គ្មានហិរិនិងឱត្តប្បៈស្ដែងចេញតាមរយៈផរុសវាចា - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Tuesday, July 20, 2021

គ្មានហិរិនិងឱត្តប្បៈស្ដែងចេញតាមរយៈផរុសវាចា

សំណេរខ្លីជេរប្រមាថព្រះសង្ឃរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកមួយរូប ។ រូបភាព៖ ហ្វេសប៊ុក

លោកវិទូ | ថ្ងៃ ៣᧫៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៥ | ២០ កក្កដា ២០២១

#កូនមីច្រាស់ជើង!
ជាអក្សរតាម ហ្វេសប៊ុក ដែលយុវជនម្នាក់អាយុត្រឹមខ្ទង់២០ឆ្នាំ បានសរសេរជេរព្រះថេរៈ ជាព្រះភិក្ខុសង្ឃមួយអង្គ ដែលមានព្រះជន្មជិត ៨០ឆ្នាំ ទៅហើយ ព្រោះតែលោកបានទេសនាប្រាប់ពុទ្ធបរិស័ទ ហើយមានគេយកទៅចុះផ្សាយលើហ្វេសប៊ុក ថា #ធម៌៤យ៉ាង នាំឲ្យរកស៊ីមាន។ អត្ថបទមិនជាវែងទេ តែមានពាក្យ កូនមីច្រាស់ជើង ដល់ទៅ៤ដង។

អ្វីដែលគួរកត់សម្គាល់ គឺ ពាក្យអសុរស ជាច្រើនហាក់កំពុងតែព្យាយាមគ្របដណ្តប់លើសំនេរដ៏ពីរោះ មានឃ្លាឃ្លោងដ៏ល្អ របស់អក្សរសាស្ត្រខ្មែរផង អ្នកដែលនិយាយពាក្យអសុរសហាក់មិនមានច្បាប់ឬអង្គភាពណាមួយមើលការខុសត្រូវផង ។ល។និង។ល។

នៅពេលដែលយុវជននិយាយតែពាក្យអាក្រក់ (ផរុសវាចា) បានសេចក្តីថា ក្នុងចិត្តរបស់គេពោរពេញដោយអំពើហឹង្សា សេចក្តីក្រោធ ទើបចេញជាវាចាហឹង្សា ទៅបាន។ បើចិត្តហឹង្សា និង សម្តីហឹង្សា កើតឡើងច្រើន អំពើហឹង្សាគឺការវាយតប់ ការកាប់សម្លាប់ ក៏តែងតែរកច្រកចេញមកបង្ហាញខ្លួនឲ្យសង្គមឃើញជាបន្ថែមមិនខាន។ អំពើហឹង្សាចេញច្រើន យើងក៏មិនអាចនិយាយថា ពួកយើងកំពុងតែរីករាយនឹងសន្តិភាពបានពេញលេញទេ។
មនុស្សក្នុងសង្គម ត្រូវការរបស់ពីរយ៉ាងមកគ្រប់គ្រង៖ ការចេះអៀនខ្មាស់ក្នុងអំពើអាក្រក់ គឺអំពើដែលសង្គមបានកំណត់ថាជាអំពើមិនល្អ។ សេចក្តីអៀនខ្មាស់ក្នុងអំពើមិនល្អនេះ តែងបានទទួលការអប់រំអំពីមាតាបិតា ក្រុមគ្រួសារ​ សាលារៀនជាដើមតាំងពីតូចៗ។ ការអប់រំរហូតដល់ធ្វើឲ្យម្នាក់ៗមានសេចក្តីអៀនខ្មាស់ មិនចង់ធ្វើអាក្រក់នេះ ក្នុងពុទ្ធសាសនាលោកហៅថា #មានហិរិ
 
ទោះជាយ៉ាងណាក្តី នៅក្នុងសង្គមមនុស្ស ជនទាំងអស់មិនមែនសុទ្ធតែអាចកើតឡើងនូវហិរិបានទេ ព្រោះការដាំហិរិ (វប្បធម៌) ជាការលំបាក។ ដូច្នេះ សង្គមក៏បានបង្កើតជា# #ច្បាប់ សម្រាប់ដាក់ទោសទណ្ឌ សម្រាប់ពិន័យ ដើម្បីឲ្យមនុស្សដែលនៅក្នុងសង្គមនោះ កើតសេចក្តីខ្លាច ការភិតភ័យ ថាបើខ្លួនប្រព្រឹត្តមិនល្អ មិនជាទីពេញចិត្តរបស់សង្គម សង្គមក៏នឹងដាក់ទោសខ្លួន ដែលធ្វើឲ្យជីវិតខ្លួនបាត់បង់នូវផលប្រយោជន៍។ អំណាចនិងឥទ្ធិពលពីខាងក្រៅ​ឬច្បាប់ ដែលបង្ខំឲ្យមនុស្សធ្វើល្អនេះ ក្នុងពុទ្ធសាសនាហៅថា #ឱត្តប្បៈ

អ្នកបើកបរដែលទៅដល់ភ្លើងស្តុបហើយឈប់ ទោះជាមិនមានប៉ូលីសក៏ដោយ ព្រោះក្នុងចិត្តគិតថាខ្លួនជាមនុស្សល្អ ពលរដ្ឋល្អ ឈ្មោះថាមានហិរិ។ អ្នកខ្លះ បើគ្មានប៉ូលីសទេ ក៏រំលោភច្បាប់ចរាចរណ៍ គឺមិនមានហិរិទេ។ បើមានប៉ូលីសនៅក្បែរ មិនទៅព្រោះខ្លាចប៉ូលីស ឈ្មោះថាមានត្រឹមឱត្តប្បៈ។
ក្នុងករណីយុវជនយើងម្នាក់នេះ បានបង្ហាញថា គាត់មិនមានហិរិ ហើយឱត្តប្បៈ ក៏អវត្តមានដែរ។ អវត្តមានក្នុងន័យថា ប្រហែលគាត់គិត គាត់មិនញញើតឱត្តប្បៈ ព្រោះគ្មានឱត្តប្បៈ (គ្មានច្បាប់) ឬ គាត់ដឹងថា ឱត្តប្បៈ មាន តែជាឱត្តប្បៈដែលខ្សោយ(ច្បាប់ខ្សោយ) មិនមានកម្លាំងល្មមដើម្បីនឹងធ្វើឲ្យគាត់ភ័យខ្លាចបាន។

បើទាំងហិរិទាំងឱត្តប្បៈ កាន់តែខ្សោយ សម្រាប់មនុស្សម្នាក់ៗក្នុងសង្គម សង្គមនោះក៏នឹងចុះខ្សោយរហូតដល់បាត់នូវសន្តិភាពជាពិតប្រាកដ។

អត្ថបទទាំងស្រុងដោយ៖ លោកគ្រូធម្មបណ្ឌិត ហេង មណីចិន្តា

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment