គណៈប្រតិភូពុទ្ធសាសនាខ្មែរ ចូលរួមបុណ្យខួប ៣៥ ឆ្នាំ នៃការបង្កើតពុទ្ធិកសាកលវិទ្យាល័យវៀតណាម - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Monday, December 09, 2019

គណៈប្រតិភូពុទ្ធសាសនាខ្មែរ ចូលរួមបុណ្យខួប ៣៥ ឆ្នាំ នៃការបង្កើតពុទ្ធិកសាកលវិទ្យាល័យវៀតណាម

សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ប្រទានសញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកទស្សនវិជ្ជាពុទ្ធសាសនា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដល់ព្រះតេជព្រះគុណ បណ្ឌិត ធិច ទ្រីក្វាង ព្រះសង្ឃនាយករងទី១ នៃគណៈសង្ឃពុទ្ធសាសនាវៀតណាម និងជាព្រះអធិបតីនៃពុទ្ធិកសាកលវិទ្យាល័យវៀតណាមក្នុងទីក្រុងហូជីមិញ, ទីក្រុងហូជីមិញ, ០៨ ធ្នូ ២០១៩ ។

លោកវិទូ | ថ្ងៃ ២᧭១ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ធ្នូ ២០១៩ ។

ទីក្រុងហូជីមិញ៖ នៅថ្ងៃទី ៨ ធ្នូ គណៈសង្ឃពុទ្ធសាសនាវៀតណាម បានប្រារព្ធខួបលើកទី ៣៥ នៃការបង្កើតពុទ្ធិកសាកលវិទ្យាល័យវៀតណាមនៅទីក្រុងហូជីមិញ (១៩៨៤-២០១៩) ។ គណៈប្រតិភូជាតិ និងអន្តរជាតិមកពីប្រទេសមួយចំនួនដូចជា កម្ពុជា ឥណ្ឌា ថៃ ស្រីលង្កា ជប៉ុន តៃវ៉ាន់ ជាដើមបាននិមន្តនិងអញ្ជើញចូលរួម អបអរសាទរក្នុងការប្រារព្ធបុណ្យខួបនេះ ។

គណៈអធិបតីជាន់ខ្ពស់ចូលរួមក្នុងឱកាសនោះរួមមាន លោក ទ្រឿង តឹនសាង (Truong Tan Sang) អតីប្រធានាធិបតីវៀតណាម (២០១១-២០១៦); លោក ង្វៀន ធៀនញឹន (Nguyen Thien Nhan) សមាជិកការិយាល័យនយោបាយ និងជាលេខាធិការគណៈកម្មាធិការមជ្ឈិមបក្ស ទីក្រុងហូជីមិញ (២០១៧-បច្ចុប្បន្ន); លោក លី ថាញ់ ហៃ (Le Thanh Hai) អតីតមេដឹកនាំគណៈកម្មាធិការមជ្ឈិមបក្សទីក្រុងហូជីមិញ (២០០៥-២០១៥); លោក វូ ចៀន ថាង (Vu Chien Thang) គណៈកម្មាធិការប្រជាជននៃគណៈកម្មាធិការរដ្ឋាភិបាលទទួលបន្ទុកកិច្ចការសាសនា; ព្រះតេជព្រះគុណ បណ្ឌិត ធិច ទ្រីក្វាង (Ven. Dr Thich Tri Quang) ព្រះសង្ឃនាយករងទី១ នៃគណៈសង្ឃពុទ្ធសាសនាវៀតណាម ព្រះប្រធានគណៈសង្ឃវៀតណាម នៅទីក្រុងហូជីមិញ និងជាព្រះអធិបតីនៃពុទ្ធិកសាកលវិទ្យាល័យវៀតណាម ក្នុងទីក្រុងហូជីមិញ; ព្រះតេជព្រះគុណ សាស្ត្រាចារ្យ ធិច ធៀនញឹន (Thich Thien Nhon) ប្រធានក្រុមប្រឹក្សាពុទ្ធសាសនាវៀតណាម; ព្រមទាំងព្រះសង្ឃដូនជីនិងពុទ្ធបរិស័ទជាង ៣.០០០ អង្គ/នាក់ ។

គណៈប្រតិភូអន្តរជាតិពិសេសក្នុងពិធីបុណ្យខួបនេះ ពីប្រទេសកម្ពុជាដឹកនាំដោយរួមមាន៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស, ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិការរង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ, ឯ.ឧ. សេង សុមុនី ​រដ្ឋ​លេខាធិការ ​ក្រសួងធម្មការ និង​សាសនា និងប្រតិភូមួយចំនួនទៀត ។

ក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានប្រទានសញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកទស្សនវិជ្ជាពុទ្ធសាសនា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដល់ព្រះតេជព្រះគុណ បណ្ឌិត ធិច ទ្រីក្វាង ព្រះសង្ឃនាយករងទី១ នៃគណៈសង្ឃពុទ្ធសាសនាវៀតណាម និងជាព្រះអធិបតីនៃពុទ្ធិកសាកលវិទ្យាល័យវៀតណាម នៅក្នុងទីក្រុងហូជីមិញ ។

យោងតាមការចុះផ្សាយរបស់គេហទំព័រ នៃពុទ្ធិកសាកលវិទ្យាល័យវៀតណាម បានឲ្យដឹងថា មានស្រុកកំណើតនៅស្រុក គូជី នៃទីក្រុងហូជីមិញ ក្នុងឆ្នាំ ១៩៣៦ និងបានឧបសម្ប័ទជាភិក្ខុក្នុងព្រះពុទ្ធសាសនាមហាយាន ក្នុងឆ្នាំ ១៩៦០ ព្រះតេជគុណ បណ្ឌិត បានទទួលសញ្ញាបត្របណ្ឌិត ផ្នែកព្រះពុទ្ធសាសនា ពីសាកលវិទ្យាល័យរិស្សូ (Rissho University) ទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ ១៩៧១ ។ ក្រៅពីកិច្ចការតែងនិពន្ធសៀវភៅពុទ្ធសាសនាជាង ៥០ ក្បាល ព្រះអង្គបានបំពេញកិច្ចការ ជាប្រយោជន៍ពុទ្ធសាសនាសង្គមជាតិ និងសន្តិភាពពិភពលោកជាច្រើន ដែលត្រូវបានគេទទួលស្គាល់ថា ជាព្រះសង្ឃឆ្នើមមួយអង្គ ក្នុងចំណោមព្រះសង្ឃឆ្នើមល្បីៗក្នុងពិភពលោក ។ ក្រៅពីតំណែងក្នុងគណៈសង្ឃវៀតណាមខាងលើ ព្រះតេជព្រះគុណ បណ្ឌិត ជាព្រះគ្រូចៅអធិការវត្ត វៀតណាមកុកតឺ (Vietnam Quoc Tu) នៅស្រុកទី១០ នៃទីក្រុងហូជីមិញ ដែលជាការិយាល័យសង្ឃនាយក របស់គណៈសង្ឃពុទ្ធសាសនាវៀតណាម ។

ក្នុងបទសម្ភាសន៍ផ្ដល់ជូនទូរទស្សន៍ព្រះពុទ្ធសាសនាក្នុងស្រុកមួយ ក្នុងកំឡុងបុណ្យខួប ៣៥ នេះ ព្រះតេជព្រះគុណ បណ្ឌិត ឃី សុវណ្ណរតនា មានថេរដីកាថា «អាត្មាភាពផ្ទាល់បានស្គាល់ ព្រះតេជព្រះគុណ បណ្ឌិត ធិច ទ្រីក្វាង ជាច្រើនឆ្នាំមកហើយ និងបានជួបព្រះអង្គជាច្រើនដង ។ [អាត្មាភាព] សូមកោតសរសើរចំពោះបុណ្យនិស្ស័យដ៏ឧត្តមប្រសើរ ការស្រឡាញ់មនុស្សជាតិ និងការបន្ទាបខ្លួនរបស់ព្រះអង្គ ប៉ុន្តែជាព្រះសង្ឃដ៏ឆ្នើមរបស់វៀតណាម ។ ព្រះអង្គបានធ្វើកិច្ចការច្រើនណាស់សម្រាប់គណៈសង្ឃវៀតណាម និងពុទ្ធសាសនាវៀតណាម ព្រមទាំងបានជួយកិច្ចការសង្គមជាច្រើន តាមរយៈការអប់រំ ធម្មទេសនា និងការផ្សព្វផ្សាយព្រះពុទ្ធសាសនា នៅក្នុងប្រទេសវៀតណាម និងធ្វើជាព្រះគ្រូចៅអធិការគ្រប់គ្រងវត្តជាច្រើន នៅក្នុងប្រទេសវៀតណាម ក៏ដូចជានៅក្រៅប្រទេស ។ ដោយសារគុណសម្បត្តិដ៏សំខាន់នេះ សម្រាប់ព្រះពុទ្ធសាសនាជាទូទៅ និងពុទ្ធសាសនានៅក្នុងប្រទេសវៀតណាម ក៏ដូចជា ការលើកកម្ពស់នូវពុទ្ធិកសិក្សា ទើបពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានប្រទានដល់ព្រះអង្គ នូវសញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកទស្សនវិជ្ជាពុទ្ធសាសនា កាលពីព្រឹកមិញនេះ ។»
ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា និងលោកសាស្ត្រាចារ្យ បណ្ឌិត ខេ.ធី.អេស. សារ៉ៅ, ទីក្រុងហូជីមិញ, ០៨ ធ្នូ ២០១៩ ។

ដោយឡែក គេឃើញមានគណៈប្រតិភូពីប្រទេសឥណ្ឌា ដឹកនាំដោយលោកសាស្ត្រាចារ្យ  ខេ.ធី.អេស. សារ៉ៅ (K.T.S. Sarao) ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសិក្សាពុទ្ធសាសនា សាកលវិទ្យាល័យដែល្លី (DU) ។ គាត់ជាបុគ្គលសំខាន់និងលេចធ្លោមួយរូប ក្នុងវិស័យព្រះពុទ្ធសាសនាទាំងនៅប្រទេសឥណ្ឌា និងនៅលើឆាកអន្តរជាតិ ។ ព្រោះហេតុនេះ ពុទ្ធិកសាកលវិទ្យាល័យវៀតណាម បានប្រគល់ជូននូវពានរង្វាន់ «ឧត្តមភាពការអប់រំ» ដល់លោកសាស្ត្រា ដើម្បីជាការទទួលស្គាល់នូវ «ការបំពេញកិច្ចការសិក្សាស្រាវជ្រាវដ៏ឆ្នើម និងឧត្តមភាពការអប់រំរបស់គាត់ពេញមួយជីវិត» ។ សូមរំឭកផងដែរថា លោកសាស្ត្រាចារ្យ ក៏ធ្លាប់បានទទួលសញ្ញាបត្រកិត្តិបណ្ឌិត ពីពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ក្នុងឆ្នាំ ២០១១ ផងដែរ ។

ពុទ្ធិកសាកលវិទ្យាល័យវៀតណាមនេះ ដំបូងឡើយមានឈ្មោះថា សាកលវិទ្យាល័យវ៉ាន ហាញ (Van Hanh University) ដែលត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ១៩៦៤ ក្រោយចលនាទាមទាមទារសេរីភាពព្រះពុទ្ធសាសនា ប្រឆាំងរដ្ឋាភិបាលវៀតណាមខាងត្បូង (១៩៦៣) ។ ក្រោយបក្សកុម្មុយនីស្តវៀតណាមឡើងកាន់កាប់អំណាច ក្នុងឆ្នាំ ១៩៧៥ ការសិក្សាពុទ្ធសាសនាត្រូវបានរឹតបន្តឹង ។ រហូតដល់ឆ្នាំ ១៩៨៤ ទើបពុទ្ធិកសិក្សាបានបើកឡើងវិញ ត្រឹមកម្រិតសាលាពុទ្ធិកមធ្យមសិក្សា និងបន្ទាប់មកបានក្លាយជាពុទ្ធិកសាកលវិទ្យាល័យវៀតណាម ដល់បច្ចុប្បន្ន ។ ពុទ្ធិកសាកលវិទ្យាល័យនេះ ត្រូវបានកសាងឡើងក្រោមការដឹកនាំរបស់ ព្រះតេជព្រះគុណ ធិច មិញ ចៅ (Elder Tich Minh Chau, ១៩១៨-២០១២) និងព្រះតេជព្រះគុណ បណ្ឌិត ធិច ទ្រីក្វាង ។

អស់រយៈពេល ៣៥ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍ ពុទ្ធិកសាកលវិទ្យាល័យវៀតណាម បានបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រចំនួន ១៤ វគ្គសិក្សាថ្នាក់អនុបណ្ឌិតចំនួន ២ ថ្នាក់បណ្ឌិតផ្នែកពុទ្ធសាសនាចំនួន ១ ដែលមានព្រះសង្ឃនិងដូនជីសរុប ៨.៦២១ អង្គ/នាក់ ។ ក្នុងនោះមាននិស្សិតចំនួន ៤.៧៣៩ នាក់បានបញ្ចប់ការសិក្សា ហើយមាននិស្សិតចុះឈ្មោះចូលរៀនចំនួន ២.៩០៧ នាក់ ។

ភាគច្រើននៃព្រះសង្ឃនិងដូនជីបានបញ្ចប់ការសិក្សាហើយ បច្ចុប្បន្នកំពុងកាន់មុខតំណែងសំខាន់ៗ នៅក្នុងស្ថាប័នពុទ្ធសាសនា ស្ថាប័នរដ្ឋ និងអង្គមនុស្សធម៌សង្គមជាច្រើនផងដែរ ។

កាលពីពាក់កណ្ដាលឆ្នាំ ២០១៩ នេះ ពុទ្ធិកសាកលវិទ្យាល័យវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ចំនួន ១០០ កន្លែង សម្រាប់ការសិក្សាពុទ្ធសាសនាថ្នាក់ក្រោយឧត្តមសិក្សា (អនុបណ្ឌិត និងបណ្ឌិត) សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment