គណៈសង្ឃនាយកចេញលិខិតថ្កោលទោស, ក្រសួងធម្មការសូមស្នើឲ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការលើគណនីហ្វេសប៊ុកប្រមាថព្រះសង្ឃ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Wednesday, July 15, 2020

គណៈសង្ឃនាយកចេញលិខិតថ្កោលទោស, ក្រសួងធម្មការសូមស្នើឲ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការលើគណនីហ្វេសប៊ុកប្រមាថព្រះសង្ឃ

លិខិតរបស់គណៈសង្ឃនាយក និងក្រសួងធម្មការ និងសាសនា ។

លោកវិទូ | ថ្ងៃ ៤᧺៨ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១៥ កក្កដា ២០២០

នៅថ្ងៃពុធនេះ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះគណនីហ្វេសប៊ុកឈ្មោះ Troll យឹម តន ដែលបានបង្ហោះចម្រៀងវីដេអូ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសព្រះពុទ្ធសាសនា ហើយបានសូមស្នើសុំឲ្យក្រសួងធម្មការ និងសាសនាចាត់វិធានការចំពោះរឿងដ៏អកុសលនេះ ។

នៅក្នុងលិខិតនេះ គណៈសង្ឃនាយកបានចាត់ទុកវីដេអូឃ្លីបដែលបង្ហោះដោយគណនីហ្វេសប៊ុកខាងលើថាមាន «ចេតនាបំផ្លិចបំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូរក៏ដូចជាតម្លៃពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ» និង «ជាការប្រមាថចំពោះព្រះសង្ឃថេរវាទ នៅព្រះរាជាណាចក្រកម្ពុជា យ៉ាងធ្ងន់ធ្ងរបំផុត» ដែលធ្វើឲ្យពុទ្ធបរិស័ទមានភាពទោមនស្សចំពោះ «ទង្វើដ៏អកុសល និងថោកទាបនេះ» ។

គណៈសង្ឃនាយកបានកត់សម្គាល់ឃើញថា គណនីហ្វេសប៊ុកឈ្មោះ Troll យឹម តន នេះតែងតែប្រព្រឹត្តអំពើលាមកថោកទាបបែបនេះជាច្រើនឆ្នាំមកហើយ «ដោយបានយកអធិករណ៍ នៃបព្វជិតសង្ឃធ្វើជាអាជីព មានចេតនាយ៉ាងពេញទំហឹងក្នុងការបំផ្លិចបំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូររបស់ព្រះសង្ឃក៏ដូចជាតម្លៃពុទ្ធសាសនាថេរវាទកម្ពុជា» ។

គណៈសង្ឃនាយកបានថ្លែងទៀតថា «សូមបដិេសធយ៉ាងដាច់អហង្ការ និងថ្កោលទោសចំពោះទង្វើដ៏ស្មោកគ្រោក អសីលធម៌ ទុច្ចរិត និងភាពជាអមនុស្ស» ។

គណៈសង្ឃនាយកក៏បានសូមស្នើឲ្យក្រសួងធម្មការ និងសាសនា ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការលើអ្នកគ្រប់គ្រងគណនីហ្វេសប៊ុកខាងលើតាមនីតិវិធីច្បាប់ជាធរមាន ។

ដោយឡែក ក្រសួងធម្មការ និងសាសនា ដែលមានឯកឧត្តត ឈិត សុខុន ជារដ្ឋមន្ត្រី ក៏បានចេញលិខិតជូនចំពោះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងថ្ងៃដដែលនេះដែរ ដើម្បីសូមស្នើឲ្យត្រួតពិនិត្យ និងចាត់វិធានការទៅលើគណនីហ្វេសប៊ុកអសីលធម៌ខាងលើ ។

នៅក្នុងលិខិតផ្លូវការទាំងពីរនេះ ក្រសួងធម្មការ និងសាសនា បានបង្ហាញគណនីពីរត្រូវចាត់វិធានការគឺ គណនីហ្វេសប៊ុកឈ្មោះ Troll យឹម តន ខាងលើ ១ និងគណនីយូធូបឈ្មោះ Troll ចោរថង់យាម OFFICIAL ១ ដែលបានបង្ហោះវីដេអូចម្រៀងបទ «ស្រឡាញ់ប៉ះចំតែសង្សារលោក» កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ និងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ។

ក្រសួងធម្មការ និងសាសនា បានបញ្ជាក់នៅក្នុងលិខិតទាំងពីរថា នៅក្នុងបទចម្រៀងនេះ «មានរូបភាពព្រះសង្ឃ និងស្ត្រីភេទ ក្នុងចេតនាអាក្រក់បន្ទាបបន្ថោកតម្លៃព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ...ដែលមានរូបភាព និងអត្ថន័យក្នុងឆន្ទៈទុច្ចរិតអាក្រក់ ញុះញង់ឲ្យមានការរើសអើង បង្កឲ្យមានភាពចលាចល និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម» ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment