នាលន្ទា៖ សាកលវិទ្យាល័យព្រះពុទ្ធសាសនា មុនគេបំផុតក្នុងពិភពលោក - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Saturday, May 11, 2019

នាលន្ទា៖ សាកលវិទ្យាល័យព្រះពុទ្ធសាសនា មុនគេបំផុតក្នុងពិភពលោក

ស្តូបព្រះសារីបុត្ត ជាសំណង់បែកបាក់ ដែលនៅសល់លេចធ្លោរជាងគេ នៅអតីតនាលន្ទាមហាវិហារ, ២០១៤ © លោកវិទូ ។

លោកវិទូ | ថ្ងៃ ៧᧨៦ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ | ១១ ឧសភា ២០១៩

ស្ថិតនៅក្នុងក្រុងរាជគ្រីះ អតីតដែនមគធៈនៃសម័យពុទ្ធកាល នៃរដ្ឋប៊ីហារ ប្រទេសឥណ្ឌា នាលន្ទាជាសាកលវិទ្យាល័យព្រះពុទ្ធសាសនាមួយ ដែលល្បីរន្ទឺទូទាំងពិភពលោក ចាប់ពីគ្រិស្តស័ករាជ ៤២៧~១១៩៧ ។ នាលន្ទាត្រូវបានកសាងឡើងដោយស្តេចនៃរាជវង្សគុប្តៈនាម សក្រាទិត្យៈ (កុមារគុប្តៈ) ក្នុងសតវត្សរ៍ទី ៥ និងចម្រើនរុងរឿង អស់រយៈពេល ៦០០ ឆ្នាំ រហូតដល់សតវត្សរ៍ទី ១២ ។ នាលន្ទាត្រូវបានគេស្គាល់ថា ជាមជ្ឈមណ្ឌលសិក្សាព្រះពុទ្ធសាសនា ដែលចម្រើនរុងរឿង និងជាសាកលវិទ្យាល័យដ៏អស្ចារ្យ ក្នុងចំណោមសាកលវិទ្យាល័យ នៃពិភពលោកទាំងមូល ដែលអ្នកសិក្សាប្រវត្តិសាស្ត្រពុទ្ធសាសនា និងអ្នកស្រាវជ្រាវអំពីការសិក្សាព្រះពុទ្ធសាសនានៅសម័យនោះ មិនអាចមើលរំលងបាន ។

ពីដើម នាលន្ទាត្រូវបានគេហៅថា នាលន្ទាមហាវិហារ ។ នៅក្នុងបរិវេណនៃនាលន្ទាមហាវិហារ ដែលគេរកឃើញ មានវត្ត ១១ ព្រះវិហារ ៦ សាលធ្វើសមាធិ ថ្នាក់រៀន បឹង និងឧទ្យាន ក្នុងបរិវេណប្រមាណ ១២ ហិចតា (៣០ អែក) ជាសាកលវិទ្យាល័យធំទី ២ បន្ទាប់ពីតក្កសិលា ។ សាកលវិទ្យាល័យនាលន្ទា មានបណ្ណាល័យដល់ទៅ ៩ ជាន់ ជាកន្លែងដែលសមណនិស្សិត អាចចម្លងសៀវភៅនិងឯកសារ សម្រាប់ទុកអានផ្ទាល់ខ្លួនបាន ។ ជាពិសេសនោះគឺថា នាលន្ទាជាស្ថានប័នសិក្សាមុនដំបូងគេបង្អស់ក្នុងលោក ដែលបានផ្ទល់អន្តេវាសិកដ្ឋាន ដល់សិស្សដែលមករៀននៅសាកលវិទ្យាល័យនេះ ដែលអាចដាក់សិស្សដល់ទៅ ១០០០០ (មួយម៉ឺន) នាក់ និងផ្ទល់ទីស្នាក់នៅដល់សាស្ត្រាចាចរ្យ ឬអាចារ្យបង្រៀនចំនួន ២០០០ (ពីរពាន់) នាក់ទៀត ។ សាកលវិទ្យាល័យនេះ បានទាក់ទាញអ្នកសិក្សា និងអ្នកប្រាជ្ញមកពីបណ្ដាប្រទេសជាច្រើន ដូចជា កូរ៉េ ជប៉ុន ចិន ទីបេត៍ ភើសៀ និងតួគី ។ ក្រៅពីនេះ តាមរយៈកំណាយបុរាណដ្ឋានប្រវត្តិសាស្ត្រ បានបង្ហាញពីទំនាក់ទំនងគ្នា រវាងរាជវង្សសៃលេន្ទ្រៈ នៃប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងនាលន្ទាមហារវិហារនេះ ដោយកាលនោះ ស្តេចសៃលេន្ទ្រៈបានកសាងវត្តមួយ នៅក្នុងបរិវេណនៃនាលន្ទាមហាវិហារនេះ ។

បើយើងសិក្សាពិស្តារអំពីប្រវត្តិ នៃសាកលវិទ្យាល័យព្រះពុទ្ធសាសនា ដ៏ល្បីល្បាញមួយនេះ យើងនឹងបានដឹងច្បាស់ថា សាកលវិទ្យាល័យនេះ ជាប្រភពនៃពុទ្ធសាសនាមហាយាន ។ អាចារ្យទិសាបាមោក្ខទាំងឡាយនៃនាលន្ទា ដែលអ្នកដំណើរចិន ហួន ត្សាង បានកត់ត្រាទុកក្នុងសៀវភៅកំណត្រាធ្វើដំណើររបស់គាត់ គឺបានបង្កើតទ្រឹស្តីទស្សនវិជ្ជាពុទ្ធសាសនាមហាយាន ។ សិស្សទាំងឡាយបានសិក្សា ពីអំពុទ្ធសាសនាមហាយាន ក៏ដូចជា និកាយទាំង ១៨ នៃពុទ្ធសាសនាហីនយាន (ថេរវាទ) ។ កម្មវិធីសិក្សានៅនាលន្ទា ក៏បានរួមបញ្ចូលមុខវិជ្ជាដទៃទៀតដែរ គឺវេទៈ តក្កវិទ្យា វេយ្យាករណ៍សំស្ក្រឹត វិជ្ជាពេទ្យ និងទស្សនវិជ្ជាហិណ្ឌូគេហៅថា សំខ្យា ។

ក្នុងសម័យពុទ្ធកាល នាលន្ទាជាស្រុកកំណើត និងទីស្ថានបរិនិព្វាន របស់ព្រះអគ្គសាវក ព្រះសិរីបុត្ត ។ អ្នកប្រាជ្ញព្រះពុទ្ធសាសនាល្បីៗ ជាច្រើនដែលមានឈ្មោះជាប់ពន្ធ នឹងសាកលវិទ្យាល័យនាលន្ទា មានដូចជា៖ អារ្យភ័ដ (គណិត-តារាវិទូ) អារ្យទេវ (សិស្សរបស់នាគជ៌ុន) អតិសៈ (អ្នកប្រាជ្ញពុទ្ធសាសនា មហាយាន និងវជ្រយាន) ចន្ទ្រកីរតិ (សិស្សរបស់នាគជ៌ុន) ធម្មកីរតិ (តក្កវិទូ) ធម្មបាល (អ្នកប្រាជ្ញនៃសាលាទស្សនយោគាចារ) ទិគ្នាគៈ (ស្ថាបនិកតក្តវិទ្យាពុទ្ធសាសនា) នាគជ៌ុន (អ្នកប្រាជ្ញជាអ្នកសម្រួលទ្រឹស្តីសូន្យតា) នារូបា (អ្នកប្រាជ្ញនាំពុទ្ធសាសនាវជ្រយានទៅប្រទេសទីបេត៍) សាន្តរក្សិតា (ស្ថាបនិកសាលាទ្រឹស្តីយោគាចារ និងមាធ្យមិកៈ) សីលាភទ្រៈ (គ្រូរបស់ហួនត្សាង) ហួនត្សាង (អ្នកធម្មយាត្រាចិន) និងអ៊ីត្សឹង (អ្នកធម្មយាត្រាចិន) ។

ព្រះពុទ្ធសាសនានិកាយវជ្រយានរបស់ទីបេត៍ បានចាត់ទុកនាលន្ទាជាប្រភពដើម នៃសាសនារបស់ខ្លួន និងគោរពកោតសរសើរ សាកលវិទ្យាល័យនេះណាស់ ។ ជាពិសេស អតិសៈ (នាមពេញ៖ អតិសៈ ទីបង្ករៈ ស្រីជ្ញាណៈ) ជាអ្នកប្រាជ្ញដែលប្រជាជនទីបេត៍ គោរពបូជា ។ គេតែងឃើញរូបគំនូរបស់ អតិសៈនៅតាមវត្តអារាមរបស់ទីបេត៍ ។ អតិសៈ ក៏ល្បីថាបាននាំពុទ្ធសាសនាវជ្រយាន ទៅផ្សព្វផ្សាយនៅអាណាចក្រស្រីវិជ័យ (ឥណ្ឌូនេស៊ី) ក្នុងឆ្នាំ ១០១៣ ដោយបានស្នាក់នៅទីនោះ អស់រយៈពេល ១២ ឆ្នាំ ទើបត្រលប់មកឥណ្ឌាវិញ ។ ដោយឡែកអ្នកធ្វើដំណើរធម្មយាត្រាចិនពឺរអង្គ ដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រគឺ ហួនត្សាង និងអ៊ីត្សឹង នៃរាជវង្សថាង ក៏បាននិមន្តមកដល់សាលានាលន្ទាដែរ ។ ហួនត្សាង បានធ្វើដំណើរមកដល់ឥណ្ឌា ក្នុងសតវត្សរ៍ទី ៧ ហើយល្បីថាបានធ្វើដំណើរទូទាំងប្រទេសឥណ្ឌា អស់រយៈពេល ១៧ ឆ្នាំ រួមទាំងនាលន្ទាផងដែរ ។ ដំណើរធម្មយាត្រានេះ ត្រូវបានធ្វើកំណត់ត្រាទុក ក្នុងសៀវភៅកំណត់ត្រាធ្វើដំណើររបស់គាត់ ដែលមានចំណងជើងថា «កំណត់ត្រាដ៏អស្ចារ្យរបស់រាជវង្សថាង ស្តីអំពីសាសនានៃភូមិភាគខាងលិច» ដែលក្រោយមកត្រូវបានគេសរសេរជារឿងប្រលោមលោកមានចំណងជើងថា «ដំណើរទៅទិសខាងលិច» ឬខ្មែរយើងនិយមហៅថា «ថាងឆេងចម្លងធម៌» នោះឯង ។

ក្នុងសតវត្សរ៍ទី ៧ អ៊ីត្សឹង ជាអ្នកធម្មយាត្រាចិនម្នាក់ទៀត ដែលបានមកសិក្សានៅ នាលន្ទាមហាវិហារ ដើម្បីសិក្សាព្រះពុទ្ធសាសនា អស់រយៈពេល ១០ ឆ្នាំ ដោយយកគំរូតាម ហួនត្សាង ។ មុនការធ្វើដំណើរមកដល់ឥណ្ឌា គាត់បានស្នាក់នៅនគរស្រីវិជ័យ (កោះស៊ូមាត្រា) អស់យរៈពេល ៦ ខែ ដើម្បីរៀនវេយ្យាករណ៍សំស្ក្រឹត និងភាសាម៉ាឡេ ។ ក្នុងឆ្នាំ ៦៨៧ តាមផ្លូវត្រលប់ទៅចិនវិញ គាត់បានឈប់នៅកោះស៊ូមាត្រា និងស្នាក់នៅទីនោះអស់រយៈពេល ៣ ឆ្នាំ ដើម្បីបកប្រែគម្ពីរដីកាផ្សេងៗ ពីភាសាសំស្ក្រឹតទៅជាភាសាចិន ។ ដូច្នេះកំណត់ត្រាអ្នកធម្មយាត្រាទាំងពីររូបនេះ ជាប្រភពដំសំខាន់នៃប្រវត្តិពុទ្ធសាសនា ក្នុងសម័យនោះ ជាពិសេសប្រវត្តិពុទ្ធសាសនានៅប្រទេសឥណ្ឌា និងប្រវត្តិនាលន្ទាមហាវិហារ ។

ជាអកុសលណាស់ សាកលវិទ្យាល័យព្រះពុទ្ធសាសនា ដ៏ល្បីល្បាញមួយនេះ ត្រូវបានបំផ្លាញខ្ទេចខ្ទីគ្មានសល់ ដោយកងទ័ពមូស្លីមទួគី ដឹកនាំដោយមេទ័ពឈ្មោះ បាខតិយារ ខល្ជី (Bakhtiyar Khalji) ក្នុងឆ្នាំ ១២០០ ។ ដោយមានបំណងគាស់ឫសគល់នៃព្រះពុទ្ធសាសនាទាំងស្រុង និងសាបព្រួសសាសនាឥស្លាមនៅប្រទេសឥណ្ឌា ពួកមូស្លីមបានដុតបំផ្លាញចោល នូវបណ្ណាល័យដ៏មហិមារបស់នាលន្ទា និងដុតចោលនូវគម្ពីរដីកាប្រមាណ ៩ លានច្បាប់ ។ គ្រាន់តែសៀវភៅឆេះមានរយៈពេលរាប់សិបខែ (អ្នកខ្លះថាដល់ទៅបីខែ) ទើបឆេះអស់សៀវភៅ ដែលជាមរតកសាសនា និងប្រាជ្ញាញាណ ដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបាន ។ ព្រះសង្ឃរាប់ពាន់អង្គត្រូវបានធ្វើគុត ដោយកាត់កទាំងរស់ ។ ការដួលរលំទៅនូវសាកលវិទ្យាល័យនេះ បានកំណត់នូវការចុះដុនដាបនៃព្រះពុទ្ធសាសនា នៅប្រទេសឥណ្ដារហូតមក ។

តាំងពីនោះមកនាលន្ទាត្រូវបានគេបោះបង់ចោល រហូតដល់សតវត្សរ៍ទី ១៩ ទើបស្ថាប័នស្រាវជ្រាវបុរាណវត្ថុរបស់ឥណ្ឌា បានធ្វើកំណាយឃើញឡើងវិញ ។ ក្នុងឆ្នាំ ១៩៥១ នវនាលន្ទាមហវិហារ ត្រូវបានបង្កើតវិញ ដោយរដ្ឋាភិបាលនៃរដ្ឋប៊ីហារ នៅក្បែរនាលន្ទាចាស់ តាមសំណើររបស់ បណ្ឌិត រាជេន្ទ្រ ប្រាសាទ ប្រធានាធិបតីទី១របស់ឥណ្ឌា ដើម្បីរំឭកឡើងវិញ នូវកិត្យានុភាពនៃនាលន្ទាបុរាណ ។ បន្ទាប់មកក៏បានបើកបង្រៀនឡើងវិញ ។ ក្នុងឆ្នាំ ១៩៥៥ មានព្រះសង្ឃខ្មែរ ៣ ព្រះអង្គត្រូវបាន សមាគមពុទ្ធិកវិទ្យាល័យ បញ្ជូនមករៀននៅវិទ្យាស្ថាននាលន្ទា គឺព្រះមហា វ៉ា យ៉ាវ (សម្ដេចព្រះមហាឃោសានន្ទ) ព្រះមហា អាំ សួន និងព្រះមហា មាស ចន និងទសវត្សរ៍ឆ្នាំ ១៩៦០ មានព្រះសង្ឃខ្មែរ ៣ អង្គទៀតបានទៅសិក្សាបន្តវិជ្ជានៅនាលន្ទា គឺភិក្ខុ អ៊ុក អ៊ិន ភិក្ខុ ប៉ែន សាអឿន និងព្រះមហា ស៊ុន សារៀម ។ ក្នុងឆ្នាំ ២០០៦ នាលន្ទាថ្មីត្រូវបានទទួលស្គាល់តម្លៃស្មើនឹងសាកលវិទ្យាល័យ និងកំពុងដំណើរការដល់បច្ចុប្បន្ន ។

ទន្ទឹមនឹងនោះ ក្នុងឆ្នាំ ២០១០ រដ្ឋសភាឥណ្ឌាបានអនុម័តច្បាប់ អនុញ្ញាតឲ្យបង្កើតសាកលវិទ្យាល័យនាលន្ទាអន្តរជាតិឡើងវិញ ។ ប្រទេសកាន់ព្រះពុទ្ធសាសនាមួយចំនួន បានផ្ដល់មូលនិធិសម្រាប់ឧបត្ថម្ភសាកលវិទ្យាល័យនេះ មានដូចជា ចិន ជប៉ុន សិង្ហបុរី ថៃឡង់ដ៍ ជាដើម ក្រោមស្មារតីនៃសេចក្តីសម្រេច របស់ជំនួបកំពូលអាស៊ីបូព៌ា ។ បន្ទាប់ពីការបើកសម្ពោធន៍លើកដំបូង ក្នុងឆ្នាំ ២០១៤ បច្ចុប្បន្ន មានព្រះសង្ឃខ្មែរ ៣~៤ អង្គ កំពុងសិក្សានៅទីនោះ ។ នាលន្ទាថ្មីផ្ដោតទៅលើការសិក្សាស្រាវជ្រាវ កម្រិតក្រោយឧត្តមសិក្សា ។ បច្ចុប្បន្ន កន្លែងបុរាណដ្ឋាននាលន្ទា បានក្លាយជាតំបន់ទេសចរណ៍ពុទ្ធសាសនាដ៏សំខាន់មួយ នៅក្រុងរាជគ្រឹះ នៃរដ្ឋប៊ីហារ ៕

© រក្សាសិទ្ធិដោយលោកវិទូ