សមណនិស្សិតខ្មែរបានចូលរួមក្នុងសន្និសីទអន្តរជាតិប្រពៃណីធម៌-ធម្មលើកទី៥ នៅសាកលវិទ្យាល័យនាលន្ទា ក្រុងរាជគ្រឹះ - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, July 28, 2019

សមណនិស្សិតខ្មែរបានចូលរួមក្នុងសន្និសីទអន្តរជាតិប្រពៃណីធម៌-ធម្មលើកទី៥ នៅសាកលវិទ្យាល័យនាលន្ទា ក្រុងរាជគ្រឹះ

ពីស្តាំ ភិក្ខុ ឡុច សុវណ្ណា ភិក្ខុ សឿន ភារម្យ ភិក្ខុ ហ៊ុន ចាន់ដែន និងភិក្ខុ ពេជ្រ ផានិត, ក្រុងរាជគ្រឹះ, ២៧ កក្កដា ២០១៩ ។

លោកវិទូ | ថ្ងៃ ១᧼៨ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២៨ កក្កដា ២០១៩

សន្និសីទអន្តរជាតិស្ដីពី «សត្យ ចិត្ត អនន្ត & និព្វាន នៅក្នុងប្រពៃណីធម៌-ធម្ម» រយៈពេល ២ ថ្ងៃ មានការចូលរួមពីសម្នាក់បញ្ញវន្ត បណ្ឌិត សាស្ត្រាចារ្យ  វាគ្មិនកិត្តិយស និងអ្នកធ្វើបទបង្ហាញអត្ថបទស្រាវជ្រាវ សរុបទាំងអស់ចំនួនប្រមាណ ២៥០ នាក់ មកពី ១១ ប្រទេសក្នុងទ្វីបអាស៊ី ។ ក្នុងនោះមានព្រះសង្ឃសមណនិស្សិត/និស្សិតខ្មែរចូលរួមស្ដាប់ និងធ្វើបទបង្ហាញអត្ថបទស្រាវជ្រាវផងដែរ ។ 

សន្និសីទអន្តរជាតិនេះ ត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យនាលន្ទា ក្រុងរាជគ្រឹះ ដោយសហការជាមួយស្ថាប័នជង្រុកគំនិតឈ្មោះ មូលនិធិឥណ្ឌា ទីក្រុងញូវដែល្លី នៅមជ្ឈមណ្ឌលប្រជុំអន្តរជាតិក្រុងរាជគ្រឹះ ដែលបានចាប់ផ្ដើមពីថ្ងៃទី ២៧ ដល់ទី២៨ កក្កដា ២០១៩ នេះ ។

នេះជាសន្និសីទលើកទី ៥ ហើយ ។ យោងតាមសារព័ត៌មានហិណ្ឌូស្ថានថែមបានឲ្យដឹងថា ប្រធានធិបតីឥណ្ឌា រាម នាថ កោវិន្ទ បានអញ្ជើញបើកសន្និសីទអន្តរជាតិលើកទី ៤ ។ នៅក្នុងសន្និសីទលើកនេះ អភិបាលរដ្ឋនៃរដ្ឋប៊ីហារ លោក លាលជី តន្ឌន បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និសីទ រីឯរដ្ឋមន្ត្រីសហព័ន្ធទទួលបន្ទុកកិច្ចការយុវជន និងកីឡា លោក កិរេន រិជិជូ ធ្វើជាភ្ញៀវកិត្តិយស ។ នៅក្នុងឱកាសប្រកប​ដោយ​នក្ខត្តឫក្ស​ដ៏ឧត្តមនេះដែរ សមណព្រាហ្ម ស្វាមី អវធេសានន្ទ គិរី ក៏ត្រូវបានគេនិមន្តឲ្យសម្ដែងនូវធម្មកថាឲ្យពរជ័យផងដែរ ។

គេឃើញមានគណៈប្រតិភូជាន់ខ្ពស់ មានដល់ថ្នាក់រដ្ឋមន្ត្រី បញ្ញវន្តជាន់ខ្ពស់ល្បីៗ និងអ្នកសិក្សាស្រាវជ្រាវពីសាកលវិទ្យាល័យនានា បានចូលរួមជាភ្ញៀវកិត្តិយសនិងជាវាគ្មិន នៅក្នុងសន្និសីទអន្តរជាតិនេះ អញ្ជើញនិងនិមន្តមកពីប្រទេសនៅក្នុងតំបន់អាស៊ី ដូចជា ឥណ្ឌា ស្រីលង្កា ភូតាន នេប៉ាល់ ម៉ាល់ឌីវ  ម៉ោរិសៀស កូរ៉េ ចិន ម៉ុងហ្គោលី វៀតណាម និងកម្ពុជាផង ត្រូវជា ១១ ប្រទេស ។

នៅក្នុងសន្និសីទនេះលើកមុនៗ គណៈប្រតិភូខ្មែរតែងតែត្រូវបាននិមន្តនិងអញ្ជើញឲ្យចូលរួម ពីប្រទេសកម្ពុជា តែលើកនេះមិនមានទេ ។ ក៏ប៉ុន្តែមានព្រះសង្ឃសមណនិស្សិតខ្មែរថ្នាក់បណ្ឌិតមួយព្រះអង្គ បាននិមន្តចូលរួមជាអ្នកធ្វើបទបង្ហាញ ក្នុងចំណោមបញ្ញវន្តសង្ឃនិងគ្រហស្ថទាំងឡាយនោះ ។ ព្រះអង្គមាននាមថា ព្រះភិក្ខុ ហ៊ុន ចាន់ដែន ជាសមណនិស្សិតថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យអាឡាហាបាដ ក្រុងអាឡាហាបាដ រដ្ឋឧត្តរប្បទេស ប្រទេសឥណ្ឌា និងជាព្រះគ្រូចៅអធិការវត្តកោសម្ពីខេមរារាម ដែលស្ថិតនៅចម្ងាយជាង ៥០ គម ពីសាកលវិទ្យាល័យនោះ ។

ការធ្វើបទបង្ហាញនេះ ជាតម្រូវការចំបាច់មួយ មុនពេលព្រះអង្គដែលជាបេក្ខជនបណ្ឌិត អាចដាក់និក្ខេបបទរបស់ព្រះអង្គ ឲ្យគណៈកម្មការជំនាញស្រាវជ្រាវ នៃសាកលវិទ្យាល័យត្រួតពិនិត្យ ដើម្បីទទួលបានសញ្ញាបត្របណ្ឌិតទស្សនវិជ្ជា ។

នៅក្នុងឱកាសនោះដែរ សមណនិស្សិត/និស្សិតខ្មែរចំនួន ៤ អង្គ/នាក់ ដែលសិក្សានៅសាកលវិទ្យាល័យនាលន្ទា ក៏បានចូលរួមដែរ ។ ជាកិត្តិយស សមណនិស្សិត/និស្សិតខ្មែរយើង ដែលកំពុងសិក្សានៅទីនោះ និងជាអ្នកស័្មគ្រចិត្តជួយរៀបចំកម្មវិធី ត្រូវបានអញ្ជើញឲ្យឡើងលើវេទិកា ដើម្បីសូត្រធម៌បាលី ក្នុងពិធីបើកសន្និសីទនោះទៀតផង ។

សន្និសីទអន្តរជាតិធម៌-ធម្មនេះ ជាគំនិតចាប់ផ្ដើមថ្មីមួយ ដែលមាននិន្នាការផ្សារភ្ជាប់ទស្សនវិជ្ជាពុទ្ធសាសនា (ធម្ម) ទៅនឹងសាសនាហិណ្ឌូ (ធម៌) «ដើម្បីស្វែងរកនូវគុណតម្លៃរួម នៃប្រពៃណីធម្មនិយម ដែលអាចផ្ដល់នូវពន្លឺនាំផ្លូវ ចំពោះពិភពលោកអន្ធការសព្វថ្ងៃ» នេះបើយោងតាមខិតបណ្ណទស្សនាទានរបស់សន្និសីទអន្តរជាតិនេះ ។ ខ្លឹមសារនៃសន្និសីទលើកនេះមានទស្សនវិជ្ជាជ្រាលជ្រៅ អំពី សត្យ (សច្ចៈ) ចិត្ត (ចិត្ត) អនន្ដ (បរមសុខ) និង និព្វាន (ការត្រាស់ដឹង) ។

កាសែតហិណ្ឌូស្ថានថែម បានដកស្រង់សម្ដី អនុអធិការបតីនៃសាកលវិទ្យាល័យនាលន្ទា លោកស្រីសាស្ត្រាចារ្យ សុនៃនា សិង្ហ យ៉ាងដូចច្នេះថា៖

«ព្រឹត្តិការណ៍នេះ បានបង្កើតនូវឱកាស មិនត្រឹមតែដើម្បីចែករំលែកនូវគំនិត បទពិសោធន៍ និងកសាងនូវកិច្ចសហការគ្នា ដើម្បីពិភពលោកមួយកាន់តែប្រសើរឡើង និងសុខមាលភាពមនុស្សជាតិ នៅក្នុងប្រទេសឥណ្ឌានិងពិភពលោកប៉ុណ្ណោះទេ, ថែមទាំងដើម្បីស្ដាប់នូវសទ្ទឃោសៈ នៃសាកលវិទ្យាល័យនាលន្ទាបុរាណផងដែរ ។»

សន្និសីទអន្តរជាតិធម៌-ធម្មនេះ ជាសន្និសីទប្រចាំឆ្នាំដ៏សំខាន់មួយ ដែលជាឱកាសសម្រាប់សិស្សនិស្សិត ត្រង់ត្រាប់ស្ដាប់យកចំណេះដឹងនិងបទពិសោធន៍ក្នុងជីវិត ។ លោក ហុក ឈាងឃី ជានិស្សិតខ្មែរដែលកំពុងសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទស្សនវិជ្ជា នៅសាកលវិទ្យាល័យនាលន្ទា តាមរយៈអាហារូបករណ៍ឥណ្ឌា ស៊ី.អិល.អឹម.វី (CLMV) និងជានិស្សិតស័្មគ្រចិត្ត ក្នុងសន្និសីទអន្តរជាតិនេះដែរ បានសម្ដែងចំណាប់អារម្មណ៍អំពីសន្និសីទនេះ ប្រាប់លោកវិទូតាមបណ្ដាញសង្គមដូចច្នេះថា៖

«សន្និសីទនេះបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ខ្ញុំជានិស្សិតផ្នែកទស្សនវិជ្ជា ដោយវាគ្មិនមកពីបណ្តាប្រទេសនានា បានធ្វើបទបង្ហាញពីទស្សនៈផ្សេងៗ ដើម្បីអប់រំចិត្តដើម្បីទទួលបាននូវសេចក្តីសុខ សុភមង្គល ដោយផ្អែកលើទ្រឹស្តីពុទ្ធសាសនា ហិណ្ឌូសាសនា សាសនាជេន និងសាសនាផ្សេងៗទៀត!»

នាលន្ទាជាសាកលវិទ្យាល័យព្រះពុទ្ធសាសនាបុរាណ មុនគេបំផុតក្នុងពិភពលោក ។ តាំងពីសតវត្សរ៍ទី ១២ មក នាលន្ទាត្រូវបានគេបោះបង់ចោល រហូតដល់សតវត្សរ៍ទី ១៩ ទើបស្ថាប័នស្រាវជ្រាវបុរាណវត្ថុរបស់ឥណ្ឌា បានធ្វើកំណាយឃើញឡើងវិញ ។ ក្នុងឆ្នាំ ១៩៥៥ មានព្រះសង្ឃខ្មែរ ៣ ព្រះអង្គត្រូវបាន សមាគមពុទ្ធិកវិទ្យាល័យ បញ្ជូនមករៀននៅវិទ្យាស្ថាននាលន្ទា គឺព្រះមហា វ៉ា យ៉ាវ (សម្ដេចព្រះមហាឃោសានន្ទ) ព្រះមហា អាំ សួន និងព្រះមហា មាស ចន និងទសវត្សរ៍ឆ្នាំ ១៩៦០ មានព្រះសង្ឃខ្មែរ ៣ អង្គទៀតបានទៅសិក្សាបន្តវិជ្ជានៅនាលន្ទា គឺភិក្ខុ អ៊ុក អ៊ិន ភិក្ខុ ប៉ែន សាអឿន និងព្រះមហា ស៊ុន សារៀម ។

© រក្សាសិទ្ធិដោយ លោកវិទូ

No comments:

Post a Comment