លទ្ទាខក្លាយជាដែនដីសហព័ន្ធរបស់ឥណ្ឌាទី១ដែលមានពុទ្ធសាសនិកជាប្រជាជនភាគច្រើន - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Thursday, August 08, 2019

លទ្ទាខក្លាយជាដែនដីសហព័ន្ធរបស់ឥណ្ឌាទី១ដែលមានពុទ្ធសាសនិកជាប្រជាជនភាគច្រើន

ទិដ្ឋភាពវត្តលិគិរ៍ លទ្ទាខ រូបភាព វីគីភីឌា ។ 

លោកវិទូ | ថ្ងៃ ៥᧨៩ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ០៨ សីហា ២០១៩

នៅដើមសប្ដាហ៍នេះ សភាជាន់ខ្ពស់ (រាជ្យសភា) ឥណ្ឌាបានអនុម័តសេចក្តីព្រាងច្បាប់ ដ៏ចម្រូងចម្រាសមួយ ដើម្បីកែប្រែនូវឋានៈពិសេសរបស់រដ្ឋជម្មូ & កស្មីរ៍ (Jammu & Kashmir) ដែលជារដ្ឋនៅភាគខាងជើងបំផុតនៃប្រទេសឥណ្ឌា ។ ជាលទ្ធផលនៃអនុមតិនេះ ដែនដីសហព័ន្ធពីរ ត្រូវបានបង្កើតឡើងគឺ លទ្ទាខ (ឡាដាក/Ladakh) ១ និង ជម្មូ & កស្មីរ៍ ១ ។ ដូច្នេះលទ្ទាខនឹងក្លាយជាដែនដីសហព័ន្ធទី១របស់ឥណ្ឌា ដែលមានប្រជាជនភាគច្រើន ជាពុទ្ធសាសនិក បង្កើតបានជាអត្តសញ្ញាណថ្មីដោយឡែករបស់ខ្លួន ទាំងលក្ខណៈភូមិសាស្ត្រ រដ្ឋបាល និងប្រជាជន ។

ជម្មូ & កស្មីរ៍ ជារដ្ឋមួយដែលមានប្រជាជនបីសាសន៍ផ្សេងគ្នាគឺ ជម្មូ ជាផ្នែកមួយដែលមានប្រជាជនជាហិណ្ឌូ កស្មីរ៍តំបន់ជ្រលងភ្នំ ដែលមានប្រជាជនជាមូស្លីម និងលទ្ទាខជាតំបន់ដីខ្ពស់ជាងគេ នៃជម្មូ & កស្មីរ៍ ដែលមានប្រជាជនភាគច្រើនជាពុទ្ធសាសនិក (និងហិណ្ឌូផងដែរ) ។ និយាយជារួមរដ្ឋជម្មូ & កស្មីរ៍ ជារដ្ឋតែមួយគត់របស់ឥណ្ឌា ដែលមានប្រជាជនភាគច្រើនជាមូស្លីម ។

លទ្ទាខមានទីក្រុងរបស់ខ្លួនឈ្មោះ លេហ៍ (Leh) មានផ្ទៃក្រឡា ៥៩១៤៦ គ.ម. មានប្រជាជនសរុប ២៧៤០០០ នាក់ ក្នុងនោះមានប្រជាជនចំនួន ១៣៣០០០ នាក់ ជាពុទ្ធសាសនិក ។ ប្រជាជនពុទ្ធសាសនិកឡាដាក (លទ្ទាខី) ភាគច្រើនជាប់ខ្សែស្រឡាយទីបេត៍ កាន់ពុទ្ធសាសនាវជ្រយាន និងនិយាយភាសាឡាដាគី ដែលជាភាសាទីបេត៍ខាងកើត ។

លទ្ទាខជាតំបន់ខ្ពស់ នៅលើជួរភ្នំហិមាល័យ ភាគខាងជើងបំផុតនៃប្រទេសឥណ្ឌា មានព្រំប្រទល់ជាប់នឹងទីបេត៍ ដែលគេហៅថា «ដែនដីនៃច្រកភ្នំខ្ពស់សន្លឹម» ។ វាស្ថិតនៅជ្រលងបែកខាងលើនៃស្ទឹងឥណ្ឌូស៍ ដែលមានតំបន់ភាគច្រើនឈរលើទីដែលមានកម្ពស់ដល់ទៅ ៣០០០ ម៉ែត្រ (បីគីឡូម៉ែត្រ) ។ (លទ្ទាខជាតំបន់ទេសចរណ៍ ពិសេសមួយនៅជួរភ្នំហិមាល័យរបស់ឥណ្ឌាផងដែរ ។ ៥០% ភាគរយនៃសេដ្ឋកិច្ចនៃឡាដាក បានមកពីវិស័យទេសចរណ៍ ។)

ទោះបីជាមានការរិះគន់ពីគណបក្សប្រឆាំង និងប្រជាជនកស្មីរីយ៉ាងណាក៏ដោយ កាលពីថ្ងៃចន្ទ ទី ៥ សីហា រាជ្យសភាឥណ្ឌា ក្រោមការដាក់ស្នើរបស់រដ្ឋមន្ត្រីសហព័ន្ធក្រសួងមហាផ្ទៃ លោក អមិត សាហ៍ (Amit Shah) បានអនុម័តសេចក្តីព្រាងច្បាប់ដើម្បីដាក់ លទ្ទាខជាដែនដីសហព័ន្ធ ដែលបំបែកចេញពី ជម្មូ & កស្មីរ៍ ។ ហើយនៅថ្ងៃអង្គារ ទី ៦ សីហា លោកសភា (សភាជាន់ទាប) បានអនុម័តច្បាប់នោះរួចរាល់ហើយ និងកំពុងរង់ចាំសេចក្តីសម្រេចជាស្ថាពរ ដោយប្រធានាធិបតីឥណ្ឌា លោក រាម នាថ កោវិន្ទ (Ram Nath Kovind) ។

អនុមតិសេចក្តីព្រាងច្បាប់ និងការបំបែកទឹកដី ដោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី នរេន្ទ្រៈ មោទី លុបចោលនូវមាត្រាទី ៣៧០ នៃរដ្ឋធម្មនុញ្ញ ដែលជារឿងនយោបាយដ៏រសើប ដែលបានផ្ដល់សិទ្ធិស្វ័យភាពពិសេសដល់រដ្ឋជម្មូ & កស្មីរ៍ ដែលអនុញ្ញាតឲ្យរដ្ឋនេះធ្វើសេចក្តីព្រាងរដ្ឋធម្មនុញ្ញរបស់ខ្លួនដោយខ្លូនឯង និងកម្រិតអំណាចនីតិបញ្ញត្តិរបស់រដ្ឋសភាមកលើរដ្ឋ ។ ពេលក្លាយជាដែនដីសហព័ន្ធ ជម្មូ & កស្មីរ៍ នឹងរក្សានូវស្ថាប័ននីតិបញ្ញត្តិរបស់ខ្លួន រីឯលទ្ទាខនឹងមិនមានស្ថាប័ននីតិបញ្ញត្តិរបស់ខ្លួនដោយឡែកទេ ។

ឥណ្ឌាជាប្រទេសប្រកាន់យករដ្ឋបាលគ្រប់គ្រងបែបសហព័ន្ធ ដែលមាន រដ្ឋ ចំនួន ២៩ និងដែនដីសហព័ន្ធ ចំនួន ៧ ។ រដ្ឋទាំង ២៩ មានរដ្ឋាភិបាលឯករាជ្យ និងសភា រៀងខ្លួន រីឯដែនដីសហព័ន្ធ ត្រូវគ្រប់គ្រងដោយរដ្ឋាភិបាលកណ្ដាល ដោយផ្ទាល់ពីទីក្រុងញូវដែល្លី ស្រដៀងគ្នានឹងប្រព័ន្ធគ្រប់គ្រងរបស់សហរដ្ឋអាមេរិកដែរ ។

មានប្រសាសន៍នៅក្នុងលោកសភា កាលពីថ្ងៃអង្គារ ទី ៦ សីហា, តំណាងរាស្ត្រលទ្ទាខនៃបក្សកាន់អំណាច ប៊ី.ចេ.ភី. (BJP) ជម្យ័ង សៀរីង ណាមគ្យាល (Jamyang Tsering Namgyal) បានលើកឡើងថា មកទល់សព្វថ្ងៃ លទ្ទាខត្រូវបានដកចេញពីរាល់គំនិតប្ដូចផ្ដើមអភិវឌ្ឍន៍តំបន់ទាំងឡាយ ដោយសារជម្មូ & កស្មីរ៍ គ្រប់គ្រងដោយមូស្លីម ទោះបីជាមានការស្នើសុំពីប្រជាជនពុទ្ធសាសនិក ទៅកាន់រដ្ឋាភិបាលមុនៗក៏ដោយ ។ លោកតំណាងរាស្ត្ររូបនោះបានមានប្រសាសន៍ថា៖

«ថ្ងៃនេះជាថ្ងៃមួយនៅក្នុងប្រវត្តិសាស្ត្រឥណ្ឌា នៅពេលដែលកំហុសទាំងឡាយ ដែលបានធ្វើខុសដោយបក្សសមាជឥណ្ឌា (INC) ក្រោមការដឹកនាំដោយលោកបណ្ឌិត ចាវ៉ាហាឡាល់ នេហ៍រូ (Jawaharlal Nehru) (នាយករដ្ឋមន្ត្រីឥណ្ឌាទី១) ត្រូវបានកែតម្រូវវិញ ។ នៅក្នុងឆ្នាំ ១៩៤៨ ប្រធានសមាគមពុទ្ធសាសនាលទ្ទាខ បានស្នើសុំឲ្យលោក ចាវ៉ាហាឡាល់ នេហ៍រូ ឲ្យដាក់លទ្ទាខក្រោមការគ្រប់គ្រងរបស់រដ្ឋបាលកណ្ដាល ឬក៏ដាក់វាឲ្យជាផ្នែកមួយនៃរដ្ឋបញ្ជាព (ប័ញ្ចាប) ខាងកើត ប៉ុន្ដែក្នុងលក្ខខណ្ឌណាក៏ដោយ មិនត្រូវដាក់លទ្ទាខ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់កស្មីរ៍ឡើយ ។ ប៉ុន្តែរដ្ឋាភិបាលកាលនោះ មិនស្ដាប់យើងទាល់តែសោះ ។ ហើយដោយសារតែយើងស្ថិតនៅក្រោមការគ្រប់គ្រងរបស់កស្មីរ៍ មកទល់បច្ចុប្បន្ន លទ្ទាខមិនបានរីកចម្រើនឡើយ ។» (LiveMint)

ដូច្នេះប្រជាជនលទ្ទាខសម្ដែងសេចក្តីសាទរ ចំពោះសេចក្តីសម្រេចបំបែកលទ្ទាខចេញពីកស្មីរ៍នេះ ។ ដោយឡែកតំបន់កស្មីរ៍កំពុងស្ថិតនៅក្នុងភាពប្រកាសអាសន្ន មានយោធាឈរជើងពាសពេញតំបន់ ប្រព័ន្ធទូរស័ព្ទនិងអ៊ីនធើណេត ត្រូវបានកាត់ផ្ដាច់ ។ ប្រតិកម្មខ្លាំងៗពីប្រទេសប៉ាគីស្ថាន និងចិន ដែលជាភាគីមានជម្លោះនៅកស្មីរ៍ ត្រូវបានចុះផ្សាយជាហូរហែ តាមប្រព័ន្ធសារព័ត៌មាន ។

សូមបញ្ជាក់ថា ប្រទេសឥណ្ឌាមិនមែនជាប្រទេសកាន់ព្រះពុទ្ធសាសនាទេ និងមានប្រជាជនពុទ្ធសាសនិកតិចតួចណាស់ បើប្រៀបធៀបនឹងពាហិរសាសនា ប៉ុន្តែឥណ្ឌាមិនបានប្រកាន់សាសនា ឬយកសាសនាណាមួយធ្វើជាសាសនារដ្ឋទេ ។ យោងតាមស្ថិតិប្រជាជន ឆ្នាំ ២០១១ ក្នុងចំណោមប្រជាជនជាង ១០០០ លាននាក់ ប្រជាជនពុទ្ធសាសនិកមានតែជាង ៨ លាននាក់ ប៉ុណ្ណោះ (០.៧៧%) ភាគច្រើនកាន់ពុទ្ធសាសនានវយាន ដែលមានបណ្ឌិត អប្បេដកា ជាស្ថាបនិក ។ ប្រមាណ ៨០.៤៦% នៃប្រជាជនឥណ្ឌាគឺហិណ្ឌូ និងមូស្លីម  ១៤.៣៤% គ្រិស្ត ២.៣៤% សិក្ខ ១.៨៧% និងជេន ០.៤១% ។ បច្ចុប្បន្ន ឥណ្ឌាចាត់ទុកព្រះពុទ្ធសាសនា ជាផ្នែកមួយនៃវប្បធម៌របស់ខ្លួន ឬជាផ្នែកមួយនៃសាសនាហិណ្ឌូ ដែលពុទ្ធសាសនិកបានបដិសេធជារឿយៗ ៕

© រក្សាសិទ្ធិដោយ លោកវិទូ

No comments:

Post a Comment