សៀវភៅចេញថ្មី «ព្យាបាល ជម្ងឺផ្លូវចិត្ត តាមរយៈរឿងព្រះជាតក» ដោយព្រះតេជព្រះគុណ ពេញ វិបុល - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Saturday, July 27, 2019

សៀវភៅចេញថ្មី «ព្យាបាល ជម្ងឺផ្លូវចិត្ត តាមរយៈរឿងព្រះជាតក» ដោយព្រះតេជព្រះគុណ ពេញ វិបុល

រូបភាពខិតបណ្ណពាណិជ្ជកម្មសៀវភៅ «ព្យាបាល ជម្ងឺផ្លូវចិត្ត តាមរយៈរឿងព្រះជាតក» ។

លោកវិទូ | ថ្ងៃ ៧᧻៨ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២៧ កក្កដា ២០១៩

សៀវភៅមានចំណងជើងថា «ព្យាបាល ជម្ងឺផ្លូវចិត្ត តាមរយៈរឿងព្រះជាតក» ជាសៀវភៅបកប្រែដោយ ព្រះតេជព្រះគុណ ពេញ វិបុល, សាស្ត្រាចារ្យសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា, រាជធានីភ្នំពេញ, ត្រូវបានដាក់លក់កាលពីថ្ងៃទី ២៥ កក្កដា ២០១៩ នៅតាមបណ្ណាគារនានា នៅទីក្រុងភ្នំពេញ ។ ទិញសៀវភៅនេះអាន បានទាំងចំណេះដឹង បានទាំងបុណ្យ ។

ចំណងជើងដើមនៃសៀវភៅថ្មីនេះ ជាភាសាអង់គ្លេសថា "Psychiatric Aspects of Jataka Stories" និពន្ធដោយលោកសាស្ត្រាចារ្យ បណ្ឌិត ឌី.វី.ចេ. ហរិស្ចន្ទ្រៈ (D. V. J. Harischandra) ជាអ្នកផ្ដល់ប្រឹក្សាជំងឺផ្លូវចិត្ត ជនជាតិស្រីលង្កា, បោះពុម្ពនៅក្នុងឆ្នាំ ១៩៩៨ ។ នេះជាសៀវភៅមួយដ៏ល្បីល្បាញរបស់គាត់ ដែលនៅក្នុងនោះ គាត់បានលើកឡើងថា អ្នកចិត្តសាស្ត្រ និងអ្នកផ្ដល់ប្រឹក្សាជំងឺផ្លូវចិត្តបច្ចិមលោក គួរតែសិក្សាអំពីសារសំខាន់ នៃការវិភាគផ្លូវចិត្តនៅក្នុងសៀវភៅរឿងជាតក ។

ព្រះតេជព្រះគុណ ពេញ វិបុល បានផ្សព្វផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់ព្រះអង្គថា​ សៀវភៅនេះមានលក់នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រខាងត្បូងវិមានឯករាជ្យ​ បណ្ណាគារ ​Monuments ការិយាល័យវិទ្យុ​ GreenWave FM 98 MHz កញ្ញា​ Ly (0977025374), My Bookshop Cambodia នៅផ្លូវចូលវត្តប្រយូវង្សនិងខាងមុខពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតភ្នំពេញ ។

ព្រះអង្គបានបន្ថែមទៀតថា «៣០% នៃបច្ច័យចំណេញពីការលក់សៀវភៅនេះនឹងជូនលោកតាបណ្ឌិត​ កុល​ ផេង​ ជាបដិការគុណទុកសម្រាប់ធ្វេីបុណ្យ​ ឬធ្វេីសង្គហទានដល់អ្នកក្រីក្រ​ ឬធ្វេីអ្វីក៏ដោយទៅតាមទឹកចិត្តអធ្យាស្រ័យបុណ្យរបស់លោក!» ។

លោក ប្រាក់ សម្ផស្ស បុគ្គលិកទូរទស្សន៍ក្នុងស្រុកដ៏ឆ្នើមម្នាក់ បានបង្ហោះរូបភាពគាត់កំពុងអានសៀវភៅខាងលើនេះ នៅក្នុងបណ្ដាញហ្វេសប៊ុករបស់គាត់ ហើយភ្ជាប់ជាមួយនូវសំណេរ ដែលសម្ដែងពីចំណាប់អារម្មណ៍របស់គាត់យ៉ាងដូច្នេះថា «ខ្ញុំព្រះករុណា សូមអរព្រះគុណដល់ព្រះគុណម្ចាស់ ពេញ វិបុល ដែលបានព្យាយាមបកប្រែសៀវភៅដ៏មានប្រយោជន៍នេះ សម្រាប់មហាជនកម្ពុជា យ៉ាងហោចណាស់បានជាពន្លឺខ្លះដើម្បីរួមចំណែកដល់ការលើកតម្កើងអក្សរសាស្រ្តជាតិ និងវិស័យអំណានឲ្យរុងរឿងឡើងជាភិយ្យោភាព ។»

ពិតណាស់ ការបកប្រែជាខេមរភាសានេះ នឹងបានជាប្រយោជន៍ដល់អ្នកដែលមិនចេះភាសាអង់គ្លេស និងធ្វើឲ្យពួកគាត់អាចសិក្សាស្វែងយល់ ពីទស្សនៈរបស់អ្នកប្រាជ្ញអន្តរជាតិបានផងដែរ ។

ក្នុងសម័យមុនក៏ដូចគ្នាដែរ អ្នកប្រាជ្ញពុទ្ធសាសនាខ្មែរ បានខិតខំចងក្រងបកប្រែអត្ថបទ និងសៀវភៅបរទេសល្បីៗជាច្រើនជាភាសាខ្មែរ ដើម្បីជាប្រយោជន៍ខាងប្រាជ្ញាញាណ ក្នុងការសិក្សារបស់កុលបុត្រកុលធីតាខ្មែរគ្រប់មជ្ឈដ្ឋាន ។ ជាតួយ៉ាង ឧកញ៉ា នូ កន បានបកប្រែសៀវភៅរឿងប្រលោមលោកចិនបែបប្រវត្តិសាស្ត្រ «រឿងសាមកុក» (១៩៣៣) ពីភាសាសៀម ព្រះភិក្ខុ ប៉ាង ខាត់ បានបកប្រែសៀវភៅ «បញ្ចន្ត្រៈ» (១៩៥២) និង «ស្រីហិតោបទេស» (១៩៦៥) ជាដើម ពីភាសាសំស្ក្រឹតរបស់ឥណ្ឌា និងលោក ញ៉ុ​ក ថែម ហ្លួងនិពន្ធមន្ត្រី នៅពុទ្ធសាសនបណ្ឌិត្យ និងលោក រ៉ាយ ប៉ុក ក្រុមការងារនៅពុទ្ធសាសនបណ្ឌិត្យ បានបកប្រែសៀវភៅពុទ្ធសាសនាដ៏ល្បីល្បាញមួយ ពីភាសាអង់គ្លេសជាភាសាខ្មែរគឺ «ពន្លឺអាស៊ីទ្វីប» (១៩៦៧) ។ល។

សៀវភៅ «ព្យាបាល ជម្ងឺផ្លូវចិត្ត» ខាងលើនេះ ពិតជានឹងបានជាប្រយោជន៍ដល់ការអនុវត្ត ក្នុងការព្យាបាលជំងឺផ្លូវចិត្ត ដែលកំពុងតែរីករាលដាលក្នុងសង្គមទំនើបនេះ ដែលគេនិយមហៅថា «depression» មួយចំណែកដែរ ។ «តាមការសង្កេតមួយរយៈចុងក្រោយនេះ» តាមសំណេរដដែលរបស់លោក ប្រាក់ សម្ផស្ស «យើងមានបញ្ហាផ្លូវចិត្តច្រើនណាស់ទាំងរឿងរ៉ាវរបស់សង្គម នយោបាយ សេដ្ឋកិច្ច និងការរត់ប្រណាំងគ្នាមិនចេះចប់មិនចេះហើយ ។» លោកបានសរសេរបន្តទៀតថា «ការប្រជែង ការគុំកួនដោយបដិឃចិត្ត (ថ្នាំងថ្នាក់ចិត្ត) នេះហើយដែលញ៉ាំងជំងឺផ្លូវចិត្តឲ្យរីកសាយភាយកើតឡើងជារឿយៗ នៅក្នុងបរិបទសង្គម។»

ពុទ្ធសាសនិកជនខ្មែរយើងបានអានស្ដាប់និងសិក្សាជាច្រើន អំពីជាតកដែលជាកម្រងរឿងរ៉ាវអតីតជាតិ របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើង កាលដែលព្រះអង្គកំពុងបំពេញបារមី ដើម្បីត្រាស់ដឹងជាព្រះពុទ្ធ ។ សៀវភៅ «ប្រជុំនិទានជាតក» (សិទ្ធត្ថបណ្ឌិត សុង ស៊ីវ, ១៩៦២) «មហាវេស្សន្តរជាតក» (ញ៉ុក ថែម, ១៩៩០) «ទសជាតក» (ព្រះគ្រូបុរត្ថិមវាសី អ៊ូ ចេវ, ១៩៩៦) «បញ្ញាសជាតក» (ញ៉ុក ថែម, ១៩៩៩) «មាគ៌ាជីវិតនៃព្រះពោធិសត្វ» (បណ្ឌិត កុល ផេង, ២០០៩) ។ល។ សុទ្ធតែបានសិក្សាស្រាវជ្រាវអំពីប្រវត្តិអតីតជាតិរបស់ព្រះអង្គ ។ តែភាគច្រើនយើងសិក្សាតែលើអានិសង្សនៃការបំពេញបុណ្យ តាមលំនាំនៃព្រះពោធិសត្វ និងមិនបានដកស្រង់ចំណុច ដែលទាក់ទងនឹងការព្យាបាលជំងឺផ្លូវចិត្តឡើយ ។

ដូច្នេះសៀវភៅថ្មីនេះ អាចជាប្រភពនៃចំណេះដឹងថ្មីមួយសម្រាប់មិត្តអ្នកអានភាសាខ្មែរទូទៅ មិនថាផ្លូវលោកឬផ្លូវធម៌ទេ ។ កល្យាលមិត្តទាំងឡាយគួរតែស្វែងរកអានសៀវភៅថ្មីេនះ កុំបីអាក់ខានឡើយ ដើម្បីបានទាំងចំណេះដឹងជាគ្រឿងអប់រំចិត្ត និងជាការធ្វើនូវសប្បុរសធម៌ដល់ជនក្រីក្រតាមរយៈលោកតា បណ្ឌិត កុលផេង ទៀតផង ។

© រក្សាសិទ្ធិដោយ លោកវិទូ

No comments:

Post a Comment