មុខ្យមន្ត្រីដែល្លី លោក អរវិន្ទ កេជរីវាល ប្រកាសបិទទីក្រុងញូវដែល្លីទាំងស្រុង - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Sunday, March 22, 2020

មុខ្យមន្ត្រីដែល្លី លោក អរវិន្ទ កេជរីវាល ប្រកាសបិទទីក្រុងញូវដែល្លីទាំងស្រុង

ដែល្លីមុខ្យមន្ត្រី លោក អរវិន្ទ កេជរីវាល (ឆ្វេង) កំពុងអានសេចក្តីប្រកាសបិទទីក្រុងដែល្លីទាំងស្រុងរហូតដល់ថ្ងៃទី ៣១ មីនា ២០២០ ។

លោកវិទូ | ថ្ងៃ ១᧾៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២២ មីនា ២០២០

ទីក្រុងញូវដែល្លី៖ មុខ្យមន្ត្រី(អភិបាលក្រុង/រដ្ឋ)ដែល្លី លោក អរវិន្ទ កេជរីវាល (Arvind Kejriwal) នៅថ្ងៃនេះ បានប្រកាសចាត់វិធានការមួយចំនួន ដើម្បីប្រឆាំងនឹងការរីករាលដាលនៃមេរោគកូរ៉ូណា ។ លោកបានប្រកាសបិទដែល្លីទាំងស្រុង ចាប់ពីម៉ោង ៦ ព្រឹកថ្ងៃស្អែករហូតដល់ពាក់កណ្តាលអធ្រាត្រ ថ្ងៃទី ៣១ ខែមីនា ។

ក្នុងកំឡុងពេលបិទទ្វារក្រុងនេះ សេវាដឹកជញ្ជូនសាធារណៈនឹងត្រូវផ្អាកដំណើរការ រួមទាំងឡានក្រុង ឡានឯកជន អូតូ (ទុកទុក) និងអូតូដើរដោយកម្លាំងថ្ម ។ លោក កេជរីវាល បានបន្ថែមថា ២៥ ភាគរយនៃឡានក្រុងសាធារណៈ នឹងបន្តដំណើរការលើផ្លូវក្នុងក្រុងដែល្លី ដើម្បីដឹកអ្នកដែលពាក់ព័ន្ធនឹងសេវាកម្មចាំបាច់ ។

* រាល់ហាងលកទំនិញ រោងចក្រ ការិយាល័យ ការិយាល័យពាណិជ្ជកម្ម ត្រូវបិទប្រតិបត្តិការរបស់ខ្លួន ។

* ព្រំដែនដែលស្ថិតនៅក្នុងដែនអំណាចរបស់ដែនដីរដ្ឋធានីជាតិ (NTC) ជាមួយរដ្ឋជិតខាង រដ្ឋហរិយាណា និងរដ្ឋឧត្តរប្បទេស ត្រូវបិទ ។

* ដំណើរការរបស់រថយន្ដក្រុង / រថភ្លើង / មេត្រូ ត្រូវផ្អាក ។

* រាល់ជើងហោះហើរក្នុងស្រុក និងអន្តរជាតិទាំងអស់ ដែលមកដល់ទីក្រុងដែល្លី ក្នុងកំឡុងពេលនេះត្រូវផ្អាក ។

* កន្លែងសាសនាទាំងអស់ដែលត្រូវបិទ ។

សេវាកម្មខាងក្រោមត្រូវបានដកចេញពីទិដ្ឋភាពទូទៅនៃបទបញ្ជានេះ ហើយនឹងបន្តដំណើរការធម្មតា ។

សេវាកម្ម / គ្រឹះស្ថានដែលត្រូវបានអនុញ្ញាតឲ្យដំណើរការ ត្រូវអនុវត្តតាមគោលការណ៍ណែនាំ និងពិធីសារនានាដែលទាក់ទងនឹងការនៅឃ្លាតឆ្ងាយពីសង្គម ៖

ប៉ូលីស សុខភាព អគ្គីភ័យ ពន្ធនាគារ អគ្គិសនី ការិយាល័យដែលទទួលបន្ទុកផ្នែកច្បាប់និងសណ្តាប់ធ្នាប់ និងភារៈកិច្ចកាតព្វកិច្ចតុលាការ ហាងថ្លៃសមរម្យ ទឹក សេវាសាលាក្រុង សកម្មភាពទាក់ទងនឹងមុខងារនៃអង្គនីតិបញ្ញត្តិទីក្រុងដែល្លី ការិយាល័យបង់ប្រាក់និងគណនេយ្យ ការបោះពុម្ពនិង ប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិក ទូរគមនាគមន៍ អ៊ីនធឺណិត និងសេវាកម្មប្រៃសណីយ៍ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច នៃទំនិញទាំងអស់ រួមមាន អាហារ ផលិតផលប៉ាម៉ាស៊ី និងឧបករណ៍វេជ្ជសាស្ត្រ... ។ល។

* អ្នកដែលចេញមកផ្តល់សេវាកម្មចាំបាច់ ត្រូវបានអនុញ្ញាត ដោយការប្រកាសខ្លួនឯង ។

* ការចួបជុំគ្នាដែលមានមនុស្សលើសពី ៥ នាក់ ត្រូវទទួលទោសយ៉ាងតឹងរឹងតាមច្បាប់ ។

* ជនណាដែលត្រូវបានរកឃើញថា បានរំលោភបទបញ្ជានេះ នឹងត្រូវទទួលទោសដូចមានចែងក្នុងច្បាប់ពាក់ព័ន្ធ ។

មុខ្យមន្ត្រី បានប្រសាសន៍ថា មាន ២៧ ករណីនៅដែល្លី ក្នុងនោះ ៦ ករណីស្ថិតក្នុងប្រភេទនៃការឆ្លងពីគ្នាទៅវិញទៅមកក្នុងស្រុក និង ២១ ករណីឆ្លងពីប្រទេសក្រៅ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់អាជ្ញាធរមេត្រូ បាននិយាយថា «តាមសេចក្តីសម្រេចចិត្តចុងក្រោយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងវីរុសកូរ៉ូណា សេវាកម្មមេត្រូនឹងនៅតែបិទរហូតដល់ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០» ។

លោកបានមានប្រសាសន៍បំភ្លឺលើការិយាល័យឯកជនថា «រាល់ការិយាល័យឯកជននឹងនៅតែបិទទ្វារ ប៉ុន្តែនិយោជិកទាំងអចិន្រ្តៃយ៍និងកិច្ចសន្យានឹងត្រូវចាត់ទុកថាមានកាតព្វកិច្ច ។ ក្រុមហ៊ុននឹងត្រូវផ្តល់ប្រាក់ខែ ដល់ពួកគេសម្រាប់រយៈពេលនេះ» ។

លោកបានមានប្រសាសន៍បញ្ជាក់ថា «ក្នុងអំឡុងពេលនៃការបិទទីក្រុងដែល្លី គ្មានឯកសារឬភ័ស្តុតាងណាមួយត្រូវបានសួររកពីជនណាទេ សិនបើពួកគេនិយាយថា ពួកគេនៅតាមផ្លូវដើម្បីផ្តល់ឬទទួលសេវាកម្មចាំបាច់ណាមួយ» ។

នៅថ្ងៃទីអាទិត្យនេះដែរ ប៉ូលីសដែល្លីបានប្រកាសអនុវត្តន៍ច្បាប់ ប្រការ១៤៤ (Section 144) នៅក្នុងក្រុង ជាច្បាប់ពិសេសដែលផ្ដល់អំណាចឲ្យប៉ូលីសអនុវត្តការរឹតបន្តឹងជាច្រើន លើការប្រមូលផ្តុំ និងសកម្មភាពអាជីវកម្មគ្រប់ប្រភេទ ដែលរារាំងដល់ការផ្ដល់សេវាកម្មសំខាន់ៗ ។

ដោយឡែកនៅក្នុងប្រទេសឥណ្ឌាទាំងមូល រដ្ឋាភិបាលកណ្ដាលបានប្រកាសបិទស្រុកចំនួន ៧៤ ស្រុក ដែលមានអ្នកផ្ទុកជំងឺកូរ៉ូណា នៅក្នុងរដ្ឋផ្សេងៗគ្នារួមមាន រដ្ឋឧត្តរប្បទេស រដ្ឋមហារាស្ត្រ រដ្ឋកេរាឡា រដ្ឋការណាតាក រដ្ឋបញ្ចាប និងតមិលនាឌុ ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment