ជីវប្រវត្តិ​លោក​បណ្ឌិត កមលេស្វរៈ ភដ្តាចារ្យ ​សាស្ត្រាចារ្យ​ភាសា​បាលី​សំស្ក្រឹត - លោកវិទូ

ព័ត៌មានថ្មីៗ

Wednesday, November 09, 2022

ជីវប្រវត្តិ​លោក​បណ្ឌិត កមលេស្វរៈ ភដ្តាចារ្យ ​សាស្ត្រាចារ្យ​ភាសា​បាលី​សំស្ក្រឹត

លោក​សាស្ត្រាចារ្យ​បណ្ឌិត កមលេស្វរៈ ភដ្តាចារ្យ (អាន​ថា កាក់ ម៉ល់ ឡេ ស្វៈ រ៉ាក់ ភាត់ ដា ចារ) កាល​ពី​ឆ្នាំ​២០១៣។

លោកវិទូ | ថ្ងៃ ៥᧲១២ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ១០ វិច្ឆិកា ២០២២

អ្នក​ប្រាជ្ញ​ភាសា​សំស្ក្រឹត​មួយ​រូប​ដែល​បាន​សិក្សា​ស្រាវជ្រាវ​អំពី​អត្ថបទ​សិលាចារឹក​ជា​ភាសា​សំស្ក្រឹត និង​បាលី ព្រម​ទាំង​ផ្នែក​ព្រះពុទ្ធ​សាសនា​មួយ​រូប បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​១៦ មីនា ទន្ទឹម​ពេល​ដែល​ប្រទេស​កម្ពុជា កំពុង​តែ​ត្រូវ​ការ​អ្នក​ប្រាជ្ញ​ដែល​មាន​ជំនាញ ក្នុង​វិស័យ​ស្រាវជ្រាវ​ដ៏​កម្រ​នេះ ។

លោក​សាស្ត្រាចារ្យ​បណ្ឌិត កមលេស្វរៈ ភដ្តាចារ្យ (អាន​ថា កាក់ ម៉ល់ ឡេ ស្វៈ រ៉ាក់ ភាត់ ដា ចារ) មិន​សូវ​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​ស្រទាប់​មហាជន​ខ្មែរ​ទូទៅ​នោះ​ទេ ប៉ុន្តែ​មាន​កិត្តិនាម​ល្បីល្បាញ​ក្នុង​សន្តាន​ចិត្ត​អ្នក​ស្រាវជ្រាវ​ជាតិ ពិសេស​អន្តរជាតិ ដោយសារ​តែ​គេ​បាន​ឃើញ​ស្នាដៃ​ដ៏​មាន​គុណភាព​របស់​លោក ។ សាស្ត្រាចារ្យ​បណ្ឌិត កមលេស្វរៈ ភដ្តាចារ្យ ដែល​បាន​ជួយ​សិក្សា​ផ្សព្វផ្សាយ​ពី​ខ្លឹមសារ​អត្ថបទ​ភាសា​សំស្ក្រឹត និង​រឿងរ៉ាវ​នា​សម័យ​បុរាណ​របស់​ខ្មែរ ទៅ​ដល់​ពួក​បស្ចិម​ប្រទេស​បាន​យ៉ាង​ច្រើន ។

តើ​សមិទ្ធផល​អ្វី​ខ្លះ​ដែល​លោក​សាស្ត្រាចារ្យ​មួយ​នេះ បាន​ជួយ​ដល់​ស្រុក​ខ្មែរ​ក្នុង​កំឡុង​ពេល​ដែល​គាត់​បាន​ស្រាវជ្រាវ​កន្លង​មក​នោះ?

ត្បិត​តែ​លោក​មិន​មែន​ជា​ជនជាតិ​ខ្មែរ​ម្នាក់​ក៏ដោយ ក៏ប៉ុន្តែ​លោក​សាស្ត្រាចារ្យ កមលេស្វរៈ ភដ្តាចារ្យ ក៏​ជា​បុគ្គល​ម្នាក់​ដែល​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​មួយ​ចំនួន​ដល់​អ្នក​ស្រាវជ្រាវ​ខ្មែរ​ជំនាន់​ក្រោយ និង​បាន​រួម​ចំណែក​ក្នុង​ការ​កសាង​មុខ​មាត់​របស់​ប្រទេស​កម្ពុជា តាម​រយៈ​អត្ថបទ​ស្រាវជ្រាវ​របស់​លោក ដែល​បាន​បកប្រែ​ពី​ភាសា​សំស្ក្រឹត និង​បាលី ទៅ​ជា​ភាសា​បារាំង និង​អង់គ្លេស ដែល​និយាយ​ពី​អារ្យធម៌​ខ្មែរ​បុរាណ និង​សាសនា ហើយ​បាន​ផ្សព្វផ្សាយ​ទៅ​ដល់​បណ្ដា​ប្រទេស​ដែល​មាន​អរិយធម៌​ខ្ពង់ខ្ពស់​នៅ​លើ​ពិភពលោក​យ៉ាង​ច្រើន ។

កើត​នៅ​ថ្ងៃ​ទី​២៩ សីហា ឆ្នាំ​១៩២៨ នា​ភូមិ​ដ៏​តូច​មួយ​នៃ​ទីក្រុង​ដាកា ត្រូវ​នឹង​រដ្ឋធានី​ប្រទេស​បង់ក្លាដេស សព្វថ្ងៃ ដែល​កាល​នោះ​ជា​ប្រទេស​ឥណ្ឌា នៃ​ចក្រភព​អង់គ្លេស នៅ​ឡើយ ។ ជា​ជនជាតិ​ឥណ្ឌា ដែល​មាន​សញ្ជាតិ​បារាំង លោក កមលេស្វរៈ ភដ្ដាចារ្យ គាត់​បាន​សិក្សា​នៅ​ទីក្រុង​ក័លគុត្តា នៅ​ទីក្រុង​ប៉ារីស និង​នៅ​សាកលវិទ្យាល័យ​ភាសា​សំស្ក្រឹត នៅ​ទីក្រុង​ពារាណសី ។ នៅ​ខែ​កញ្ញា ឆ្នាំ​១៩៥៥ គាត់​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​បារាំង ក្នុង​ផ្នែក​ឥណ្ឌា​វិទ្យា ជាមួយ​ក្រុម​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​បារាំង ដែល​ជា​ជំហាន​ដំបូង​ធ្វើ​ឱ្យ​លោក​បាន​ចាប់​អារម្មណ៍​ពី​ប្រទេស​កម្ពុជា ។ នៅ​ខែ​កុម្ភៈ ឆ្នាំ​១៩៦២ គាត់​បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត​រដ្ឋ​ខាង​អក្សរសាស្ត្រ ដោយ​បាន​ទទួល​និទ្ទេស​ខ្ពស់​បំផុត គឺ​ថ្នាក់ «មហា​កិត្តិយស» ។

វិស័យ​ស្រាវជ្រាវ​ជាន់​ខ្ពស់​ដំបូង​ឡើយ គាត់​បាន​សាង​ស្នាដៃ​ដ៏​សំខាន់​ពីរ គឺ «ព្រហ្មញ្ញ​សាសនា​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម័យ​បុរាណ តាម​រយៈ​ការ​សិក្សា​សិលាចារឹក និង​បដិមា​សាស្ត្រ» នៅ​ឆ្នាំ​១៩៦១ និង​ស្នាដៃ​មាន​ចំណង​ជើង​ថា «ការ​ស្រាវជ្រាវ​ស្តី​អំពី​ពាក្យស័ព្ទ​ក្នុង​សិលាចារឹក​ភាសា​សំស្ក្រឹត​របស់​កម្ពុជា» ពី​ឆ្នាំ​១៩៦៤ ដល់​ឆ្នាំ​១៩៩១ ។ ស្នាដៃ​ទាំង​ពីរ​នេះ ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​ទាំង​ឡាយ​ចាត់​ទុក​ជា​កម្រង​ខេមរៈ​វិទ្យា​បុរាណ និង​គំរូ​សម្រាប់​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​សិក្សា​ខេមរៈ​វិទ្យា​បុរាណ​បន្ត​ទៀត ។

បន្ថែម​ពី​នេះ​ទៀត គាត់​បាន​ធ្វើ​ការ​ផ្ទៀងផ្ទាត់ និង​កែ​តម្រូវ​លើ​ស្នាដៃ​សិក្សា និង​បោះពុម្ព​ផ្សាយ​ស្ដីពី​ការ​បកប្រែ​សិលាចារឹក​ភាសា​សំស្ក្រឹត​នៃ​ប្រទេស​កម្ពុជា របស់​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន ដូច​ជា លោក អូហ្គោស បាថ៌ លោក អាបែល ប៊ែរហ្គែញ លោក ល្វីហ្វីណូត៍ និង​លោក ហ្សកសឺដេស ជាដើម ដែល​សុទ្ធ​សឹង​ជា​អ្នក​ប្រាជ្ញ​ធំៗ​ជនជាតិ​បារាំង ជំនាញ​ចំណាន​ខាង​ភាសា​សំស្ក្រឹត ។ លើស​ពី​នេះ​ទៀត គាត់ គឺ​ជា​អ្នក​ប្រាជ្ញ​ដ៏​កម្រ​រក​បាន​មួយ​រូប ដែល​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់​ខាង​វិជ្ជា​ដ៏​លំបាក​នេះ ។

ស្នាដៃ​សៀវភៅ​សំខាន់​មួយ​ទៀត​ដែល​គាត់​បាន​សាង​ឡើង និង​ត្រូវ​បាន​បោះពុម្ព​ដោយ​មជ្ឈមណ្ឌល​ខេមរៈ​សិក្សា ហៅ​ថា ស៊ី.ខេ.អែស (CKS) នៅ​ប្រទេស​កម្ពុជា គឺ «សិលាចារឹក​ភាសា​សំស្ក្រឹត​ជម្រើស​របស់​កម្ពុជា» ដែល​គាត់​បាន​សហការ​សិក្សា​ជាមួយ លោក ខាល ហិន្ស ហ្គោលហ្សីយ៉ូ ដែល​ជា​អ្នក​ប្រាជ្ញ​ខាង​តារា​សាស្ត្រ​បុរាណ ។

បន្ទាប់​ពី​បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត​រដ្ឋ​រួច​មក គាត់​បាន​តម្រង់​ទិស​ជំនាញ​របស់​ខ្លួន​កាន់​តែ​ស្រួចស្រាល់​ខាង​ឥណ្ឌា​វិទ្យា​សម័យ​បុរាណ ជាពិសេស ទស្សនវិជ្ជា ដែល​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា ដោយ​លោក​បាន​ធ្វើ​ការ​យ៉ាង​យូរ (១០​ឆ្នាំ​ពី​ឆ្នាំ​១៩៥៦ ដល់​ឆ្នាំ​១៩៦៦) ជាមួយ​អ្នក​ប្រាជ្ញ​ភាសា​បាលី ជនជាតិ​បារាំង ម្នាក់​ឈ្មោះ ល្វី រ៉ឺនូ គឺ​រហូត​ដល់​ពេល លោក ល្វី រ៉ឺនូ ចែក​ឋាន​នៅ​ឆ្នាំ​១៩៦៦ ។ ជា​ផ្លែផ្កា គាត់​បាន​បង្កើត​គំនិត​ទស្សនវិជ្ជា និង​គូស​បញ្ជាក់​មាគ៌ា​គ្រប់​ការ​ស្រាវជ្រាវ​របស់​គាត់ ។ សៀវភៅ​របស់​គាត់​មាន​ចំណង​ជើង​ថា «អាត្ម័ន-រហ្ម័ន ក្នុង​ពុទ្ធសាសនា» នៅ​ឆ្នាំ​១៩៧៣ ដោយ​ពឹង​ផ្អែក​ការ​ស្រាវជ្រាវ​លើ​គម្ពីរ​ព្រះ​ត្រៃបិដក ភាសា​បាលី និង​ប្រភព​ជា​ភាសា​សំស្ក្រឹត និង​ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​យ៉ាង​យូរ​អង្វែង​របស់​គាត់ ស្ដីពី​ប្រទេស​កម្ពុជា។ ហើយ​បន្ទាប់​ពី​គាត់​បាន​ក្រេប​ជញ្ជក់​យ៉ាង​ជោគជាំ​នូវ​ទស្សនវិជ្ជា​ពុទ្ធសាសនា ក្នុង​ពេល​ទន្ទឹម​គ្នា​ជាមួយ​ការ​សិក្សា​ទស្សនវិជ្ជា​មធ្យមកៈ (មធ្យម មាក់កាក់) និង​ទិដ្ឋភាព​មួយ​ចំនួន​នៃ​បរមត្ថវិជ្ជា​ពុទ្ធសាសនា ។ គាត់​បាន​បកប្រែ​គម្ពីរ​ឈ្មោះ «វិគ្រហវ្យាវត៌នី» (វិគ្រាក់ហាក់វ្យ៉ាវាក់រាក់តិនី) ដោយ​ធ្វើ​ការ​កត់​សម្គាល់ និង​ការ​សរសេរ​ជា​អត្ថបទ ស្ដីពី​ធាតុ​ទាំង​ឡាយ​ខាង​វេយ្យាករណ៍​នៃ​គំនិត​របស់​នាគាជ៌ុន (នាគ គា រ ជុន) ដែល​អាច​បម្រើ​ជា​គំរូ​សម្រាប់​អ្នក​ស្រាវជ្រាវ​ជំនាន់​ក្រោយ​ទៀត​ផង ។

ប្រធាន​ស្តីទី​ដេប៉ាតឺម៉ង់​ប្រវត្តិវិទ្យា និង​ជា​អ្នក​ជំនាញ​ផ្នែក​សិលាចារឹក​ខ្មែរ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក​សាស្ត្រាចារ្យ វង់ សុធារ៉ា ដែល​ធ្លាប់​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ជាមួយ​លោក ភដ្តាចារ្យ មាន​ប្រសាសន៍​ថា អ្នក​ប្រាជ្ញ​រូប​នេះ ប្រជាជន​ខ្មែរ​ធម្មតា​មិន​សូវ​បាន​ស្គាល់​គាត់​នោះ​ទេ ក៏ប៉ុន្តែ​សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​ផ្នែក​សិលាចារឹក និង​អារ្យធម៌​ខ្មែរ ទាំង​ជាតិ និង​អន្តរជាតិ បាន​ទទួល​ស្គាល់​ពី​ស្នាដៃ​របស់​លោក​គ្រប់​គ្នា ពីព្រោះ លោក ភដ្តាចារ្យ បាន​ជួយ​ផ្សព្វផ្សាយ​ពី​អរិយធម៌​ខ្មែរ​តាម​រយៈ​ការ​បកប្រែ​ភាសា​សំស្ក្រឹត​ជា​ភាសា​បារាំង និង​អង់គ្លេស ទៅ​ដល់​ឆាក​អន្តរជាតិ៖ «អា​ហ្នឹង គឺ​គាត់​ជួយ​ផ្សព្វផ្សាយ​រឿង​ស្រុក​ខ្មែរ​ហ្នឹង​នៅ​ក្នុង​ពិភពលោក អា​ហ្នឹង​ជា​ស្នាដៃ​របស់​គាត់​ហើយ។ ទី​ពីរ គាត់​ធ្លាប់​បាន​និយាយ​ពី​សន្និសីទ​ដែល​រៀប​ចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​ខេមរៈ​សិក្សា តាំង​ពី​ឆ្នាំ​២០០៣ ២០០៤ អី​ហ្នឹង រហូត​ដល់ ។ ហើយ​គាត់​នៅ​តែ​រក្សា​ទំនាក់ទំនង​ទៅ​មកៗ​ខាង​ក្រសួង​វិចិត្រសិល្បៈ ធ្លាប់​បាន​អញ្ជើញ​គាត់​ទៅ​ទស្សនា​ប្រាសាទ​អី​ហើយ បាន​ផ្តល់​យោបល់​ពី​ការ​ថែរក្សា​សិលាចារឹក​អី​ហ្នឹង​ដែរ» ។

លោក​បន្ថែម​ទៀត​ថា ត្បិត​ជា​មនុស្ស​ម្នាក់​ប្រកាន់​ចរិត​ព្រាហ្ម​និយម​ដែល​ធ្វើ​ឱ្យ​មាន​ការ​ពិបាក​ក្នុង​ការ​ទំនាក់ទំនង ក៏ប៉ុន្តែ លោក ភដ្តាចារ្យ គឺ​ជា​បុគ្គល​ម្នាក់​ដែល​មាន​សន្តាន​ចិត្ត​ល្អ និង​មាន​ចំណេះ​ដឹង​ខ្ពស់​អំពី​ស្រុក​ខ្មែរ ។ លោក​បន្ត​ថា ដោយសារ​តែ​ការ​ពេញ​ចិត្ត​ទៅ​នឹង​ការ​ស្រាវជ្រាវ​អំពី​ស្រុក​ខ្មែរ​នៅ​ពេល​ដែល​លោក​ធ្វើ​ការ​នៅ​ប្រទេស​បារាំង នោះ លោក ភដ្តាចារ្យ ក៏​នៅ​តែ​បន្ត​ធ្វើ​ការ​ស្រាវជ្រាវ​ដោយ​ផ្ដោត​ធ្ងន់​ទៅ​លើ​ឥណ្ឌា និង​កម្ពុជា បើ​ទោះ​បី​ជា​លោក​បាន​ចូល​និវត្តន៍​ជា​យូរ​ណាស់​មក​ហើយ ។ ការ​ស្លាប់​របស់ លោក ភដ្តាចារ្យ លោក មីសែល អង់តែល្ម និង​លោក វង់ សុធារ៉ា យល់​ថា​ជា​រឿង​មួយ​គួរ​ឱ្យ​សោកស្ដាយ​បំផុត ពីព្រោះ​អ្នក​ស្រាវជ្រាវ​ខ្មែរ​ត្រូវ​ការ​អ្នក​ជួយ​បណ្ដុះ​បណ្ដាល​ជំនាញ​ស្រាវជ្រាវ​មួយ​នេះ​ដល់​ខ្មែរ​ជំនាន់​ក្រោយ ។

លោក វង់ សុធារ៉ា៖ «គោល​បំណង​ចាស់ៗ​ដែល​មាន​ជំនាញ​ពី​រឿង​ស្រុក​ខ្មែរ​ហ្នឹង​កាន់​តែ​របេះ​មួយ​ម្តងៗ នៅ​ពេល​ដែល​អ្នក​ជំនាញ​ថ្មីៗ​ក្មេងៗ​នេះ​មិន​ទាន់​មាន​សមត្ថភាព​ដូច​ពួក​គាត់​ចាស់ៗ​ហ្នឹង ដើម្បី​ស្នង​បន្ត​ខាង​ផ្នែក​សិលាចារឹក​ខាង​ផ្នែក​អី​ហ្នឹង វា​មិន​ទាន់​មាន​ក្មេង​សម័យ​ថ្មី​នេះ​អាច​មាន​សមត្ថភាព​ផ្ទៀងផ្ទាត់​មើល​ភាព​ត្រូវ ឬ​ក៏​ខុស​របស់​អ្នក​សិក្សា​ជំនាន់​មុន វា​អត់​ទាន់​មានៗ​តែ​គាត់​មួយ​ហ្នឹង ឥឡូវ​ស្លាប់​បាត់​ទៅ​ទៀត» ។

លោក កមលេស្វរ ភដ្ដាចារ្យ បាន​ទទួល​មរណភាព កាល​ពី​ថ្ងៃ​ទី​១៦ មីនា នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន​នា​ទីក្រុង​ដាកា ប្រទេស​បង់ក្លាដេស ក្នុង​ជន្មាយុ ៨៦​ឆ្នាំ ៕

អត្ថបទទាំងស្រុងដោយ សូត សុខប្រាថ្នា, វិទ្យុអាស៊ីសេរី, ២៧ មេសា ២០១៤ ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment