ឥណ្ឌានឹងជំទាស់តវ៉ាជាមួយចិនរឿងប្រព័ន្ធថ្នាំបុរាណពុទ្ធសាសនា "សោវា-រិគ្បា" នៅអង្គការយូណេស្កូ - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, August 23, 2020

ឥណ្ឌានឹងជំទាស់តវ៉ាជាមួយចិនរឿងប្រព័ន្ធថ្នាំបុរាណពុទ្ធសាសនា "សោវា-រិគ្បា" នៅអង្គការយូណេស្កូ

គ្រឿងផ្សំថ្នាំបុរាណសោវា-រិគ្បា (រូបភាពតំណាង)។ រូបភាព៖ Ladakh Nuns Association

លោកវិទូ | ថ្ងៃ ១᧥១០ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៣ សីហា ២០២០

ឥណ្ឌាជំទាស់តវ៉ាយ៉ាងខ្លាំង ចំពោះការអះអាងរបស់ចិន ទៅលើកេរដំណែលប្រព័ន្ធថ្នាំបុរាណពុទ្ធសាសនា ដែលមានអាយុកាលរាប់សតវត្សរ៍មកហើយឈ្មោះ "សោវា-រិគ្បា" (Sowa-Rigpa) ដែលជាទីពេញនិយមនៅប្រទេសឥណ្ឌាប្រមាណ ២៥០០ ឆ្នាំមកហើយ នៅឯអង្គការយូណេស្កូ ។

ឥណ្ឌាបានដាក់ពាក្យសូមការអភិរក្សនៃមរតកបុរាណនេះ ក្នុងបញ្ជី «បេតិកភណ្ឌវប្បធម៌អរូបី» នៃអង្គការយូណេស្កូ កាលពីខែមីនា ឆ្នាំមុន ។ ហើយក្នុងកំឡុងពេលនៃការពិភាក្សាគ្នា លើសេចក្តីស្នើរបស់ឥណ្ឌា ក្នុងបណ្ដាប្រទេសជាសមាជិកក្រុមប្រឹក្សាទាំង ២០ កាលពីខែធ្នូ ឆ្នាំមុននោះដែរ ប្រទេសចិនបានធ្វើការជំទាស់ ដោយផ្អែកលើមូលដ្ឋាន នៃការអះអាងផ្នែកភូមិសាស្ត្របែបវោហារសាស្ត្រ ទៅលើរដ្ឋអរុណាច័លប្រទេស និងរដ្ឋសហព័ន្ធលទ្ទាខខាងកើត ព្រមទាំងផ្នែកដទៃទៀត នៃបន្ទាត់គ្រប់គ្រងព្រំដែនជាក់ស្ដែង (LAC) រវាងចិននិងឥណ្ឌា ។

ប្រទេសចិនដែលនៅជិតខាងឥណ្ឌាបានដាក់ពាក្យប្រឆាំង ដោយអះអាងថា ប្រព័ន្ធថ្នាំបុរាណពុទ្ធសាសនានេះ មានប្រភពពីទីបេត៍ ។

ទោះយ៉ាងនេះក្តី នាយកវិទ្យាស្ថានជាតិនៃថ្នាំបុរាណសោវា-រិគ្បា នៅទីក្រុងលេហ៍ លោកបណ្ឌិត បទ្មា គុរមេត បានប្រាប់សារព័ត៌មានឥណ្ឌា យូ.អិន.អាយ. (UNI) ថា «យើងបានចងក្រងភស្តុតាងគ្រប់គ្រាន់ ក្នុងការគាំទ្រនូវការអះអាងរបស់យើង ហើយបានបង្ហាញឯកសារនិងភស្តុតាង និងបានប្រមូលចងក្រងឯកសារអក្សរសាស្ត្រពុទ្ធសាសនា ដែលត្រូវបានធ្វើជាឌីជីថល ភ្លាមៗបន្ទាប់ពីបង្កើតវិទ្យាស្ថានកណ្ដាលនៃឧត្តមភាពសម្រាប់ថ្នាំបុរាណសោវា-រិគ្បារួចមក» ។

គណៈប្រតិភូឥណ្ឌាបានជម្រុញយ៉ាងមឹងមាត់នូវការដាក់ពាក្យរបស់ប្រទេសខ្លួន ដោយផ្នែកលើឯកសារសំខាន់ៗជាច្រើន និងភស្តុតាងដែលផ្ទល់ដោយក្រសួងអយូស ដែលបាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងការបរទេស ទាក់ទិននឹងបញ្ហានេះ ។

គាត់បានមានប្រសាសន៍ផងដែរថា បញ្ហានេះនឹងត្រូវបានដោះស្រាយ នៅក្នុងអង្គប្រជុំនាពេលខាងមុខ ផ្នែកការអភិរក្សមរតកបុរាណ នៅប្រទេសហ្សាម៉ាអ៊ីក នៅខែធ្នូ ឆ្នាំនេះ ហើយការឃោសនាបញ្ចុះបញ្ចូលនឹងត្រូវបរាជ័យ ។

ថ្នាំបុរាណសោវា-រិគ្បា មានគោលការណ៍ដូចគ្នានឹងថ្នាំអាយុរវេទដែរ គឺជាវិធីសាស្ត្រព្យាបាលរោគតាមប្រពៃណីពុទ្ធសាសនា ដែលល្បីល្បាញនៅក្នុងសម័យបុរាណ ។ តែដោយសារការសាបសូន្យទៅនៃព្រះពុទ្ធសាសនា នៅប្រទេសឥណ្ឌា វិធីសាស្ត្រព្យាបាលរោគនេះក៏បានបាត់បង់ទៅដែរ នៅផ្នែកភាគច្រើននៃប្រទេសឥណ្ឌា ។ ប៉ុន្តែប្រព័ន្ធព្យាបាលនិងថ្នាំនេះ គេនៅប្រើនៅឡើយ នៅតំបន់ក្រវ៉ាត់ភ្នំហិមាល័យរបស់ឥណ្ឌា ដូចជា រដ្ឋសិក្កិម រដ្ឋអរុណាច័លប្រទេស ក្រុងដារជីលីងនៃរដ្ឋបេង្គ័លខាងលិច រដ្ឋហិមាច័លប្រទេស និងរដ្ឋសហព័ន្ធលទ្ធាខ ។

ឥណ្ឌាអះអាងថា ប្រព័ន្ធថ្នាំបុរាណសោវា-រិគ្បា ដែលមានន័យថា «ការព្យាបាលបែបវិទ្យាសាស្ត្រ» គឺផ្នែកលើគម្ពីរពុទ្ធសាសនាទីបេត៍ឈ្មោះ អម្រឹត អគា អស្តា គុយា តន្ត្រនាម (Amrita Aga Ashta Guya Tantranama) និងសៀវភៅគោល រ្យុទ-បស៊ី (Ryud-Bzi) នៃប្រព័ន្ធថ្នាំបុរាណនេះគឺគេជឿថា ត្រូវបានបង្រៀនដោយព្រះសម្មាសម្ពុទ្ធផ្ទាល់ទៀតផង ។

ប្រព័ន្ធព្យាបាលបែបបុរាណនេះ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅតំបន់លទ្ទាខ ហើយវេជ្ជបណ្ឌិត ដែលគេឲ្យឈ្មោះថា អាម្ចី (Aamchi) ត្រូវបានតែងតាំងឲ្យនៅក្នុងរាល់មណ្ឌលសុខភាពសារវន្តនីមួយៗ នៅរដ្ឋសហព័ន្ធលទ្ធាខ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment