ព្រះសង្ឃ កំពុងបោសសម្អាតទីធ្លាក្នុងបរិវេណវត្តជម្ពូវ័ន ស្រុកស្អាង ខេត្តកណ្តាល កាលពីទី៥ ខែមេសា ឆ្នាំ២០២០ ។ (ផន បុប្ផា/VOA) Photo: VOA Khmer |
លោកវិទូ | ថ្ងៃ ៣᧷៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៤ មេសា ២០២០
ភ្នំពេញ — ជារៀងរាល់ឆ្នាំនៅក្នុងខែចេត្រមុនចូលឆ្នាំប្រពៃណីខ្មែរ ព្រះសង្ឃនៅវត្តជម្ពូវ័ន ក្នុងស្រុកស្អាងស្ទើរតែគ្រប់អង្គត្រូវបានពុទ្ធសាសនិកនៅក្នុងភូមិក្បែរៗនេះ និមន្តសូត្រមន្តបង្សុកូលនៅផ្ទះរបស់ពួកគេ ។ ចង្ហាន់និងបច្ច័យច្រើនហូរហៀរបានមកពីពុទ្ធបរិស័ទនៅក្នុងភូមិឃុំ និងស្រុកក្បែរនេះ សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃនៅក្នុងវត្តនេះ ។
ប៉ុន្តែ ឆ្នាំនេះមិនដូចឆ្នាំមុនៗនោះឡើយ ។
មុនពេលចូលឆ្នាំប្រពៃណីជាតិនេះ ព្រះសង្ឃនៅវត្តជម្ពូវ័នក្នុងស្រុកស្អាងនេះដឹងថា ឆ្នាំនេះជាឆ្នាំដ៏ពិបាកមួយចំពោះព្រះសង្ឃនៅវត្តនានានៅក្នុងប្រទេស ។
ភិក្ខុ ឌៀន ដេត ដែលបួសនៅវត្តជម្ពូវ័ននេះ ជាមួយព្រះអនុជអស់ប្រាំបួនវស្សាមកហើយនោះ បានមានសង្ឃដីកាប្រាប់វីអូអេថា៖ «កាលពីដើមឡើយដូចជាថ្ងៃសីលតែងតែមានបរិស័ទហ្នឹង គាត់មករាងច្រើនពេលព្រឹក ។ ពេលថ្ងៃមិនសូវមានប៉ុន្មានទេ» ។
ព្រះអង្គ ដែលមានព្រះជន្ម២៥វស្សាអង្គនេះ បន្ថែមថា៖ «ចម្លែកពេលដែលកើតកូវីដ១៩នេះមក ប្រជាពុទ្ធបរិស័ទដែលមកហ្នឹងមានការខ្សត់ខ្សោយធ្លាក់ពី៥០[ទៅ]៦០នាក់ធ្លាក់មកត្រឹម ១០នាក់ជាង២០នាក់ ។ ចង្ហាន់អ៊ីចឹងមានការខ្វះខាត» ។
ព្រះសង្ឃភាគច្រើនពឹងផ្អែកលើបច្ច័យដែលបានមកពីពុទ្ធសាសនិក ដើម្បីទ្រទ្រង់ការរស់នៅប្រចាំថ្ងៃ ។ ការរីករាលដាលនៃជំងឺកូវីដ១៩ ប៉ះពាល់សេដ្ឋកិច្ចកម្ពុជា ។ អ្នកធ្វើការរោងចក្រជាងមួយម៉ឺននាក់ដែលភាគច្រើនមកពីតំបន់ក្រីក្រដាច់ស្រយ៉ាល និងអ្នកធ្វើការក្នុងវិស័យទេសចរណ៍រាប់ពាន់នាក់ទៀតបាត់បង់ការងារធ្វើ ។
ការណ៍នេះធ្វើឲ្យព្រះសង្ឃនៅកម្ពុជា ប្រឈមនឹងការប៉ះពាល់ផ្នែកសេដ្ឋកិច្ចផងដែរ ។ ភាគច្រើននៃបច្ច័យដែលព្រះសង្ឃទទួលបាន គឺបានមកពីការបិណ្ឌបាត និងការនិមន្តសូត្រមន្តក្នុងពិធី សាសានា និងពិធីប្រពៃណី ដូចជាអាពាហ៍ពិពាហ៍ជាដើម ។ ខណៈដែលប្រជាពលរដ្ឋខ្មែរអនុវត្តការនៅឆ្ងាយពីគ្នាដើម្បីចៀសវាងការឆ្លងជំងឺនេះ ពិធីសាសនានិងប្រពៃណីទាំងនេះត្រូវបានលុបចោល ។
ភិក្ខុ ឌៀន ដេត មានអង្ឃដីកាថា ការបិណ្ឌបាតពេលព្រឹករបស់ព្រះសង្ឃនៅវត្តនេះ គឺសម្រាប់ចង្ហាន់ពេលថ្ងៃត្រង់ ។ ហើយបច្ច័យជាលុយឬជាគ្រឿងដូចជា ស្ករសនិង មី ជាដើម គឺព្រះអង្គរក្សាទុកសម្រាប់ពេលមានការខ្វះខាត ។ នៅវត្តនេះព្រះសង្ឃទាំង ៣១អង្គ ត្រូវការយ៉ាងហោចណាស់ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គត់ចង្ហាន់ពេលថ្ងៃត្រង់ និងការចំណាយផ្សេងៗទៀត នៅពេលដែលមិនមានការប្រគេនចង្ហាន់ពីពុទ្ធបរិស័ទ ។
បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ១៩នោះមក ព្រះសង្ឃមួយចំនួន ក្នុងចំណោមព្រះសង្ឃជាង៦០.០០០ អង្គ នៅក្នុងប្រទេសកម្ពុជាប្រឈមនឹងការខ្វះខាតចង្ហាន់ ។
លោក សេង សារី អ្នកស្រាវជ្រាវសង្គមឯករាជ្យដែលធ្លាប់ស្នាក់នៅក្នុងវត្តមួយរយៈពេល ដើម្បីរៀនសូត្រនោះបាន ប្រាប់វីអូអេថា ប្រភពចំណូលរបស់ព្រះសង្ឃមានបី គឺការដើរបិណ្ឌបាតការសូត្រមន្តនៅក្នុងពិធីប្រពៃណី និងពិធីសាសនាផ្សេងៗ និងប្រាក់ទំនុកបម្រុងពីមាតាបិតា និងសាច់ញាត្តិរបស់ព្រះសង្ឃ ។
លោកថ្លែងថា ការរាលដាលនៃជំងឺកូវីដ១៩ ធ្វើឲ្យប្រភពផ្តល់បច្ច័យដល់ព្រះសង្ឃត្រូវប៉ះពាល់ ។
«នៅពេលដែលពុទ្ធបរិស័ទចំណុះជើងវត្ត គាត់ជួបបញ្ហាសេដ្ឋកិច្ចវត្តអារាមក៏ត្រូវជួបបញ្ហាសេដ្ឋកិច្ចដូចគ្នា ព្រោះឧបាសកឧបាសិកាដែលជាអ្នកផ្គត់ផ្គង់ទំនុកបម្រុងវត្តអារាម គាត់ត្រូវការពឹងទៅលើចំណូលរបស់គាត់ ។ អ៊ីចឹងនៅពេលដែលគាត់ចាប់ផ្តើមបាត់បង់ចំណូល គាត់ចាប់ផ្តើមជួបបញ្ហាសេដ្ឋកិច្ច ។ ប្រាកដណាស់គាត់មិនអាចទ្រទ្រង់វត្តអារាមបានទេ» ។
លោកបន្ថែមថា៖ «នេះជាផលប៉ះពាល់ ។ ហើយរឿងកូវីដហ្នឹងក៏ដូចគ្នា ។ ប្រសិនបើក្នុងរយៈពេលខ្លី អ៊ីចឹងគាត់នៅមានលទ្ធភាព ។ គាត់នៅតែផ្គត់ផ្គង់វត្ត ។ គាត់មិនឲ្យលោកដាច់ចង្ហាន់ទេ ។ ក៏ប៉ុន្តែ ករណីរយៈពេលវែងខ្ញុំគិតថា មានបញ្ហាចង្ហាន់ ។ ប៉ុន្តែ ចង្ហាន់មិនគ្រប់គ្រាន់» ។
លោក សារី បន្តថា បច្ចុប្បន្ននេះ បន្ទាប់ពីមានការហាមឃាត់ការជួបជុំក្នុងពិធីសាសនា ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ ចំណូលរបស់ព្រះសង្ឃ ដែលបានមកពីការសូត្រមន្តក្នុងកម្មវិធីបុណ្យបច្ច័យបួន អាពាហ៍ពិពាហ៍ និងពិធីសាសនាផ្សេងៗទៀត ត្រូវបានកាត់បន្ថយ ។ ប៉ុន្តែលោកបន្ថែមថា ព្រះសង្ឃខ្លះអាចទទួលបានការទំនុកបម្រុងពីមាតាបិតា ឬញោមប្រុសស្រី ។
ក្លោងទ្វារចូលវត្តជម្ពូវ័ន ដែលមានព្រះសង្ឃចំនួន៣១ព្រះអង្គ នៅក្នុងស្រុកស្អាង ខេត្តកណ្តាល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ។ (ផន បុប្ផា/VOA ) |
វត្តគឺជាទីដែលប្រជាពលរដ្ឋក្រីក្រយកកូនប្រុសមកផ្ញើ ឬមកបួសជាព្រះសង្ឃ ដើម្បីរៀនធម៌ ។ ភាគច្រើនព្រះសង្ឃដែលបួសនៅវត្តជម្ពូវ័ន គឺជាកូនកសិករក្រីក្រ។ នេះបើតាមភិក្ខុ ឌៀន ដេត ដែលព្រះអង្គផ្ទាល់ជាកូនកសិករខ្សត់ខ្សោយ ។
ព្រះសង្ឃមានពុទ្ធដីកាថា៖ «សុទ្ធតែកូនអ្នកក្រចូលមកបួស សូម្បីអាត្មានិងព្រះអង្គចៅអធិការ សុទ្ធតែកូនអ្នកក្រទាំងអស់ ។ សុទ្ធតែកូនអ្នកស្រែចំការ ។ ហើយឥឡូវមកផ្អើលអ៊ីចឹងទៀត គាត់មានលុយមានកាក់ឯណា។ ហើយម៉ាក្រុមគ្រួសាររបស់លោកទាំងអស់ហ្នឹងយ៉ាងហោចណាស់ ក៏មានបីបួនទៅប្រាំនាក់ដែរបងប្អូន ។ អ៊ីចឹងអាឡែងតែផ្គត់ផ្គង់លោកអ្នកផ្សេងទៀតបានអីហូប?»
លោក អ៊ូ វីរៈ នាយកអង្គការវេទិកាអនាគតបាននិយាយប្រាប់វីអូអេថា ការរីករាលដាលនៃជំងឺនេះនៅទូទាំងប្រទេស ធ្វើឲ្យប៉ះពាល់ដល់ជីវភាពអ្នក ដែលធ្វើការនៅក្នុងវិស័យផ្សេងៗ ដូចជាអ្នកធ្វើការក្នុងវិស័យទេសចរណ៍ និងវិស័យកាត់ដេរដែលស្ទើរតែទាំងអស់ នៃអ្នកទាំងនេះផ្ញើចំណូលរបស់ពួកគេទៅឪពុកម្តាយនៅតាមទីជនបទ ។
ចាប់តាំងពីមានការរាត្បាតនៃមេរោគនោះ មកចំនួនពុទ្ធសាសនិកដែលទៅវត្ត ដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃនៅតាមទីជនបទ មានការធ្លាក់ចុះ ។ នៅប្រទេសកម្ពុជាប្រជាពលរដ្ឋពី ៩០ទៅ៩៥ ភាគរយកាន់ពុទ្ធសាសនា ។ នេះបើយោងតាមកសួងធម្មការនិងកិច្ចការសាសនា ។
ព្រះសង្ឃនៅវត្តក្រាំងសុវណ្ណ ក្នុងស្រុកឧដុង្គខេត្តកំពង់ស្ពឺ ក៏ប្រឈមការធ្លាក់ចុះចំនួនពុទ្ធសាសនិកជន ដែលធ្លាប់តែប្រគេនចង្ហាន់ដល់ព្រះសង្ឃ នៅរដូវមុនចូលឆ្នាំខ្មែរដែរ ។ ក្នុងឆ្នាំនេះគឺមានការធ្លាក់ចុះ ៤៥ភាគរយ បើធៀបទៅនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំមុន ។ ហើយ ព្រះសង្ឃក៏មិននិមន្តបិណ្ឌបាតដូចឆ្នាំមុនៗដែរ ។
ព្រះចៅអធិការវត្តក្រាំងសុវណ្ណ ព្រះនាម វ៉ាន់ ចាន់ថា មានសង្ឃដីកាថា៖ «ឧទាហរណ៍ថានៅស្រុកហ្នឹងមុនចូលឆ្នាំខ្មែរអ៊ីចឹង គេធ្វើពិធីរាប់បាតព្រះសង្ឃតាមភូមិ ប៉ុន្តែឆ្នាំនេះយើងមានការអាក់ខាន ដោយសារមានការណែនាំពីខាងលើមកមិនឲ្យ យើងមានការជួបជុំគ្នាច្រើនអ៊ីចឹងខ្លាចមានការឆ្លងអីអ៊ីចឹង ។ អ៊ីចឹងការគោចរបិណ្ឌបាត្រ មុនចូលឆ្នាំតាមប្រពៃណីខ្មែរយើងហ្នឹងគឺថយចុះខ្លះដែរ» ។
ចៅអធិការ ដែលមានព្រះជន្ម៣៩វស្សាអង្គនេះបន្តថា៖ «បុណ្យចូលឆ្នាំខ្មែរ ចំពោះព្រះសង្ឃយើងមានន័យថា ការចូលអបអរការចំណាយទេយ្យទានរបស់ពុទ្ធបរិស័ទទូទៅចូលរួមត្រេកអរ ។ ចូលរួមត្រេកអរមួយទៀតចូលរួមត្រេកអរផ្នែកខាងចេះថែរក្សាប្រពៃណីបុណ្យចូលឆ្នាំយើងអ៊ីចឹង» ។
ពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិ ខិតចូលមកដល់ហើយ ។ ប៉ុន្តែដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ដែលមានប្រភពនៅក្នុងក្រុងវូហានខេត្តហ៊ូបេ ប្រទេសចិន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧០០០០នាក់ នៅទូទាំងពិភពលោកនោះ រដ្ឋាភិបាលកម្ពុជាចេញបញ្ជាហាមប្រជាពលរដ្ឋមិនឲ្យធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ។ នេះមានន័យថា ប្រជាពលរដ្ឋមួយចំនួនមិនអាចធ្វើដំណើរទៅស្រុកកណើតឬជួបជុំគ្រួសារ នៅក្នុងខេត្តផ្សេងគ្នាបាននោះទេ ។
អ្នកស្រី ម៉ាន ឌៀប អាយុ៤០ឆ្នាំ ជាពុទ្ធបរិស័ទចំណុះជើងវត្តក្រាំងសុវណ្ណ ដែលកូនរបស់អ្នកស្រីអាយុ១៣ឆ្នាំ បានបួសជាសង្ឃនៅវត្តនេះ អស់រយៈពេល២វស្សាមកហើយ នោះមានប្រសាសន៍ថា៖
«នឹកឃើញថា គេមកវត្ត ។ កូនចៅគេមកវត្តអ៊ីចឹងគេឧទ្ទិសផលម៉ែឪគេបានទទួល។ ម៉ែឪយើង កូនចៅអត់មកអត់បានអ៊ីចឹង» ។
អ្នកស្រី ឌៀប ដែលជាពុទ្ធសាសនិកម្នាក់ផងដែរនោះបន្ថែមថា៖ «បើជើងវត្តអ៊ីចឹងគេមកអ៊ីចឹង ។ អ្នកខ្លះនៅឆ្ងាយគេអត់ហ៊ានមកទេ ។ គេខ្លាច ។ បើយើងអ្នកជិតយើងអត់មកគេអ្នកឆ្ងាយគេអត់មកលោកអត់អីឆាន់អ៊ីចឹង?»
ទោះបីជាយ៉ាងណាក៏ដោយ វត្តមួយចំនួនមិនរងផលប៉ះពាល់ ដោយការរីករាលដាលនៃជំងឺនេះឡើយ ។
ព្រះសង្ឃ កំពុងសិក្សាព្រះគម្ពីធម៌ នៅវត្តជម្ពូវ័ន ស្រុកស្អាង ខេត្តកណ្តាល កាលពីទី៥ ខែមេសា ឆ្នាំ២០២០ ។ (ផន បុប្ផា/VOA) |
ភិក្ខុសា រិន សំណាង មានព្រះជន្ម៤០វស្សា គង់នៅវត្តសំពៅមាស អស់រយៈពេលជាងប្រាំវស្សាមកហើយ ។ ព្រះអង្គសំណាងដែលបួសជាសង្ឃអស់រយៈពេល ២០ឆ្នាំមកហើយនោះ ក៏ជានិស្សិតផងដែរ ។
ព្រះអង្គមានពុទ្ធដីកាថា នៅវត្តសំពៅមាសពុទ្ធបរិស័ទដាក់វេនគ្នាប្រគេនចង្ហាន់ព្រះសង្ឃនៅវត្តនេះ ។ ដូច្នេះវត្ដដែលមានព្រះសង្ឃជាង៧០ ព្រះអង្គនេះមិនជួបបញ្ហាកង្វះចង្ហាន់ដូចវត្តដទៃៗទៀតឡើយ ។
«សម្រាប់អាត្មាហ្មងអត់មានលំបាកពីរឿងទៅបិណ្ឌបាតអីនៅក្រៅទេ ពីព្រោះអីនៅវត្តនេះមានការផ្គត់ផ្គង់ចង្ហាន់ប្រចាំថ្ងៃពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំជាប់រហូត» ។
នៅក្នុងវត្តជម្ពូវ័នស្រុកស្អាង ខេត្តកណ្ដាល ចំនួនព្រះសង្ឃ ប្រហែលពាក់កណ្តាលជានេនតូចៗ ។ កាលពីដើមខែមេសា នេនតូចៗកំពុងសម្អាតវត្ត ហើយនេនខ្លះទៀតកំពុងអានសៀវភៅធម៌ ។
ចំណែកភិក្ខុកំពុងកាប់ដីដាំផ្កានិងបន្លែ ។
លោក ទូច ទុន ដែលជាជំនួយការព្រះសង្ឃវត្តជម្ពូវ័នអស់រយៈពេលជាងប្រាំឆ្នាំមកហើយនោះមានប្រសាសន៍ថាលោកមានការបារម្ភពីការខ្វះខាតចង្ហាន់របស់ព្រះសង្ឃនៅវត្តនេះនៅពេលខាងមុខប្រសិនបើការរីរាលដាលនៃជំងឺនេះអូសបន្លាយរយៈពេលយូរ ។
ភិក្ខុ ឌៀន ដេត សង្ឃឹមថាពុទ្ធសាសនិកនឹងឆ្លៀតជួយព្រះសង្ឃនៅក្នុងគ្រានេះ ។
ភិក្ខុ ឌៀន ដេត មានសង្ឃដីកាថា៖ «ឥឡូវខាងមុខនេះជិតដល់ហើយរដូវបុណ្ឌចូលឆ្នាំ ។ ក៏ប៉ុន្តែមិនអាចសន្និដ្ឋានថាបរិស័ទគាត់មកច្រើនទេហើយចង្ហាន់ដែលផ្គត់ផ្គង់ព្រះសង្ឃក៏វាពិបាកដែរព្រោះថា តាំងពីគេផ្អើលជំងឺកូវីដនេះមកឬកូរ៉ូណានេះមក គឺបរិស័ទគាត់ខ្លាចណាស់ខ្លាចច្រើនមែនទែន!។ អ៊ីចឹងប្រហែលជាចូលឆ្នាំហ្នឹងបែបអត់សូវមានបរិស័ទមកទេ» ៕
(អត្ថបទនិងរូបភាពទាំងស្រុងជាកម្មសិទ្ធិរបស់វិទ្យុ VOA)
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment