មួយករណីទៀតហើយ! ស្លាបក្ងោកជាប់នៅព្រលានយន្តហោះញូវដែល្លី - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Sunday, February 02, 2020

មួយករណីទៀតហើយ! ស្លាបក្ងោកជាប់នៅព្រលានយន្តហោះញូវដែល្លី

ដុំស្លាបក្ងោក ដែលយកចេញពីព្រលានយន្តហោះវិញ ញូវដែល្លី ០២ កម្ភៈ ២០២០ ។

លោកវិទូ | ថ្ងៃ ១᧩៣ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០២ កុម្ភៈ ២០២០ ។

ក្រុមធម្មយាត្រាខ្មែរ ដែលដាក់ស្លាបក្ងោក បម្រុងយកទៅស្រុកខ្មែរវិញ ត្រូវបានហាមឃាត់មិនឲ្យយកទៅបាន នៅព្រលានយន្តហោះទីក្រុងញូវដែល្លី ។

ក្រុមគណធម្មយាត្រាខ្មែរមួយក្រុម នៅប្រទេសឥណ្ឌា បានបញ្ចប់ការកម្មវិធីធម្មយាត្រា និងត្រូវត្រលប់ទៅប្រទេសកម្ពុជាវិញ នៅថ្ងៃទី ០២ កុម្ភៈ ២០២០ នេះ នៅវេលាម៉ោង ១០ យប់ ។ លុះដល់ម៉ោង ៦ ល្ងាច ជាពេលត្រូវត្រួតពិនិត្យវ៉ាលី និងរបស់របរផ្សេងៗ នៅតុក្រុមអាកាសចរណ៍ ក្នុងព្រលានយន្តហោះ ក៏ប្រទះឃើញស្លាបក្ងោកមួយបាច់ធំ មានទម្ងន់ប្រមាណ ២~៣ គីឡូក្រាម (ក្រោម ៥ គីឡូគ្រាម) ។

បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ បានស្កែនស្លាបក្ងោកនោះ ដែលដាក់រុំជាដុំធំមួយ ក៏ដឹងថាជាស្លាបក្ងោក ហើយគេបានសួររកសំបុត្រយន្តហោញអ្នកធ្វើដំណើរ ដែលជាម្ចាស់ស្លាបក្ងោកនោះ ។

ជាសំណាងល្អ ដែលអាជ្ញាធរព្រលានយន្តហោះ មិនបានចាប់ឃាត់ខ្លួន អ្នកដែលជាម្ចាស់ស្លាបក្ងោកនេះ ដោយគ្រាន់តែហាមឃាត់មិនឲ្យយកចេញពីប្រទេសឥណ្ឌាប៉ុណ្ណោះ ប្រហែលដោយសារបរិមាណនៅតិចតួច ។

យោងតាមសារព័ត៌មាន អិន.ឌី.ធី.វី. (NDTV) បានឲ្យដឹងថា កាលពីចុងឆ្នាំ ២០១៩ មានជនបរទេសម្នាក់ត្រូវបានចាប់ខ្លួន នៅប្រលានយន្តហោះញូវដែល្លី ដោយសារបានព្យាយាមយកស្លាបក្ងោប្រមាណ ១៥ គីឡូក្រាមទៅស្រុករបស់ខ្លួន ។ មន្ត្រីគយបាននិយាយថា ជនជាតិបរទេសនោះត្រូវបានបញ្ជូនខ្លួនទៅនាយកដ្ឋានគយ ពីព្រោះគាត់មិនអាចពន្យល់គេ ពីហេតុដែលគាត់យកស្លាបក្ងោកអីក៏ច្រើនយ៉ាងនេះ ។

មន្ត្រីគយបានស្រាវជ្រាវរកឲ្យឃើញថា តើស្លាបក្ងោកនោះបានដោយរបៀបណា តើមានសម្លាប់សត្វក្ងោកដើម្បីបានស្លាបដែរឬក៏យ៉ាងណា ។ សត្វក្ងោកត្រូវបានការពារ ដោយតារាងទី១នៃច្បាប់ការពារជីវិតសត្វព្រៃឥណ្ឌា ឆ្នាំ ១៩៧២ ។

ទោះយ៉ាងណា ក្រុមធម្មយាត្រាខ្មែរនោះ បានដាក់យកផ្លិតធ្វើពីស្លាបក្ងោក ទៅស្រុកខ្មែរបានពីរដែរ ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment