ឥណ្ឌាបានក្លាយជាប្រទេសលំដាប់ទី៥ករណីឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរបំផុតក្នុងលោក - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, June 07, 2020

ឥណ្ឌាបានក្លាយជាប្រទេសលំដាប់ទី៥ករណីឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរបំផុតក្នុងលោក

ព្រះសង្ឃនិងកូនសិស្សវត្តកុរុរដ្ឋខេមរារាម ទីក្រុងញូវដែល្លី បាននាំយកនួវស្បៀងអាហារមួយចំនួនទៅចែកជូននិស្សិតខ្មែរមួយចំនួន ក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩, ៣០ ឧសភា ២០២០ ។

លោកវិទូ | ថ្ងៃ ១᧲៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៧ មិថុនា ២០២០ 

ញូវដែល្លី៖ យោងតាមការចុះផ្សាយរបស់កាសែតហិណ្ឌូស្ថានតែមស៍បានឲ្យដឹងថា ពេលនេះប្រទេសឥណ្ឌាបានស្ថិតនៅក្នុងចំណោមប្រទេសទាំងប្រាំក្នុងលោក ករណីឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរជាងគេបំផុត ។ ឥណ្ឌាបានឈានដល់ដំណាក់កាលធ្ងន់ធ្ងរបំផុតនេះ កាលពីល្ងាចថ្ងៃសៅរ៍កន្លងទៅ ដែលចំនួនអ្នកឆ្លងទាំងអស់បានកើនឡើងដល់ ២.៤៥.៦៧០ នាក់ ។ ករណីនេះបានធ្វើឲ្យឥណ្ឌាមានអ្នកឆ្លងជំងឺច្រើនជាងប្រទេសអេស្ប៉ាញ ដែលមានអ្នកឆ្លងចំនួន ២.៤១.៣១០, នេះបើយោងតាមស្ថិតិរបស់សាកលវិទ្យាល័យ ចន ហប្គិនស៍ ។

ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ ឥណ្ឌាបានវ៉ាដាច់ប្រទេសអ៊ីតាលី បើគិតពីចំនួនករណីឆ្លងជំងឺកូវីដ១៩ ។ ទោះជាយ៉ាងណា ឥណ្ឌានៅតែស្ថិតនៅលំដាប់ឆ្ងាយពីគេ បើនិយាយពីករណីស្លាប់ដោយសារជំងឺឧត្បាតនេះ ។ យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO)  នៅពេលដែលប្រទេសអ៊ីតាលីមានអ្នកជំងឺស្លាប់ចំនួន ៣៣.៧៧៤ នាក់ដោយសារកូវីដ១៩ រីឯប្រទេសអេស្ប៉ាញមានអ្នកជំងឺស្លាប់ចំនួន ២៧.១៣៤ ។ ករណីស្លាប់ដោយសារជំងឺកូវីដ១៩នៅប្រទេសឥណ្ឌាវិញ មានចំនួនតែ ៦.៦៤២ នាក់ប៉ុណ្ណោះ ។

មានការកើនឡើងយ៉ាងគំហុកនូវករណីឆ្លងប្រចាំថ្ងៃនៅប្រទេសឥណ្ឌា ។ ពីចំនួនរវាង ៦.៥០០ ករណីកាលពីមួយសប្ដាហ៍មុន ឥឡូវឥណ្ឌាមានកំណត់ត្រាឆ្លងរហូតដល់ទៅ ១០.០០០ ករណីក្នុងមួយថ្ងៃ ។

យោងតាមក្រសួងសុខាភិបាលសហព័ន្ធ ប្រទេសឥណ្ឌាបានចុះបញ្ជីកំណត់ត្រាករណីឆ្លងកើនឡើងខ្ពស់ដល់ ៩.៨៨៧ ករណី និងករណីស្លាប់ចំនួន ២៩៤ គិតត្រឹមថ្ងៃសៅរ៍ ម៉ោង ៨ ព្រឹក ដែលបានជម្រុលឲ្យករណីឆ្លងកើនឡើងដល់ចំនួន ២.៣៦.៦៥៧ នាក់ ។ ប្រទេសនេះបានចុះបញ្ជីកំណត់ត្រាជាង ៩.០០០ ករណីឆ្លង ក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នា ។

ចំនួនអ្នកជំងឺកូវីដ១៩ដែលកំពុងសម្រាក់ព្យាបាលគឺ ១.១៥.៩៤២ នាក់ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌាបានមានប្រសាសន៍ថា ចំនួនសរុប ១.១៤.០៧៣ នាក់នៃអ្នកជំងឺបានជាសះស្បើយឡើងវិញ ដោយមានអ្នកជំងឺចំនួន ៤.៦១១ នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយពីជំងឺឡើងវិញក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏បានមានប្រសាសន៍ផងដែរថា សំណាកចំនួន ៤៥.២៤.៣១៧ ត្រូវបានយកទៅធ្វើតេស្តមកទល់នឹងពេលនេះ ហើយសំណាកចំនួន ១.៣៧.៩៣៨ ត្រូវបានយកទៅធ្វើតេស្ត ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ។

យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌាកាលពីព្រឹកថ្ងៃសៅរ៍បានបង្ហាញថា ចំនួនករណីឆ្លងដែលធ្ងន់ធ្ងរបំផុតគឺនៅរដ្ឋមហារាស្ត្រ ដែលមានចំនួន ៨០.២២៩ តាមដោយរដ្ឋតមិលនាឌុ ២៨.៦៩៤ ទីក្រុងញូវដែល្លី ២៦.៣៣៤ រដ្ឋគុជរាត ១៩.០៩៤ រដ្ឋរាជស្ថាន ១០.០៨៤ រដ្ឋឧត្តរប្រទេស ៩.៧៣៣ និងរដ្ឋមធ្យប្រទេស ៨.៩៩៦ ។

ដោយឡែកបើគិតត្រឹមពេលដែលកំពុងសរសេរអត្ថបទនាពេលព្រឹកថ្ងៃអាទិត្យនេះ បើយោងតាមទិន្នន័យវែបសាយ Covid19india.org ករណីឆ្លងកូវីដ១៩មានរហូតដល់ទៅ ២.៤៦.៦២២ ដោយមានករណីឆ្លងថ្មីចំនួន ១០.៥២១ ។

ក្រោយពីបិទប្រទេសទាំងស្រុងអស់រយៈពេលជិត ៣ ខែមក ឥណ្ឌាបានប្រកាសបើកប្រទេសឡើងវិញដោយដំណាក់កាលៗ នៅតាមស្រុកឬតំបន់ដែលមិនស្ថិតនៅក្នុងបញ្ជីពណ៌ក្រហម ឬបញ្ជីហាមឃាត់ ។ នៅក្នុងការបើកដំណាក់កាលទី១នេះ ការធ្វើដំណើរក្នុងរដ្ឋនិងឆ្លងរដ្ឋត្រូវបានអនុញ្ញាតឡើងវិញ តាមរទេះភ្លើង ឡានក្រុង និងតាក់ស៊ីជាដើម ។ ប៉ុន្តែជើងយន្តអន្តរជាតិនៅមិនទាន់បើកឲ្យដំណើរការវិញនៅឡើយទេ រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ។

ប្រទេសថៃភូមាវៀតណាមជាដើមបានប្រើជើងយន្តហោះពិសេសជាច្រើនលើក បានដឹកនាំប្រជាជនព្រះសង្ឃសមណនិស្សិត-និស្សិតរបស់ខ្លួនទៅមាតុប្រទេសវិញស្ទើរអស់ហើយ ចាប់តាំងពីចុងខែមីនាមកម៉្លេះ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment