គន្ធីជយន្តិ៖ ទិវាអហិង្សាអន្តរជាតិ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Saturday, October 02, 2021

គន្ធីជយន្តិ៖ ទិវាអហិង្សាអន្តរជាតិ

ឯកអគ្គរដ្ឋទូតឥណ្ឌា និងសហការី ព្រមទាំងព្រះសង្ឃ ក្នុងទិវាគន្ធីជយន្តិ ភ្នំពេញ, ២ តុលា ២០២១ ។

លោកវិទូ | ថ្ងៃ ៧᧻១១ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ | ២ តុលា ២០២១

ថ្ងៃសៅរ៍ ទី២ ខែតុលា ឆ្នាំ២០២១ នេះ ស្ថានឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើសក្ការបូជាចំពោះបដិមាមហាគន្ធី នៅទីក្រុងភ្នំពេញ ក្នុងឱកាសបុណ្យគន្ធីជយន្តិ ដែលជាថ្ងៃខួបកំណើតរបស់មហាត្មៈ គន្ធី ដោយបាននិមន្តព្រះសង្ឃព្រះពុទ្ធសាសនា ចូលរួមនិងសូធ្យជយបរិត្ត ក្នុងថ្ងៃនេះផងដែរ ។

លោក មោហន្ទស៍ ករាមចន្ទ (Mohandas Karamchand) គឺជា អ្នកច្បាប់ អ្នកនយោបាយ និងជាអ្នកដឹកនាំប្រទេសឥណ្ឌា និងជាអ្នកកំណែទម្រង់ឥណ្ឌា ។ ដោយសារតែសកម្មភាពបម្រើជាតិរបស់លោកមានការលេចធ្លោ និងគ្មានគូប្រៀប ទើបលោក មោហន្ទស៍ ករាមចន្ទ បានទទួលងារជា មហាត្មៈ គន្ធី Mahatma Gandhi ប្រែថា: ប្រលឹងធំ Great Soul ។

នៅរាជធានីភ្នំពេញ លោកជំទាវ បណ្ឌិត ទេវយានី ខោពរាគឌេ (देवयानी खोबरागड़े) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីស្ថានទូត និងមិត្តដែលមានភក្តីភាពចំពោះឥណ្ឌា បានបំពាក់កម្រងផ្កា ធ្វើសក្ការបូជាចំពោះរូបសំណាកមហាត្មៈ គន្ធី ដែលមានទីតាំងនៅសួន​ច្បារ ​ម្ដុំ​ស្ពាន​នាគ​មាន មហាវិថីព្រះនរោត្តម (៤១) រាជធានី​ភ្នំពេញ (ក្បែរវត្តភ្នំ) ។ នៅក្នុងឱកាសនោះផងដែរ ព្រះតេជព្រះគុណ អឿន សំអាត នៃពុទ្ធិកសកាលវិទ្យាល័យព្រះសីហនុរាជ បានទទួលនិមន្តចូលរួម និងសូធ្យជយបរិត្តគាថា ដើម្បីជាពរជ័យ និងវិបុលសុខគ្រប់ប្រការ ។

ទស្សនវិជ្ជាអហិង្សារបស់មហាត្មៈ គន្ធី ដែលបានឆ្លុះបញ្ចាំងតាមរយៈសកម្មភាព និងការតស៊ូទាមទារឯករាជ្យដោយអហិង្សា ពីអាណានិគមនិយមអង់គ្លេស រហូតបានទទួលឯករាជ្យពេញលេញ នៅថ្ងៃ១៥ ខែសីហា ឆ្នាំ១៩៤៧ ត្រូវបានពិភពលោកទទួលស្គាល់ កោតសរសើរ និងយកជាគម្រូតាម ។ ព្រោះហេតុនេះ ទិវាគន្ធីជយន្តិត្រូវបានអង្គការសហប្រជាជាតិ ដាក់ជា «ទិវាអហិង្សាអន្តរជាតិ» ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ នៅលើពិភពលោក នៅថ្ងៃទី២ ខែតុលា ។

ព្រះតេជព្រះគុណ អឿន សំអាត ដែលបានទទួលនិមន្តចូលរួមក្នុងពិធីគន្ធីជយន្តិ បានរៀបរាប់គុណវិសេសរបស់មហាត្មៈ គន្ធី ដែលមានឥទ្ធិពលជុំវិញពិភពលោក នៅលើបណ្ដាញសង្គមហ្វេសប៊ុក ។ ព្រះតេជព្រះគុណបានសរសេរថា «សកម្មភាព និងដំណើរជីវិតរបស់មហាត្មៈគន្ធី មិនគ្រាន់តែមានឥទ្ធិពលតែទៅលើប្រជនឥណ្ឌាតែប៉ុណ្ណោះទេ គឺជះឥទ្ធិពលជុំវិញពិភពលោកទាំងមូល ។ គោលគំនិត និងទស្សនៈរបស់មហាត្មៈគន្ធីជាច្រើនត្រូវបានគេយកទៅអនុវត្តប្រចាំថ្ងៃទូទាំងពិភពលោកជាលក្ខណៈបុគ្គល អង្គការ ស្ថាប័ន និងសង្គមជាតិផងដែរ» ។
បាបកម្មសង្គមទាំងប្រាំពីរ ភ្នំពេញ, ១៨ កម្ភៈ ២០០៨ ។ រូបភាព៖ cambodiamirror

នៅក្បែររូបសំណាកមហាត្មៈ គន្ធី យើងឃើញមានផ្ទាំងសិលាឆ្លាក់នូវទ្រឹស្តីដ៏ល្បីល្បាញមួយរបស់មហាត្មៈ គន្ធី អំពី «បាបកម្មសង្គមទាំងប្រាំពីរ» នៅក្នុងសៀវភៅ «យុវឥណ្ឌា» ឬ Young India ឆ្នាំ១៩២៥ ។ បាបកម្មសង្គមទាំងប្រាំពីរនោះគឺ៖

(១). នយោបាយ​ដោយ​គ្មាន​គោលការណ៍ (២). មាន​បាន​ (ទ្រព្យ​សម្បត្តិ) ដោយ​មិន​ធ្វើ​ការ (៣). សប្បាយ​រីករាយ​ដោយ​គ្មាន​សតិសម្បជញ្ញៈ (៤). មាន​ចំណេះ​ តែ​គ្មាន​ចរិយា​សម្បត្តិ (៥). រក​ស៊ី (ពាណិជ្ជកម្ម) ដោយ​គ្មាន​សីលធម៌ (៦). វិទ្យាសាស្ត្រ​ដោយ​គ្មាន​មនុស្ស​ធម៌ និង(៧). ការ​គោរព​បូជា​ដោយ​គ្មាន​ការ​លះបង់ ។

នៅប្រទេសឥណ្ឌាវិញ នៅក្នុងថ្ងៃនេះ ប្រធានាធិតបតី នាយករដ្ឋមន្ត្រី មន្ត្រីរាជការ និងអ្នកនយោបាយ គ្រប់និន្នាការ បានធ្វើការគោរពបូជាគុណ ចំពោះមហាត្មៈ គន្ធី ដែលជាបិតាជាតិ នៅឧទ្យានរាជឃាដ (ទីក្រុងញូវដែល្លី) ដែលជាឧទ្យានអនុស្សាវរីយ៍ឧទ្ទិសចំពោះមហាត្មៈ គន្ធី និងជាទីបូជាសពរបស់គាត់ ។

នៅថ្ងៃនេះ គេនិយមស្ដាប់បទចម្រៀងបូជាសាសនា (Bhajan) ដែលមហាត្មៈគន្ធីចូលចិត្តស្តាប់៖ «រឃុបតិ រាឃវ រាជា រាម» (Raghupati Raghava Raja Ram) ។ តាមប្រវត្តិ អត្ថបទនៃចម្រៀងនេះ ត្រូវបានច្រៀងដោយមហាត្មៈគន្ធីដោយផ្ទាល់ និងបរិវាររបស់គាត់ ក្នុងកំឡុងពេលនៃដំណើរព្យុហយាត្រាអំបិល (Salt March) ចម្ងាយ ២៤១ ម៉ៃល៍ ទៅកាន់ភូមិដណ្ឌី រដ្ឋគុជរ៉ាត ក្នុងឆ្នាំ១៩៣០ ។ ដំណើរព្យុហយាត្រានេះគឺដើម្បីប្រឆាំងនឹងពន្ធអំបិល ដែលគ្រប់គ្រងផ្ដាច់មុខដោយរដ្ឋាភិបាលនៃអាណានិគមអង់គ្លេស ។ បទចម្រៀងប្រកបដោយខ្លឹមសារ និងអត្ថរសនេះក៏បានក្លាយជាបទពេញនិយម សម្រាប់ថ្ងៃទិវាគន្ធីជយន្តិ ឬទិវាអហិង្សាអន្តរជាតិរហូតដល់បច្ចុប្បន្ន ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment