លាបើ ស ជើង ម រាប់ ស្មស្មានាក់មានប្រាជ្ញាល្មមស្ដាប់បាន។
កុំល្ងង់ទាល់ងាប់ធ្លាប់មិនដឹងបើខឹងខ្ញុំឃាត់ថាឲ្យខានខ ដាក់ជើង ម ពីបុរាណក្មេងតូចប៉ុន្មានស្គាល់ ខ្មខ្មា។
ជាតិរាស្រ្ដចាស់ក្មេងកុំចិត្ដខ្មាំងគួរខ្មាសបារាំងអ្នករាជការដើមហេតុអំពីព្រះករុណាឲ្យសាងសាលាប្រែបាលី។
ទ្រង់ចាំទំនៀមពីបុរាណហើយបានជំនុំព្រមកុង្សីយបំណាច់ធ្វើស្ដេចគ្រងផែនដីទិសទាំងប្រាំបីរំពៃគ្រប់។
ព្រះកាយពលមិនរវល់រែកព្រះទ័យរំលែកទាំងថ្ងៃយប់ចូលទែនបន្ទំទីបន្ទប់បន្ទូលមិនឈប់រាល់វេលា។
មេត្ដាប្រោសប្រាណអ្នកមានស័ក្ដិប្រទានលុយកាក់គ្រប់ភ្នាក់ងារទ្រង់ត្រួតស្រ្ដីស្នំស្រីង្គារក្រែងគ្រុនរងារមិនបានសុខ។
ព្រះទ័យមេត្ដាសព្វមនុស្សសត្វសោយរាជសម្បត្ដិសំបើមស្ដុកព្រះកាយប្រកបគង់ស្រណុកព្រះទ័យវិតក្កជាធម្មតា។
មួយព្រួយនឹងអោបព្រះនគរពីរព្រួយនឹងពព្រះសាសនាបីត្រួសលោកសង្ឃកាន់សិក្ខាសង្រួមកិរិយាមិនបរិសុទ្ធ។
នឿយណាស់ព្រះនេត្រព្រះកាណ៌ាព្រះឱស្ឋត្រួតត្រាច្រើនបំផុតដាស់តឿនបំភ័យពួកកុលបុត្រឲ្យប្រុងលំអុតសង្រួមកាយ។
បានចេញប្រកាសដាក់ប្រាកដប្រគេនគ្រប់វត្ដនោះជិតឆ្ងាយលោកសង្ឃមិនត្រូវស្រើបសប្បាយអស់ល្បែងទាំងលាយគ្រប់ចំពូក។
មិនត្រូវចំពោះស្ដាប់តន្រ្ដីកុំបីមើលរាំវានាំភ្លូកកុំដើរភ្លើៗមើលអុំទូកអ្នកបួសធ្វើលោកមិនត្រូវការ។
បើមានត្រូវកិច្ចដើរយប់ថ្ងៃសង្ឃបងនិស្ស័យចាស់វស្សាកុំដើរទឹមស្មាទៅណាៗអ្នកចេះសិក្ខាគេទាស់ភ្នែក។
លោកនេនកុំសុំលុយចិនចាយបិណ្ឌបាតតែបាយម្នាក់១វែក។គ្រឿងម្ហូបចំណីបាសកចែកកុំស្ពាយពុនរែកវាថោករិក។
របស់បាសកគេប្រគេនប្រគល់លោកនេនបានលោកភិក្ខុចិញ្ចឹមជីវិតនិងបាយទឹកបិណ្ឌបាតតែព្រឹកយប់សូត្ររៀន។
លោកណាត្រឹមត្រូវមិនសូវខុសស្ងៀមស្ងាត់ទៅចុះកុំអន់អៀនលោកណាមិនចេះកុំវេះវៀនពាក្យប្រៀនប្រដៅឲ្យផ្អើលភ្ញាក់។
ពីព្រោះព្រះអង្គបានផ្ដាំផ្ញើវិន័យស្ថិតលើស្ដេចមហាចក្រព្រះមហាចមពង្សទ្រង់ជំពាក់ចំពោះធុរៈនឹងសាសនា។
ពីត្រឹមនោះរៀងដរាបមកដល់ស្រុកគោកធ្លកមានសាវតារប៉ុន្មានរាជ្យហើយមិនដឹងថាដល់មកករុណាយើងសព្វថ្ងៃ។
ហេតុនេះលោកសង្ឃប្រុងពិនិត្យសៀភៅស្លឹករិតមានរាល់ដៃផ្ទៀងមើលសិបផូកវិនិច្ឆ័យបើនៅសង្ស័យឲ្យសិក្សា។
លោកសង្ឃចាស់ខ្ចីគប្បីស្ដាប់ឈ្មោះច្បាប់គន្លងព្រះពុទ្ធដិកាបង្គំថ្វាយដល់ព្រះករុណាសូមទ្រង់មេត្ដាជ្រាបព្រះទ័យ។
ក្រែងជួបប្រទះពាក្យឆ្គាំឆ្គងពុំត្រូវទំនងក្រិត្យវិន័យសូមទានសន្ដោសអត់ទោសពៃក្រួញក្រាបសិរសីក្រោមព្រះបាទ។
ព្រះសង្ឃទាំងអស់ទោះតូចធំអភ័យទោសខ្ញុំសូមអនុញ្ញាតពាក្យខ្ញុំមិនមានពោលប្រមាថសង្ឃជាល្អស្អាតខ្ញុំមិនថា។
ខ្ញុំពោលតែលោកធ្វើអាក្រក់បើខ្ញុំកុហកខូចមុសាហេតុនោះខ្ញុំសូមបវារណានិដ្ឋិតាសង្ខេបតែប៉ុណ្ណោះ។
ក្មេងណាប្រាថ្នាបួសធ្វើសង្ឃឲ្យស្វែងតំរង់រៀនតំរេះឲ្យមើលតំរាប់លោកអ្នកចេះកុំដេកតែអេះតិះដៀលគ្នា។
អ្នកម្ដាយឳពុកឲ្យឈ្មោះអ៊ូពូជពង្សអំបូរខ្មែរអ្នកជាអាពុកឈ្មោះ អ៊ុក មានស័ក្ដិងារចៅពញាធម្មធារាធ្វើមេស្រុក។
ក្នុងខែត្រភ្នំពេញឃុំកំបូលជាប់ផៅត្រកូលម្ចាស់អង្គ ប៉ុកអាពុកអ្នកម្ដាយឈ្មោះពញា ម៉ុកគាត់ធ្វើមេស្រុកឃុំស្ពានថ្ម។
អ្នកម្តាយអាពុកបងប្អូនជិតជីទួតមួយពិតពូជចិត្តល្អដូនតាផ្សំផ្គុំជាតំណបង្កកើតខ្ញុំទូលបង្គំ ។
បង្កើតពីដើមគំនិតភ័យភិតខ្លាចបាបចង់បានបុណ្យបានបែកចែងច្បាប់ប្រាប់មហាជនបួនច្បាប់ពីមុនជូនរាជការ។
បោះពុម្ពសៀវភៅចែកសព្វសាយបណ្ណាល័យចាត់ថ្វាយព្រះករុណាមិនបានថ្វាយផ្ទាល់ដល់ហត្ថាសូមទ្រង់មេត្ដាប្រោសប្រណី
ឱនកាយប្រណម្យសូមអនុញ្ញាតក្រាបក្រោមព្រះបាទព្រះបារមីចែងច្បាប់បរមត្ថអត្ថបាលីសេចក្ដីចែងចប់ម៉្លេះហើយហោង។
អ្នកព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ