ព្រះសង្ឃនិងនិស្សិតភូមា១៨០រូបត្រៀមខ្លួនចាក់ចេញពីប្រទេសឥណ្ឌា ខណៈជំងឺកូវីដ១៩កំពុងរាតត្បាតខ្លាំងឡើង - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, April 20, 2020

ព្រះសង្ឃនិងនិស្សិតភូមា១៨០រូបត្រៀមខ្លួនចាក់ចេញពីប្រទេសឥណ្ឌា ខណៈជំងឺកូវីដ១៩កំពុងរាតត្បាតខ្លាំងឡើង

ព្រះតេជព្រះគុណ សិតកុ សយាដវ កំពុងមានថេរដីកាអំពីព្រះសង្ឃភូមា ជាប់នៅប្រទេសឥណ្ឌា និងប្រទេសស្រីលង្កា តាមគេហទំព័រហ្វេសប៊ុកឡាយ, ១១ មេសា ២០២០ ។

លោកវិទូ | ថ្ងៃ ២᧽៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២០ មេសា ២០២០ 

ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ប្រទេសភូមានឹងរៀបចំយន្តហោះពិសេស ជម្លៀសព្រះសង្ឃនិងនិស្សិតរបស់ខ្លួន ដែលកំពុងរស់នៅប្រទេសឥណ្ឌា ក្រោមជំនួយអន្តរាគមន៍ដ៏ថ្លៃថ្លារបស់ព្រះសង្ឃជាន់ខ្ពស់ភូមាមួយអង្គ ខណៈជំងឺកូវីដ១៩កំពុងរាតត្បាតខ្លាំងឡើងនៅប្រទេសឥណ្ឌា ។

ទីក្រុងរាជគ្រឹះ៖ ព្រះសង្ឃជាន់ខ្ពស់ជាទីគោរពសក្ការនៃប្រទេសភូមា ព្រះតេជព្រះគុណ អគ្គមហាបណ្ឌិត អភិធជមហារដ្ឋគុរុ អាសិន ញាណិស្សរៈ ឬគេស្គាល់ថា ព្រះតេជព្រះគុណ សិតគុ សយាដវ បានធ្វើការបរិច្ចាគថវិកា សម្រាប់ការចំណាយទាំងស្រុង លើកការជម្លៀសព្រះសង្ឃនិងនិស្សិតភូមាចំនួន ១៨០ ដែលកំពុងរស់នៅយ៉ាងលំបាក និងភ័យព្រួយពីសុវត្ថិភាព ខណៈឥណ្ឌាបានបន្តបិទប្រទេសទាំងមូលរហូតដល់ថ្ងៃទី៣ មេសា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ។

ជើងហោះហើរពិសេសនឹងដឹកប្រជាជនភូមាទាំងនេះ ទៅកាន់ប្រទេសកំណើតរបស់ខ្លួន ដោយចេញដំណើរពីអាកាសយានដ្ឋានពុទ្ធគយា (រដ្ឋពិហារ) នៅថ្ងៃទី២២ ខែមេសា ឆាប់ៗខាងមុខនេះ ។

ព្រះសង្ឃនិងនិស្សិតកំពុងរៀបចំឯកសារចាំបាច់ផ្សេងៗដើម្បីធ្វើដំណើរ និងអារម្មណ៍រីករាយឥតឧបមា ដែលត្រូវបានព្រះតេជព្រះគុណ សតិគុ សយាដវ មានព្រះទ័យយកចិត្តទុកដាក់ចំណោះសុខទុក្ខសមណនិស្សិត-និស្សិតភូមាទាំងអស់នៅឥណ្ឌា (និងស្រីលង្កាផងដែរ) ។

ឧបាសិកា គីន សាន វេ (Khin San Nwe) ជានិស្សិតស្រីភូមារៀនថ្នាក់អនុបណ្ឌិតឆ្នាំទី១ ផ្នែកការសិក្សាប្រព័ន្ធអេកូឡូជីនិងបរិស្ថាន នៃសាកលវិទ្យាល័យនាលន្ទា ទីក្រុងរាជគ្រឹះ (រដ្ឋពិហារ) បានសម្ដែងអារម្មណ៍សប្បាយរីករាយចំពោះរឿងនេះយ៉ាងដូច្នេះថា «ខ្ញុំសប្បាយរកអ្វីប្រៀបពុំបាន ដោយពុំដែលរំពឹងទុកចំពោះរឿងនេះទេ ជាពិសេសខ្ញុំនឹកក្រុមគ្រួសារ ម្ហូបអាហារ និងប្រទេសរបស់ខ្ញុំ» ។

ត្រឹមព្រឹកថ្ងៃច័ន្ទនេះ ប្រទេសភូមាមានអ្នកជំងឺកូវីដ១៩ចំនួន ១១១ នាក់ មានអ្នកស្លាប់ ៥ នាក់ និងអ្នកជាសះស្បើយ ៧ នាក់ ហើយករណីដំបូងត្រូវបានរាយការណ៍នៅថ្ងៃទី២៣ មីនា ។ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ (១៨ មេសា) ទីក្រុងយ៉ាំងហ្គូនត្រូវបានប្រកាសដាក់ក្រោមបម្រាមគោចរនាពេលរាត្រី ។

ចំណែកប្រទេសឥណ្ឌាវិញមានការកើនឡើងខ្លាំងគួរសមដែរ ។ ក្នុងមួយថ្ងៃមានករណីឆ្លងជាមធ្យម ១.០០០ នាក់ ។ មកដល់ពេលនេះ ឥណ្ឌាមានអ្នកឆ្លងជំងឺរាតត្បាតសកលនេះចំនួនជាង ១៧.៦០០ នាក់ ស្លាប់ជាង ៥០០ នាក់ និងជាសះស្បើយជាង ២.៨០០ នាក់ ។ ឥណ្ឌាកំពុងស្ថិតនៅក្នុងការបិទទាំងស្រុង ដំណាក់កាលទី១ ពីថ្ងៃទី ២៥ មីនា ដល់ ១៥ មេសា និងដំណាក់កាលទី២ ពីថ្ងៃទី១៦ មេសា ដល់ ៣ ឧសភា ហើយអាចនឹងមានដំណាក់កាលទី៣ទៀត ដែលធ្វើឲ្យប៉ះពាល់ការរស់នៅរបស់និស្សិតអន្តរជាតិជាខ្លាំង ។

ព្រះតេជព្រះគុណ សិតគុ សយាដវ ជាព្រះសង្ឃភូមាដ៏ល្បីល្បាញជាទីសក្ការបូជា នៃពុទ្ធបរិស័ទទាំងនៅក្នុងនិងក្រៅប្រទេស ។ ព្រះអង្គតែងមានព្រះទ័យសណ្ដោសធ្វើសប្បុរសធម៌ ចំពោះមនុស្សទូទៅដោយមិនប្រកាន់សាសនាឡើយ តាមរយៈកម្មវិធីពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ។

ព្រះអង្គជាស្ថាបនិកនិងជាព្រះប្រធាននៃពុទ្ធិកសភាសិតគុអន្តរជាតិ ទីក្រុងយ៉ាំងហ្គូន ។ ព្រះអង្គបានទទួលគោរមងារជា «អគ្គមហាបណ្ឌិត អភិធជមហារដ្ឋគុរុ» ពីរដ្ឋាភិបាលភូមា ជាគោរមងារឧត្តមបំផុតក្នុងព្រះពុទ្ធសាសនាភូមា ។ ព្រះអង្គបានទទួលបណ្ឌិតកិត្តិយស ឬកិត្តិបណ្ឌិត ពីប្រទេសថៃឡង់ដ៍ ឥណ្ឌា និងកម្ពុជា ។

ដោយឡែកនិស្សិតខ្មែរមួយចំនួននៅឥណ្ឌា ក៏ប្រាថ្នាចង់ត្រលប់ទៅស្រុកកំណើតវិញសិនដែរ ដោយសារចួបការលំបាកក្នុងការរស់នៅក្នុងសាលាទៅណាមិនបាន ព្រោះបម្រាមគោចរ ។ ការហូបចុកទៀតសោតក៏មានកំណត់ ណាមួយជាម្ហូបឥណ្ឌាទៀត ។ ម្យ៉ាងទៀតស្ថានភាពការរាតត្បាតជំងឺកូវីដ១៩នៅឥណ្ឌា ហាក់មិនទាន់ថមថយសោះ ក្រោយពីការបិទប្រទេសអស់រយៈពេលជិតមួយខែហើយ (២៥ថ្ងៃ) ។ ដូច្នេះពួកគេមានអារម្មណ៍ថា ពុំសូវមានសុវត្ថិភាពឡើយ នៅស្រុកគេមិនដូចស្រុកខ្លួន ។

ប្រទេសថៃឡង់ដ៍រំពឹងថា នឹងយកប្រជាជនខ្លួនទៅវិញនៅក្នុងសប្ដាហ៍នេះ ខណៈប្រទេសវៀតណាមនឹងធ្វើដូចគ្នានៅថ្ងៃទី៦ ឧសភា ខាងមុខនេះ បន្ទាប់ពីប្រទេសភូមា ៕

ព័ត៌មានបន្ថែម៖ តាមព័ត៌មានចុងក្រោយដែលយើងទទួលបាន ព្រះសង្ឃនិងដូនជីពុទ្ធបរិស័ទភូមាទាំងអស់ចំនួន ៣០០ រូប ដែលបានធ្វើដំណើរចាកចេញពីប្រទេសឥណ្ឌា តាមជើងហោះហើរពិសេសនេះ ។

រាយការណ៍ដោយ ព្រះតេជព្រះគុណ ពេជ្រ ផានិត (សាកលវិទ្យាល័យនាលន្ទា, រាជគ្រឹះ) អត្ថបទដោយលោកវិទូ ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment