ទិវាឯករាជ្យជាតិឥណ្ឌាខួបទី ៧៣៖ នៅក្រុងរាជគ្រឹះ និងញូវដែល្លី - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, August 15, 2019

ទិវាឯករាជ្យជាតិឥណ្ឌាខួបទី ៧៣៖ នៅក្រុងរាជគ្រឹះ និងញូវដែល្លី

សមណនិស្សិត/និស្សិតខ្មែរ មិត្តអន្តរជាតិ និងគណៈគ្រប់គ្រងសាកលវិទ្យាល័យនាលន្ទា ក្រុងរាជគ្រឹះ រដ្ឋប៊ីហារ ប្រារព្ធទិវាឯករាជ្យជាតិ ។ រូបភាព៖ ពេជ្រ ផានិត

លោកវិទូ | ថ្ងៃ ៥᧯៩ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៥ សីហា ២០១៩

ប្រជាពលរដ្ឋឥណ្ឌាទាំងក្នុងនិងក្រៅប្រទេស និងមិត្តរបស់ឥណ្ឌា បានអបអរសាទរទិវាឯករាជ្យជាតិខួបទី ៧៣ ពីអាណានិគមអង់គ្លេស នៅថ្ងៃទី ១៥ សីហា ១៩៤៧ ។ ទិវាឯករាជ្យជាតិជាថ្ងៃឈប់សម្រាកទូទាំងប្រទេស និងជាថ្ងៃបុណ្យជាតិដ៏សំខាន់មួយ ក្នុងចំណោមបុណ្យជាតិទាំងបី (ពីរទៀតគឺ ទិវាសាធារណរដ្ឋ ២៦ មករា និងទិវាគន្ធីជយន្តិ ២ តុលា) ។ ប្រជាជនជនឥណ្ឌាគ្រប់ស្រទាប់វណ្ណៈ រីករាយនឹងទិវាឯករាជ្យជាតិនេះ យ៉ាងខ្លាំងក្លានិងប្រកបដោយមោទនភាពបំផុត ។

នៅស្ទើរគ្រប់គ្រឹះស្ថានសិក្សានានា តែងមានការរៀបចំឲ្យមានការជួបជុំគ្នា ប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ដោយមានការបង្ហូតទង់ជាតិ (រហ័សនាមទង់ជាតិឥណ្ឌា៖ តិរ័ង្គា/បីពណ៌) ច្រៀងចម្រៀងជាតិ (បទ៖ ជន គណ មន/ព្រះអង្គជាអ្នកគ្រប់គ្រងលើគំនិតរបស់ប្រជាជនទាំងអស់) ការចែកនំបង្អែមគ្នា និងការជូនសារអបអរសាទរចំពោះគ្នាទៅវិញទៅមក ។

ព្រះសង្ឃសមណនិស្សិត/និស្សិតខ្មែរ និងនិស្សិតអន្តរជាតិ នៅសាកលវិទ្យាល័យនាលន្ទា ក្រុងរាជគ្រឹះ ក៏បានចូលរួមអបអរសាទរ ក្នុងការប្រារព្ធធ្វើនូវទិវាបុណ្យឯករាជ្យជាតិក្នុងថ្ងៃនេះផងដែរ ។

កម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ពីអធិការបតីរងសាកលវិទ្យាល័យនាលន្ទា លោកស្រីសាស្ត្រាចារ្យ សុនៃនា សិង្ហ ព្រមទាំងសាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតជាតិនិងអន្តរជាតិទាំងអស់ ។

បន្ទាប់ពីការគោរពភ្លេងជាតិ/បង្ហោះប៉េងប៉ោងរួច គឺការឡើងធ្វើសុន្ទរកថារបស់ លោកស្រីសាស្ត្រាចារ្យ សុនៃនា អំពីការទទួលបានឯករាជ្យជាតិរបស់ឥណ្ឌា ពីអាណានិគមអង់គ្លេស និងនិយាយអំពីភាពអស្ចារ្យរបស់សៀវភៅមហាភារតៈ (ខ្មែរ៖ មហាភារតយុទ្ធ ប្រែពីភាសាសំស្រ្កឹតមកជាភាសាខ្មែរដោយ ឧកញ៉ាទេពពិទូ ឈឹម ក្រសេម) ។ គាត់បានលើកទឹកចិត្តឲ្យសិស្សនិស្សិតទាំងអស់ អានអក្សរសិល្ប៍រឿងមហាភាតរៈនេះ ដែលជាប្រភពវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សាសនាឥណ្ឌា ។ «អានសៀវភៅមហាភារតៈ អ្នកនឹងស្គាល់កាន់តែច្បាស់ពីឥណ្ឌា» សម្តីរបស់គាត់ ។

នៅក្នុងឱកាសនោះដែរ ព្រះសង្ឃខ្មែរ ឡាវ ភូមា ត្រូវបាននិមន្តឡើងសូធ្យធម៌ជយន្តោ ជាសិរីសួស្ដីក្នុងកម្មវិធីនិងជាតំណាងឲ្យព្រះពុទ្ធសាសនា ។ មិនតែប៉ុណ្ណោះ និស្សិតខ្មែរលោក ហុក ឈាងឃី បានសូធ្យគាថាសំស្ក្រឹត ជាការចូលរួមអបអរសាទរទិវាដ៏នក្ខត្តឫក្សនេះផងដែរ ។ បន្ទាប់មក មានការសម្ដែង រាំច្រៀង ពីនិស្សិតមកពីបណ្ដាប្រទេសនានាដូចជា ឥណ្ឌា ភូតាន ស្រីលង្កា អាមេរិក វៀតណាម កម្ពុជា ។ អ្នកចូលរួមបានថតរូបជាក្រុមទុកជាអនុស្សាវរីយ៍ និងបន្ទាប់ពីឆាន់និងទទួលទានអាហារពេលព្រឹករួច ក៏ឡើងឡានទៅតាមកន្លែងរៀងៗខ្លួន ។

នៅឯទីក្រុងញូវដែល្លីនេះវិញ រដ្ឋាភិបាលមជ្ឈិមឥណ្ឌា បានប្រារព្ធទិវាឯករាជ្យជាតិ យ៉ាងអធិអធម នៅវាំងក្រហម (ឡាល់ គីឡា) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក នរេន្ទ្រៈ មោទី ដោយមានការទទួលស្វាគមន៍ដោយសិស្សានុសិស្ស មន្ត្រីរាជការ និងមានភ្ញៀវជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ ។

ដូចសព្វមួយដងដែរ លោកនាយករដ្ឋមន្ត្រីតែងយកឱកាសនេះ ដើម្បីថ្លែងនូវសារនយោបាយ និងប្រកាសគោលនយោបាយជាតិសំខាន់ ដែលរដ្ឋាភិបាលមជ្ឈិមបាននឹងកំពុងអនុវត្ត ។ ចំណុចសំខាន់នៃសុន្ទរកថា របស់លោកនាយកមន្ត្រីមានដូចជា៖ ទស្សនវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ឲ្យសម្រេចបានតម្លៃសរុប ៥ ទ្រីលានដុល្លារអាមេរិក (៥.០០០.០០០.០០០.០០០) (បច្ចុប្បន្ន ២,៩៧២ ទ្រីលាន, ទំហំសេដ្ឋកិច្ចលំដាប់ទី ៧ លើពិភពលោក), ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ, ការរក្សាសន្តិភាពនិងសន្តិសុខ ដោយការប្រយុទ្ធប្រឆាំងអំពើភេវរកម្ម, បំណងប្រាថ្នាយកថ្ងៃទី ២ តុលា (ខួបកំណើតមហាត្មៈ គន្ធី) ជាថ្ងៃឈប់ប្រើប្រាស់ថង់ប្លាស្ទិច បន្ថែមលើយុទ្ធនាការសម្អាតឥណ្ឌា (ស្វ័ច្ច ភារ័ត អភិយាន) ដែលបានប្រកាសក្នុងឆ្នាំ ២០១៤, ការរីកចម្រើនក្នុងការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល, មោទនាភាពលើការបង្ហោះយានអវកាស ចន្ទ្រយាន ទី២, និងជាពិសេស ការថ្លែងអំពីការវិវឌ្ឍថ្មីៗនៅ ជម្មូ & កស្មិរ៍ ក្រោយការដករដ្ឋធម្មនុញ្ញមាត្រា ៣៧០ ដ៏ចម្រូងចម្រាស ។ ឥណ្ឌាតែមួយនៅខួបទី៧៣ (#OneIndiaAt73) និងឥណ្ឌាថ្មី (#NewIndia) ជាសំនួនវោហារសាស្ត្រថ្មី ក្នុងសុន្ទរកថារបស់លោកមោទី ។

ចក្រភពអង់គ្លេសបានគ្រប់គ្រងឥណ្ឌាជិត ២០០ ឆ្នាំ ពីឆ្នាំ ១៨៥៨-១៩៤៧ ។ ចលនាទាមទារឯករាជ្យដែលមានឈ្មោះថា សមាជជាតិឥណ្ឌា (បច្ចុប្បន្នជាបក្សប្រឆាំង) ដឹកនាំដោយឥស្សរជនតស៊ូដើម្បីសេរីភាពឥណ្ឌា មានលោកមហាត្មៈ គន្ធីជាដើម បានទទួលជោគជ័យក្នុងការទាមទារឯករាជ្យជាតិដោយអហិង្សា គឺមិនបានធ្វើសង្គ្រាមបង្ហូរឈាមជាមួយអាណានិគមអង់គ្លេសឡើយ ។ ប៉ុន្ដែថ្ងៃឯករាជ្យនេះក៏ជាថ្ងៃដែលឥណ្ឌាត្រូវបានពុះចែកជាពីរដែរគឺ ឥណ្ឌា និងប៉ាគីស្ថាន ។ ជម្លោះហិង្សាសាសនារវាងហិណ្ឌូ និងមូស្លីមដ៏ក្ដៅគគុក ជាមូលហេតុចម្បងនៃការពុះចែកទឹកដីនេះ ។ ប្រជាជនទាំងសងខាង ប្រមាណពី ២ សែនទៅ ២ លាន នាក់បានស្លាប់ និង ១៤ លាន ត្រូវបានជម្លៀសនិងបាត់បង់លំនៅស្ថាន ក្នុងជម្លោះសាសនាដ៏ហិង្សានេះ វាជាការឈឺចាប់ខ្លោចផ្សាឥតគណនា ដែលទាំងប្រជាជនឥណ្ឌានិងប៉ាគីស្ថាន មិនអាចបំភ្លេចបាន ។

ទោះបីជាយ៉ាងក៏ដោយ ប្រជាជនឥណ្ឌាក្មេងចាស់ប្រុសស្រី សិស្សានុសិស្ស និស្សិត សាស្ត្រាចារ្យ  មន្ត្រីរាជការគ្រាប់ជាន់ថ្នាក់ តែងរីករាយសាទរនឹងទិវាឯករាជ្យជាតិ ដោយស្មារតីមោទនភាពជាតិ អធិបតេយ្យភាពជាតិ និងសេរីភាពម្ចាស់ការ ។

ផ្ដល់ព័ត៌មានពីក្រុងរាជគ្រឹះដោយ ព្រះតេជព្រះគុណ ពេជ្រ ផានិត និងរៀបរៀងជាអត្ថបទដោយលោកវិទូ ។

© រក្សាសិទ្ធិដោយ លោកវិទូ

No comments:

Post a Comment