គួច គីឡេង៖ ពុទ្ធ​ចរិតៈ ថ្លែង​ពី​ព្រះ​ជីវ​ប្រវត្តិ​នៃ​ព្រះ​គោតម - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Monday, April 01, 2019

គួច គីឡេង៖ ពុទ្ធ​ចរិតៈ ថ្លែង​ពី​ព្រះ​ជីវ​ប្រវត្តិ​នៃ​ព្រះ​គោតម

លោកវិទូ | ថ្ងៃចន្ទ ១២ រោច ខែផល្គុន ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០១ មេសា ២០១៩ ។

ពុទ្ធ​ចរិតៈ ថ្លែង​ពី​ព្រះ​ជីវ​ប្រវត្តិ​នៃ​ព្រះ​គោតម

លោក គួច – គីឡេង(*)
ប្រែ​រៀបរៀង
អត្ថបទក្បាលទី២ ឆ្នាំទី៣៣ ខ្សែទី៧ ព.ស ២៥០៤ គ.ស ១៩៦១ ទំព័រ ៧២៥

ពុទ្ធ​ចរិតៈ​នេះ ជា​គម្ពីរ​មួយ​ដ៏​បរម​បូរាណ​ណាស់​ក្នុង​ភាសា​សំស្ក្រឹត​ដែល​ចែង​អំពី​ជីវ​ប្រវត្តិ​នៃ​ព្រះ​សមណគោតម​បរម​សម្ពុទ្ធ ។ គេ​បាន​រៀបរៀង​ចងក្រង​ឡើង​នៅ​រវាង​ខាង​ដើម​នៃ​គ្រិស្តសករាជ ។ អ្នក​ដែល​បាន​រៀបរៀង​ឡើង​នោះ​គឺ អស្វឃោសៈ ដែល​គេ​អាច​សន្និដ្ឋាន​បាន​ថា ជា​អ្នក​ប្រាជ្ញ​មួយ​រូប​ដ៏​ជំណាញ ខាង​ផ្នែក​អក្សរសាស្ត្រ​នឹង​ជា​ទស្សន​វិទូ​ដ៏​ឆើត ។ អ្នក​ប្រាជ្ញ​រូប​នេះ ខ្មែរ​ស្ទើរ​តែ​គ្រប់​រូប​ទាំង​បព្វជិត​ទាំង​គ្រហស្ថ ដែល​បាន​ក្រេប​ជញ្ជក់​ហើយ​នូវ​ព្រះ​សទ្ធម្ម​បាន​ស្គាល់​នាម​យ៉ាង​ច្បាស់លាស់ ។ តាម​ដំណឹង​ត ៗ គ្នា​មក​ថា អស្វឃោសៈ​បាន​កើត​ក្នុង​ត្រកូល​ព្រាហ្មណ៍ ហើយ​ក៏​រាប់អាន​សាសនា​ព្រាហ្មណ៍​រហូត​មក, តែ​ដល់​ក្រោយ​មក ក៏​ត្រឡប់​ទៅ​ជា​ពុទ្ធសាសនិក​ទៅ​វិញ ។ មិន​គ្រាន់​តែ​ជឿ​ព្រះ​ពុទ្ធសាសនា​ប៉ុណ្ណោះ ថែម​ទាំង​ឆ្នៃ​ខ្លួន​ឲ្យ​បាន​ទៅ​ជា​អ្នក​ប្រាជ្ញ​មួយ​រូប​ដ៏​ឆ្នើម ក្នុង​ចំណោម​ពុទ្ធសាសនិកជន​ក្នុង​សម័យ​នោះ ។ បណ្ឌិត​រូប​នេះ បាន​ទទួល​ឋានៈ​ជា​អ្នក​និពន្ធ (author) ផ្នែក​ខាង​នាដកសាស្ត្រ (Drama) ជា​ពាក្យ​កាព្យ​ឃ្លោង​ជា​ភាសា​សំស្ក្រឹត ដែល​បើ​យើង​រើស​យក សុតន្តប្រីជាឥន្ទ នៃ​ប្រទេស​កម្ពុជា, ស្ហេកស្ពៀរ (Shakespeare) នៃ​ប្រទេស​អង់គ្លេស, គរណីយ៍ (Corneille) ឬ រ៉ាស៊ីន (Racine) នៃ​ប្រទេស​បារាំង, រពិន្ទ្រនាថតាគ័រ (Rabindranath Tagore) ឬ វ័ល្មិគី (Valmiki) នៃ​ប្រទេស​ឥណ្ឌៀ​មក​ប្រៀប​ក៏​នៅ​តែ​មិន​ទាន់​ស្មើ ។

តាម​ច្បាប់​ដើម​នៅ​ប្រទេស​ឥណ្ឌៀ ពុទ្ធ​ចរិតៈ​មាន ២៨ គាថា ប៉ុន្តែ​ឥឡូវ​នេះ​នៅ​សល់​តែ ១៧ គាថា​ទេ ។ ក្នុង​បណ្ដា​គាថា​ទាំង ១៧ នេះ អ្នក​ប្រាជ្ញ​ខ្លះ​មាន​យោបល់​ថា គាថា​ទី ១ ដល់​ទី ១៣ ជា​គាថា​រៀបរៀង​ឡើង​ដោយ​ស្នាដៃ​អស្វឃោសៈ ។ រី​ឯ​គាថា​ដទៃ​ពី​នេះ កវី​និពន្ធ​ជាតិ​នេប៉ាល់​ឈ្មោះ អម្ឫតានន្ទ បាន​បន្ថែម​កាល​ពី​ឆ្នាំ ១៨៣០ នៃ​គ្រិស្តសករាជ ។ អម្ឫតានន្ទ ដែល​បាន​ខំ​ធ្វើ​បំពេញ​ឡើង​នេះ ដោយ​លោក​រក​ទៅ​ពុំ​ឃើញ​នូវ​ចំនួន​គាថា​ដែល​អស្វឃោសៈ​បាន​តែ​ទុក​នោះ ។

តទៅ​នេះ​តាំង​ពី​គាថា (Canto) ទី ១ ដល់​ទី ១៣​នឹង​ខាង​ដើម​គាថា​ទី ១៤ ដែល​មាន​ចំនួន​ទាំងអស់ ១០៣៣ ព្យាង្គ (Verses) ជា​ការងារ​ដែល​ធ្វើ​ដោយ​អស្វឃោសៈ ។ ព្យាង្គ​ទាំង​នេះ​ចប់​ត្រង់​ដែល​ព្រះ​សម្មាសម្ពុទ្ធ​បរម​គ្រូ ទ្រង់​បាន​ទទួល​សព្វញ្ញុតញ្ញាណ​ក្រោម​ដើម​ពោធិព្រឹក្ស ។ របៀប​តែង (style) នៃ​ពាក្យ​កាព្យ​នេះ​មាន​រលក​ល្អ​ណាស់ ។ ពាក្យ​កាព្យ​ដែល​ជា​សេចក្ដី​បន្ថែម​របស់​អម្ឫតានន្ទ​នោះ មាន​អធិប្បាយ​តាំង​ពី​ពេល​ដែល​ព្រះ​អង្គ​ទ្រង់​សំដែង​ព្រះ​ធម្មចក្កប្បវត្តនសូត្រ នៅ​ឥសិបតន-មិគទាយវ័ន នា​ក្រុង​ពារាណសី ។

អត្ថបទ (text) ទាំង​នេះ គេ​បាន​ប្រែ​ទៅ​ជា​ភាសា​ចិន ក្នុង​សតវត្សរ៍​ទី ៥ នឹង​ទៅ​ជា​ភាសា​ទីបេត៍ ក្នុង​សតវត្ស​ទី ៧ នឹង ៨ នៃ​គ្រិស្តសករាជ ។ ការ​រៀបរៀង (Composition) អស្វឃោសៈ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​លោក​បាន​ដឹង​ដោយ​ហ្មត់ចត់​នូវ​រឿង​រាមាយនៈ (រាមកេរ្តិ៍) នឹង​មហា​ភារតៈ ។ រី​ឯ​កាលិទាសៈ ដែល​ជា​អ្នក​រៀបរៀង​រាមាយនៈ​ក្នុង​សតវត្សរ៍​ទី ៥ វិញ ក៏​បាន​ចម្លង​បែបផែន របស់​អស្វឃោសៈ​ជា​ច្រើន​ដែរ ។

គាថា ទី ១- ព្រះ​វរ​មាតា​នៃ​ព្រះ​សិទ្ធត្ថ​កុមារ​នាម​មហា​មាយា​ទេវី បាន​ប្រសូត្រ​បុត្រ​នៅ​ឧទ្យាន​លុម្ពីនី​ខាង​ក្រៅ​ទីក្រុង​កបិល​វត្ថុ ជា​ទី​ដែល​ព្រះ​បាទ​សិរី​សុទ្ធោទនៈ​ទ្រង់​សោយរាជ្យ ។ ព្រះ​រាជបុត្រ​ទ្រង់​ប្រសូត​ចេញ​អំពី​គភ៌​នៃ​ព្រះ​មាតា​តាម​ជ្រុង​ខាង​ស្ដាំ​នៃ​ផ្ទៃ ហើយ​ទ្រង់​យាង​បាន ៧ ជំហាន ព្រះ​រាជបុត្រ​មាន​ព្រះ​ទ័យ​រីករាយ​ងាក​ទត​ទិស​ទាំង ៤ ហើយ​ទ្រង់​បន្លឺ​នូវ​ឧទាន​វាចា​ថាៈ អញ​កើត​មក​នេះ គឺ​ដើម្បី​ស្វែង​រក​សម្ពោធិញ្ញាណ ដើម្បី​ជា​ប្រយោជន៍​ដល់​សត្វ​លោក, ការ​កើត​ម្ដង​នេះ​ជា​ទី​បំផុត​ហើយ ។ ផែនដី​ក៏​ញាប់ញ័រ​មួយ​រំពេច ហើយ​ផ្កា​ធ្លាក់​ដូចជា​ទឹក​ភ្លៀង​មក​ពី​កន្លែង​ដែល​ទេវតា​គ្រប់​ឋានៈ​ទ្រង់​ប្រជុំ​គ្នា ។

មាន​ឥសី​ចាស់​ម្នាក់​ឈ្មោះ​អសិតៈនិមន្ត​មក​ព្រះ​បរម​រាជវាំង ដោយ​មាន​បំណង​ចង់​ឃើញ​ព្រះ​រាជបុត្រ​ដែល​ទើប​នឹង​ប្រសូត ។ លុះ​ឃើញ​ហើយ​ក៏​យំ ដោយ​ហេតុ​ថា​ខ្លួន​នឹង​ពុំ​អាច​មាន​ជីវិត​រស់​នៅ​ដរាប​ដល់​ពេល​ដែល​ព្រះ​រាជបុត្រ​បាន​ទទួល​សម្ពោធិញ្ញាណ​ជា​ធម៌ អាច​ញ៉ាំង​សត្វ​លោក​ឲ្យ​ផុត​ចាក​ទុក្ខ​ទាំង​ពួង​បាន ។ ក្នុង​កាល​នោះ តាបស​ក៏​បាត់​ពី​នោះ​ទៅ ។

គាថា ទី ២- ដោយ​ព្រះ​នាង​មាន​សេចក្ដី​ត្រេកអរ​សប្បាយ​ពេក​នឹង​កំណើត​នៃ​បុត្រ​របស់​ព្រះ​នាង ដែល​នឹង​ត្រូវ​បាន​ទៅ​ជា​អគ្គ​បុរស​ដល់​ម៉្លោះ ព្រះ​វរ​មាតា​ក៏​ទិវង្គត​ទៅ ។ រី​ឯ​ទារក​ក៏​ត្រូវ​ធ្លាក់​ទៅ​លើ​ដៃ​ព្រះ​នាង​បជាបតិគោតមី​ដែល​ជា​ប្អូន​បង្កើត​នៃ​ព្រះ​មហា​មាយា​ទេវី ហើយ​ដែល​ជា​អគ្គ​មហេសី​ទី ២ នៃ​ព្រះ​មហា​ក្សត្រ​ផង ឲ្យ​ចិញ្ចឹម​បីបាច់​ថែរក្សា ។

លុះ​ដល់​ធំ​តាម​លំដាប់​ឡើង សិទ្ធត្ថ​កុមារ​ក៏​បាន​ចេះ​ដឹង​វិជ្ជា​គ្រប់​បែប​គ្រប់​យ៉ាង​ដោយ​រួសរាន់ ដែល​ជា​វិជ្ជា​ពុំ​អាច​នឹង​មាន​បុគ្គល​ណា​មួយ​សិក្សា​បាន​ដោយ​ងាយ ។ ដោយ​សេចក្ដី​ខ្លាច​ព្រោះ​ហោរា​ទាយ​ថា ព្រះ​រាជបុត្រ​នឹង​ចេញ​ចាក​លោក​ទៅ​សាង​ព្រះ​ផ្នួស ព្រះ​វរ​បិតា​ទ្រង់​រៀប​អាពាហ៍​ពិពាហ៍​ឲ្យ​ទ្រង់​ក្នុង​ជន្មាយុ ១៦ ឆ្នាំ ជា​មួយ​នឹង​បវរ​កញ្ញា​ម្នាក់​នាម​យសោធរា ដែល​ជា​នារី​ប្រកប​ដោយ​សោភណភាព នឹង​ឧត្តម​គតិ​ដ៏​ឆើត​ក្នុង​កាលៈទេសៈ​នោះ ។ ព្រះ​ចៅ​ផែនដី​ទ្រង់​សព្វ​ព្រះ​រាជហឫទ័យ​ឲ្យ​ចាត់ចែងរៀបចំ​ផែនការ ឲ្យ​មាន​កញ្ញា​ជា​ច្រើន​ដែល​ប៉ិន​ប្រសប់​ខាង​ឆ្មក់​ចិត្ត​ប្រុស ឲ្យ​នៅ​ចោមរោម​ព្រះ​រាជបុត្រ​ជា​អចិន្ត្រៃយ៍ ហើយ​ឲ្យ​កែខៃ​ធ្វើ​ដូចម្ដេច​ឲ្យ​ខាង​តែ​ព្រះ​រាជបុត្រ​សព្វ​ព្រះ​រាជ​ហឫទ័យ​នឹង​កាមគុណ។ ព្រះ​នរបតី​ទ្រង់​បញ្ជា​ឲ្យ​គេ​រៀបចំ​ព្រះ​រាជ​ឱរស​គង់​តែ​នៅ​ក្នុង​ទី​ស្អាតបាត​ប្រសើរ​វិសេស កុំ​ឲ្យ​មាន​គ្រឿង​អ្វី​ដែល​នាំ​ឲ្យ​សៅហ្មង​ចិត្ត​ព្រះ​រាជបុត្រ ។ ចំណេរ​ចីរកាល​ត​មក ព្រះ​សិទ្ធត្ថ​កុមារ​ទ្រង់​មាន​ព្រះ​រាជបុត្រ​មួយ​នាម​រាហុល ។

គាថា ទី ៣- កាល​ដែល​ព្រះ​សិទ្ធត្ថ​គោតម ស្ដេច​យាង​ចេញ​តាម​ព្រះ​រាជរថ​ទៅ​ប្រពាត​ព្រះ​បរម​ឧទ្យាន​ខាង​ក្រៅ​ទីក្រុង ទេវតា​បាន​និម្មិត​ខ្លួន​ធ្វើ​ជា​មនុស្ស​ចាស់ (ជរា) មនុស្ស​ឈឺ (ព្យាធិ) នឹង​មនុស្ស​ស្លាប់ (មរណៈ) នៅ​ទី​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​អង្គ ។ ដោយ​ពុំ​ធ្លាប់​ឃើញ​អាការៈ​ដ៏​ចំឡែក​ដូច្នេះ ព្រះ​សិទ្ធត្ថ​ក៏​សួរ​នាយ​សារថី​ភ្លាម ។ លុះ​បាន​ជ្រាប​ថា​បុគ្គល​គ្រប់​រូប​ក្នុង​លោក​ត្រូវ​តែ​ទទួល​ជរា, ព្យាធិ, នឹង​មរណៈ​តាម​លំដាប់​វេន​គ្នា​ដូច្នេះ​ហើយ ព្រះ​សិទ្ធត្ថ​ទ្រង់​ព្រួយ​ព្រះ​ទ័យ​ជា​ខ្លាំង​ឥត​ឧបមា ។ ព្រះ​ភក្ត្រ​ព្រះ​អង្គ​ស្រពោន​ជានិច្ច ហើយ​ទ្រង់​ត្រិះរិះ​តែ​ក្នុង​ព្រះ​ទ័យ​ថៈ ម៉េច​ក៏​គេ​ចេះ​តែ​ទៅ​ស៊ុំ​គ្រលំ​ជា​មួយ​នឹង​សេចក្ដី​ស្លាប់​ឯ​ចឹង ម៉េច​ក៏​មិន​រក​ផ្លូវ​ចេញ​ឲ្យ​រួច ។

គាថា ទី ៤- ពេល​ដែល​ព្រះ​អង្គ​ទ្រង់​ស្រពោន​ព្រះ​ទ័យ​ណាស់​ពេក​នោះ ពួក​បវរ​កញ្ញា​បាន​ខំ​ប្រឹង​ប្រើ​ឧបាយកល​មាយា​ជា​ច្រើន​បែប ដើម្បី​នឹង​ស្ទូច​ព្រះ​ទ័យ​ព្រះ​អង្គ​ឲ្យ​ជាប់​នឹង​សន្ទូច​ពោល​គឺ​សោភណភាព​របស់​នាង ប៉ុន្តែ​ព្រះ​អង្គ​ត្រឡប់​ទៅ​ជា​បុគ្គល​រឹងរឹត​តែ​ស្មឹងស្មាធិ៍​ទៅ​វិញ ។ ការ​ល្បួង​លួងលោម​ទាំង​ប៉ុន្មាន​យីហោ​នេះ ត្រឡប់​ទៅ​ជា​មោឃៈ​ទាំងអស់ ។ ចំណែក​ខាង​មិត្រ​ភក្តិ​ដែល​នៅ​អម​ព្រះ​អង្គ ក៏​បាន​ជួយ​រំលឹក​ព្រះ​អង្គ​ដែរ ប៉ុន្តែ​ទ្រង់​មិន​យល់​ស្រប​តាម ត្រឡប់​ទៅ​ជា​ប្រកាស​ប្រាប់​ដូច្នេះ​ទៅ​វិញ​ថា ៖

ចិត្ត​របស់​ខ្ញុំ​ងងឹត​ជាប់​នឹង​សុខកាមារម្មណ៍​ប្រកប​ដោយ​រស្ស​ខណ​លក្ខណៈ (លក្ខណៈ​មាន​ខណៈ​ខ្លី ៗ) ទាំង​នេះ​ហើយ ។

គាថា ទី ៥- ក្នុង​សម័យ​ថ្ងៃ​មួយ​ព្រះ​គោតម​ស្ដេច​ទ្រង់​យាង​ចេញ​ជា​មួយ​នឹង​សហជីវិន​របស់​ព្រះ​អង្គ​ទៅ​ខាង​ក្រៅ ដើម្បី​កំសាន្ត​ក្នុង​ព្រៃ​ព្រឹក្សា ស្រាប់​តែ​ព្រះ​អង្គ​យាង​គេច​ចេញ​ពី​គេ ហើយ​យាង​ទៅ​រក​កន្លែង​ស្ងាត់​មួយ​ដើម្បី​ធ្វើ​សមាធិ ។ ព្រះ​អង្គ​ទ្រង់​គង់​ក្រោម​ដើម​ព្រីង​ហើយ​ទ្រង់​ពិសោធ​ចិត្ត​របស់​ខ្លួន​ឯង​មើល ។ ចក្ខុ​សម្ផស្ស (Vision) ជា​ភេទ​អ្នក​បួស​បាន​កើត​ប្រាកដ​ឡើង​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​អង្គ ហើយ​ក៏​វិនាស​បាត់​ទៅ​វិញ​ទៅ ។ ព្រះ​អង្គ​ក៏​សួរ​ខ្លួន​ឯង​ថា អ្នក​បួស​មាន​សភាព​បែប​នេះ​ហើយ​មើល​ទៅ ដែល​អាច​ញ៉ាំង​ខ្លួន​ឲ្យ​រួច​ចាក​ទុក្ខ​ពី​វដ្ដសង្សារ​បាន ។ ការ​ឃើញ​រូប​អ្នក​បួស​នេះ​បាន​រឹត​ចំណង​ព្រះ​ទ័យ​ព្រះ​អង្គ​ឲ្យ​រឹត​តែ​នឿយណាយ​ឡើង ៗ ពី​សម្ភារ​និយម (matérialisme) ។ លុះ​ដល់​វិល​ត្រឡប់​មក​ព្រះ​រាជវាំអ​វិញ​ហើយ ទ្រង់​សុំ​ព្រះ​បរម​រាជានុញ្ញាត​អំពី​ព្រះ​វរ​បិតា​ដើម្បី​សាង​ព្រះ​ផ្នួស ។ ព្រោះ​ចៅ​សុទ្ធោទនៈ​ព្រះ​អង្គ​ពុំ​បាន​យល់​ស្រប​តាម​ទេ តែ​ថា​ពុំ​អាច​នឹង​ញ៉ាំង​ព្រះ​ទ័យ​ព្រះ​រាជបុត្រ​ឲ្យ​យល់​តាម​ខ្លួន​បាន​ដែរ ។ ចំណែក​ខាង​ពិធី​រៀបចំ​បវរ​កញ្ញា​ក៏​កាន់​តែ​កើត​ឡើង ៗ ជា​លំដាប់ ។ សម័យ​យប់​មួយ ពពួក​ទេព្តា​ក៏​និម្មិត​ធ្វើ​ឲ្យ​បវរ​កញ្ញា​ទាំង​នោះ​ពុល​ដោយ​ថ្នាំ​ងងុយ ដេក​តាំង​ពី​ពេល​ព្រលប់​។ ដេក​ហើយ​នាង​ខ្លះ​អាក្រាត, ខ្លះ​ថ្ងូរ, ខ្លះ​ស្រគៀត​ធ្មេញ, ខ្លះ​ហៀរ​ទឹក​មាត់ ។ ព្រះ​អង្គ​ឃើញ​ហើយ​ទ្រង់​នឿយណាយ​ឥត​ឧបមា ទាល់​តែ​តាំង​អធិដ្ឋាន​ចិត្ត​ថា នឹង​យាង​ទៅ​សាង​អភិនិស្ក្រមណ៍​ជា​ប្រាកដ​ក្នុង​រាត្រី​នោះ ។ ព្រះ​អង្គ​ដាស់​ឆន្ទអមាត្យ​ឲ្យ​រៀបចំ​សេះ​ដែល​ជា​ទី​ពេញ​ព្រះ​ទ័យ​ព្រះ​អង្គ ។ សេះ​កណ្ឋកៈ​ឥត​ទទួល​ទាន​ដំណេក​ទេ​ក្នុង​យប់​នោះ ។ ពួក​ទេព្តា​បាន​បើក​ទ្វារ​ប្រាសាទ​ជា​ស្រេច​ថ្វាយ​ព្រះ​អង្គ ៗ ក៏​បរ​សេះ​ចេញ​ទៅ​ទាំង​អាល័យ​ដោយ​មាន​ឆន្ទអមាត្យជា​សហជីវិន ។ ពួក​ទេព្តា​បាន​ទ្រ​ឃើង​សេះ​ទាំង ៤ ដោយ​មធ្យ័ត​ដើម្បី​កុំ​ឲ្យ​ឮ​សូរ​ក្រែង​ភ្ញាក់​អស់​ពួក​ព្រះ​រាជ​បរិពារ ។ ពេល​កំពុង​យាង​ចេញ​ទៅ​ព្រះ​សិទ្ធត្ថ​ទ្រង់​ប្រកាស​ថាៈ -

ដរាប​ណា​អញ​ពុំ​បាន​ទទួល​ជ័យជំនះ​ក្នុង​ការ​រំលត់​ជាតិ (ការ​កើត) នឹង​មរណៈ (ការ​ស្លាប់) ទេ ដរាប​នោះ អញ​នឹង​មិន​បាន​វិល​ត្រឡប់​មក​កាន់​រាជធានី​វិញ​ឡើយ ។


(*)លោក គួច គីឡេង ជាអតីតសមណនិស្សិត នៃសាកលវិទ្យាល័យដែល្លី ទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ។