កូរ៉ូណាបានឆក់យកព្រះជន្មព្រះសង្ឃឥណ្ឌាដ៏ល្បីឈ្មោះមួយអង្គ៖ ព្រះបណ្ឌិត ភិក្ខុ ពោធិបាល - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Wednesday, July 29, 2020

កូរ៉ូណាបានឆក់យកព្រះជន្មព្រះសង្ឃឥណ្ឌាដ៏ល្បីឈ្មោះមួយអង្គ៖ ព្រះបណ្ឌិត ភិក្ខុ ពោធិបាល

ព្រះបណ្ឌិត ភិក្ខុ ពោធិបាល ។ រូបភាព៖ Northeast Now

លោកវិទូ | ថ្ងៃ ៤᧩៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៩ កក្កដា ២០២០

ក្នុងកំឡុងពេលជំងឺរាតត្បាតនេះ នៅពេលបុគ្គលិកសុខាភិបាលជួរមុខជាប់រវល់ ក្នុងការបំពេញការងារដើម្បីទប់ស្កាត់និងគ្រប់គ្រងជំងឺកូវីដ១៩ មានអ្នកខ្លះកំពុងធ្វើការដោយស្ងៀមស្ងាត់ក្នុងការជួយសង្គ្រោះប្រជាជន ប៉ុន្តែរងគ្រោះដោយប្រយោលដោយសារជំងឺឧត្បាតនេះ ។ ព្រះបណ្ឌិត ភិក្ខុ ពោធិបាល គឺជាវីរសង្ឃមួយអង្គដែលគេពុំបានចាប់អារម្មណ៍ ដែលបានធ្វើសកម្មភាពសប្បុរសធម៌ជួយដល់ប្រជាជនទីទល់ក្រក្នុងគ្រាដ៏លំបាកនេះ ដោយប្រថុយជីវិតរបស់ព្រះអង្គផ្ទាល់ ។

នៅលើគណនីហ្វេសប៊ុកចុងក្រោយរបស់ព្រះអង្គបានបង្ហោះសារជាគតិធម៌យ៉ាងនេះថា៖ «សេដ្ឋីមានទ្រព្យស្តុកស្តម្ភម្នាក់ដែលមានបរិវារតិចចៀសវាងផ្លូវដែលមានគ្រោះថ្នាក់ មនុស្សម្នាក់ចង់បន្តរស់នៅចៀសវាងថ្នាំពុលយ៉ាងណា អ្នកគួរតែចៀសវាងអំពើអាក្រក់ក៏យ៉ាងនោះដែរ» ។

ប៉ុន្តែ ព្រះបណ្ឌិត ភិក្ខុ ពោធិបាល មិនដែលមានសេចក្តីភ័យខ្លាចនឹងការឆ្លងកាត់ផ្លូវដែលគ្រោះថ្នាក់ឡើយ ប្រសិនបើវាជាផ្លូវទៅរកព្រះធម៌ ។ ព្រះអង្គជឿជាក់ថា មិនថាផ្លូវទៅរកព្រះធម៌នោះវាលំបាកយ៉ាងណាទេ ឲ្យតែដំណើរនោះប្រកបដោយចិត្តធម៌ មេត្តាធម៌ និងប្រាជ្ញាញាណ វាជាដំណើរមួយដ៏គួររីករាយជ្រះថ្លា ។

គតិធម៌យ៉ាងនេះហើយដែលជាកម្លាំងចិត្តរបស់ព្រះអង្គ ។

ព្រះអង្គគ្មានការភ័យខ្លាចឡើយ! ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ព្រះអង្គមមាញឹកក្នុងការពង្រីកសកម្មភាពផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ជនរងគ្រោះដោយព្យុះអាំផាននិងទឹកជំនន់ និងក្នុងការបែងចែករបបអាហារដល់ជនទីទាល់ក្រនិងអ្នកគ្មានការងារធ្វើ (ដោយសារតែការបិទប្រទេស) នៅក្នុងតំបន់ជាច្រើននៃរដ្ឋបេង្គ័លខាងលិច និងរដ្ឋអសាំ ។

ព្រះអង្គប្រថុយគ្រោះថ្នាក់ធ្វើសកម្មភាពសប្បុរសធម៌ទាំងនេះ ដើម្បីជួយដល់ជនរងគ្រោះ ។ ដោយសារតែព្រះអង្គបានធ្វើសកម្មភាពសប្បុរសធម៌ជាប្រចាំយ៉ាងនេះ ដោយមិនមានប្រើគ្រឿងការពារគ្រប់គ្រាន់ ក៏បណ្ដាលឲ្យព្រះអង្គបានឆ្លងជំងឺកូវីដ១៩ ។ តាមពិតចំពោះសកម្មភាពចួបជាមួយប្រជាជនច្រើននាក់ពីកន្លែងមួយទៅកន្លែងមួយ វាស្ទើរតែគេចពីការឆ្លងជំងឺឧត្បាតនេះពុំរួចឡើយ តាមស្ថានភាពរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌា ។

ពេលដែលព្រះអង្គមានអារម្មណ៍ថាពិបាកដកដង្ហើម ដំបូងព្រះអង្គនិមន្តទៅមន្ទីរពេទ្យមួយ មុនពេលព្រះអង្គនិមន្តទៅមន្ទីរធំនៅទីក្រុងក័លកាតានៅថ្ងៃទី២៦ កក្កដា ហើយព្រះអង្គក៏សុគតដោយសារជំងឺឃោរឃៅនេះនៅថ្ងៃទី២៧ កក្កដា ។

ព្រះអង្គកើតនៅទីក្រុងស៊ីឡុង នៃរដ្ឋមេឃល័យ ក្នុងឆ្នាំ១៩៦៨ ហើយបានទទួលការអប់រំនៅទីក្រុងកំណើតរបស់ព្រះអង្គរហូតដល់ព្រះអង្គបានចូលរៀននៅសាកលវិទ្យាល័យមគធៈ (ពុទ្ធគយា) រដ្ឋពិហារ សម្រាប់ថ្នាក់អនុបណ្ឌិតនិងបណ្ឌិតផ្នែកព្រះពុទ្ធសាសនា ។

នៅឆ្នាំ ១៩៩៣ ព្រះអង្គបានឧបសម្បទាជាភិក្ខុ ក្នុងសម្នាក់ព្រះឧបជ្ឈាយ៍ព្រះនាម ធម្មបាល មហាថេរ ។ មិនយូរប៉ុន្មានបន្ទាប់ពីព្រះអង្គបានចូលកាន់សង្គមសង្ឃព្រះពុទ្ធសាសនា, ព្រះអង្គបានចាប់ផ្តើមបំពេញកិច្ចការបម្រើដល់មនុស្សជាតិ ។

ព្រះអង្គបានចាកចេញពីស្រុកកំណើតទៅកាន់រដ្ឋអសាំ ភាគឦសាននៃប្រទេសឥណ្ឌា ។ នៅទីនោះ ព្រះអង្គបានទទួលបន្ទុកជាលេខាជំនួយការ និងជាអ្នកទទួលខុសត្រូវសមាគមបេសកកម្មភាតរភាពអន្តរជាតិ (International Brotherhood Mission) ក្នុងឆ្នាំ១៩៩៥ ។ ស្ថាបនិកនៃសមាគមនេះគឺ ព្រះតេជព្រះគុណ អាចារ្យ ភិក្ខុ ករុណា សាស្ត្រី មហាថេរ ។

រហូតដល់ដង្ហើមចុងក្រោយរបស់គាត់ ព្រះបណ្ឌិត ពោធិបាល បានធ្វើការជាមួយ ព្រះតេជព្រះគុណ អាចារ្យ ភិក្ខុ ករុណា សាស្ត្រី មហាថេរ ដើម្បីបំពេញគោលបំណងសំខាន់ពីររបស់សមាគមគឺ «ការការពារសាសនានិងវប្បធម៌ដែលជាឱវាទរបស់ព្រះសម្មាសម្ពុទ្ធ និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពសង្គម ដោយធានាបាននូវភាពប្រសើរឡើងនៃប្រជាជនក្រីក្រនិងប្រជាជនដែលគេជិះជាន់ ក៏ដូចជាការបង្រួបបង្រួម សន្តិភាពពិភពលោក ដែលជាឱសថតែមួយគត់សម្រាប់ព្យាបាលជំងឺទាំងអស់នៅលើពិភពលោក គឺភាពចលាចល ភេរវកម្ម និងអំពើហិង្សា» ។

ព្រះបណ្ឌិត ពោធិបាល បានជួយកិច្ចការងារព្រះតេជព្រះគុណ ភិក្ខុ ករុណា មហាថេរ ក្នុងការបើកដំណើរការផ្ទះសម្រាប់ប្រជាជនក្រីក្រមួយដែលមានឈ្មោះថា ផ្ទះសម្រាប់ប្រជាជនក្រីក្រនៃបេសកកម្មពុទ្ធសាសនាជិនរត័ន (Jinaratan Buddhist Missionary Destitute Home) សាលាបឋមសិក្សាមួយ អនុវិទ្យាល័យមួយ និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈមួយ ព្រមទាំងមជ្ឈមណ្ឌលសុខភាពឥតគិតថ្លៃមួយ ដែលមានឈ្មោះថា អាយ.ប៊ី.អឹម. និកក្យោ និវ៉ានោ (IBM NIKKYO NIWANO) និងបណ្ណាល័យមានសៀវភៅសម្បូរបែបមួយ ។
ព្រះបណ្ឌិត ភិក្ខុ ពោធិបាល (គង់លើកៅអីខាងស្ដាំ) ប្រគេនទេយ្យទានដល់ព្រះសង្ឃវត្តព្រះតថាគតពុទ្ធ តំបន់សន្តរាគាឆី ស្រុកហាវរ៉ា ទីក្រុងក័លកាតា, ៨ កក្កដា ២០២០ ។ រូបភាព៖ Bhikkhu Bodhipala

ព្រះអង្គធ្លាប់ជាព្រះអធិបតីសង្ឃនៅពុទ្ធគយា ដែលជាបេះដូងនៃព្រះពុទ្ធសាសនា ពីឆ្នាំ២០០១ ដល់ ២០០៦ ។ ក្រៅពីនេះ ព្រះអង្គបានទទួលបន្ទុកសមាគមសង្គហធម៌ជាច្រើនផងដែរ ជាព្រះប្រធានសមាគមសង្គហធម៌ករុណាកាលចីនី (Kalchini Karuna Charitable Society) នៅស្រុកអលិបុទ៌ុអរ រដ្ឋបេង្គ័លខាងលិច ជាដើម ។ មិនតែប៉ុណ្ណោះ ចាប់ពីឆ្នាំ២០១៨មក ព្រះអង្គបានធ្វើជាអគ្គលេខាធិការពុទ្ធិកសមាគមរដ្ឋបេង្គ័ល (Bauddha Dharmankur Sabha Bengal Buddhist Association) ។ សមាគមទាំងនេះធ្វើសកម្មភាពមនុស្សធម៌ ជួយដល់ជនក្រីក្រឥតឈប់ឈរ ជាពិសេសក្នុងគ្រាដ៏លំបាកកំឡុងពេលរាតត្បាតជំងឺកូវីដ១៩នេះ ។

ក្នុងអំឡុងពេលនេះការយកចិត្តទុកដាក់ចម្បងរបស់ព្រះអង្គគឺការបង្កើតមេត្តាធម៌ ក្នុងចំណោមប្រជាជននៅក្នុងប្រទេសនិងក្រៅប្រទេស ។ ជាវាគ្មិននិងអ្នកនិពន្ធដ៏ប៉ិនប្រសប់មួយអង្គ ព្រះបណ្ឌិត ពោធិបាល បានសរសេរសៀវភៅនិងអត្ថបទជាច្រើនទាក់ទងនឹងព្រះពុទ្ធសាសនា និងបានរៀបរៀងអត្ថបទទស្សនាវដ្ដី និងទស្សនាវដ្តីជាច្រើនរាប់មិនអស់ ។ ព្រះអង្គមានទំនាក់ទំនងខាងការសិក្សាយ៉ាងជិតស្និទ្ធ ជាមួយសាកលវិទ្យាល័យនវនាលន្ទា (ក្រុងរាជគ្រឹះ) និងសាកលវិទ្យាល័យមគធៈ ។

ក្នុងអំឡុងពេលនៃជីវិតរបស់ព្រះអង្គ ព្រះអង្គបានគង់នៅក្នុងវត្តព្រះពុទ្ធសាសនាផ្សេងៗជាច្រើនកន្លែង ។ ពេលមានគេសួរថាព្រះអង្គកំពុងគង់នៅទីណា ព្រះអង្គតែងឆ្លើយថា «អាត្មាភាពមិនមានលំនៅអចិន្រ្តៃយ៍ទេ ។ អាត្មាភាពជាភិក្ខុពនេចរដោយធម្មជាតិ ។»

គ្មាននរណាធ្លាប់គិតថាព្រះអង្គនឹងត្រូវបានចាកចេញទៅដោយមិនវិលត្រលប់ ក្នុងស្ថានភាពបែបនេះសោះ ។ ក្នុងព្រះជន្ម ៥២ ព្រះវស្សា ព្រះបណ្ឌិត ភិក្ខុ ពោធិបាល បានលាលោកនេះទៅដោយគ្មានថ្ងៃត្រលប់ឡើយ ។

ការបាត់បង់ព្រះបណ្ឌិត ភិក្ខុ ពោធិបាល ក្នុងវិស័យសង្គម ការសិក្សាអប់រំ និងសាសនា នៅក្នុងប្រទេសឥណ្ឌា ពិតជាការបាត់បង់មួយ ដែលមិនងាយនឹងអាចបំពេញវិញបានឡើយ ៕

ដកស្រង់និងកែសម្រួល ពីសំណេររបស់អ្នកស្រីសាស្ត្រាចារ្យ រាមលា សម៌ា ដែលបានចុះផ្សាយក្នុងសារព័ត៌មាន Northeast Now ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment