សន្និសីទអន្តរជាតិស្តីពី «ព្រះពុទ្ធសាសនានៅអាស៊ីអាគ្នេយ៍» ត្រូវបានបញ្ចប់ដោយជោគជ័យ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Friday, September 07, 2018

សន្និសីទអន្តរជាតិស្តីពី «ព្រះពុទ្ធសាសនានៅអាស៊ីអាគ្នេយ៍» ត្រូវបានបញ្ចប់ដោយជោគជ័យ

ពិធីអុជទៀនបើកសន្និសីទអន្តរជាតិ, សណ្ឋាគារភ្នំពេញ, ០៤ កញ្ញា ២០១៨។ @FN

លោកវិទូ | ៥᧻៩ ឆ្នាំចរ សំរឹទ្ធិស័ក ព.ស. ២៥៦២ | ០៦ កញ្ញា ២០១៨

ភ្នំពេញ៖ សន្និសីទអន្តរជាតិនេះ បានសម្រេចនូវជោគជ័យដ៏ធំធេង លើសពីការរំពឹងទុក ដែលមានអ្នកប្រាជ្ញ សាស្ត្រាចារ្យ បណ្ឌិត បញ្ញវន្ត អ្នកសិក្សាស្រាវជ្រាវ ជាតិនិងអន្តរជាតិ ចូលរួមធ្វើបទបង្ហាញ នូវអត្ថបទសិក្សាស្រាវជ្រាវ និងអ្នកចូលរួមស្តាប់ជាច្រើន ។

ព្រះរាជាណាចក្រកម្ពុជា តាមរយៈពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដោយសហការជាមួយស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ មានកិត្តិយស បានរៀបចំសន្និសីទអន្តរជាតិ ស្តីពី «ព្រះពុទ្ធសាសនានៅអាស៊ីអាគ្នេយ៍» នៅសណ្ឋាគារភ្នំពេញ រយៈពេលពីរថ្ងៃ ពីថ្ងៃទី០៤ ដល់ទី០៥ ខែកញ្ញា ព.ស.២៥៦២/គ.ស.២០១៨ ។ សន្និសីទនេះក៏មានការយាង និមន្ត និងអញ្ជើញចូលរួម​វាគ្មិនប្រមាណ ៦៥អង្គ/នាក់ មកពី ១២ប្រទេស ដូចជាបណ្តាប្រទេសអាស៊ាន ឥណ្ឌា (ភាគច្រើន) អាស៊ីខាងត្បូង អាស៊ីបូព៌ា ភ្ញៀវអន្តរជាតិ និងភ្ញៀវជាតិជាច្រើនរយអង្គ/នាក់ ។​

ក្នុងកិច្ចសម្ភោធបើកសន្និសីទអន្តរជាតិនេះ គេឃើញមានព្រះវត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្ដេច​ព្រះ​សុមេធាធិបតី នន្ទ ង៉ែត សម្ដេច​ព្រះ​សង្ឃ​នាយក នៃ​គណៈ​មហា​និកាយ និងវត្តមានរបស់ឯកអគ្គរដ្ឋទូតឥណ្ឌាលោកជំទាវ មណិកា ជេន (Manika Jain) និងលោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ។

សន្និសីទអន្តរជាតិនេះ បានប្រព្រឹឹត្តទៅប្រកបដោយជោគជ័យ និងសម្រេចបានតាមគោលបំណង ដែលអ្នករៀបចំបានរំពឹងទុក ។ ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា សាកលវិទ្យាធិការរងទទួលបន្ទុកប្រតិបត្តិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានដើរតួរយ៉ាងសំខាន់និងចំបង ក្នុងការរៀបចំឲ្យមានសន្និសីទអន្តរជាតិ ដ៏មានខ្លឹមសារឧត្តុងឧត្តមនេះ ។ ព្រះធម្មឃោសាចារ្យ  បានផ្តល់បទសម្ភាសន៍ ដល់វិទ្យុនិងទូរទស្សន៍ក្នុស្រុកមួយចំនួន ដែលក្នុងនោះព្រះអង្គបានរៀបរាប់ត្រួសៗ អំពីគោលបំណង ខ្លឹមសារ និងសមិទ្ធផល ដែលសម្រេចបានយ៉ាងធំធេង ហួសពីការរំពឹងទុក និងគួរជាទីមោទនភាព ។

ព្រះអង្គបានមានសង្ឃដីកាថា៖ គោលបំណងទី១ នៃសន្និសីទអន្តរជាតិនេះគឺ ចង់បង្ហាញតួនាទី របស់ព្រះពុទ្ធសាសនា ក្នុងសង្គមខ្មែរ ។ គោលបំណងទី២ គឺចង់បញ្ជាក់ពីឥទ្ធិពលរបស់ព្រះពុទ្ធសាសនា នៅក្នុងវិស័យនានា ដូចជាសេដ្ឋកិច្ច សង្គម នយោបាយ វប្បធម៌ អារ្យធម៌ សិល្បៈ ស្ថាបត្យកម្ម និងទស្សនវិជ្ជាជាដើម ។ គោលបំណងទី៣ គឺការលើកកម្ពស់ព្រះពុទ្ធសាសនា ទាំងក្នុងនិងក្រៅប្រទេស ឲ្យបានទូលំទូលាយ តាមរយៈសារព័ត៌មាននានា ដែលបានចុះផ្សាយអំពីសន្និសីទនេះ ។ គោលបំណងទី៤ គឺចង់បង្ហាញនូវវត្តមានដ៏រឹងមាំ របស់ព្រះពុទ្ធសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដល់ភ្លៀវអន្តរជាតិ ដែលពុំសូវធ្លាប់បានដឹង ។ គោលបំណងទី៥ គឺចង់បង្ហាញ ក៏ដូចជាពង្រឹងនូវទំនាក់ទំនងជិតស្និទ្ធ រវាងប្រទេសកម្ពុជានឹងប្រទេសឥណ្ឌា និងរវាងប្រទេសកម្ពុជានឹងដទៃទៀត ជាពិសេសប្រទេស ដែលកាន់ព្រះពុទ្ធសាសនានៅអាស៊ី ។ គោលបំណងទី៦ និងសំខាន់ជាងគេ គឺចង់ផ្សព្វផ្សាយនូវរបកគំហើញថ្មី អំពីព្រះពុទ្ធសាសនា និងជាពិសេសចង់បង្ហាញ នូវសិលាចារិកថ្មីមួយ ក្នុងសតវត្សរ៍ទី៦ ដែលគេរកឃើញ នៅខេត្តកំពង់ស្ពឺ ដែលបានបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរ ព្រះបាទឦសានវរ្ម័នទី១ បានគ្រប់គ្រងដែនដីសុវណ្ណភូមិ ដែលពីមុនមក មិនដែលមានកំណត់ត្រាច្បាស់លាស់អញ្ចឹងទេ ។

ព្រះអង្គក៏បានបន្ថែមផងដែរថា តាមរយៈការរៀបចំសន្និសីទអន្តរជាតិ ដែលប្រកបដោយជោគជ័យ យ៉ាងត្រចះត្រចង់នេះ ក៏បានបង្ហាញទៅកាន់អន្តរជាតិថា ធនធានព្រះសង្ឃពុទ្ធសាសនាខ្មែរ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំនិងគ្រប់គ្រងកម្មវិធី ថ្នាក់អន្តរជាតិបែបនេះបាន។ សេចក្តីនេះអាចបញ្ជាក់បាន តាមរយៈការនិមន្ត និងអញ្ជើញចូលរួម ពីសាស្ត្រាចារ្យ បណ្ឌិត និងអ្នកសិក្សាស្រាវជ្រាវ ដែលមានចំណេះដឹង និងបទពិសោធន៍ ទូលំទូលាយផ្នែកព្រះពុទ្ធសាសនា ដែលមានសិស្សគណជាច្រើន ដែលបានចំណាយពេលវេលា ដ៏មមាញឹករបស់ពួកគាត់ ដើម្បីចូលរួមក្នុងសន្និសីទអន្តរជាតិនេះ តាមការអញ្ជើញ ។ មិនតែប៉ុណ្ណោះ អត្ថបទស្រាវជ្រាវរបស់វាគ្មិន ត្រូវបានរៀបចំចងក្រងបោះពុម្ព ជាសៀវភៅ ដើម្បីជាប្រយោជន៍យូរអង្វែង ។ ក្រៅពីចែករំលែកចំណេះដឹង ដល់អ្នកដែលបានចូលរួម ពួកគាត់នឹងពាំនាំនូវព័ត៌មាន អំពីប្រទេសកម្ពុជា ត្រឡប់ទៅស្រុករបស់ពួកគាត់វិញ។ តាមរយៈការរៀបចំដំណើរទេសចរណ៍ ទៅកាន់រមណីយដ្ឋាននានា ជាពិសេសប្រាសាទអង្គរវត្តដ៏អស្ចារ្យ  សម្រាប់វាគ្មិនទាំងនោះ ក៏ជាការបង្ហាញនិងជួយផ្សព្វផ្សាយ អំពីសក្កដានុពលផ្នែកទេសចរណ៍ របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ នេះក៏ជាតួនាទីដ៏សំខាន់មួយ របស់ព្រះពុទ្ធសាសនាខ្មែរ ក្នុងការរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។

ទោះបីជាយ៉ាងណាក៏ដោយ គេឃើញមានចំនួននៃវាគ្មិន អ្នកធ្វើបទបង្ហាញខ្មែរ នៅមានចំនួនកំណត់ ប្រហែល ៤~៥ អង្គ/នាក់ប៉ុណ្ណោះ ក្នុងចំណោម ៦៤អង្គ/នាក់ ។ ហើយពួកគាត់ច្រើនតែមានមុខជាញឹកញាប់ ក្នុងកម្មវិធីបែបនេះ ដូចជា សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា និងលោកធម្មបណ្ឌិត ហេង មុនីចិន្តា ជាដើម ដោយពុំមានទាន់ឃើញមានបច្ឆាជន ជាបញ្ញវន្ត ដែលមានសមត្ថភាព និងចំណេះដឹងប្រហាក់ប្រហែល ច្រើននាក់បានចូលរួមឡើយ ។ បញ្ហានេះបញ្ជាក់អំពីស្ថានភាព នៃគុណភាពនិងប្រសិទ្ធភាព នៃកម្មវិធីអប់រំនៃពុទ្ធិកសិក្សា ដែលមានវាគ្មិនខ្លះក៏បានលើកឡើងដែរ។ ការបញ្ចូលកម្មវិធីសិក្សា និងមុខវិជ្ជាក្រៅពីព្រះពុទ្ធសាសនា~បាឡីសំស្ក្រឹត និងការសិក្សាដើម្បីតែបានទទួលតែសញ្ញាបត្រ តាមវគ្គដែលបានបញ្ចប់ ដោយមិនបានទទួលចំណេះដឹងពិតប្រាកដ (ដែលព្រះធម្មឃោសាចារ្យលើកឡើងថា ជាប្រព័ន្ធអប់រំ មានឥទ្ធិពលពីអាណានិគម) បានធ្វើឲ្យការសិក្សាព្រះពុទ្ធសាសនា មិនបានជ្រៅជ្រះ ឬមិនស៊ីជម្រៅ។ ឆ្លើយតបនឹងបញ្ហាប្រឈមនេះ ព្រះធម្មឃោសាចារ្យបមានសង្ឃដីកាថា សម្រាប់ពុទ្ធិកសិក្សាខ្មែរ គឺត្រូវដើរឲ្យទាន់ ប្រព័ន្ធអប់រំសម័យទំនើប ប៉ុន្តែនឹងពង្រឹងវិស័យសិក្សាពុទ្ធសាសនា ឲ្យមានភាពប្រសើរឡើង ។

ជាចុងក្រោយ ព្រះអង្គបានស្នើសុំឲ្យសាធារណជន និងពុទ្ធបរិស័ទ ជួយយកចិត្តទុកដាក់ ទាំងស្មារតីនិងសកម្មភាព និងផ្ដល់ការលើកទឹកចិត្ត ក្នុងការរៀបចំសន្និសីទអន្តរជាតិបែបនេះឲ្យបានខ្លាំងក្លា ។

សូមទស្សនាបទសម្ភាសន៍ទាំងស្រុងតាមរយៈវីដេអូខាងក្រោម៖