ព្រះសង្ឃភូមា ៣៥០ អង្គហើយដែលបានឆ្លងកូវីដ១៩ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Tuesday, September 29, 2020

ព្រះសង្ឃភូមា ៣៥០ អង្គហើយដែលបានឆ្លងកូវីដ១៩

ព្រះសង្ឃកំពុងថ្វាយបង្គំព្រះ នៅក្នុងមណ្ឌលសម្រាក់ព្យាបាល ទីក្រុងយ៉ាំងហ្គូន, កញ្ញា ២០២០ ។ រូបភាព៖ ហ្វេសប៊ុក

លោកវិទូ | ថ្ងៃ ៥᧬១១ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៩ កញ្ញា ២០២០

ព្រះសង្ឃភូមាចំនួន ៣៥០ អង្គ នៅទីក្រុងយ៉ាំងហ្គូន បានធ្វើតេស្តវិជ្ជមាន មេរោគកូវីដ១៩ ហើយត្រូវបានបញ្ជូនទៅសម្រាក់ព្យាបាល នៅមណ្ឌលព្យាបាលរោគពីរកន្លែងផ្សេងគ្នា ។

សមាជិកសភាថ្នាក់តំបន់ពីក្រុងអ៊ីនសេន នៃទីក្រុងយ៉ាំងហ្គូន លោក អ៊ូ វ៉ៃ ប្យូ ហាន បានប្រាប់សារព័ត៌មានក្នុងស្រុកថា មានព្រះសង្ឃចំនួន ៧៥ អង្គបានឆ្លងមេរោគកូវីដ១៩ នៅវត្ត វ្យ៉ា ម៉ា ប៉ារីរ៉ាតិ នៅក្រុងអ៊ីនសេន ។

គាត់មានប្រសាសន៍ថា «វត្ត វ្យ៉ា ម៉ា ប៉ារីរ៉ាតិ មានព្រះសង្ឃគង់នៅប្រមាណ ៦០០ អង្គ ។ ព្រះចៅអធិការមានការហាមឃាត់ការចេញចូលវត្តយ៉ាងតឹងរឹងខ្លាំងណាស់» ។

ក្រៅពីព្រះសង្ឃដែលបានឆ្លងមេរោគកូវីដ១៩ទាំង ៧៥ អង្គនេះ ព្រះសង្ឃចំនួន ២៧៥ អង្គទៀតទទួលលទ្ធផលវិជ្ជមាន កាលពីថ្ងៃសុក្រសប្ដាហ៍មុន (២៥ កញ្ញា) ។

កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន (២៦ កញ្ញា) មន្ត្រីរដ្ឋាភិបាល អាជ្ញាធរតំបន់ តំណាងរាស្ត្រ និងនាយមន្ទីរកិច្ចការសាសនា បានអញ្ជើញទៅវត្ត វ្យ៉ា ម៉ា ប៉ារីរ៉ាតិ ដើម្បីនមស្ការថ្វាយបង្គំ ព្រះតេជាគុណ សយាឌ័រ ភទ្ទន្ត គន្ធសារ ។

មន្ត្រីរដ្ឋាភិបាលបានប្រគេនម៉ាស់ពេទ្យចំនួន ៨០០០ ម៉ាស់ក្រណាត់ចំនួន ៤០០ របាំងមុខចំនួន ៧០០ ទឹកលាងដៃចំនួន ៤ ហ្គាល្លុង (៤,៥x៤ លីត) ទឹកលាងដៃដបតូចចំនួន ២០០ និងបច្ច័យចំនួន ១០ លានក្យ៉ាត (ជាង ៣១ លានរៀល) ។

គិតត្រឹមថ្ងៃអាទិត្យទី២៧ កញ្ញា ប្រទេសភូមាមានករណីឆ្លងកូវីដ១៩សរុបចំនួនជាង ១០០០០ ករណី ក្នុងនោះជាង ២ ភាគ ៣ ជាករណីនៅទីក្រុងយ៉ាំងហ្គូន ដែលមានចំនួនជាង ៥៥០០ ករណី ។ ប្រទេសភូមាកំពុងស្ថិតនៅក្នុងស្ថានភាពបិទប្រទេសយ៉ាងតឹងរឹង ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment