តក្កសិលា៖ សាកលវិទ្យាល័យបុរាណមុនដំបូងគេបង្អស់ក្នុងលោក - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, May 10, 2019

តក្កសិលា៖ សាកលវិទ្យាល័យបុរាណមុនដំបូងគេបង្អស់ក្នុងលោក

ធម្មរាជិកស្តូប នៅក្រុងតក្កសិលា ©វិគីភីឌា ។

លោកវិទូ | ថ្ងៃ ៦᧧៦ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ | ១០ ឧសភា ២០១៩

សាកលវិទ្យាល័យល្បីល្បាញមួយ នៅប្រទេសឥណ្ឌាសម័យបុរាណគឺ តក្កសិលា ជាភាសាសំស្ក្រឹតថា តក្សសិលា ដែលតែងតែឮតាមរឿងល្ខោនខ្មែរជាញឹកញាប់ ។ បច្ចុប្បន្ន តក្កសិលាស្ថិតនៅក្នុងទីក្រុងតក្កសិលា រដ្ឋបញ្ចាប ប្រទេសប៉ាគីស្ថាន មានចម្ងាយប្រមាណ ៣៣ គ.ម. (២០ ម៉ៃល៍) នៅខាងលិចភាគខាងជើង នៃរដ្ឋធានីឥស្លាមបាទ ។ ក្រុងតក្កសិលា ក្នុងសម័យបុរាណ ជាចំណុចយុទ្ធសាស្ត្រសំខាន់ ដែលភ្ជាប់ឧបទ្វីបឥណ្ឌា និងអាស៊ីកណ្ដាល ។ កំណើតនៃក្រុងដ៏បុរាណមួយនេះ គឺចាប់ផ្ដើមទាំងពី ១០០០ ឆ្នាំ មុនគ្រិស្តស័ករាជមកម៉្លេះ ដោយឆ្លងកាត់សម័យកាល ចក្រភពមោរ្យៈ (Maurya Empire) ឥណ្ឌូ-ក្រិច (Indo-Greek) ឥណ្ឌូ-ស៊ីធៀ (Indo-Scythia) ចក្រភពកុស័ន (Kushan Empire) ។ តក្កសិលាធ្លាប់ជារាជធានីនៃនគរពុទ្ធសាសនាឈ្មោះ គន្ធារៈ ដែលជាដែន ១ ក្នុងចំណោមមហាជនបទ ទាំង ១៦ ក្នុងសម័យពុទ្ធកាល ។

ក្រុងតក្កសិលាល្បីល្បាញក្នុងសម័យពុទ្ធកាល ព្រោះជាកន្លែងសិក្សាវិជ្ជាសិល្ប៍សាស្ត្រជាន់ខ្ពស់ ដែលមានសាលាមួយឈ្មោះថា «សាលទិសាបាមោក្ខ» ដែលអាចមានតម្លៃស្មើនឹងថ្នាក់សាកលវិទ្យាល័យក្នុងសម័យទំនើប ។ តាមប្រភពខ្លះបានលើកឡើងថា សាកលវិទ្យាតក្កសិលាជាសាកលវិទ្យាល័យមុនគេបំផុតក្នុងលោក ។ ប៉ុន្តែមានប្រភពខ្លះថា តក្កសិលាមិនមានលក្ខណៈជាសាកលវិទ្យាល័យទេ បើគិតតាមលក្ខណៈវិនិច្ច័យ របស់សាកលវិទ្យាសម័យទំនើប ដោយមិនមានអាគារបង្រៀន មិនមានអាគារស្នាក់នៅ រីឯគ្រូទៀតសោត ប្រហែលមិនមានសមាជិកភាពនៃមហាវិទ្យាល័យណាមួយឡើយ ផ្ទុយស្រឡះពីសាកលវិទ្យាល័យនាលន្ទា ។

ទោះបីជាយ៉ាងណាក៏ដោយ តក្កសិលាបានក្លាយជាមជ្ឈមណ្ឌលសិក្សាមួយដ៏សំខាន់ រួមទាំងការសិក្សាអំពីព្រះធម៌ព្រះពុទ្ធសាសនាផង ដែលបានរីកចម្រើនអស់កាលជាច្រើនសតវត្សរ៍ និងបន្តទាក់ទាញសិស្សឲ្យមករៀន ក្នុងសម័យបុរាណកាល រហូតដល់បាត់បង់ ក្នុងសតវត្សរ៍ទី ៥ គ.ស. ។ ក្នុងសម័យកាលរុងរឿងខ្លាំង មានប្រភពខ្លះលើកឡើងថា តក្កសិលា មានឥទ្ធិពលផ្នែកប្រាជ្ញាញាណ លើសាលាសិក្សានានា នៅប្រទេសឥណ្ឌា ។ សាកលវិទ្យាល័យបុរាណនេះ ទទួលសិស្សចាប់ពីអាយុ ១៦ ឆ្នាំឡើងទៅ ជាពិសេសសិស្សដែលបានបញ្ចប់ថ្នាក់វិទ្យាល័យហើយ ។

មុខវិជ្ជាដែលបង្រៀនមានដូចជា ច្បាប់ ពេទ្យ និងវិទ្យាសាស្ត្រយោធា ព្រមទាំងអក្សរបុរាណ និងសិល្ប៍សាស្ត្រទាំង ១៨ មានវិជ្ជាក្នុងការបាញ់ធ្នូ វិជ្ជាក្នុងការប្រមាញ់សត្វ និងវិជ្ជាក្នុងការទាក់ដំរីជាដើម ។ល។ សិស្សដែលសិក្សានៅតក្កសិលា មានមកពីដែន កាសី កោសលៈ និងមគធៈ ដែលស្ថិតនៅឆ្ងាយ ហើយផ្លូវលំបាកទៀតផង ព្រោះតែចង់ក្រេបយកនូវចំណេះវិជ្ជាដែលមានឧត្តមភាពខ្ពស់ លើសសាលាសិក្សានានា នាសម័យនោះ ។ 

តក្កសិលាមានឥទ្ធិពលខ្លាំងលើវប្បធម៌ហិណ្ឌូ និងភាសាសំស្ក្រឹត ។ សាលានេះប្រហែលជាល្បីល្បាញខ្លាំង ដោយសារមានជាប់ទាក់ទងនឹងបុគ្គលសំខាន់មួយរូបគឺ ចាណក្យៈ ឬគេស្គាល់ថា កោដិល្យៈ ដែលជាអ្នកយុទ្ធសាស្ត្រ ជាទីប្រឹក្សានៃស្តេច ចន្ទ្រគុម្តៈ ក្នុងការបង្កើតនូវចក្រភពមោរ្យ ។ គេនិយាយថា សៀវភៅដ៏ល្បីល្បាញមានចំណងជើងថា អថ៌សាស្ត្រៈ របស់អាចារ្យ ចាណក្យៈ ត្រូវបាននិពន្ធនៅតក្កសិលានេះឯង ។ ឥសី ចរ័ក ដែលជាគ្រូថ្នាំបុរាណអាយុរវេទ ក៏បានសិក្សានៅតក្កសិលានេះដែរ ។ 

ទាក់ទងនឹងព្រះពុទ្ធសាសនាវិញ សាលាតក្កសិលា មានសារសំខាន់ចំពោះការកើតឡើងជារូបរាង នៃពុទ្ធសាសនាមហាយាន ។ ម៉្យាងទៀត ជីវកៈ ដែលជាគ្រូពេទ្យរបស់ព្រះបាទពិម្ពិសានៃនគរមគធៈ ដែលធ្លាប់បានព្យាបាលរោគថ្វាយព្រះពុទ្ធជាម្ចាស់ និងព្រះបាទបសេនទិ នៃដែនកោសល គឺជាបុគ្គលសំខាន់ៗមួយចំនួន ដែលមាននិយាយក្នុងគម្ពីរពុទ្ធសាសនា ជាពិសេសជាតក ដែលបានសិក្សាជាមួយនឹងអាចារ្យទិសាបាមោក្ខ នៅក្រុងតក្កសិលា ។

ប្រភពឯកសារដែលនិយាយអំពីក្រុងតក្កសិលា បានមកពីកំណត់ត្រាការធ្វើដំណើររបស់អ្នកធម្មយាត្រាចិន ហ្វាហ៊ាន និងហួនត្សាង ដែលជាប្រភពដ៏សំខាន់ ដែលឈានទៅរកការកំណត់ទីតាំង ក្នុងសម័យទំនើប ។ ដោយសារសង្គ្រាមជាបន្តបន្ទាប់ តក្កសិលាត្រូវបានខូចខាត និងបោះបង់ចោល ក្នុងសតវត្សរ៍ទី ៥ ។ ហួនត្សាងដែលបានទៅដល់ទីក្រុងតក្កសិលា ក្នុងសតវត្សរ៍ទី ៧ បានរៀបរាប់ក្នុងកំណត់ត្រារបស់គាត់ថា នៅទីក្រុងតក្កសិលាកាលនោះ មានប្រទះឃើញសង្ឃារាមជាច្រើន ដែលមានសភាពបែកបាក់ និងគ្មានមនុស្សរស់នៅទេ មានតែព្រះសង្ឃពីរបីអង្គប៉ុណ្ណោះ ។ គាត់បានបន្ថែមទៀតថា គន្ធារៈបានក្លាយជាដែនចំណុះឲ្យដែនកស្មីរ៍ ដោយមានមេដឹកនាំរបស់ខ្លួន វាយដណ្ដើមអំណាចគ្នាទៅវិញទៅមក និងធ្លាប់ជារដ្ឋស្ថិតនៅក្រោមការគ្រប់គ្រង របស់ដែនកបិស (បច្ចុប្បន្ន នៅក្នុងខេត្តមួយ នៃប្រទេសអាហ្គានីស្ថាន) ។

នៅពាក់កណ្ដាលសតវត្សរ៍ទី ១៩ លោក អឡេកសាន់ឌ័រ កនិងហ្គ័ម ដែលជាអគ្គនាយកទី១ នៃស្ថាប័នស្រាវជ្រាវបុរាណវត្ថុរបស់ឥណ្ឌា បានរកឃើញក្រុងតក្កសិលានេះ ។ ក្រុងតក្កសិលាត្រូវបានគេធ្វើកំណាយដំបូង ដោយលោក ចន ម៉ាសល ដែលជាអ្នកធ្វើការនៅទីនោះ អស់រយៈពេលជាង ២០ ឆ្នាំចាប់ពីឆ្នាំ ១៩១៣ ។ គេបានរកឃើញសំណល់បាក់បែកមួយចំនួន ដែលមានអាយុកាលតាំងពី ៦ សតវត្សរ៍មុនគ្រិស្តស័ករាជ ។ 

ក្នុងឆ្នាំ ១៩៨០ ក្រុងតក្កសិលា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលគ្របដណ្ដប់ទីតាំងសំខាន់ៗចំនួន ៤ កន្លែងគឺ ភីរ៍ (Bhir) សរៃកាលា (Saraikala) ស៊ីរក័ប (Sirkap) និង ស៊ីរសុខ (Sirsukh) ។ ក្នុងឆ្នាំ ២០០៦ តក្កសិលាត្រូវបានគេចាត់ទុកថា ជាទិសដៅទេសចរណ៍សំខាន់បំផុតរបស់ប្រទេសប៉ាគីស្ថាន ដែលមានភ្ញៀវទេសចរទៅទស្សនា មួយលាននាក់ ជារៀងរាល់ឆ្នាំ ។ ក្នុងឆ្នាំ ២០១៧ គេប្រកាសថា រដ្ឋាភិបាលថៃនឹងផ្ទល់ជំនួយ ក្នុងការខំប្រឹងប្រែងក្នុងការអភិរក្ស នៅបុរាណដ្ឋានតក្កសិលា ក៏ដូចជាពុទ្ធស្ថាននានា នៅជ្រលងភ្នំស្វាតក្បែរនោះ ៕

សូមអានសៀវភៅ៖
បណ្ឌិត ញ៉ែម គឹមតេង (២០០៨), ក្រុងតក្កសិលា, ពារាណសី: វត្តខ្មែរក្រុងពារាណសី ។
ឱម ណាគ្រី (១៩៦៦), ភិក្ខុពនេរចរ, ភ្នំពេញ: បណ្ណាគារ អ៊ឹង ហ៊ុន ។
John Marshall (1918), A Guide To Taxila, Calcutta: SUPERINTENDENT GOVERNMENT PRINTING.

© រក្សាសិទ្ធិដោយលោកវិទូ