គួច គីឡេង៖ ការ​អាន​ពាក្យ​វប្បធម៌ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Monday, April 01, 2019

គួច គីឡេង៖ ការ​អាន​ពាក្យ​វប្បធម៌

លោក គួច គីឡេង (ទំព័រហ្វេសប៊ុក ប៊ី សោភ័ណ)

លោកវិទូ | ថ្ងៃចន្ទ ១២ រោច ខែផល្គុន ព.ស. ២៥៦២ | ០១ មេសា ២០១៩

ការ​អាន​ពាក្យ​វប្បធម៌
លោក គួច-គីឡេង(*)
សាស្ត្រាចារ្យ​នៅ​ពុទ្ធិកមហាវិទ្យាល័យ​ព្រះសីហនុរាជ រៀប​រៀង
អត្ថបទក្បាលទី ១ ឆ្នាំទី ៣៤ លេខ ២ ខែកុម្ភៈ ព.ស ២៥០៤ គ.ស ១៩៦២ ទំព័រ ១៩៦

ពាក្យ​វប្បធម៌ គឺ​ជា​ពាក្យ​ដែល​ប្រកប​ដោយ​សារៈ​ប្រយោជន៍ ហើយ​សំខាន់​យ៉ាង​ក្រៃ​លែង​ផង ក្នុង​បច្ចុប្បន្នកាល​នេះ សម្រាប់​យុវជន​ខ្មែរ​ព្រោះ​ជា​ពាក្យ ដែល​គណៈ​កម្មការ​ខាង​បក​ប្រែ​តាម​ផ្លូវ​ការ សុទ្ធ​តែ​បាន​អនុមតិ​ជា​ឯកច្ឆន្ទថា យក​ជា​ការ​បាន ។ ពាក្យ​វប្បធម៌​ទាំង​នោះ ច្រើន​តែ​ប្រែ​ចេញ​មក​ពី​អារ្យ​ភាសា គឺ​ភាសា​បាលី​នឹង​សំស្ក្រឹត​ដែល​ជា​ភាសា​បរទេស ដូច​ជា​ភាសាបារាំង​នឹង​អង់គ្លេស (ល) ក្លាយ​ចេញ​មក​ពី​ភាសា​ឡាតាំង នឹង​ក្រិក​ដែល​ជា​ភាសា​បរទេស​ដូច្នោះ​ដែរ ។ ប៉ុន្តែ​បើ​គ្រាន់​តែ​គណៈកម្មការ​វប្បធម៌​បាន​បក​ប្រែ​ទុក​ឲ្យ​យើង​ប្រើ​ប្រាស់​ហើយ​យើង​មិន​ចេះ​ប្រើ​ប្រាស់​ឲ្យ​បាន​ត្រឹម​ត្រូវ ក៏​ឈ្មោះ​ថា យើង​ដែល​ជា​អ្នក​ទទួឡ​ប្រើ​ប្រាស់​ពុំ​ទាន់​បាន​បំពេញ​ភារកិច្ច​របស់​ខ្លួន​នៅ​ឡើយ​ដែរ ប្រៀប​បាន​នឹង​បុគ្គល​ដែល​គេ​ឲ្យ​គ្រឿង​សំលៀក​បំពាក់​ហើយ មិន​ចេះ​យក​ទៅ​ស្លៀក​ពាក់​តុប​តែង​រាង​កាយ ។

ពិត​មែន​ណាស់ ក្រុម​បញ្ញវន្ត​ក្ដី អប្បញ្ញវន្ត​ក្ដី នា​បច្ចុប្បន្នកាល​នេះ​ច្រើន​តែ​ភ្លេច​សតិ ក្នុង​ការ​អាន​ភាសា​ជាតិ​ឲ្យ​ត្រឹម​ត្រូវ ព្រោះ​គេ​យល់​ថា​ភាសា​ជាតិ​យើង​បើ​ខុស​ក៏​មិន​ជា​ការ​អ្វី ។ បើ​អាន​ភាសា​បារាំង​ខុស​តែ​បន្តិច​បន្តួច​ទៅ​វិញ​នោះ គេ​នឹង​រួញ​ខ្លួន​ហើយ​ខ្មាស​ដូច​ពង្រូល​អីចឹង ។ សូម​មិត្រ​ទាំងឡាយ​កុំ​ភ្លេច​ខេមរ​សុភាសិត​ថា "សំដី​ស​ជាតិ មារយាទ​ស​ពូជ" ឡើយ ។

ការ​អាន​ភាសា​ខ្មែរ ដោយ​ពិសេស​គឺ​ពាក្យ​វប្បធម៌​មិន​ខុស​គ្នា​នឹង​ការ​អាន​ភាសា​បរទេស​ប៉ុន្មាន​ដែរ​ទេ ។ ពាក្យ​ដែល​ប្រែ​ចេញ​មក​ពី​ភាសា​បាលី ត្រូវ​តែ​អនុវត្ត​សូរ​សៀង​ឲ្យ​ទៅ​តាម​ក្បួន​ភាសា​បាលី វៀរ​លែង​តែ​មាន​ពាក្យ​ខ្លះ ដែល​រលាយ​ទៅ​ជា​ពាក្យ​ខ្មែរ​យើង​សុទ្ធសាធ​ទៅ​ហើយ ។ រី​ឯ​ពាក្យ​ដែល​ត្រូវ​អាន​ទៅ​តាម​វេយ្យាករណ៍​ភាសា​បាលី​នោះ បាលី​នោះ​ខ្ញុំ​និឮង​ពន្យល់​ដោយ​សង្ខេប​ដូច​ត​ទៅ​នេះ ៖

អក្សរ​ខ្មែរ​ទាំង ៣២ តួ គេ​ចែក​ចេញ​ទៅ​ជា ២ ក្រុម​គឺ ៖

ក្រុម​ទី ១

១- អក្សរ ៥ តួ គឺៈ កខគឃង ហៅ​ថា ក្រុម ក (ក វគ្គ)
២- អក្សរ ៥ តួ គឺៈ ចឆជឈញ ហៅ​ថា ក្រុម ច (ច វគ្គ)
៣- អក្សរ ៥ តួ គឺៈ ដឋឌឍណ ហៅ​ថា ក្រុម ដ (ដ វគ្គ)
៤- អក្សរ ៥ តួ គឺៈ តថទធន ហៅ​ថា ក្រុម ត (ត វគ្គ)
៥- អក្សរ ៥ តួ គឺៈ បផពភម ហៅ​ថា ក្រុម ប (ប វគ្គ)

ក្រុម​ទី ២

អក្សរ ៧ តួ គឺៈ យរលវសហ និង ឡ ហៅ​ថា ក្រុម​សេស (សេសវគ្គ)

ក្នុង​បណ្ដា​អក្សរ​ទាំង ២ ក្រុម​នេះ​អក្សរ​ទី ១ នឹង​ទី ២ នៃ​វគ្គ​ទាំង ៥ គឺៈ កខ.ចឆ.ដឋ.តថ. និង បផ នឹង​អក្សរ​ទី ៥ នៃ​សេសវគ្គ​គឺៈ ស អក្សរ​ទាំង ១១ តួ​នេះ​ហៅ​ថា "អឃោស" (sfol letters) ប្រែ​ថា អក្សរ​មាន​សម្លេង​ទន់​ឬ​ស្រាល​ឬ​ក៏​មិន​គឺ​កង​ក៏​បាន ។ អក្សរ​ទី ៣ ទី ៤ នឹង​ទី ៥ នៃ​វគ្គ​ទាំង ៥ គឺ គឃង, ជឈញ, ឌឍណ, ទធន, ពភម, នឹង​អក្សរ ៦ តួ​គឺៈ យរលវហ នឹង ឡ ទាំង ២១ តួ​នេះ ហៅ​ថា "ឃោសៈ" (hard letters) អក្សរ​មាន​សម្លេង​ធ្ងន់​ឬ​រឹង​ឬ​ក៏​កកង​ក៏​បាន ។ រី​ឯ​អក្សរ ៥ តួ​គឺៈ ង, ញ, ណ, ន នឹង ម នៃ​វគ្គ​ទាំង ៥ នឹង​អក្សរ ៤ តួ​គឺៈ យរល នឹង វ នៃ​សេសវគ្គ-ទាំង ៩ តួ​នេះ​ហៅ​ថា "អព្យាកតក្ខរៈ" ប្រែ​ថា អក្សរ​មាន​សម្លេង​ជា​អព្យាក្រិត ។ ហេតុ​ដូច​ម្ដេច​បាន​ជា​ថា​អក្សរ​ទាំង​នេះ​មាន​សម្លេង​ជា​អព្យាក្រិត ? ។ បាន​ជា​ថា​មាន​សម្លេង​ជា​អព្យាក្រិត ពី​ព្រោះ​អក្សរ​ទាំង​នេះ អាច​អនុវត្ត​សូរ​សៀង​របស់​ខ្លួន ឲ្យ​នៅ​ធ្ងន់​ជា​ឃោសៈ​ដូច​ប្រក្រតី​ដើម​ក៏​បាន ឲ្យ​ទន់​ឬ​ស្រាល​ទៅ​ជា​អឃោសៈ​ទៅ​វិញ​ក៏​បាន ស្រេច​តែ​នឹង​ការ​ឋិត​នៅ​នៃ​អក្សរ ។ តាម​ក្បួន​ធម្មតា​អក្សរ​ទាំង ៩ តួ​នេះ​រាប់​ចូល​ក្នុង​ពួក​ឃោសៈ (សម្លេង​ធ្ងន់) ទេ តែ​វា​អាច​ឮ​សូរ​ទៅ​ជា​អឃោសៈ​វិញ​បាន​កាល​បើ​វា​ទៅ​ឋិត​នៅ​បន្ទាប់​នឹង​អក្សរ​ជា​អឃោសៈ​ណា​មួយ បាន​សេចក្ដី​ថា អក្សរ​ជា​អឃោសៈ​ទាំង ១១ តួ​នោះ អាច​កាច់​អក្សរ​ជា​អព្យាកតក្ខរៈ​ទាំង ៩ តួ​នេះ ឲ្យ​បាក់​សម្លេង​ទៅ​តាម​ខ្លួន​បាន​គឺៈ

អក្សរ ង ទៅ​ជា​ឮ​សូរ ង៉
អក្សរ ញ ទៅ​ជា​ឮ​សូរ ញ៉
អក្សរ ណ ទៅ​ជា​ឮ​សូរ ន៉ [1]
អក្សរ ម ទៅ​ជា​ឮ​សូរ ម៉
អក្សរ យ ទៅ​ជា​ឮ​សូរ យ៉
អក្សរ រ ទៅ​ជា​ឮ​សូរ រ៉
អក្សរ ល ទៅ​ជា​ឮ​សូរ ល៉
អក្សរ វ ទៅ​ជា​ឮ​សូរ វ៉

ឧទាហរណ៍​ខាង​ក្រោម​នេះ នឹង​បាន​ញ៉ាំង​មិត្រ​អ្នក​អាន​ទាំងឡាយ​ឲ្យ​យល់​ច្បាស់​នូវ​ការ​អានៈ

ទស្សនា (ល)

ពាក្យ​ថា ទស្សនា មាន ៣ អក្សរ​គឺៈ អក្សរ ទ ជា​ឃោសៈ, អក្សរ ស (ស្ស) ជា​អឃោសៈ​នឹង​អក្សរ នា ជា​អព្យាកតក្ខរៈ ។ អក្សរ នា ដែល​ជា​អព្យាកតក្ខរៈ​ឋិត​នៅ​បន្ទាប់​នឹង​អក្សរ ស ដែល​ជា​ឃោសៈ ។ ហេតុ​ដូច្នេះ អក្សរ នា ត្រូវ​តែ​បញ្ចេញ​សូរ​សៀង​ទៅ​ជា ន៉ា ទៅ​វិញ ។ ពាក្យ​ថា មករា មាន ៣ អក្សរ​គឺៈ អក្សរ ម ជា​ឃោសៈ អក្សរ ក ជា​អឃោសៈ​នឹង​អក្សរ រា ជា​អព្យាកតក្ខរៈ ។ អក្សរ រា ត្រូវ​តែ​បញ្ចេញ​សូរ​សៀង​ឲ្យ​ទៅ​ជា រ៉ា ទៅ​វិញ ដោយ​ហេតុ​ថា ខ្លួន​បាន​ទៅ​នៅ​អាស្រ័យ​អែប​នឹង​អក្សរ ក ដែល​ជា​អឃោសៈ ។ ពាក្យ​ថា ចលនា មាន ៣ អក្សរ​គឺៈ អក្សរ ច អក្សរ ល នឹង​អក្សរ នា ។ អក្សរ ច សង្កត់​សូរ ល ឲ្យ​ទៅ​ជា ល៉ អក្សរ ល៉ សង្កត់​សូរ នា ឲ្យ​ទៅ​ជា ន៉ា ពាក្យ​នេះ​ទៅ​ជា​អាន​ថាៈ (ចៈល៉ៈនា) ។ ពាក្យ​ថា អតិបរមា មាន ៥ អក្សរ, អក្សរ រ ទៅ​ជា រ៉ ព្រោះ​នៅ​ជិត ប កាល​បើ រ ទៅ​ជា រ៉ ហើយ អក្សរ មា ក៏​ត្រូវ​ទៅ​ជា ម៉ា ដែរ ។ រី​ឯ​ពាក្យ​ថា ការិយាល័យ វិញ ដោយ​អំណាច​អក្សរ កា រិ យា ទៅ​ជា យ៉ា, ល័យ ទោ​ជា ល៉យ័ ។

ឧទាហរណ៍​បន្ថែម

វាសនា សមាធិ
ទេសនា តុលា
ឧបមា ទស្សនាវដ្ដី
កញ្ញា អប្បបរមា
សាលា បណ្ណាល័យ

ពាក្យ​ថា "អនុស្សាវរីយ៍" ។ល។ ត្រូវ​តែ​អាន​ឲ្យ​ឮ​ថា.... រឺ (កុំ ថា រ៉ី) ព្រោះ​ជា​អញ្ញត្រសព្ទ (exception) ។
ស្រះ​ទាំង ៨ តួ​គឺ អ, អា, ឥ, ឦ, ឧ, ឩ, ឯ, ឱ, ក៏​ជា​អឃោសៈ​ដែល​អាច​ទាញ​សម្លេង​អក្សរ​ជា​អព្យាកតក្ខរៈ ឲ្យ​ផ្ដេក​ទៅ​តាម​ខ្លួន​បាន​ដែរ ។

ឧទាហរណ៍

អនាគត អាន​ថា អ ន៉ា គត់ ។ល។
កាល​បើ​អព្យាកតក្ខរៈ​នោះ​ឯង ទៅ​ឋិត​នៅ​បន្ទាប់​នឹង​អក្សរ​ជា​ឃោសៈ​សូរ​សៀង​របស់​វា​ត្រូវ​តែ​ដើរ​តាម​សូរ​អក្សរ​ជា​ឃោសៈ ។ ឧទាហរណ៍​ខាង​ក្រោម​នេះ នឹង​ធ្វើ​អ្នក​អាន​ឲ្យ​បាត់​សេចក្ដី​សង្ស័យ ៖

សន្ទនា (ល)

ពាក្យ​ថា សន្ទនា មាន ៣ អក្សរ​គឺៈ អក្សរ ស អក្សរ ទ (ន្ទ) នឹង​អក្សរ នា ។ អក្សរ នា ដែល​នៅ​បន្ទាប់​នឹង ទ ដែល​ជា​ឃោសៈ ត្រូវ​មាន​សិទ្ធិ​រក្សា​សម្លេង​របស់​ខ្លួន​ឲ្យ​នៅ​ជា នា ដូច​ប្រក្រតី​ដើម​វិញ​បាន ។ ពាក្យ​ថា វេទនា មាន ៣ អក្សរ, អក្សរ នា នៅ​ជា​នា ដដែល ។ ពាក្យ​ថា គមនាគមន៍ មាន ៤ អក្សរ, អក្សរ នា (អព្យាកតក្ខរៈ) ដែល​ឋិត​នៅ​បន្ទាប់​អក្សរ ម ដែល​ជា​ឃោសៈ​នោះ ឥត​ត្រូវ​គេ​បង្ខំ​ឲ្យ​ផ្ទាល់​សូរ​សៀង​ទតេ គឺ​នៅ​ជា នា ដដែល ។ ពាក្យ​ថា គណនា មាន ៣ អក្សរ, អក្សរ គ ធ្វើ​សូរ ណ ឲ្យ​ឮ​ទៅ​ជា​សូរ ន រី​ឯ នា នៅ​ជា នា ដដែល ។

សេចក្ដី​ពន្យល់​អំពី​ការ​អាន​ពាក្យ​វប្បធម៌ គឺ​ពាក្យ​ខ្មែរ​ដែល​ជាប់​ទាក់​ទង​ដោយ​ភាសា​បាលី ដូច​បាន​អធិប្បាយ​ដោយ​សង្ខេប​មក​ខាង​លើ​នេះ ប្រាកដ​ជា​នឹង​ផ្ដល់​នូវ​ពន្លឺ​ដល់​មិត្រ​យើង​អ្នក​ស្នេហា​អក្សរ​សាស្ត្រ​ជាតិ បាន​ខ្លះ​ពុំ​ខាន​ឡើយ ។ អ្នក​សរសេរ​ដឹង​ច្បាស់​ថា សេចក្ដី​ពន្យល់​នេះ​ពុំ​ទាន់​សព្វ​គ្រប់​នៅ​ឡើយ​ទេ ប៉ុន្តែ សូម​មេត្តា​ជ្រាប​ថា "មាន​គ្រាន់​បើ​ជាង​គ្មាន" ។

-----------------------
[1]- នៅ​ជា ណ ដដែល ។
(*) លោក គួច គីឡេង ជាអតីតសមណនិស្សិត នៃសាកលវិទ្យាល័យដែល្លី ទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ។

© រក្សាសិទ្ធិដោយលោកវិទូ