កូវីដ១៩៖ ដូនជីគ្រូបង្រៀនវិបស្សនាភ្ញាក់ផ្អើលពេលមានសិស្សចុះឈ្មោះចូលរៀនតាមអ៊ីនធឺណេតដល់ទៅ១០០០នាក់ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Tuesday, April 21, 2020

កូវីដ១៩៖ ដូនជីគ្រូបង្រៀនវិបស្សនាភ្ញាក់ផ្អើលពេលមានសិស្សចុះឈ្មោះចូលរៀនតាមអ៊ីនធឺណេតដល់ទៅ១០០០នាក់

ដូនជី តេនហ្សេន ដ្រោលម៉ា កំពុងបង្រៀនសមាធិតាមអ៊ីនធឺណេត ពីមជ្ឈមណ្ឌលវិបស្សនាតុសិត ទីក្រុងធម្មសាលា ។ រូបភាព៖ Tushita Meditation Centre

លោកវិទូ | ថ្ងៃ ៣᧾៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២១ មេសា ២០២០

ប្រទេសឥណ្ឌាដែលជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី ២ លើពិភពលោក ដែលមានប្រជាជន ១,៣ ពាន់លាននាក់ ស្ថិតនៅក្រោមការបិទទ្វារទូទាំងប្រទេស រហូតដល់យ៉ាងហោចណាស់ថ្ងៃទី ៣ ខែឧសភា ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ។ ដូច្នេះការប្រតិបត្តិសាសនាត្រូវធ្វើតាមអ៊ីនធឺណេត ។

តាមការចុះផ្សាយរបស់សារព័ត៌មាន អេ.អែហ្វ.ភី. (AFP) បានឲ្យដឹងថា នៅឯទីជំរាលភ្នំដាច់ស្រយាលមួយ នៅភាគខាងជើងប្រទេសឥណ្ឌា មានដូនជីព្រះពុទ្ធសាសនាទីបេត៍ម្នាក់ឈ្មោះ តេនហ្សេន ដ្រោលម៉ា ជាធម្មតាគាត់បង្រៀននៅថ្នាក់រៀនផ្ទាល់ទល់មុខគ្នា ប៉ុន្តែចាប់តាំងពីជំងឺរាតត្បាតកូរ៉ូណាបង្ខំគាត់ឲ្យមកបង្រៀនតាមអ៊ីនធឺណេតវិញ ហើយអ្នកចូលរៀនសុទ្ធតែអ្នកដែលស្វែងរកសន្តិភាពផ្លូវចិត្ត ខណៈពួកគេកំពុងស្ថិតនៅក្នុងបម្រាមគោចរ ។

ដូនជីដ្រោលម៉ាបានរំពឹងថា និស្សិតប្រហែល ១០០ នាក់ នឹងចូលរួមវគ្គសិក្សាតាមវីដេអូ ដោយឥតគិតថ្លៃរបស់គាត់ ដែលជាចំនួនសិស្សដែលធ្លាប់មាន ក្នុងវគ្គសិក្សានៅឯមជ្ឈមណ្ឌលសមាធិ ដែលត្រូវបានបិទដោយសារតែជំងឺរាតត្បាត ។

ដូច្នេះដូនជីមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលមនុស្សជាង ១០០០ នាក់ មកពី ៥៧ ប្រទេសបានចុះឈ្មោះចូលរៀន ដែលក្នុងនោះមាន ១/៥ (មួយភាគប្រាំ) នាក់ ដែលមិនធ្លាប់រៀនព្រះពុទ្ធសាសនាពីមុនមកសោះ ។

ដូនជីដែលជាគ្រូបង្រៀនវិបស្សនាដែលមានដើមកំណើតនៅទីក្រុងឈីកាហ្គោរូបនេះ បានប្រាប់សារព័ត៌មាន អេ.អែហ្វ.ភី. ថា គាត់ព្យាយាមតំឡើងកុំព្យូទ័រយួរដៃរបស់គាត់ នៅក្នុងសាលាធម្មសភានៅឯមជ្ឈមណ្ឌលសមាធិតុសិត ដើម្បីឲ្យមានភាពស្រដៀងគ្នាទៅនឹងជីវិតជាក់ស្ដែងពិតៗ ។

ដូនជីបាននិយាយពីទីក្រុងធម្មសាលា ដែលជាទីតាំងអាស្រមរបស់សម្ដេចសង្ឃដាឡៃឡាម៉ាដែលត្រូវនិរទេសខ្លួនថា «ខ្ញុំគិតថាការធ្វើបែបនេះវាពិតជាដូចនៅពេលដែលខ្ញុំមានមនុស្សពិតប្រាកដនៅទីចំពោះមុខអ៊ីចឹង» ។

ប្រទេសឥណ្ឌាដែលជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី ២ លើពិភពលោក ដែលមានប្រជាជន ១,៣ ពាន់លាននាក់ស្ថិតនៅក្រោមការបិទទ្វារទូទាំងប្រទេស រហូតដល់យ៉ាងហោចណាស់ថ្ងៃទី ៣ ខែឧសភា ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ។
អ្នកគ្រូ អេម៉ា រ៉ចេ ត្រូវលុបចោលដំណើរទៅកាន់ប្រទេសឥណ្ឌាក្នុងខែមីនា បន្ទាប់ពីមានជំងឺរាតត្បាត ។ រូបភាព៖ AFP Photo / Handout

នៅចម្ងាយប្រហែល ៦០០០ គីឡូម៉ែត្រ (៤០០០ ម៉ាយល៍) ក្នុងទីក្រុងណ័រហ្វក់ (Norfolk) នៅភាគខាងកើតនៃប្រទេសអង់គ្លេស ដែលកំពុងត្រូវបានបិទប្រទេសទាំងមូលដែរ មានឧបាសិកាម្នាក់កំពុងអង្គុយធ្វើសមាធិនៅលើឥដ្ឋដោយបិទភ្នែករបស់គាត់ ។

ឧបាសិកា អេម៉ារ៉ចេ ដែលហៅខ្លួនឯងថាជាគ្រូបង្វឹកឲ្យមានការផ្លាស់ប្តូរម្នាក់ដែរបាននិយាយថា «វាពិតជាជួយខ្ញុំឲ្យចាក់ចេញពីក្បាលខ្លួនឯងបន្តិចបានបន្តិចដែរ» ។

ឧបាសិកា រ៉ចេ ដែលត្រូវបង្ខំចិត្តលុបចោលដំណើរទៅប្រទេសឥណ្ឌាកាលពីខែមីនា បន្ទាប់ពីការរាតត្បាតជំងឺកូវីដ១៩ បាននិយាយថា «[នេះ]គ្រាន់តែស្វែងរកសេចក្តីស្ងៀមស្ងាត់និងការដកដង្ហើម[ចេញចូល] ហើយដឹងថាខ្ញុំមិនមែននៅម្នាក់ឯងទេ» ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment