ក្មេងស្រីជាអ្នកលក់ត្រីបរិច្ចាគប្រាក់ ១.៥ ឡាក់ (1149$) សម្រាប់មូលនិធិគ្រោះទឹកជំនន់នៅរដ្ឋកេរឡា - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Saturday, August 18, 2018

ក្មេងស្រីជាអ្នកលក់ត្រីបរិច្ចាគប្រាក់ ១.៥ ឡាក់ (1149$) សម្រាប់មូលនិធិគ្រោះទឹកជំនន់នៅរដ្ឋកេរឡា

ហាណាន ហាមីដ
លោកវិទូ | ថ្ងៃទី ១៨ សីហា ២០១៨

ក្មេងស្រីជាអ្នកលក់ត្រីដើម្បីរៀនសូត្រ និងផ្គត់ផ្គង់គ្រួសារ ដែលគេយកទៅលេងសើចថាជារឿងមិនពិត បានបរិច្ចាគប្រាក់ ១.៥ ឡាក់ (1149$) សម្រាប់មូលនិធិគ្រោះទឹកជំនន់របស់មុខ្យមន្ត្រី (អភិបាលរដ្ឋ) នៅរដ្ឋកេរឡា។ នាងប្រាប់ថាប្រាក់ទាំងនោះគឺនាងបានមកពីការបរិច្ចាគរបស់សប្បុរសជនចំពោះនាង នៅពេលដែលសារព័ត៌មាន បានចុះផ្សាយអំពីការតស៊ូរបស់នាង ដើម្បីគ្រួសារនិងការសិក្សា។

ក្មេងស្រីអាយុ ២១ឆ្នាំ ហាណាន ជាសិស្សបរិញ្ញាបត្រវិទ្យាសាស្ត្រ នៅឯមហាវិទ្យាល័យឯកជនមួយ ក្នុងក្រុងថោឌុប៉ុហ៊្សា ស្រុកឥឌុគ្គី រដ្ឋកេរឡា បរិច្ឆាគប្រាក់ដែលនាងបានមកពីសប្បុរសជននានា ក្រោយពីសារព័ត៌មានបានចុះផ្សាយ និងចែករលែកពាសពេញបណ្ដាញសង្គម អំពីការលក់ត្រីរបស់នាង ដើម្បីបន្តការសិក្សា និងឧបត្ថម្ភគ្រួសារ។ នាងនិយាយទៅកាន់សារព័ត៌មានក្នុងស្រុកមួយថា «នាងខ្ញុំបានទទួលប្រាក់ពីសប្បុរសជន ហើយនាងខ្ញុំរីករាយ ដែលបានបរិច្ចាគវា ទៅឲ្យអ្នកដែលកំពុងត្រូវការ»។



ហានាន ដែលអ្នកបង្គោល និងជាអ្នកលក់ផ្កា សម្រាប់កម្មវិធីរកប្រាក់ដើម្បីបង្គ្រប់ការចំនាយ បានអំពាវនាវដល់សប្បុរសជន បរិច្ចាគប្រាក់សម្រាប់មូលនិធិគ្រោះទឹកជំនន់។ ប៉ុន្តែរឿងរ៉ាវនៃការតស៊ូរបស់នាង ដែលបានចុះផ្សាយដោយសារព័ត៌មានជាភាសាម៉ាឡេយ៉ាឡាំ ត្រូវបានគេសើចចំអក និងគេមានសេចក្តីសង្ស័យថា ជារឿងមិនពិត ប្រឌិតឡើងដើម្បីចង់ល្បីតែប៉ុណ្ណោះ។

បន្ទាប់ពីករណីនេះត្រូវបានរាយការណ៍ ដោយសារព័ត៌មាន មុខ្យមន្ត្រី ពីណារ៉ាយី វិជយន (Pinarayi Vijayan) ចេញមុខមកគាំទ្រនាង និងកោតសរសើរចំពោះអំពើល្អរបស់នាង។

កេរឡាជារដ្ឋភាគខាងត្បូងរបស់ឥណ្ឌា កំពុងជួបប្រទះគ្រោះទឹកជំនន់ យ៉ាងធ្ងន់ធ្ងរដោយសារភ្លៀងធ្លាក់ខ្លាំង មិនធ្លាប់មានក្នុងរយៈពេល ១០០ឆ្នាំ ហើយគេព្យារករណ៍ថា ទឹកភ្លៀងនឹងបន្តធ្លាក់ជោគជាំ យ៉ាងហោចណាស់ក៏ពីរថ្ងៃទៀតដែរ។

មានប្រជាជនជាង ៣០ម៉ឺននាក់ កំពុងជ្រកកោនក្នុងជុំរំសង្គ្រោះ និងជាច្រើនពាន់នាក់ទៀត កំពុងភៀសខ្លួនទៅនៅទីទួលផុតពីទឹកជំនន់។ ដូច្នេះ ការផ្គត់ផ្គង់ម្ហូបអាហារ ថ្នាំសង្កូវ និងទឹកស្អាត គឺជាបញ្ហាប្រឈមសម្រាប់អាជ្ញាធរ។

ប្រជាជនបាត់បង់បានកើនឡើង ដល់៣២០នាក់ហើយ ក្នុងរយៈពេលពីរសប្ដាហ៍ បើយោងតាមមុខ្យមន្ត្រី ពីណារ៉ាយី វិជយន។ ទោះបីជាយ៉ាងណា បើយោងតាមសេចក្តីរាយការណ៍របស់បន្ទប់ប្រកាសអាសន្នរបស់រដ្ឋ ចំនួនមានតិចត្រឹម ២០០នាក់។ មិនតែប៉ុណ្ណោះ មនុស្សប្រហែល ១ ម៉ឺននាក់ទៀត កំពុងជាប់នៅលើដំបូលផ្ទះ។

ក្នុងកាលៈទេសៈនេះ ប្រជាជនគ្រប់មជ្ឈដ្ឋាន បានបរិច្ចាគធនធាន និងរបស់របរចាំបាច់ជាច្រើន ដើម្បីជួយដល់អ្នករងគ្រោះ។ នាយករដ្ឋមន្ត្រី នរេន្ទ្រៈ មោឌី បានសន្យាផ្តល់ថវិកាបន្ថែម ៦០០ក្រូរិ៍រូពី (៨៥លានដុល្លារ) ដើម្បីជាថវិកាឧបត្ថម្ភ និងសំណងសម្រាប់ក្រុមគ្រួសារ ជនរងគ្រោះដែលបាត់បង់ជីវិត។