ខ្មែរកម្ពុជាក្រោម៖ បង្រៀន​អក្សរ​ខ្មែរ​ដល់​កូនចៅ​ដើម្បី​រក្សា​អត្តសញ្ញាណ​ជាតិ - លោកវិទូ

ព័ត៌មានថ្មីៗ

Tuesday, November 29, 2022

ខ្មែរកម្ពុជាក្រោម៖ បង្រៀន​អក្សរ​ខ្មែរ​ដល់​កូនចៅ​ដើម្បី​រក្សា​អត្តសញ្ញាណ​ជាតិ

ព្រះសង្ឃ និង​ពលរដ្ឋខ្មែរកម្ពុជា​ក្រោម ​ដែល​ជា​ថ្នាក់​ដឹកនាំ​សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម​ នៅ​ក្នុង​មហាសន្និបាតលើកទី១១ នៅ​សហរដ្ឋអាមេរិក ។

លោកវិទូ | ថ្ងៃ ៣᧦១ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ២៩ វិច្ឆិកា ២០២២

ពលរដ្ឋ និង​ព្រះសង្ឃ​នៅ​កម្ពុជាក្រោម ​ព្យាយាម​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូនចៅ​ដើម្បី​រក្សា​អត្តសញ្ញាណ​ជាតិ និង​ដើម្បី​លើក​កម្ពស់​វប្បធម៌ អរិយធម៌​ខ្មែរ ។ ខ្មែរ​ក្រោម​តែង​ដាស់តឿន​កូនចៅ​ឲ្យ​ទៅ​រៀន​អក្សរ​ខ្មែរ​នៅ​តាម​វត្តអារាម ដែល​មាន​ព្រះសង្ឃ និង​គ្រូ​ជា​អ្នកបង្រៀន ដោយ​មិន​គិត​ពី​ការ​នឿយហត់ ។ គ្រូបង្រៀន​នៅ​កម្ពុជាក្រោម ​ខិតខំ​បណ្ដុះបណ្ដាល​កុមារ​ខ្មែរ​ក្រោម​ឲ្យ​ចេះ​អក្សរ​សាស្ត្រ​ជាតិ ដោយ​មិន​គិត​ពី​ប្រាក់ខែ​ឡើយ ។

ពលរដ្ឋ និង​ព្រះសង្ឃ​នៅ​កម្ពុជាក្រោម​តែង​ដឹកនាំ​ឲ្យ​កូនចៅ​ទៅ​រៀន​អក្សរ​ខ្មែរ ដើម្បី​កុំ​ឲ្យ​ភ្លេច​ដើម​កំណើត​របស់​ខ្លួន។ ខ្មែរ​ក្រោម​មិន​បណ្ដោយ​ឲ្យ​កូនចៅ​មិន​ចេះ​អក្សរសាស្ត្រ​ជាតិ​នោះ​ទេ ទោះបីជា​ពួកគាត់​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​វៀតណាម​ក៏ដោយ ក៏​ពួកគាត់​ខិតខំ​លើក​ទឹកចិត្ត​កូនចៅ​ឲ្យ​ទៅ​រៀន​អក្សរ​ខ្មែរ​ដែរ ។

ព្រះសង្ឃ​ខ្មែរ​ក្រោម ដែល​តែង​ជួយ​បង្រៀន​អក្សរ​ខ្មែរ​ដល់​កុមារ នៅ​កម្ពុជាក្រោម ព្រះភិក្ខុ ចៅ ញ៉ាណ មាន​ថេរដីកា​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ថា ព្រះអង្គ​តែង​ឆ្លៀត​ពេល​ទំនេរ​បង្ហាត់​បង្រៀន​អក្សរ​ខ្មែរ ដល់​កុមារ​ខ្មែរ​ដែល​បាន​មក​រៀន​នៅ​វត្ត​រំដួល​ទួល​សូភី ។ ព្រះអង្គ​យល់​ថា អក្សរសាស្ត្រ​ជាតិ​ជា​គ្រឿង​កំណត់​សម្គាល់​អត្តសញ្ញាណ​របស់​ជាតិ​នីមួយៗ ហើយ​បើ​អក្សរ​រលត់ ជាតិ​នឹង​រលាយ។ ព្រះអង្គ​ជំរុញ​ឲ្យ​ឪពុកម្ដាយ​ត្រូវ​នាំ​កូន​មក​សិក្សា​អក្សរ​ខ្មែរ​ឲ្យ​បាន​គ្រប់​គ្នា ដើម្បី​កុំ​ឲ្យ​អក្សរ​ខ្មែរ​បាត់បង់ និង​ជា​ការ​ដឹងគុណ​ដល់​ដូនតា ដែល​ខំ​រក្សា​អក្សរសាស្ត្រ​ជាតិ​ទុក​មក​ដល់​សព្វថ្ងៃ៖

«ព្រោះអី​ខ្មែរ​យើង​នៅ​ទីនេះ បើសិនជា​អត់​មាន​វត្ត​ទេ​ទាំង​អក្សរសាស្ត្រ​ខ្មែរ ភាសាខ្មែរ​អី គឺ​អត់​និយាយ​បាន​ទេ ។ អត់​និយាយ​បាន​ទាំង​អត់​និយាយ​បាន ទាំង​អត់​សរសេរ​បាន អ៊ីចឹង​បើសិនជា​មាន​វត្ត​អារាម​ទៅ​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​អប់រំ​ឲ្យ​មាន​សីលធម៌ និង​ឲ្យ​ការ​រីកចម្រើន​ទាំង​អក្សរសាស្ត្រ​ទាំង​ភាសា ឲ្យ​និយាយ​បាន​ត្រឹមត្រូវ សរសេរ​បាន​ត្រឹមត្រូវ ។ អ៊ីចឹង​អក្សរសាស្ត្រ​ខ្មែរ​យើង​ទៅ​មុខ​ទៀត​នឹង​រីកចម្រើន» ។

ពលរដ្ឋ​ខ្មែរ​ក្រោម​មិន​ត្រឹមតែ​រក្សា​អក្សរ​ខ្មែរ​ឲ្យ​គង់វង្ស​ត​កូន​ត​ចៅ​នោះ​ទេ ពួកគាត់​ថែម​ទាំង​ខំប្រឹង​ថែ​នូវ​តម្លៃ​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​មិន​ឲ្យ​សាបសូន្យ​ទៀត​ផង ដូចជា​ពិធី​បំបួស​នាគ ពិធី​មង្គលការ បុណ្យ​ចូលឆ្នាំ ភ្ជុំបិណ្ឌ និង​បុណ្យ​កឋិន​ជាដើម ។

ចំណែក​ព្រះសង្ឃ​មួយ​អង្គ ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​មួយ ក្នុង​ទីក្រុង​ព្រៃនគរ ព្រះភិក្ខុ ចៅ ដូរ៉ន មាន​ថេរដីកា​ថា ព្រះអង្គ​សិក្សា​មុខ​ជំនាញ​អក្សរសាស្ត្រ និង​វប្បធម៌​ខ្មែរ ។ ព្រះអង្គ​ជ្រើសរើស​មុខ​វិជ្ជា​នេះ ដោយសារ​ស្រឡាញ់ និង​ចង់​ថែ​រក្សា​ព្រលឹង​របស់​ជាតិ​ឲ្យ​បាន​គង់វង្ស ។ ភិក្ខុ​រូប​នេះ​មាន​ថេរដីកា​ទៀត​ថា ព្រះអង្គ​នឹង​យក​ចំណេះ​ជំនាញ​ទៅ​សាប​ព្រោះ​ដល់​កុមារ​ខ្មែរ​ក្រោម ឲ្យ​ចាប់​អារម្មណ៍​ចំពោះ​អក្សរ​ខ្មែរ​កាន់តែ​ច្រើន​ថែមទៀត ដើម្បី​លើក​ស្ទួយ​អក្សរសាស្ត្រ​ជាតិ៖

«សិស្ស​ណាៗ​ក៏​ដោយ សាលា​ណាៗ​ក៏​ដោយ​គឺ​បង្រៀន​ទាំងអស់ មក​ពី​គ្នា​គាត់​សុទ្ធតែ​សិស្ស​ជំនាន់​របស់​សម្ដេច​សង្ឃ នៅ​នៅឡើយ ។ អ៊ីចឹង​អា​រឿង​វិស័យ​អក្សរសាស្ត្រ​ផ្នែក​ខាង​ហ្នឹង​គឺ​រឹង​ណាស់​បង រឹង​រឹង​មែនទែន ទាំង​ពីរ​ភាសា​គឺ​ពួកគាត់​រឹង​ណា» ។​

នៅ​កម្ពុជាក្រោម​អក្សរ​ខ្មែរ​ភាគច្រើន​បើក​បង្រៀន​តែ​តាម​វត្តអារាម​ប៉ុណ្ណោះ ចំណែក​ភូមិស្រុក​ដែល​នៅ​ឆ្ងាយ​ពី​វត្ត អ្នក​មិន​បាន​បញ្ជូន​កូន​ទៅ​រៀន ឪពុកម្ដាយ ឬ​អាណាព្យាបាល ជា​អ្នក​បង្ហាត់​បង្រៀន​ដោយ​ផ្ទាល់​នៅ​ផ្ទះ ។

ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រះត្រពាំង ជា​អ្នក​នាំភ្ញៀវ​ទេសចរណ៍ និង​ធ្លាប់​ជា​គ្រូបង្រៀន​ភាសាខ្មែរ ដល់​ព្រះសង្ឃ និង​យុវជន គឺ​លោក ឡឹម ហ្វាងយ៉ាង ឲ្យដឹង​ថា លោក​ត្រេកអរ​ពេល​ដែល​ឃើញ​សិស្សានុសិស្ស ប្រឹងប្រែង​រៀន​អក្សរ​ខ្មែរ ។ លោក​រំពឹង​ថា អក្សរសាស្ត្រ​ខ្មែរ​នឹង​រីកចម្រើន​នៅ​លើ​ទឹកដី​កម្ពុជាក្រោម ហើយ​លោក​ជំរុញ​កូន​ខ្មែរ​ត្រូវ​យក​ចិត្ត​ទុកដាក់​រៀន​អក្សរ​ខ្មែរ​ឲ្យ​បាន​ពូកែ ចាំ​ហក់​ទៅ​រៀន​ភាសា​បរទេស​បន្ថែម​ទៀត ដើម្បី​ធ្វើ​ជា​យាន​ក្នុង​ការ​ទំនាក់ទំនង​ទូទៅ៖

«វត្ត​អារាម​បណ្ដា​ភូមិ បណ្ដា​វត្ត​ដែល​ខំ​បណ្ដុះបណ្ដាល​ទោះបី​ក្មេង​សម្រាក​រៀន​ពីរ​បី​ខែ​ខំ​ខ្នះខ្នែង ខ្ញុំ​យល់​ឃើញ​ថា​ក្នុង​លក្ខណៈ​ហ្នឹង​ទី​១​ទៅ​កន្លែង​ខឿន​វប្បធម៌​របស់​ខ្លួន​ថា ដើម្បី​រក្សា​ទំនៀមទម្លាប់​ផង ហើយ​យើង​ឃើញ​ថា​រយៈពេល​ខ្លី​មួយ​ខែ​ពីរ​ហ្នឹង វា​រៀន​គ្មាន​បាន​ប៉ុន្មាន​មែន ប៉ុន្តែ​ថា​យើង​បើក​បាន​ប្រចាំ​អ៊ីចឹង បណ្ដា​ភូមិស្រុក បើ​បាន​អ៊ីចឹង​ក៏​ល្អ​ដែរ» ។

ជុំវិញ​រឿង​នេះ​ដែរ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ប្រចាំ​កម្ពុជា និង​ជា​អ្នកនិពន្ធ​ប្រលោមលោក​រឿង វាសនា​បុប្ផា​ខ្មែរ​ក្រោម លោក តាំង សារៈ លើកឡើង​ថា នៅ​កម្ពុជាក្រោម​មាន​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ខ្មែរ​នៅ​តាម​វត្តអារាម តែ​តាម​សាលា​រដ្ឋ​គឺ​វៀតណាម​មិនទាន់​អនុញ្ញាត​ឲ្យ​មាន​កម្មវិធី​សិក្សា​ភាសាខ្មែរ​បាន​ទូលំទូលាយ​ទេ ។ លោក​ស្នើ​ដល់​រដ្ឋាភិបាល​វៀតណាម កុំ​ដាក់​សម្ពាធ​មក​លើ​ខ្មែរ​ក្រោម ពេល​ដែល​ខ្មែរ​ក្រោម​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូនចៅ​របស់​ពួកគេ។ លោក​លើក​ទឹកចិត្ត​ឪពុកម្ដាយ​ត្រូវ​ជំរុញ​កូន​ឲ្យ​ប្រឹង​រៀន​អក្សរ​ខ្មែរ ទោះជា​មាន​ជីវភាព​លំបាក​យ៉ាងណា​ក៏​ដោយ មិន​ត្រូវ​បោះបង់​អក្សរ​ខ្មែរ​ចោល​ទេ៖

«ដំបូង​បង្អស់​គឺ​សូម​ឲ្យ​មន្ត្រី​សង្ឃ​នៅ​ក្នុង​ដែនដី​កម្ពុជាក្រោម​នោះ​ណា ត្រូវ​ធ្វើ​ម៉េច​ការ​ជ្រើសរើស​គ្រូ​ឲ្យ ទោះបីជា​រៀន​នៅ​ក្នុង​សាលា​វត្ត​ហ្នឹង​ក្ដី ក៏​ត្រូវ​រើស​គ្រូ​ព្រះសង្ឃ​អង្គ​ណា​ដែល​លោក​ស្ទាត់​សំខាន់​គឺ​អក្ខរាវិរុទ្ធ​ ហើយ​នឹង​ពាក្យ​ពេចន៍​របស់​ខ្មែរ​ចាំ​ឲ្យ​ទៅ​បង្រៀន​សិស្ស» ។

អាណានិគម​និយម​បារាំង បាន​ផ្ទេរ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ទាំង២១ខេត្ត និង​កោះ​ចំនួន២​ ទៅ​ឲ្យ​​វៀតណាម​គ្រប់គ្រង​បន្ត​ទាំង​ខុស​ច្បាប់ កាលពី​ថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ១៩៤៩ ។ បច្ចុប្បន្ន​មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ប្រមាណ​ដប់​លាន(១០.០០០.០០០)នាក់ កំពុង​រស់នៅ​ក្រោម​ការ​ត្រួតត្រា​របស់​វៀតណាម ។

ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​តែងតែ​ចេញ​មុខ​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ខ្មែរ​ក្រោម អ្នកខ្លះ​ត្រូវ​អាជ្ញាធរ​វៀតណាម​ចោទ​ប្រកាន់​ថា មាន​គំនិត​ចង់​រើ​បម្រះ​ពី​ការ​គ្រប់គ្រង​របស់​វៀតណាម ដូចជា​ករណី​លោក លី ចិន្ដា ជាដើម ដែល​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ ដោយសារ​លោក​បើក​សាលា​បង្រៀន​អក្សរ​ខ្មែរ​នៅ​វត្ត​មួយ ក្នុង​ស្រុក​ព្រៃ​ជាប់ ខេត្ត​ឃ្លាំង កម្ពុជាក្រោម ៕

ដោយ យន់ សាមៀន វិទ្យុអាស៊ីសេរី ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment